លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើធ្វើដូចម្ដេចអាចផ្ដាច់គ្រឿងញៀន?

តើធ្វើដូចម្ដេចអាចផ្ដាច់គ្រឿងញៀន?

ជំពូក​ទី​៣៥

តើ​ធ្វើ​ដូច​ម្ដេច​អាច​ផ្ដាច់​គ្រឿង​ញៀន?

តើ​ប្អូន​កំពុង​ញៀន​ថ្នាំ​ទេ? ប្អូន​ទំនង​ជា​ដឹង​ហើយ​ថា គ្រឿង​ញៀន​បង្ខូច​ទាំង​ចិត្ត​គំនិត​និង​រាង​កាយ​របស់​ប្អូន។ ប្អូន​ប្រហែល​ជា​ព្យាយាម​ផ្ដាច់ តែ​វា​ចេះ​តែ​រើ​ឡើង​វិញ។ បើ​មែន កុំ​អស់​សង្ឃឹម។ ប្អូន​អាច​ផ្ដាច់​បាន! សូម​ស្ដាប់​បទ​ពិសោធន៍​របស់​មនុស្ស​បី​នាក់​ដែល​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា តែ​ពួក​គេ​បាន​ផ្ដាច់​គ្រឿង​ញៀន​ដោយ​ជោគ​ជ័យ។ តើ​តាម​របៀប​ណា?

ឈ្មោះ ម៉ាថា

ប្រវត្តិ​៖ ម្ដាយ​របស់​ខ្ញុំ​មិន​បាន​រៀប​ការ​ទេ ជា​មូលហេតុ​ដែល​ខ្ញុំ​និង​ប្អូន​ស្រី​ធំ​ឡើង​ដោយ​គ្មាន​ឪពុក។ តាំង​ពី​អាយុ​១២​ឆ្នាំ ខ្ញុំ​ចូល​បារ​ជា​មួយ​មីង​ដែល​ស្រឡាញ់​ការ​រាំ​រែក។ ខ្ញុំ​ចូល​ចិត្ត​ដើរ​លេង ចូល​ចិត្ត​រាប់​អាន​អ្នក​ឯ​ទៀត។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​មាន​មិត្ត​ភក្តិ​មិន​ល្អ​ជា​ច្រើន។ ខ្ញុំ​ចាប់​ផ្ដើម​ប្រើ​គ្រឿង​ញៀន​នៅ​អាយុ​១៣​ឆ្នាំ បន្ទាប់​មក​ខ្ញុំ​ចេះ​ប្រើ​កូកាអ៊ីន។ ពេល​ប្រើ​លើក​ដំបូង ខ្ញុំ​សប្បាយ​ណាស់ តែ​មិន​យូរ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​រវើ​រវាយ ភ័យ​ស្លន់​ស្លោ ហើយ​ខ្លាច​អ្វី​ៗ​ទាំង​អស់។ ពេល​ស្វាង​ជាតិ​ថ្នាំ ខ្ញុំ​ចង់​សម្លាប់​ខ្លួន។ ខ្ញុំ​ចង់​ផ្ដាច់​ថ្នាំ តែ​ខ្ញុំ​មាន​ឆន្ទៈ​ខ្សោយ​ពេក។

មូលហេតុ​ដែល​ខ្ញុំ​ផ្ដាច់​៖ ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​ព្រះ ហើយ​បាន​ទៅ​វិហារ​ពីរ​បី​ដង ប៉ុន្តែ​ទទួល​បាន​តែ​ក្ដី​អស់​សង្ឃឹម។ ពេល​អាយុ​១៨​ឆ្នាំ ខ្ញុំ​រើ​ទៅ​រស់​នៅ​ជា​មួយ​សង្សារ ហើយ​កើត​បាន​កូន​ប្រុស​ម្នាក់។ កូន​ជា​កម្លាំង​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​កាន់​តែ​ចង់​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ខ្ញុំ។ ចៃដន្យ មិត្ត​ចាស់​ម្នាក់​បាន​ផ្លាស់​មក​រស់​នៅ​ទល់​មុខ​ផ្ទះ​ខ្ញុំ។ នាង​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​ប្រាប់​រឿង​រ៉ាវ​ទាំង​អស់​ដល់​នាង។ នាង​ប្រាប់​ខ្ញុំ​ថា នាង​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​រៀន​គម្ពីរ។ ខ្ញុំ​ក៏​យល់​ព្រម។

ខ្ញុំ​បាន​រៀន​ថា របៀប​រស់​នៅ​របស់​ខ្ញុំ​មិន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ទេ ហើយ​ថា​ខ្ញុំ​ត្រូវ​ផ្ដាច់​គ្រឿង​ញៀន និង​ឈប់​ជក់​បារី។ ប៉ុន្តែ ខ្ញុំ​ពិបាក​ផ្ដាច់​វា​ណាស់។ ក្នុង​មួយ​ថ្ងៃ​ៗ ខ្ញុំ​អង្វរ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ដង សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​ឈប់​ប្រើ​គ្រឿង​ញៀន ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (​សុភាសិត ២៧:១១​) ក្រោយ​ពី​សិក្សា​គម្ពីរ និង​សេព​គប់​សាក្សី​ព្រះ​យេហូវ៉ា​អស់​៦​ខែ ខ្ញុំ​ក៏​អាច​ផ្ដាច់​វា​បាន។ ឥឡូវ​ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ។ ខ្ញុំ​លែង​បាក់​ទឹក​ចិត្ត​ដូច​ពី​មុន​ទៀត។ ក្រោយ​មក ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​បុរស​គ្រិស្ត​សាសនិក​ដ៏​ល្អ​ម្នាក់ ហើយ​បាន​ចិញ្ចឹម​អប់រំ​កូន​តាម​គោល​ការណ៍​គម្ពីរ។ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ដែល​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ!

ឈ្មោះ ម៉ាស្យូ

ប្រវត្តិ​៖ ខ្ញុំ​ធំ​ឡើង​នៅ​ជាយ​ក្រុង​សាន់តូអាន់ទ្រេ ក្នុង​រដ្ឋ​សៅប៉ូឡូ ប្រទេស​ប្រេស៊ីល។ នោះ​ជា​ក្រុង​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន។ តាំង​ពី​ក្មេង ខ្ញុំ​ចេះ​លួច ចេះ​ជក់​បារី និង​លេង​ថ្នាំ។ មិត្ត​ខ្ញុំ​មួយ​ចំនួន​ជំនាញ​ខាង​លួច​ឡាន និង​ជួញ​ដូរ​គ្រឿង​ញៀន។ មិត្ត​ភក្តិ​ម្នាក់​បាន​ចែក​ថ្នាំ​ញៀន​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្មេង​ៗ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ប៉ុន្តែ ពេល​ក្មេង​ៗ​ទាំង​នោះ​ចាប់​ផ្ដើម​ញៀន ពួក​គេ​ក៏​ត្រូវ​មក​ទិញ​ថ្នាំ​ពី​គាត់។

ប៉ូលិស​ឧស្សាហ៍​ដើរ​ល្បាត​ក្នុង​តំបន់​ខ្ញុំ។ ពួក​គេ​ចាប់​ខ្លួន​ខ្ញុំ​អស់​ជា​ច្រើន​ដង​ពី​បទ​ល្មើស​តូច​តាច មាន​ម្ដង​ចោទ​ប្រកាន់​ខ្ញុំ​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន។ ជា​ញឹក​ញយ ពួក​បង​ធំ​ប្រើ​ផ្ទះ​ខ្ញុំ​ដើម្បី​លាក់​ទុក​កាំភ្លើង​និង​អីវ៉ាន់​ដែល​ពួក​គេ​បាន​លួច។

គ្រប់​គ្នា​ខ្លាច​ខ្ញុំ ព្រោះ​កែវ​ភ្នែក​ខ្ញុំ​ពោរ​ពេញ​ដោយ​ការ​ចង​អាឃាត។ ខ្ញុំ​មិន​ចូល​ចិត្ត​ញញឹម​ទេ ទឹក​មុខ​ខ្ញុំ​មាន​តែ​ភាព​កាច​សាហាវ។ គេ​បាន​ដាក់​រហស្សនាម​ខ្ញុំ​ថា​«​ព្យុះ​ទីហ្វុង​»​ ដោយ​សារ​ខ្ញុំ​ទៅ​ដល់​កន្លែង​ណា បង្ក​បញ្ហា​នៅ​កន្លែង​ហ្នឹង។ ខ្ញុំ​ផឹក​ស្រា​ជោក​ជាំ និង​រស់​នៅ​ដោយ​អសីលធម៌។ មិត្ត​ភក្តិ​ខ្ញុំ​ជា​ច្រើន​នាក់ ខ្លះ​ស្លាប់ ខ្លះ​ជាប់​គុក។ ខ្ញុំ​បាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ រហូត​ដល់​ចង់​ចង​ក​សម្លាប់​ខ្លួន​នៅ​ដើម​ឈើ។

មូលហេតុ​ដែល​ខ្ញុំ​ផ្ដាច់​៖ ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​ជួយ។ ក្រោយ​មក ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ ខ្ញុំ​បាន​រៀន​ថា ព្រះ​មាន​នាម​ផ្ទាល់​ខ្លួន គឺ​យេហូវ៉ា ហើយ​ថា​លោក​យក​ចិត្ត​ទុក​ដាក់ និង​ចង់​ជួយ​អស់​អ្នក​ដែល​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ (​ចម្រៀង​សរសើរ​ព្រះ ៨៣:១៨; ពេត្រុស​ទី​១ ៥:៦, ៧​) ខ្ញុំ​ខំ​ប្រឹង​កែ​ប្រែ​ទម្លាប់​មិន​ល្អ​ជា​ច្រើន ហើយ​អ្វី​មួយ​ដែល​ពិបាក គឺ​ខ្ញុំ​ត្រូវ​រៀន​ឲ្យ​ចេះ​ញញឹម។

ខ្ញុំ​បាន​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ។ ខ្ញុំ​ក៏​ព្យាយាម​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ​ដែរ ជា​ឧទាហរណ៍ ខ្ញុំ​បាន​កាត់​ចោល​«​មិត្ត​ភក្តិ​»​ចាស់​ៗ ហើយ​ឈប់​ចូល​បារ។ រួច​មក ខ្ញុំ​ចាប់​ផ្ដើម​សេព​គប់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ។ នេះ​មិន​ស្រួល​ទេ តែ​ខ្ញុំ​អាច​ធ្វើ​បាន។ ឥឡូវ ខ្ញុំ​ឈប់​ធ្វើ​ចោរ ហើយ​លែង​បង្ក​បញ្ហា​ទៀត។ រហូត​ដល់​សព្វ​ថ្ងៃ​គឺ​អស់​ជាង​១០​ឆ្នាំ​ហើយ ដែល​ខ្ញុំ​ឈប់​ប្រើ​គ្រឿង​ញៀន។

ឈ្មោះ គ្រេក

ប្រវត្តិ​៖ ខ្ញុំ​ធំ​ឡើង​ក្នុង​កសិដ្ឋាន​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អូស្ត្រាលី។ ឪពុក​ខ្ញុំ​ជា​មនុស្ស​ញៀន​ស្រា។ ពេល​ខ្ញុំ​អាយុ​៨​ឆ្នាំ ឪពុក​ម្ដាយ​ខ្ញុំ​បាន​បែក​គ្នា។ ម្ដាយ​ខ្ញុំ​បាន​រៀប​ការ​ម្ដង​ទៀត ហើយ​ខ្ញុំ​រស់​នៅ​ជា​មួយ​គាត់​រហូត​ដល់​អាយុ​១៧​ឆ្នាំ។ នៅ​ឆ្នាំ​នោះ ខ្ញុំ​បាន​រៀន​កាត់​រោម​ចៀម ហើយ​រើ​ទៅ​រស់​នៅ​ជា​មួយ​ក្រុម​អ្នក​ដំណើរ​ស្វែង​រក​ការ​ងារ​កាត់​រោម​ចៀម។ ខ្ញុំ​ចាប់​ផ្ដើម​លេង​ថ្នាំ​ផ្សេង​ៗ​ជា​ច្រើន និង​ចូល​ចិត្ត​ផឹក​ស្រា។ ខ្ញុំ​ទុក​សក់​វែង ហើយ​អ៊ុត​វា​ដោយ​មាន​ដោត​គ្រាប់​អង្កាំ​ជា​មួយ​ផង។ ខ្ញុំ​ក្លាយ​ជា​មនុស្ស​ច្រណែន​ឈ្នានីស ឆាប់​ជេរ​ប្រមាថ និង​ឆាប់​ផ្ទុះ​កំហឹង។ អស់​ជា​ច្រើន​ដង ខ្ញុំ​ត្រូវ​ប៉ូលិស​ចាប់​ដាក់​គុក។

ខ្ញុំ​បាន​ផ្លាស់​ទៅ​ក្រុង​តូច​មួយ​នៅ​ភាគ​ខាង​លិច​អូស្ត្រាលី ហើយ​រស់​នៅ​ជា​មួយ​សង្សារ​របស់​ខ្ញុំ ដែល​ធ្វើ​ការ​ក្នុង​បារ​នៅ​ទី​នោះ។ យើង​ទាំង​ពីរ​នាក់​ជក់​បារី​និង​ផឹក​ស្រា ថែម​ទាំង​ដាំ​កញ្ឆា​ខ្លួន​ឯង​ទៀត​ផង។

មូលហេតុ​ដែល​ខ្ញុំ​ផ្ដាច់​៖ នៅ​ថ្ងៃ​មួយ បន្ទាប់​ពី​ពួក​យើង​ប្រមូល​កញ្ឆា​ហើយ ក៏​មាន​សាក្សី​ព្រះ​យេហូវ៉ា​មក​គោះ​ទ្វារ​ផ្ទះ​ដ៏​ទ្រុឌ​ទ្រោម​របស់​យើង។ ខ្ញុំ​មិន​បាន​ជឿ​ភ្លាម​ៗ​នូវ​អ្វី​ដែល​សាក្សី​និយាយ​ទេ។ ប៉ុន្តែ ខ្ញុំ​បាន​ចំណាយ​ពេល​បន្តិច​ម្ដង​ៗ រហូត​ដល់​ជឿ​ជាក់​ថា​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ជា​ការ​ពិត។ រួច​មក ខ្ញុំ​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​របស់​ខ្ញុំ​ម្ដង​មួយ​ៗ។

ខ្ញុំ​បាន​រៀន​ដឹង​ថា ខ្ញុំ​ត្រូវ​ផ្ដាច់​ទម្លាប់​ជក់​កញ្ឆា។ ដូច្នេះ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​ដំណាំ​កញ្ឆា​ដែល​ខ្ញុំ​ប្រឹង​ប្រែង​ដាំ​ដុះ? ដំបូង ខ្ញុំ​គិត​ថា​ឲ្យ​វា​ទៅ​អ្នក​ផ្សេង។ ប៉ុន្តែ បន្ទាប់​មក​ខ្ញុំ​បាន​សម្រេច​ចិត្ត​បំផ្លាញ​វា​ចោល ប្រសើរ​ជាង​ឲ្យ​ទៅ​គេ។ សេចក្ដី​អធិដ្ឋាន​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ខ្ញុំ​ឲ្យ​ឈប់​ផឹក​ស្រា និង​ឈប់​សេព​គ្រឿង​ញៀន។ ខ្ញុំ​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​របស់​ព្រះ​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​អ្វី​ៗ​ទាំង​នោះ។ ខ្ញុំ​ក៏​បាន​ឈប់​សេព​គប់​អ្នក​ប្រើ​គ្រឿង​ញៀន​និង​អ្នក​ផឹក​ស្រា​ដែរ។ ពេល​ខ្ញុំ​រៀន​គម្ពីរ ហើយ​ធ្វើ​តាម នោះ​ចិត្ត​របស់​ខ្ញុំ​កាន់​តែ​រឹង​មាំ ហើយ​អាច​យក​ឈ្នះ​ទម្លាប់​អាក្រក់​ទាំង​នោះ​បាន។ សង្សារ​ខ្ញុំ​ក៏​បាន​រៀន​គម្ពីរ ហើយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​នាង​ដែរ។ ក្រោយ​មក យើង​រៀប​ការ​ជា​មួយ​គ្នា។ អស់​២១​ឆ្នាំ​មក​នេះ យើង​រស់​នៅ​ដោយ​មាន​សុភមង្គល និង​មាន​សុខភាព​ល្អ​ជាង។ សព្វ​ថ្ងៃ​យើង​មាន​កូន​ប្រុស​ពីរ​នាក់ ហើយ​យើង​សប្បាយ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​ទាំង​ពីរ។ ខ្ញុំ​ធ្លាប់​គិត​ថា តើ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​គ្មាន​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ទេ។

បទ​គម្ពីរ​សំខាន់

​«​ព្រះ​យេហូវ៉ា លោក​ជា​កម្លាំង​និង​ជា​ថាមពល​របស់​ខ្ញុំ​»។—អេសាយ ១២:២

យោបល់

បើ​អាច​ធ្វើ​បាន សូម​ជៀស​វាង​ពី​អ្វី​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន មិន​ថា​មនុស្ស ទី​កន្លែង ឬ​វត្ថុ​ទេ។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា គ្រាន់​តែ​ឃើញ​អ្វី​មួយ​ដូច​នោះ​អាច​ជំរុញ​ចិត្ត​ឲ្យ​ចង់​ប្រើ​ម្ដង​ទៀត។

តើ​ប្អូន​ដឹង​ទេ . . . ?

ការ​ប្រើ​គ្រឿង​ញៀន​អាច​បណ្ដាល​ឲ្យ​ខូច​មុខ​ងារ​ខួរ​ក្បាល។

គម្រោង​អនុវត្ត!

ប្រសិន​បើ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​ប្រើ​គ្រឿង​ញៀន​ឡើង​វិញ ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● បើ​បុគ្គល​ម្នាក់​ចង់​ផ្ដាច់​គ្រឿង​ញៀន ហេតុ​អ្វី​គាត់​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​នូវ​របៀប​រស់​នៅ​របស់​គាត់?

● តើ​ការ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​អាច​ជួយ​យ៉ាង​ដូច​ម្ដេច?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៥៣​]

​«​ប្អូន​ម៉ាថា រៀប​រាប់​ថា​៖ ‹តាំង​ពី​ខ្ញុំ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​គម្ពីរ ឥឡូវ​ជីវិត​ខ្ញុំ​មាន​សុភមង្គល​និង​មាន​ន័យ​ខ្លឹម​សារ›​»​

[​រូបភាព​នៅ​ទំព័រ​២៥៦​]

ការ​ឈប់​ប្រើ​គ្រឿង​ញៀន ប្រៀប​ដូច​ជា​ការ​រត់​ចេញ​ពី​ផ្ទះ​ដែល​កំពុង​ឆេះ។ ប្អូន​ត្រូវ​ទុក​អ្វី​ៗ​ជា​ច្រើន​ចោល តែ​ប្អូន​អាច​រួច​ជីវិត​បាន