លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំគួរធ្វើអ្វីដើម្បីសប្បាយក្នុងការគោរពប្រណិប័តន៍ព្រះ?

តើខ្ញុំគួរធ្វើអ្វីដើម្បីសប្បាយក្នុងការគោរពប្រណិប័តន៍ព្រះ?

ជំពូក​ទី​៣៨

តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ដើម្បី​សប្បាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ?

ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ចូស អាយុ​១៦​ឆ្នាំ កំពុង​គេង​លើ​គ្រែ។ ម្ដាយ​គាត់​ដើរ​មក​ឈរ​នៅ​មាត់​ទ្វារ ហើយ​ប្រាប់​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ចូស ក្រោក​ឡើង! កូន​ដឹង​ថា​យប់​នេះ​មាន​កិច្ច​ប្រជុំ​ទេ!​»។ ចូស​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ក្រុម​គ្រួសារ​របស់​គាត់។ ប៉ុន្តែ ថ្មី​ៗ​នេះ​ចូស​មិន​សូវ​មាន​អារម្មណ៍​ចង់​ទៅ​កិច្ច​ប្រជុំ​ទេ។

ចូស​រអ៊ូ​ថា​៖ ​«​ម៉ាក់ ខ្ញុំ​មិន​ទៅ​បាន​អត់?​»​

ម្ដាយ​តប​ថា​៖ ​«​ឈប់​ត្អូញត្អែរ ក្រោក​ទៅ​ស្លៀក​ពាក់​ឲ្យ​លឿន។ ម៉ាក់​មិន​ចង់​ទៅ​ប្រជុំ​យឺត​ទៀត​ទេ!​»។ ម្ដាយ​ក៏​ដើរ​ចេញ។

ពេល​ម្ដាយ​ដើរ​ចេញ ចូស​និយាយ​ចំ​ៗ​ឲ្យ​ម្ដាយ​ថា​៖ ​«​ខ្ញុំ​ចង់​ប្រាប់​ម៉ាក់​ថា នោះ​ជា​សាសនា​របស់​ម៉ាក់ តែ​មិន​មែន​ជា​សាសនា​របស់​ខ្ញុំ​ទេ​»។ ចូស​ដឹង​ថា​ម្ដាយ​បាន​ឮ ដោយ​សារ​គាត់​លែង​ឮ​សម្រឹប​ជើង​ម្ដាយ​ដើរ។ រួច​ម្ដាយ​ក៏​ដើរ​ទៅ​មុខ​ទៀត​ដោយ​មិន​និយាយ​អ្វី​ទាំង​អស់។

ចូ​សមាន​អារម្មណ៍​ថា​ខុស​បន្តិច។ តាម​ពិត គាត់​មិន​ចង់​និយាយ​ឲ្យ​ម្ដាយ​ឈឺ​ចិត្ត​ឡើយ តែ​គាត់​ក៏​មិន​ចង់​សុំ​ទោស​ម្ដាយ​ដែរ។ រឿង​តែ​មួយ​ដែល​គាត់​អាច​ធ្វើ​បាន​គឺ . . .

ចូស​ក្រោក​ឡើង ហើយ​ទៅ​ស្លៀក​ពាក់​ទាំង​ដក​ដង្ហើម​ធំ។ បន្ទាប់​មក គាត់​រអ៊ូ​តិច​ៗ​ថា​៖ ​«​ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ខ្ញុំ​មិន​ដូច​បង​ប្អូន​នៅ​សាល​ប្រជុំ​ទេ ហើយ​ក៏​មិន​ចង់​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដែរ!​»។

តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​ចូស​ឬ​ទេ? តើ​ពេល​ខ្លះ​ប្អូន​ឃើញ​អ្នក​ឯ​ទៀត​សប្បាយ​នឹង​សកម្មភាព​ជា​គ្រិស្ត​សាសនិក តែ​ប្អូន​វិញ​បែរ​ជា​ធ្វើ​សកម្មភាព​ទាំង​នោះ​ដោយ​បង្ខំ​ចិត្ត​ឬ​ទេ? ជា​ឧទាហរណ៍​៖

● តើ​ប្អូន​គិត​ថា​ការ​សិក្សា​គម្ពីរ​គឺ​ដូច​កិច្ច​ការ​ផ្ទះ​ដែល​គ្រូ​ដាក់​ឲ្យ​ប្អូន​ធ្វើ​ឬ​ទេ?

● តើ​ប្អូន​មិន​ចូល​ចិត្ត​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឬ​ទេ?

● តើ​ជា​ញឹក​ញយ ប្អូន​ធុញ​ទ្រាន់​ពេល​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ឬ​ទេ?

បើ​ប្អូន​ឆ្លើយ​ថា​មែន សូម​កុំ​ធ្លាក់​ទឹក​ចិត្ត។ ប្អូន​អាច​រៀន​ឲ្យ​សប្បាយ​ក្នុង​ការ​បម្រើ​ព្រះ។ សូម​មើល​វិធី​ខ្លះ​ៗ​ជា​មួយ​គ្នា។

ការ​ពិបាក​ទី​១ សិក្សា​គម្ពីរ

ហេតុ​អ្វី​មិន​ងាយ​ស្រួល? ប្អូន​អាច​មាន​អារម្មណ៍​ថា ខ្លួន​មិន​មែន​ជា​«​អ្នក​សិក្សា​»​ទេ។ ប្អូន​ប្រហែល​ជា​ឆាប់​ធុញ ពិបាក​ផ្ដោត​អារម្មណ៍ និង​ពិបាក​អង្គុយ​ស្ងៀម! បន្ថែម​ទៅ​ទៀត ប្អូន​មាន​កិច្ច​ការ​ច្រើន​ពី​សាលា​ដែល​ត្រូវ​ធ្វើ ដូច្នេះ​ប្អូន​គិត​ថា​‹មាន​ពេល​ឯ​ណា​ទៅ​សិក្សា​គម្ពីរ›។

ហេតុ​អ្វី​គួរ​ធ្វើ? គម្ពីរ​មិន​គ្រាន់​តែ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ណែនាំ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​«​មាន​ប្រយោជន៍​សម្រាប់​បង្រៀន កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​»​ដែរ។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ការ​សិក្សា​គម្ពីរ​និង​ការ​រំពឹង​គិត​អាច​ជួយ​ប្អូន​ឲ្យ​រក​ឃើញ​អ្វី​ថ្មី​ៗ។ សូម​ចាំ​ថា គ្មាន​របស់​មាន​តម្លៃ​ណា​ដែល​បាន​មក​ដោយ​គ្មាន​ការ​ខំ​ប្រឹង​ឡើយ។ បើ​ប្អូន​ចង់​ពូកែ​លេង​កីឡា ប្អូន​ត្រូវ​ដឹង​អំពី​ច្បាប់​និង​របៀប​លេង។ បើ​ប្អូន​ចង់​មាន​សុខភាព​ល្អ ប្អូន​ត្រូវ​ហាត់​ប្រាណ។ ស្រដៀង​គ្នា​ដែរ បើ​ប្អូន​ចង់​ស្គាល់​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត ប្អូន​ត្រូវ​សិក្សា​បណ្ដាំ​របស់​លោក។

តើ​យុវវ័យ​ខ្លះ​និយាយ​អ្វី? ប្អូន​សេដហ្សា ប្រាប់​ថា​៖«​ពេល​ខ្ញុំ​ចូល​រៀន​វិទ្យាល័យ ខ្ញុំ​ត្រូវ​គិត​យ៉ាង​ដិត​ដល់​ថា ខ្ញុំ​ចង់​មាន​របៀប​រស់​នៅ​បែប​ណា។ ក្មេង​ៗ​នៅ​សាលា​ធ្វើ​រឿង​មិន​ល្អ​ជា​ច្រើន។ ដូច្នេះ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ថា​‹តើ​ខ្ញុំ​ចង់​ធ្វើ​ដូច​ពួក​គេ​ឬ? តើ​ខ្ញុំ​ជឿ​ថា​អ្វី​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​បង្រៀន​ជា​សេចក្ដី​ពិត​ទេ?› ខ្ញុំ​ត្រូវ​សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​ឯង​»។

ប្អូន​នេលីសា ប្រាប់​ថា​៖«​ពិត​មែន​ថា​ខ្ញុំ​មិន​ដែល​សង្ស័យ​ថា​អ្វី​ដែល​ខ្ញុំ​រៀន​មិន​មែន​ជា​សេចក្ដី​ពិត ប៉ុន្តែ​ខ្ញុំ​ត្រូវ​រក​ភ័ស្តុតាង​បញ្ជាក់​ដោយ​ខ្លួន​ឯង។ ខ្ញុំ​ចង់​គោរព​ប្រណិប័តន៍​ព្រះ ដោយ​សារ​ខ្ញុំ​ជា​អ្នក​ជ្រើស​រើស មិន​មែន​ធ្វើ​តាម​ឪពុក​ម្ដាយ​ខ្ញុំ​ទេ​»។

តើ​ប្អូន​អាច​ធ្វើ​អ្វី? សូម​រៀប​ចំ​គម្រោង​សិក្សា​ផ្ទាល់​ខ្លួន​ដែល​ស័ក្តិ​សម​នឹង​ប្អូន។ ដំបូង ប្អូន​ត្រូវ​ជ្រើស​រើស​ប្រធានបទ​ដែល​ប្អូន​ចង់​សិក្សា។ តើ​គួរ​ចាប់​ផ្ដើម​ដោយ​របៀប​ណា? ប្អូន​អាច​សិក្សា​បទ​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ ហើយ​ពិនិត្យ​មើល​ជំនឿ​របស់​ខ្លួន ដោយ​ប្រើ​សៀវភៅ​ដូច​ជា សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! a

សាក​ល្បង​ធ្វើ! សូម​ដាក់​សញ្ញា ✔ លើ​ប្រធានបទ​ពីរ​ឬ​បី​នៅ​ខាង​ក្រោម​នេះ ដែល​ប្អូន​ចាប់​អារម្មណ៍​ចង់​ដឹង។ ប្អូន​ក៏​អាច​សរសេរ​ប្រធានបទ​ផ្សេង​ទៀត​ដែរ។

□ តើ​ពិត​ជា​មាន​ព្រះ​មែន​ឬ?

□ តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ប្រាកដ​ថា​ព្រះ​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ?

□ តើ​ខ្ញុំ​គួរ​ជឿ​លើ​ការ​វិវត្តន៍ ឬ​ជឿ​ថា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត?

□ តើ​រាជាណាចក្រ​ព្រះ​ជា​អ្វី? ហើយ​តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បង្ហាញ​ថា​រាជាណាចក្រ​ព្រះ​មាន​ពិត​ប្រាកដ?

□ តើ​ខ្ញុំ​អាច​ពន្យល់​យ៉ាង​ណា​អំពី​ជំនឿ​របស់​ខ្ញុំ​ស្ដី​អំពី​ស្ថានភាព​មនុស្ស​ស្លាប់?

□ ហេតុ​អ្វី​ខ្ញុំ​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

□ តើ​ខ្ញុំ​អាច​ជឿ​ជាក់​យ៉ាង​ដូច​ម្ដេច​ថា​សាសនា​មួយ​ណា​ជា​សាសនា​ពិត?

․․․․․

ការ​ពិបាក​ទី​២ ចូល​រួម​ផ្សព្វ​ផ្សាយ

ហេតុ​អ្វី​មិន​ងាយ​ស្រួល? គ្រាន់​តែ​គិត​ថា និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​គម្ពីរ ឬ​ជួប​សិស្ស​រួម​ថ្នាក់​ពេល​កំពុង​ផ្សព្វ​ផ្សាយ ក៏​អាច​ធ្វើ​ឲ្យ​ភិត​ភ័យ​ដែរ។

ហេតុ​អ្វី​គួរ​ធ្វើ? លោក​យេស៊ូ​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ . . . ព្រម​ទាំង​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២៨:១៩, ២០​) ប៉ុន្តែ មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​ប្អូន​គួរ​ធ្វើ​ដូច្នេះ។ ការ​ស្រាវ​ជ្រាវ​ខ្លះ​បង្ហាញ​ថា នៅ​ប្រទេស​មួយ​ចំនួន យុវវ័យ​ភាគ​ច្រើន​ជឿ​ទៅ​លើ​ព្រះ​និង​គម្ពីរ។ ប៉ុន្តែ ពួក​គេ​ខ្លះ​គ្មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​សម្រាប់​អនាគត​ទេ។ ពេល​ប្អូន​សិក្សា​គម្ពីរ ប្អូន​មាន​ចំណេះ​ដឹង​អំពី​ព័ត៌មាន​សំខាន់​ៗ ដែល​ប្អូន​អាច​ចែក​រំលែក​ដល់​ក្មេង​ៗ​ឯ​ទៀត​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ! ពេល​ប្អូន​ប្រាប់​អំពី​ជំនឿ​របស់​ប្អូន​ដល់​អ្នក​ដទៃ ប្អូន​នឹង​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង។ សំខាន់​ជាង​នេះ​ទៅ​ទៀត ប្អូន​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត។—សុភាសិត ២៧:១១

តើ​យុវវ័យ​ខ្លះ​និយាយ​អ្វី? ប្អូន​នេលីសា ប្រាប់​ថា​៖«​មិត្ត​ភក្តិ​និង​ខ្ញុំ​បាន​រៀប​ចំ​ពាក្យ​ផ្ដើម​ល្អ​ៗ​សម្រាប់​ការ​សន្ទនា​ជា​មួយ​អ្នក​ឯ​ទៀត។ ពួក​យើង​បាន​គិត​អំពី​របៀប​ឆ្លើយ​តប​ពាក្យ​ជំទាស់ និង​របៀប​ត្រឡប់​ទៅ​ជួប។ ពេល​ខ្ញុំ​ខំ​ព្យាយាម​កាន់​តែ​ខ្លាំង ខ្ញុំ​កាន់​តែ​សប្បាយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​»។

ប្អូន​ហ្សង់តា ប្រាប់​ថា​៖«​បង​ស្រី​ម្នាក់​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់! គាត់​បង​ខ្ញុំ​៦​ឆ្នាំ។ គាត់​បាន​នាំ​ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ ហើយ​ពេល​ខ្លះ​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារ។ គាត់​បង្ហាញ​ខ​គម្ពីរ​ខ្លះ​ដល់​ខ្ញុំ ខ​គម្ពីរ​ទាំង​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​គិត​ល្អ​ជាង។ ឥឡូវ ខ្ញុំ​ព្យាយាម​ជួយ​អ្នក​ឯ​ទៀត​ច្រើន​ជាង​មុន។ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​បង​ស្រី​ម្នាក់​នោះ​ខ្លាំង​ណាស់!​»។

តើ​ប្អូន​អាច​ធ្វើ​អ្វី? បើ​ឪពុក​ម្ដាយ​អនុញ្ញាត សូម​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​អាយុ​ច្រើន​ជាង​ប្អូន។ (​សកម្មភាព ១៦:១​-​៣​) គម្ពីរ​ចែង​ថា​៖ ​«​ដូច​ដែក​សំលៀង​ដែក មិត្ត​ភក្ដិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រីក​ចម្រើន​»។ (​សុភាសិត ២៧:១៧​) ប្អូន​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​សេព​គប់​បង​ប្អូន​ដែល​មាន​អាយុ​និង​បទ​ពិសោធន៍​ច្រើន​ជាង​ប្អូន។ ប្អូន​អាឡិចសឺស អាយុ​១៩​ឆ្នាំ ប្រាប់​ថា​៖ ​«​ពេល​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​វ័យ​ចាស់ ខ្ញុំ​មាន​អារម្មណ៍​ស្រួល ហើយ​សប្បាយ​ណាស់​»។

សាក​ល្បង​ធ្វើ! សូម​សរសេរ​ឈ្មោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដែល​ប្អូន​គិត​ថា​អាច​ជួយ​ប្អូន​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។

․․․․․

ការ​ពិបាក​ទី​៣ ចូល​រួម​កិច្ច​ប្រជុំ

ហេតុ​អ្វី​មិន​ងាយ​ស្រួល? ក្រោយ​ពី​ទៅ​សាលា​ពេញ​មួយ​ថ្ងៃ ហើយ​បន្ទាប់​មក​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ អង្គុយ​ស្ដាប់​សុន្ទរកថា​ពីរ​បី​ម៉ោង នោះ​ហាក់​ដូច​ជា​យូរ​ណាស់។

ហេតុ​អ្វី​គួរ​ធ្វើ? គម្ពីរ​ដាស់​តឿន​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ មិន​មែន​ដោយ​គេច​វេះ​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់​»។—ហេប្រឺ ១០:២៤, ២៥

តើ​យុវវ័យ​ខ្លះ​និយាយ​អ្វី? ប្អូន​អេលដា ប្រាប់​ថា​៖«​ការ​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ​មាន​សារៈ​សំខាន់​ណាស់។ ជួន​កាល​យើង​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ធ្វើ​ដូច្នេះ។ ពេល​យើង​រៀប​ចំ​ទុក​ជា​មុន យើង​នឹង​រីករាយ​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ ដោយ​សារ​យើង​ដឹង​អំពី​អ្វី​ដែល​គេ​នឹង​ពិគ្រោះ ហើយ​យើង​សប្បាយ​លើក​ដៃ​ឆ្លើយ​ពេល​អ្នក​ដឹក​នាំ​សួរ​សំណួរ​»។

ប្អូន​ជេស៊ីកា និយាយ​ថា​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា​កិច្ច​ប្រជុំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ជាង ពេល​ខ្ញុំ​ចូល​រួម​លើក​ដៃ​ឆ្លើយ​»។

តើ​ប្អូន​អាច​ធ្វើ​អ្វី? សូម​ចំណាយ​ពេល​រៀប​ចំ​ទុក​ជា​មុន ហើយ​បើ​អាច​សូម​ចូល​រួម​ឆ្លើយ។ នេះ​នឹង​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​បាន​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ។

ជា​ឧទាហរណ៍​៖ រវាង​ការ​មើល​គេ​លេង​កីឡា និង​ការ​លេង​ដោយ​ខ្លួន​ឯង តើ​មួយ​ណា​សប្បាយ​ជាង? ពិត​ណាស់ ការ​ចូល​រួម​លេង គឺ​សប្បាយ​ជាង​ការ​អង្គុយ​មើល។ កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ក៏​ដូច​គ្នា​ដែរ!

សាក​ល្បង​ធ្វើ! រាល់​សប្ដាហ៍ សូម​ចំណាយ​ពេល​៣០​នាទី​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​ក្នុង​ផ្នែក​ណា​មួយ។ សរសេរ​ខាង​ក្រោម​នូវ​ពេល​វេលា​ដែល​ប្អូន​ចង់​រៀប​ចំ។

․․․․․

យុវវ័យ​ជា​ច្រើន​បាន​ពិសោធ​ថា ពាក្យ​នៅ​ក្នុង​ចម្រៀង​សរសើរ​ព្រះ ៣៤:៨ គឺ​ជា​ការ​ពិត។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ​»។ គ្រាន់​តែ​ស្ដាប់​គេ​និយាយ​អំពី​អាហារ​ឆ្ងាញ់ មិន​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ថា​អាហារ​នោះ​ពិត​ជា​ឆ្ងាញ់​មែន​នោះ​ទេ លុះ​ត្រា​តែ​យើង​ភ្លក់​អាហារ​នោះ​ដោយ​ខ្លួន​ឯង។ ការ​គោរព​ប្រណិប័តន៍​ព្រះ​ក៏​ដូច​គ្នា​ដែរ។ ប្អូន​ត្រូវ​ភ្លក់​មើល​ដោយ​ផ្ទាល់​ខ្លួន​ថា ការ​ចូល​រួម​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ព្រះ គឺ​សប្បាយ​ខ្លាំង​យ៉ាង​ណា។ គម្ពីរ​ចែង​ថា អ្នក​ណា​ដែល​ស្ដាប់​ហើយ​ធ្វើ​តាម អ្នក​នោះ​«​នឹង​មាន​សុភមង្គល​ក្នុង​ការ​នោះ​»។—យ៉ាកុប ១:២៥

នៅ​ជំពូក​បន្ទាប់

តើ​ប្អូន​អាច​កំណត់ ហើយ​សម្រេច​គោល​ដៅ​តាម​វិធី​ណា?

[​កំណត់​សម្គាល់​]

a បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

បទ​គម្ពីរ​សំខាន់

​«​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។—រ៉ូម ១២:២

យោបល់

កត់​ចំណុច​សំខាន់​ៗ​ក្នុង​កិច្ច​ប្រជុំ។ នេះ​នឹង​ធ្វើ​ឲ្យ​ប្អូន​មាន​អារម្មណ៍​ថា​ពេល​វេលា​ដើរ​លឿន ហើយ​ប្អូន​ក៏​ស្រួល​ផ្ដោត​អារម្មណ៍​រៀន​ដែរ!

តើ​ប្អូន​ដឹង​ទេ . . . ?

មិន​មែន​ជា​ការ​ខុស​ទេ បើ​ប្អូន​ពិនិត្យ​មើល​អ្វី​ដែល​ប្អូន​ជឿ។ ការ​សួរ​សំណួរ​និង​ការ​ស្រាវ​ជ្រាវ គឺ​ជា​វិធី​ល្អ​ដែល​ជួយ​ប្អូន​ឲ្យ​ដឹង​ប្រាកដ​ថា​ប្អូន​មាន​ជំនឿ​លើ​ព្រះ​ឬ​យ៉ាង​ណា។—សកម្មភាព ១៧:១១

គម្រោង​អនុវត្ត!

ខ្ញុំ​នឹង​ទុក​ពេល ․․․․․ នាទី ដើម្បី​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ទុក​ពេល ․․․․․ ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ។

ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ប្រជុំ ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​យុវវ័យ​ខ្លះ​គិត​ថា​សកម្មភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ?

● ក្នុង​ចំណោម​ចំណុច​ទាំង​បី​ដែល​បាន​ត្រូវ​ពិភាក្សា​ក្នុង​ជំពូក​នេះ តើ​ប្អូន​ចង់​ព្យាយាម​អនុវត្ត​ចំណុច​មួយ​ណា?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៧៨​]

​«​ប្អូន​សឺមែនថឺ និយាយ​ថា​៖ ‹សាសនា​ដែល​ខ្ញុំ​ចូល​រួម មិន​គ្រាន់​តែ​ជា​សាសនា​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ទេ តែ​ក៏​ជា​សាសនា​របស់​ខ្ញុំ​ដែរ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​ព្រម​ឲ្យ​អ្វី​មក​បង្ខូច​ចំណង​មិត្តភាព​របស់​ខ្ញុំ​ជា​មួយ​នឹង​លោក​ឡើយ›​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​២៨០, ២៨១​]

ពួក​គាត់​កំណត់​គោល​ដៅ

គម្ពីរ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ស្អែក​»។ (​យ៉ាកុប ៤:១៤​) ពេល​ខ្លះ​មនុស្ស​វ័យ​ក្មេង​អាច​បាត់​បង់​ជីវិត​ភ្លាម​ៗ។ កាល​ដែល​ប្អូន​អាន​បទ​ពិសោធន៍​របស់​ប្អូន​ស្រី​ខាទ្រីណឺ និង​ប្អូន​ប្រុស​ឃីល សូម​កត់​សម្គាល់​ពី​របៀប​ដែល​ពួក​គាត់​បាន​កំណត់​គោល​ដៅ ហើយ​សម្រេច​គោល​ដៅ​ទាំង​នោះ ដើម្បី​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា ទោះ​ជា​ពួក​គាត់​ស្លាប់​ទាំង​វ័យ​ក្មេង​ក៏​ដោយ។—អ្នក​ទូន្មាន ៧:១

ប្អូន​ខាទ្រីណឺ​ស្លាប់ នៅ​អាយុ​១៨​ឆ្នាំ។ ប៉ុន្តែ ពេល​នាង​អាយុ​១៣​ឆ្នាំ នាង​បាន​សរសេរ​«​ផែន​ការ​ជីវិត​»​អំពី​គោល​ដៅ​ដែល​នាង​ចង់​សម្រេច ដូច​ជា​ផ្សព្វ​ផ្សាយ​ពេញ​ពេល បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង និង​ចូល​រួម​សង់​សាល​ប្រជុំ​ជា​មួយ​ឪពុក​របស់​នាង។ នាង​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​បាន​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា!​»។ ខាទ្រីណឺ​មាន​បំណង​«​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ ជា​របៀប​រស់​នៅ​ដែល​លោក​ពេញ​ចិត្ត​»។ នៅ​ឯ​ពិធី​បុណ្យ​សព​របស់​នាង គេ​បាន​និយាយ​អំពី​នាង​ថា​ជា​«​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​បាន​រៀប​ចំ​ផែន​ការ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត​»។

តាំង​ពី​ក្មេង​មក ប្អូន​ឃីល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​ចេះ​កំណត់​គោល​ដៅ។ ប៉ុន្តែ នៅ​អាយុ​២០​ឆ្នាំ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​ឆក់​យក​ជីវិត​គាត់។ ក្រោយ​មក សាច់​ញាតិ​បាន​រក​ឃើញ​«​សៀវភៅ​កំណត់​គោល​ដៅ​»​ដែល​ម្ដាយ​ឃីល​បាន​ជួយ​ឃីល​ឲ្យ​ធ្វើ​តាំង​ពី​អាយុ​៤​ឆ្នាំ។ គោល​ដៅ​របស់​ឃីល​គឺ​ទទួល​ការ​ជ្រមុជ​ទឹក និង​ថ្លែង​សុន្ទរកថា ហើយ​គោល​ដៅ​មួយ​ទៀត គឺ​ចូល​រួម​បោះ​ពុម្ព​សៀវភៅ​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​សាក្សី​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះ។ បន្ទាប់​ពី​ម្ដាយ​បាន​អាន​សៀវភៅ​កំណត់​គោល​ដៅ​របស់​ឃីល ម្ដាយ​និយាយ​ថា​៖ ​«​ឃីល​បាន​សម្រេច​គោល​ដៅ​របស់​ខ្លួន​ម្ដង​មួយ​ៗ​»។

តើ​ប្អូន​បាន​កំណត់​គោល​ដៅ​អ្វី​ខ្លះ? ប្អូន​មិន​ដឹង​ថា​ជីវិត​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ស្អែក។ ដូច្នេះ ចូរ​ប្រើ​ពេល​វេលា​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អ​បំផុត។ ដូច​ខាទ្រីណឺ​និង​ឃីល សូម​ប្រើ​ពេល​របស់​ប្អូន​តាម​របៀប​ដែល​មាន​ន័យ​ខ្លឹម​សារ។ សូម​ធ្វើ​តាម​គំរូ​សាវ័ក​ប៉ូល ដែល​បាន​និយាយ​មុន​គាត់​ជិត​ស្លាប់​ថា​៖ ​«​ខ្ញុំ​បាន​ត​ស៊ូ​យ៉ាង​ប្រសើរ ខ្ញុំ​បាន​រត់​ប្រណាំង​ដល់​ទី​ផ្ដាច់​ព្រ័ត្រ ខ្ញុំ​បាន​បន្ត​ធ្វើ​តាម​ជំនឿ​»។ (​ធីម៉ូថេ​ទី​២ ៤:៧​) ជំពូក​បន្ទាប់​នឹង​ជួយ​ប្អូន​ឲ្យ​ធ្វើ​ដូច្នោះ!

[​រូបភាព​នៅ​ទំព័រ​២៧៤, ២៧៥​]

បើ​ចង់​មាន​សុខភាព​ល្អ ត្រូវ​ហាត់​ប្រាណ។ បើ​ចង់​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ ត្រូវ​សិក្សា​បណ្ដាំ​របស់​លោក