លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំគួរដឹងអ្វីខ្លះអំពីការជក់បារី?

តើខ្ញុំគួរដឹងអ្វីខ្លះអំពីការជក់បារី?

ជំពូក​ទី​៣៣

តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​ជក់​បារី?

សូម​មើល​ជម្រើស​នៅ​ក្បែរ​នោះ ហើយ​ដាក់​សញ្ញា ✔ នៅ​ក្នុង​ប្រអប់​ដែល​ប្អូន​គិត​ថា​ត្រូវ​នឹង​ប្អូន។

□ ខ្ញុំ​ចង់​សាក​មើល

□ ខ្ញុំ​ចង់​បន្ធូរ​អារម្មណ៍​តាន​តឹង

□ ខ្ញុំ​ចង់​ចូល​គេ​ចុះ

□ ខ្ញុំ​ចង់​ស្រក​ទម្ងន់

បើ​ប្អូន​បាន​គូស​ប្រអប់​ណា​មួយ​ក្នុង​ទំព័រ​២៣៧ នោះ​ប្អូន​មាន​អ្វី​មួយ​ដូច​គ្នា​នឹង​មនុស្ស​ស្រករ​ប្អូន​ដែល​ជក់​បារី ឬ​កំពុង​គិត​ចង់​ជក់។ a ជា​ឧទាហរណ៍​៖

ចង់​សាក​មើល។ ប្អូន​ត្រេស៊ី និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​ដឹង​ថា​ការ​ជក់​បារី​វា​យ៉ាង​ម៉េច ខ្ញុំ​ក៏​យក​បារី​មួយ​ដើម​ពី​មិត្ត​ម្នាក់​នៅ​សាលា ហើយ​លួច​ទៅ​ជក់​នៅ​ខាង​ក្រៅ​»។

ចង់​បន្ធូរ​អារម្មណ៍​តាន​តឹង​និង​ចូល​គេ​ចុះ។ ប្អូន​នីកគី ប្រាប់​ថា​៖ ​«​នៅ​សាលា ខ្ញុំ​ឧស្សាហ៍​ឮ​ក្មេង​ៗ​និយាយ​ថា​‹គ្នា​ចង់​ជក់​បារី›។ ពេល​ជក់​រួច ពួក​គេ​ក៏​ប្រាប់​គ្នា​ថា​‹ជក់​ហើយ​ធូរ​អារម្មណ៍​ភ្លាម!›។ ពេល​ខ្ញុំ​តាន​តឹង​ចិត្ត ខ្ញុំ​ក៏​ចង់​ធ្វើ​ដូច​ពួក​គេ​ដែរ​»។

ចង់​ស្រក​ទម្ងន់។ ប្អូន​សឺមែនថឺ ប្រាប់​ថា​៖ ​«​ក្មេង​ស្រី​ខ្លះ​ជក់​បារី ដោយ​សារ​ចង់​រក្សា​រាង។ នេះ​ស្រួល​ជាង​តម​អាហារ!​»។

មុន​ពេល​ប្អូន​អុជ​បារី​ជក់ សូម​គិត​មួយ​ភ្លែត​សិន។ ជា​ឧទាហរណ៍ ពេល​គេ​ស្ទូច​ត្រី គេ​ដាក់​នុយ​ជាប់​នឹង​ផ្លែ​សន្ទូច។ ពេល​ត្រី​ឃើញ​នុយ តើ​វា​នឹង​ធ្វើ​អ្វី? វា​នឹង​ហែល​ទៅ​ស៊ី​នុយ។ ពិត​មែន​ថា​ត្រី​បាន​ត្របាក់​ស៊ី​នុយ តែ​មាត់​វា​ក៏​ត្រូវ​ជាប់​នឹង​ផ្លែ​សន្ទូច​ដែរ ទី​បំផុត​វា​នឹង​ងាប់! ដូច្នេះ ជា​ការ​ប្រសើរ​ឲ្យ​ប្អូន​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ ហើយ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​ឲ្យ​បាន​ច្បាស់​លាស់។ (​ពេត្រុស​ទី​២ ៣:១​) សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

តើ​ប្អូន​ដឹង​ច្រើន​ប៉ុនណា​អំពី​ការ​ជក់​បារី?

សូម​គូស​លើ​ចម្លើយ​‹ត្រូវ›​ឬ​‹ខុស›។

ក. ការ​ជក់​បារី​កាត់​បន្ថយ​ភាព​តាន​តឹង។

□ ត្រូវ □ ខុស

ខ. ខ្ញុំ​អាច​បង្ហុយ​ផ្សែង​បារី​ចេញ​មក​វិញ​ស្ទើរ​តែ​ទាំង​អស់។

□ ត្រូវ □ ខុស

គ. នៅ​ក្មេង​ជក់​បារី គ្មាន​បញ្ហា​សោះ។

□ ត្រូវ □ ខុស

ឃ. ការ​ជក់​បារី​ធ្វើ​ឲ្យ​មនុស្ស​ភេទ​ផ្ទុយ​ចាប់​អារម្មណ៍។

□ ត្រូវ □ ខុស

ង. ទោះ​ជា​ខ្ញុំ​ជក់​បារី​ក៏​គ្មាន​ប៉ះ​ពាល់​អ្នក​ណា​ដែរ។

□ ត្រូវ □ ខុស

ច. ព្រះ​មិន​ខ្វល់​ថា​ខ្ញុំ​ជក់​បារី​ឬ​មិន​ជក់​ទេ។

□ ត្រូវ □ ខុស

ចម្លើយ

. ខុស។ ទោះ​ជា​ការ​ជក់​បារី​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ជា​បណ្ដោះ​អាសន្ន​ក្ដី អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា តាម​ពិត​ជាតិ​នីកូទីន​នាំ​ឲ្យ​កម្រិត​អ័រម៉ូន​ស្ដ្រេស​កើន​ឡើង​ខ្លាំង​ជាង។

. ខុស។ ការ​សិក្សា​ខ្លះ​បង្ហាញ​ថា ជាង​៨០​ភាគ​រយ​នៃ​សារធាតុ​ក្នុង​ផ្សែង​បារី​ដែល​ប្អូន​ស្រូប​ចូល វា​នៅ​ជាប់​ក្នុង​ខ្លួន​ប្អូន។

. ខុស។ រាល់​ដង​ដែល​ប្អូន​ជក់​បារី ប្អូន​បង្កើន​ហានិភ័យ​ដល់​សុខភាព​ខ្លួន។ ផល​ប៉ះ​ពាល់​ខ្លះ​អាច​កើត​ឡើង​ភ្លាម​ៗ។ សូម្បី​តែ​អ្នក​ខ្លះ​ជក់​តែ​មួយ​ដើម​សោះ​ក៏​ញៀន​ដែរ។ ការ​ជក់​បារី​ធ្វើ​ឲ្យ​សួត​ខ្សោយ ក្អក​រ៉ាំរ៉ៃ និង​ស្បែក​ចាស់​មុន​អាយុ។ ម្យ៉ាង​ទៀត នេះ​អាច​បង្ខូច​សមត្ថភាព​ផ្លូវ​ភេទ​របស់​ប្អូន ធ្វើ​ឲ្យ​ប្អូន​ឆាប់​ភ័យ​ស្លន់​ស្លោ និង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។

. ខុស។ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ឈ្មោះ​ឡយ ចនស្តុន បាន​រក​ឃើញ​ថា យុវវ័យ​ដែល​ជក់​បារី​«​មិន​សូវ​មាន​ភាព​ទាក់​ទាញ​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​ទេ​»។

. ខុស។ ជា​រៀង​រាល់​ឆ្នាំ ផ្សែង​បារី​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។ វា​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​គ្រួសារ មិត្ត​ភក្ដិ និង​សត្វ​ចិញ្ចឹម​របស់​ប្អូន។

. ខុស។ អស់​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ត្រូវ​សម្អាត​ខ្លួន​«​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។ (​កូរិនថូស​ទី​២ ៧:១​) ការ​ជក់​បារី​ពិត​ជា​ធ្វើ​ឲ្យ​រូប​កាយ​ស្មោក​គ្រោក​មែន។ ប្រសិន​បើ​ប្អូន​សម្រេច​ចិត្ត​ជក់​បារី ប្អូន​មិន​ត្រឹម​តែ​បង្ខូច​សុខភាព​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ខូច​សុខភាព​របស់​អ្នក​ឯ​ទៀត​ដែរ។ ជា​លទ្ធផល ប្អូន​មិន​អាច​ធ្វើ​ជា​មិត្ត​របស់​ព្រះ​បាន​ឡើយ។—ម៉ាថាយ ២២:៣៩; កាឡាទី ៥:១៩​-​២១

របៀប​បដិសេធ

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា បើ​អ្នក​ណា​ម្នាក់​ឲ្យ​បារី​ប្អូន​ជក់? ប្អូន​គ្រាន់​តែ​ឆ្លើយ​យ៉ាង​ខ្លី និង​ដោយ​ម៉ឺង​ម៉ាត់​ថា​«​អរគុណ តែ​ខ្ញុំ​មិន​ជក់​ទេ​»។ ពាក្យ​តប​ឆ្លើយ​បែប​នេះ​ច្រើន​តែ​មាន​លទ្ធផល​ល្អ។ ទោះ​ជា​គេ​បង្ខំ ឬ​សើច​ចំអក​ឲ្យ​ប្អូន​ក្ដី សូម​ចាំ​ថា ប្អូន​ជា​អ្នក​សម្រេច​ចិត្ត។ ប្អូន​អាច​និយាយ​ថា​៖

● ​«​ខ្ញុំ​ដឹង​ថា​បារី​អាច​បង្ខូច​សុខភាព​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ជក់​ទេ​»។

● ​«​ខ្ញុំ​មាន​អនាគត​វែង​ឆ្ងាយ ដូច្នេះ​ខ្ញុំ​ចង់​រក្សា​សុខភាព​ល្អ​»។

● ​«​ដូច​អ្នក​ដែរ ខ្ញុំ​មាន​សិទ្ធិ​ជ្រើស​រើស​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​»។

នេះ​ស្រដៀង​គ្នា​នឹង​យុវវ័យ​ដែល​បាន​លើក​ឡើង​នៅ​ខាង​លើ។ ប្អូន​ប្រហែល​ជា​ឃើញ​ថា​សម្ពាធ​ភាគ​ច្រើន គឺ​កើត​ចេញ​ពី​ខ្លួន​ប្អូន។ បើ​ដូច្នេះ​មែន សូម​វែក​ញែក​សំណួរ​ដូច​ត​ទៅ​នេះ​៖

● ‹តើ​ការ​ជក់​បារី​ពិត​ជា​ល្អ​សម្រាប់​ខ្ញុំ​ឬ​ទេ? ជា​ឧទាហរណ៍ បើ​ខ្ញុំ​ជក់​បារី​ដើម្បី​ឲ្យ​ចូល​ពួក​គេ​ចុះ តើ​ខ្ញុំ​ពិត​ជា​អាច​ចូល​ពួក​គេ​ចុះ​មែន​ឬ ទាំង​ដែល​យើង​មាន​ភាព​ដូច​គ្នា​តិច​តួច​ណាស់? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចង់​ធ្វើ​ជា​មិត្ត​ជា​មួយ​មនុស្ស​ដែល​មិន​ខ្វល់​ពី​សុខភាព​ខ្ញុំ?›

● ‹តើ​ការ​ជក់​បារី​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ខាត​បង់​លុយ​កាក់ សុខភាព និង​ការ​គោរព​ពី​អ្នក​ឯ​ទៀត​ច្រើន​ប៉ុណ្ណា?›

● ‹តើ​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ដោយ​សារ​តែ​បារី​ឬ?›

ចុះ​យ៉ាង​ណា បើ​ប្អូន​ញៀន​បារី តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​ផ្ដាច់​វា​ចោល?

វិធី​ផ្ដាច់

. ចូរ​ប្ដេជ្ញា​ចិត្ត។ សូម​សរសេរ​មូលហេតុ​ដែល​ប្អូន​ចង់​ផ្ដាច់​បារី ហើយ​ឧស្សាហ៍​មើល​កំណត់​នោះ​ឲ្យ​បាន​ញឹក​ញាប់។ ការ​ចង់​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ស្អំ​នៅ​ចំពោះ​មុខ​ព្រះ ក៏​អាច​ជា​ការ​ជំរុញ​ចិត្ត​ដ៏​ខ្លាំង​មួយ​ដែរ។—រ៉ូម ១២:​១; អេភេសូរ ៤:១៧​-​១៩

. ចូរ​សុំ​ជំនួយ។ បើ​ប្អូន​មាន​ទម្លាប់​លួច​ជក់​បារី ឥឡូវ​ដល់​ពេល​ដែល​ប្អូន​ត្រូវ​ហ៊ាន​ប្រាប់​មនុស្ស​ពេញ​វ័យ​ណា​ម្នាក់ ដើម្បី​ឲ្យ​គាត់​ជួយ​ប្អូន​ផ្ដាច់​បារី។ បើ​ប្អូន​ចង់​បម្រើ​ព្រះ ប្អូន​គួរ​អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក។—យ៉ូហាន​ទី​១ ៥:១៤

. ចូរ​កំណត់​ពេល​ផ្ដាច់​បារី។ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍ សូម​ជ្រើស​រើស​ថា​ថ្ងៃ​ណា​ដែល​ប្អូន​ចង់​ឈប់​ជក់​បារី ហើយ​គូស​ថ្ងៃ​នោះ​នៅ​លើ​ប្រតិទិន​របស់​ប្អូន។ សូម​ប្រាប់​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​របស់​ប្អូន​ឲ្យ​ដឹង​ថា ប្អូន​ចង់​ផ្ដាច់​បារី​នៅ​ថ្ងៃ​នោះ។

. ចូរ​ប្រមូល​បោះ​ចោល។ មុន​ថ្ងៃ​បរិច្ឆេទ​ដែល​ប្អូន​បាន​កំណត់ សូម​ឆែក​មើល​ថា តើ​មាន​បារី​នៅ​ក្នុង​បន្ទប់ ក្នុង​ឡាន ឬ​ក្នុង​ខោ​អាវ​របស់​ប្អូន​ឬ​ទេ? រួច​ប្រមូល​យក​មក​បំផ្លាញ​ចោល ទាំង​ដែក​កេះ ឈើ​គូស និង​ចាន​គោះ​បារី។

. ដំណោះ​ស្រាយ​ចំពោះ​អាការ​ញៀន។ ត្រូវ​ផឹក​ទឹក​ផ្លែ​ឈើ ឬ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ សូម​ចាំ​ថា អាការ​ញៀន​គឺ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ តែ​អត្ថប្រយោជន៍​គឺ​អចិន្ត្រៃយ៍!

. ចូរ​ជៀស​វាង។ នៅ​ឲ្យ​ឆ្ងាយ​ពី​ស្ថានភាព ឬ​កន្លែង​ដែល​ទាក់​ទាញ​ប្អូន​ឲ្យ​ចង់​ជក់​បារី។ ប្អូន​ក៏​ប្រហែល​ជា​ត្រូវ​ឈប់​សេព​គប់​អ្នក​ដែល​ជក់​បារី​ដែរ។—សុភាសិត ១៣:២០

កុំ​ចាញ់​ពាក្យ​បោក​បញ្ឆោត

ជា​រៀង​រាល់​ឆ្នាំ ក្រុម​ហ៊ុន​ថ្នាំ​ជក់​ចំណាយ​លុយ​រាប់​ពាន់​លាន​ដុល្លា​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម។ តើ​អ្នក​ណា​ជា​អតិថិជន​ចម្បង​របស់​ពួក​គេ? ឯកសារ​ផ្ទៃ​ក្នុង​របស់​ក្រុម​ហ៊ុន​ថ្នាំ​ជក់​មួយ​បញ្ជាក់​ថា​៖ ​«​យុវវ័យ​សព្វ​ថ្ងៃ​គឺ​ជា​អតិថិជន​ដែល​មាន​សក្ដានុពល​សម្រាប់​ថ្ងៃ​អនាគត​»។

កុំ​ចូល​អន្ទាក់​របស់​ក្រុម​ហ៊ុន​ថ្នាំ​ជក់។ ប្អូន​មិន​ចង់​ដូច​ជា​ត្រី​ដែល​ជាប់​ផ្លែ​សន្ទូច​របស់​គេ​ទេ ពីព្រោះ​ទាំង​ក្រុម​ហ៊ុន​ថ្នាំ​ជក់ ទាំង​មនុស្ស​ស្រករ​ប្អូន​ដែល​ជក់​បារី មិន​ខ្វល់​ពី​អ្វី​ដែល​ល្អ​សម្រាប់​ប្អូន​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ស្ដាប់​តាម​ដំបូន្មាន​ពី​គម្ពីរ ហើយ​រៀន​ដើម្បី​«​ប្រយោជន៍​»​របស់​ប្អូន។—អេសាយ ៤៨:១៧

នៅ​ជំពូក​បន្ទាប់

តើ​មិត្ត​ភក្តិ​បង្ខំ​ប្អូន​ឲ្យ​ផឹក​ស្រា​ឬ​ទេ? ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ប្អូន​ត្រូវ​ដឹង​អំពី​កម្រិត​របស់​ខ្លួន?

[​កំណត់​សម្គាល់​]

a ពិត​មែន​ថា​ក្នុង​ជំពូក​នេះ​និយាយ​អំពី​អ្នក​ជក់​បារី តែ​អ្នក​ដែល​ទំពា​ថ្នាំ​ជក់​ឬ​ស្លា​ម្លូ ក៏​ប្រឈម​មុខ​បញ្ហា​និង​ហានិភ័យ​ដូច​គ្នា។

បទ​គម្ពីរ​សំខាន់

​«​ចូរ​យើង​សម្អាត . . . កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។—កូរិនថូស​ទី​២ ៧:១

យោបល់

កុំ​បញ្ឆោត​ខ្លួន​ដោយ​គិត​ថា​‹ខ្ញុំ​បឺត​តែ​មួយ​ខ្សឺត​ប៉ុណ្ណោះ វា​មិន​អី​ទេ›។ អ្នក​ដែល​ធ្វើ​បែប​នេះ ច្រើន​តែ​ចាប់​ផ្ដើម​ជក់​បារី​ម្ដង​ទៀត។—យេរេមា ១៧:៩

តើ​ប្អូន​ដឹង​ទេ . . . ?

ការ​ចុក​ថ្នាំ​ជក់ ផ្ដល់​ជាតិ​នីកូទីន​ច្រើន​ជាង​បារី និង​ផ្ទុក​សារធាតុ​ពុល​ប្រហែល​ជា​២៥​យ៉ាង​ដែល​បង្ក​ជា​មហា​រីក។ នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​កើត​ជំងឺ​មហា​រីក​មាត់ និង​មហា​រីក​បំពង់​ក។

គម្រោង​អនុវត្ត!

បើ​សិស្ស​រួម​ថ្នាក់​បង្ខំ​ខ្ញុំ​ឲ្យ​ជក់​បារី ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ទោះ​ជា​ដឹង​ថា​ការ​ជក់​បារី​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្ដី ហេតុ​អ្វី​មនុស្ស​ខ្លះ​នៅ​តែ​ចង់​ជក់?

● ហេតុ​អ្វី​ប្អូន​គិត​ថា​ការ​ជក់​បារី​គឺ​ជា​គំនិត​មិន​ល្អ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៤០​]

​«​ប្អូន​អេឡាណឺ រៀប​រាប់​ថា​៖ ‹ពេល​គេ​ឲ្យ​បារី​ខ្ញុំ​ជក់ ខ្ញុំ​គ្រាន់​តែ​ញញឹម ហើយ​ប្រាប់​ថា​៖ ​«​អរគុណ តែ​ខ្ញុំ​មិន​ចង់​កើត​មហា​រីក​ទេ​»​›​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​២៤១​]

តើ​ការ​ប្រើ​កញ្ឆា​មាន​គ្រោះ​ថ្នាក់​ទេ?

ប្អូន​អិលអិន ដែល​រស់​នៅ​ប្រទេស​អៀរឡង់​ប្រាប់​ថា​៖ ​«​មនុស្ស​មួយ​ចំនួន​និយាយ​ថា កញ្ឆា​ជួយ​ឲ្យ​ភ្លេច​ទុក្ខ​កង្វល់ ហើយ​វា​គ្មាន​ផល​ប៉ះ​ពាល់​អ្វី​ទាំង​អស់​»។ តើ​ប្អូន​ធ្លាប់​ឮ​គេ​និយាយ​បែប​នេះ​ទេ? សូម​ប្រៀប​ធៀប​ពាក្យ​សម្ដី​របស់​គេ ជា​មួយ​នឹង​ហេតុ​ការណ៍​ពិត។

សម្ដី​គេ។ កញ្ឆា​មិន​មាន​គ្រោះ​ថ្នាក់​ឡើយ។

ការ​ពិត។ ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា កញ្ឆា​អាច​មាន​ឥទ្ធិពល​យូរ​អង្វែង​ក្នុង​រាង​កាយ​ដូច​ជា​៖ ថមថយ​ការ​ចង​ចាំ សមត្ថភាព​រៀន​សូត្រ​ថយ​ចុះ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រូប​កាយ​ចុះ​ខ្សោយ ព្រម​ទាំង​បង្ខូច​សមត្ថភាព​ផ្លូវ​ភេទ មិន​ថា​ប្រុស​ឬ​ស្រី​ទេ។ ណា​មួយ​ទៀត វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ថប់​បារម្ភ វិកល​ចរិត និង​សរសៃ​ប្រសាទ។ កុមារ​ដែល​កើត​ពី​ស្ត្រី​ជក់​កញ្ឆា ទំនង​ជា​មាន​បញ្ហា​ខាង​បុគ្គលិក​លក្ខណៈ ពិបាក​ផ្ដោត​អារម្មណ៍ និង​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត។

សម្ដី​គេ។ ផ្សែង​កញ្ឆា​មាន​គ្រោះ​ថ្នាក់​តិច​ជាង​ផ្សែង​បារី។

ការ​ពិត។ ផ្សែង​កញ្ឆា​ស្អិត​ជាប់​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ច្រើន​ជាង​ផ្សែង​បារី​ដល់​ទៅ​បួន​ដង ហើយ​ផ្ទុក​កាបូន​ម៉ូណូអុកស៊ីត​ច្រើន​ជាង​ប្រាំ​ដង​នៅ​ក្នុង​ឈាម។ ការ​ជក់​កញ្ឆា​ប្រាំ​ដើម​ស្មើ​នឹង​ការ​ស្រូប​យក​សារធាតុ​ពុល​បង្ក​ឲ្យ​កើត​ជំងឺ​មហា​រីក​ដូច​គ្នា​នឹង​ការ​ជក់​បារី​មួយ​កញ្ចប់​ដែរ។

សម្ដី​គេ។ កញ្ឆា​មិន​ធ្វើ​ឲ្យ​ញៀន​ទេ។

ការ​ពិត។ ក្មេង​ជំទង់​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត ឬ​ផ្លូវ​អារម្មណ៍​ងាយ​នឹង​ញៀន​កញ្ឆា។ ក្មេង​ខ្លះ​ទៀត​ទៅ​ជា​ញៀន​ក្រោយ​ពី​ប្រើ​ប្រាស់​កញ្ឆា​យូរ។ ជាង​នេះ​ទៅ​ទៀត ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​យុវវ័យ​ដែល​ប្រើ​កញ្ឆា​ទំនង​ជា​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផ្សេង​ទៀត​ដូច​ជា កូកាអ៊ីន​ជា​ដើម។

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​២៤៤, ២៤៥​]

តើ​ការ​ជក់​បារី​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​រូប​កាយ?

នៅ​ក្នុង​ពាណិជ្ជកម្ម​បារី យើង​ឃើញ​អ្នក​ជក់​មាន​សុខភាព​ល្អ។ ប៉ុន្តែ សូម​មើល​ក្នុង​ជីវិត​ពិត​វិញ តើ​បារី​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ខ្លាំង​ប៉ុណ្ណា?

មាត់​និង​បំពង់​ក​៖ អាច​កើត​មហា​រីក

[​រូបភាព​]

មហា​រីក​អណ្ដាត

បេះ​ដូង​៖ ខ្វះ​អុកស៊ីសែន អាច​មក​ពី​សរសៃ​ឈាម​ទៅ​ជា​រឹង​និង​រួម​តូច ហើយ​អាច​នាំ​ឲ្យ​មាន​ជំងឺ​បេះ​ដូង​ដល់​ទៅ​បួន​ដង

[​រូបភាព​]

ស្ទះ​សរសៃ​ឈាម

សួត​៖ ការ​ជក់​បារី​នាំ​ឲ្យ​ថង់​ខ្យល់​ក្នុង​សួត​ខូច រលាក​ផ្លូវ​ដង្ហើម និង​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហា​រីក​ដល់​ទៅ​២៣​ដង

[​រូបភាព​]

សួត​របស់​អ្នក​ជក់​បារី

ខួរ​ក្បាល​៖ បង្កើន​លទ្ធភាព​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ដល់​ទៅ​បួន​ដង

ស្បែក​៖ ជ្រីវជ្រួញ​មុន​អាយុ

ធ្មេញ​៖ ប្រែ​ពណ៌​លែង​ស្អាត

ក្រពះ​៖ បង្ក​មហា​រីក

លំពែង​៖ បង្ក​មហា​រីក

ប្លោក​នោម​៖ បង្ក​មហា​រីក

តម្រង​នោម​៖ បង្ក​មហា​រីក

[​រូបភាព​នៅ​ទំព័រ​២៣៩​]

ដូច​ត្រី​ជាប់​ផ្លែ​សន្ទូច អ្នក​ជក់​បារី​ត្រូវ​បង់​អ្វី​ៗ​ជា​ច្រើន​សម្រាប់​តែ​នុយ​បន្តិច​បន្តួច