តើខ្ញុំអាចការពារខ្លួនពីមនុស្សដែលបៀតបៀនផ្លូវភេទដោយរបៀបណា?
ជំពូកទី៣២
តើខ្ញុំអាចការពារខ្លួនពីមនុស្សដែលបៀតបៀនផ្លូវភេទដោយរបៀបណា?
ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់ត្រូវគេចាប់រំលោភ ឬបៀតបៀនកេរ្តិ៍ខ្មាស។ ការសិក្សាមួយបង្ហាញថា ជនរងគ្រោះភាគច្រើនជាមនុស្សវ័យក្មេង។ ជាឧទាហរណ៍ យោងតាមស្ថិតិមួយនៅសហរដ្ឋអាម៉េរិក ប្រហែលពាក់កណ្ដាលនៃជនរងគ្រោះដែលត្រូវគេរំលោភ គឺមានអាយុក្រោម១៨ឆ្នាំ។ ហេតុនេះ ជាការចាំបាច់ដែលយើងត្រូវលើកយករឿងនេះមកពិចារណា។
ប្អូនអាណេត រៀបរាប់ថា៖ «ស្រាប់តែមានបុរសម្នាក់ចាប់ផ្ដួលខ្ញុំទៅដី ខ្ញុំប្រឹងប្រតាយប្រតប់ជាមួយគាត់។ ពេលខ្ញុំបម្រុងនឹងបាញ់ថ្នាំម្រេចដាក់មុខគាត់ គាត់ក៏ទាត់វាចោល។ ខ្ញុំប្រឹងស្រែក តែគ្មានសំឡេង។ ខ្ញុំធាក់ផង វាយផង ខ្វាចផង។ ប៉ុន្តែ គាត់បានយកកាំបិតចាក់ខ្ញុំ ធ្វើឲ្យខ្ញុំកម្រើកខ្លួនលែងរួច»។
នៅក្នុងសង្គមបច្ចុប្បន្ន មានអ្នករំលោភបំពានផ្លូវភេទច្រើនណាស់ ហើយជារឿយៗ យុវវ័យគឺជាគោលដៅរបស់ពួកគេ។ ដូចប្អូនអាណេត យុវវ័យខ្លះត្រូវជនមិនស្គាល់មុខចាប់រំលោភ ហើយអ្នកខ្លះទៀត ត្រូវអ្នកជិតខាងបំពានធ្វើបាប។ ជាឧទាហរណ៍ ប្អូនណាថាលី ទើបតែអាយុ១០ឆ្នាំ បានត្រូវក្មេងជំទង់ក្បែរផ្ទះចាប់រំលោភ។ នាងនិយាយថា៖ «ពេលនោះខ្ញុំខ្លាច ហើយខ្មាសគេណាស់ បានជាខ្ញុំមិនហ៊ានប្រាប់អ្នកណាភ្លាមៗទេ»។
យុវវ័យជាច្រើនបានត្រូវសមាជិកគ្រួសាររំលោភសេពសន្ថវៈ។ ស្ត្រីម្នាក់ឈ្មោះខាមែន ប្រាប់ថា៖ «ឪពុកបានរំលោភខ្ញុំ តាំងពីខ្ញុំមានអាយុ៥ឆ្នាំរហូតដល់១២ឆ្នាំ។
ពេលខ្ញុំអាយុ២០ឆ្នាំ ទើបខ្ញុំហ៊ាននិយាយរឿងនោះជាមួយគាត់។ គាត់បានសុំទោសខ្ញុំ តែប៉ុន្មានខែក្រោយមក គាត់បានបណ្ដេញខ្ញុំចេញពីផ្ទះ»។ការបៀតបៀនកេរ្តិ៍ខ្មាសពីសំណាក់អ្នកជិតខាង មិត្តភក្តិ ឬក្រុមគ្រួសារ គឺជារឿងមួយដែលកើតឡើងជាញឹកញាប់។ a ប៉ុន្តែ ការរំលោភបំពានលើមនុស្សវ័យក្មេងមិនមែនជារឿងថ្មីទេ នេះបានកើតឡើងតាំងពីសម័យគម្ពីរ។ (យ៉ូអែល ៣:៣; ម៉ាថាយ ២:១៦) សព្វថ្ងៃ យើងរស់នៅក្នុងគ្រាដ៏ពិបាក មនុស្សជាច្រើនគ្មាន«សេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»ឡើយ ហើយជាទូទៅក្មេងស្រី សូម្បីតែក្មេងប្រុសបានត្រូវគេកេងប្រវ័ញ្ចផ្លូវភេទ។ (ធីម៉ូថេទី២ ៣:១-៣) ទោះយើងប្រុងប្រយ័ត្នក៏ដោយ ក៏យើងមិនអាចបង្ការពីគ្រោះថ្នាក់បានទាំងស្រុងដែរ។ ប៉ុន្តែ ប្អូនអាចធ្វើអ្វីមួយចំនួនដើម្បីការពារខ្លួន។ សូមពិចារណាយោបល់ដូចខាងក្រោម៖
ប្រុងប្រយ័ត្ន។ ពេលដើរតាមផ្លូវ សូមចេះងាកមើលឆ្វេងស្ដាំ ឬអ្វីដែលនៅជុំវិញខ្លួន។ តំបន់ខ្លះល្បីថាមានគ្រោះថ្នាក់ ជាពិសេសនៅពេលយប់។ បើអាចធ្វើបានកុំទៅតំបន់នោះ ឬបើចង់ទៅ កុំទៅតែឯង។—សុភាសិត ២៧:១២
កុំធ្វើឲ្យគេយល់ច្រឡំ។ ជៀសវាងការចែចង់គេ ឬស្លៀកពាក់ដែលធ្វើឲ្យគេមានអារម្មណ៍ស្រើបស្រាល។ បើមិនដូច្នេះទេ ប្អូនអាចធ្វើឲ្យអ្នកឯទៀតគិតថាប្អូនឲ្យដៃគេ ឬថាប្អូនមិនបដិសេធអ្វីដែលគេធ្វើ។—ធីម៉ូថេទី១ ២:៩, ១០
ដាក់កម្រិត។ បើប្អូនកំពុងមានសង្សារ សូមនិយាយជាមួយគាត់អំពីអ្វីខ្លះដែលប្អូនទាំងពីរមិនត្រូវធ្វើហួសព្រំដែន។ b ក្រោយពីប្អូនដាក់កម្រិតរួចហើយ សូមជៀសវាងពីស្ថានភាពដែលនាំឲ្យប្អូនធ្វើលើសពីកម្រិតនោះ។—សុភាសិត ១៣:១០
ហ៊ាននិយាយ។ មិនមែនជាការខុសទេ បើប្អូនប្រាប់យ៉ាងម៉ឺងម៉ាត់ថា«កុំធ្វើដូច្នេះ!» ឬ«ដកដៃចេញឲ្យឆាប់!»។ សូមកុំខ្លាចថា ប្អូននឹងបែកពីសង្សារដោយសារប្អូននិយាយបែបនេះឡើយ។ បើសង្សារសុំបែកពីប្អូន ដោយសារតែរឿងប៉ុណ្ណឹង គាត់មិនសមនឹងប្អូនទេ! ប្រុសដែលសមនឹងប្អូន ជាមនុស្សដែលឲ្យតម្លៃប្អូន និងគោរពគោលការណ៍របស់ប្អូន។ c
d បើប្អូនទទួលសារអាសអាភាស សូមកុំតបឆ្លើយ។ ពេលប្អូនមិនអើពើ មនុស្សទាំងនោះនឹងឈប់ផ្ញើសារមកប្អូនទៀត។
ប្រុងប្រយ័ត្នពេលប្រើអ៊ីនធឺណិត។ កុំបង្ហោះព័ត៌មានផ្ទាល់ខ្លួន ឬរូបថតថាប្អូននៅកន្លែងណា។ជំហានទាំងនេះអាចជួយប្អូនឲ្យកាត់បន្ថយហានិភ័យ។ (សុភាសិត ២២:៣) ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា ប្អូនមិនអាចគ្រប់គ្រងស្ថានភាពទាំងស្រុងបានឡើយ។ ជាឧទាហរណ៍ ប្អូនប្រហែលជាត្រូវធ្វើដំណើរតែម្នាក់ឯង ឬត្រូវឆ្លងកាត់តំបន់គ្រោះថ្នាក់ ឬប្រហែលជាត្រូវរស់នៅក្នុងតំបន់គ្រោះថ្នាក់តែម្ដង។
តាមរយៈបទពិសោធន៍ដ៏ជូរចត់ ប្អូនដឹងថាមិនមែនរឿងអាក្រក់ទាំងអស់អាចជៀសបានទេ។ ដូចអាណេតដែលបានរៀបរាប់ខាងលើ ប្អូនស្រាប់តែជួបនឹងហេតុការណ៍ដែលប្អូនមិនអាចទប់ទល់បាន។ ឬមួយដូចខាមែន ប្អូនត្រូវគេបៀតបៀនកេរ្តិ៍ខ្មាសតាំងពីក្មេង ហើយពេលនោះប្អូនមិនអាចការពារខ្លួន ឬយល់យ៉ាងពេញលេញអំពីអ្វីដែលកើតឡើងចំពោះប្អូនឡើយ។ ប្អូនប្រហែលជាបន្ទោសខ្លួនឥតឈប់ដោយសាររឿងនោះ។ បើដូច្នេះ តើប្អូនគួរធ្វើយ៉ាងណា?
ត្រូវចាំថាប្អូនមិនមែនជាអ្នកខុសទេ
អាណេតនៅតែគិតថាខ្លួនជាអ្នកខុស។ នាងនិយាយថា៖ «សត្រូវធំបំផុតរបស់ខ្ញុំ គឺខ្ញុំខ្លួនឯង។ រូបភាពនៅយប់នោះដក់ជាប់ក្នុងខួរក្បាលខ្ញុំ។ ខ្ញុំគិតហើយគិតទៀតថា បើខ្ញុំខំប្រឹងតស៊ូជាងនោះ ខ្ញុំអាចរត់រួច។ តាមពិត ពេលគាត់ចាក់ខ្ញុំ ខ្ញុំភ័យស្លុតរហូតដល់កម្រើកខ្លួនលែងបាន។ ប៉ុន្តែ ខ្ញុំចេះតែមានអារម្មណ៍ថា ខ្ញុំគួរព្យាយាមឲ្យខ្លាំងជាងនេះ»។
ណាថាលីក៏នៅតែបន្ទោសខ្លួនដែរ។ នាងនិយាយថា៖ «ខ្ញុំមិនគួរធ្វេសប្រហែសទេ។ ឪពុកម្ដាយបានប្រាប់ខ្ញុំថា កុំទៅណា
ឆ្ងាយពីបងស្រី ពេលចេញទៅលេងនៅខាងក្រៅ។ តែខ្ញុំមិនបានស្ដាប់តាមបង្គាប់ឪពុកម្ដាយឡើយ។ ខ្ញុំមានអារម្មណ៍ថា គឺខ្ញុំខ្លួនឯងជាអ្នកបើកឱកាសឲ្យអ្នកជិតខាងធ្វើបាបខ្ញុំ។ រឿងដែលបានកើតឡើងនោះបានធ្វើឲ្យក្រុមគ្រួសារខ្ញុំទាំងមូលឈឺចាប់ខ្លាំងណាស់។ ខ្ញុំជាអ្នកខុស ខ្ញុំរស់នៅជាមួយអារម្មណ៍នេះរហូតមក»។បើប្អូនមានអារម្មណ៍ដូចអាណេត ឬណាថាលី តើប្អូនត្រូវធ្វើយ៉ាងណា? ដំបូង សូមរំលឹកខ្លួនថា បើប្អូនត្រូវគេរំលោភ នោះមិនមែនជាឆន្ទៈរបស់ប្អូនទេ។ មនុស្សខ្លះពោលពាក្យយ៉ាងរាក់កំភែលថា«ធម្មតាមនុស្សប្រុសគឺអ៊ីចឹងហើយ» បើនិយាយត្រង់ទៅពួកគេចង់ថា‹បើស្រីមិនឲ្យដៃ ប្រុសក៏មិនហ៊ានដែរ›។ ប៉ុន្តែ សូមចាំថា គ្មានអ្នកណាម្នាក់សមនឹងត្រូវគេរំលោភឡើយ។ បើប្អូនជាជនរងគ្រោះនៃអំពើដ៏ឃោរឃៅនោះ វាមិនមែនជាកំហុសរបស់ប្អូនទេ!
ពិតណាស់ ប្អូនប្រហែលជាពិបាកជឿ ពេលគេប្រាប់ថា«វាមិនមែនជាកំហុសរបស់ប្អូនទេ!»។ អ្នកខ្លះបានកប់ការឈឺចាប់នៅក្នុងចិត្ត ហើយត្រាំត្រែងដោយកំហុសនិងទស្សនៈអវិជ្ជមាន។ ប៉ុន្តែ ពេលប្អូននៅស្ងៀម តើអ្នកណាបានប្រយោជន៍ច្រើនជាង? តើជាប្អូនឬអ្នកបៀតបៀនប្អូន? បើប្អូនធ្វើតាមយោបល់ខាងក្រោមនេះ ប្អូននឹងទទួលប្រយោជន៍។
ត្រូវប្រាប់រឿងទាំងអស់
គម្ពីរប្រាប់ថា ពេលបុរសសុចរិតម្នាក់ឈ្មោះយ៉ូបជួបទុក្ខវេទនាជាខ្លាំង គាត់បាននិយាយថា៖ «ខ្ញុំនឹងទម្លាយទុក្ខម្នេញចេញឲ្យអស់។ ខ្ញុំនឹងបរិយាយអំពីទុក្ខធ្ងន់របស់ខ្ញុំចេញមក!»។ (យ៉ូប ១០:១) ប្អូនក៏អាចធ្វើដូចគាត់ដែរ។ ពេលប្អូនប្រាប់អ្នកដែលប្អូនទុកចិត្ត នោះអាចជួយប្អូនឲ្យធូរស្រាលនិងមានកម្លាំងចិត្តឡើងវិញ។
បើប្អូនជាគ្រិស្តសាសនិក ជាការសំខាន់ដែលប្អូនត្រូវប្រាប់រឿងនោះដល់អ្នក
ចាស់ទុំ។ អ្នកចាស់ទុំស្រឡាញ់ប្អូន ដូច្នេះពួកគាត់នឹងសម្រាលទុក្ខប្អូន ហើយជួយប្អូនឲ្យជឿជាក់ថា ប្អូនមិនបានធ្វើឲ្យខ្លួនស្មោកគ្រោកទេ ព្រោះប្អូនជាជនរងគ្រោះនៃរឿងនោះ។ នេះជាអ្វីដែលអាណេតបានធ្វើ។ នាងនិយាយថា៖ «ក្រោយពីខ្ញុំបានប្រាប់មិត្តជិតស្និទ្ធម្នាក់ នាងបានដាស់តឿនខ្ញុំឲ្យទៅនិយាយជាមួយអ្នកចាស់ទុំពីរនាក់ក្នុងក្រុមជំនុំ។ ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំបានទៅជួបអ្នកចាស់ទុំ។ ជាច្រើនដង ពួកគាត់បានស្ដាប់ខ្ញុំ រួចប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថា រឿងដែលកើតឡើងមិនមែនជាកំហុសរបស់ខ្ញុំឡើយ គឺមិនមែនទាល់តែសោះ»។ចម្រៀងសរសើរព្រះ ៣៧:៨) ម្យ៉ាងទៀត នេះអាចបន្ថយការឈឺចាប់របស់ប្អូនដែលលាក់ទុកអស់ជាច្រើនឆ្នាំ។ ណាថាលីបានរសាយទុក្ខ បន្ទាប់ពីប្រាប់ឪពុកម្ដាយអំពីរឿងដែលគេរំលោភនាង។ នាងនិយាយថា៖ «ឪពុកម្ដាយបានលើកទឹកចិត្តខ្ញុំ ហើយប្រាប់ខ្ញុំឲ្យនិយាយរឿងនោះចេញមក។ ពេលខ្ញុំប្រាប់ពួកគាត់ នេះបានជួយខ្ញុំមិនឲ្យពិបាកចិត្តពេក ឬខឹងខ្លាំងពេក»។ នាងក៏បានទទួលការសម្រាលទុក្ខពីការអធិដ្ឋានដែរ។ នាងប្រាប់ថា៖ «ការនិយាយជាមួយព្រះ ជួយខ្ញុំច្រើនណាស់ ពិសេសពេលដែលខ្ញុំមិនអាចបើកចិត្តប្រាប់រឿងនោះដល់មនុស្សណាម្នាក់។ ពេលអធិដ្ឋាន ខ្ញុំអាចជម្រាបលោកដោយឥតលាក់លៀម នេះបាននាំឲ្យខ្ញុំមានសេចក្ដីសុខសាន្តនិងចិត្តស្ងប់»។ e
ការនិយាយអំពីអ្វីដែលបានកើតឡើង និងអំពីអារម្មណ៍របស់ប្អូនដល់អ្នកណាម្នាក់ អាចជួយប្អូនមិនឲ្យចងកំហឹង ឬឈឺចិត្តខ្លាំង។ (ប្អូនមុខជាអាច«ជាសះស្បើយ»។ (អ្នកទូន្មាន ៣:៣; កំណត់សម្គាល់) សូមទុកចិត្តមិត្តភក្តិដែលគាំទ្រប្អូន។ ដូចពួកអ្នកចាស់ទុំ មិត្តភក្តិទាំងនោះប្រៀបដូចជា«ទីបាំងពីខ្យល់ និងជាទីជ្រកពីព្យុះភ្លៀង»។ (អេសាយ ៣២:២) សូមមើលថែសុខភាពផ្លូវកាយនិងផ្លូវចិត្ត ហើយកុំភ្លេចសម្រាកឲ្យបានគ្រប់គ្រាន់។ សំខាន់បំផុត សូមពឹងផ្អែកលើព្រះយេហូវ៉ាជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង។ មិនយូរទៀត លោកនឹងនាំមកនូវពិភពលោកថ្មីមួយ ហើយពេលនោះ«មនុស្សអាក្រក់នឹងត្រូវបំផ្លាញចោល តែអស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងបានផែនដីជាមត៌ក»។—ចម្រៀងសរសើរព្រះ ៣៧:៩
[កំណត់សម្គាល់]
a ក្នុងករណីខ្លះ នារីត្រូវសង្សារបង្ខំឲ្យរួមភេទ ឬដាក់ថ្នាំដើម្បីរំលោភនាង។
b ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី៤ ក្បាលទី២។
c បុរសក៏អាចធ្វើតាមឱវាទនេះបានដែរ បើខាងស្រីបង្ខំគាត់ឲ្យរួមភេទជាមួយ។
d ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី១១ ក្បាលទី២។
e ជួនកាល ជនរងគ្រោះខ្លះបាក់ទឹកចិត្តយ៉ាងខ្លាំងក្រោយពីត្រូវគេរំលោភ។ ក្នុងករណីបែបនេះ ជាការល្អដែលគាត់ទៅជួបគ្រូពេទ្យ។ ដើម្បីបានព័ត៌មានថែមទៀតអំពីវិធីយកឈ្នះអារម្មណ៍សោកសៅនិងក្រៀមក្រំចិត្ត សូមមើលជំពូកទី១៣ និង១៤ ក្នុងសៀវភៅនេះ។
បទគម្ពីរសំខាន់
«នៅគ្រាចុងក្រោយបង្អស់នឹងលំបាកខ្លាំងណាស់។ ព្រោះមនុស្សនឹងស្រឡាញ់តែខ្លួនឯង . . . គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស . . . មិនចេះទប់ចិត្ត កាចសាហាវ មិនស្រឡាញ់គុណធម៌»។—ធីម៉ូថេទី២ ៣:១-៣
យោបល់
ប្រសិនបើប្អូនជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ សូមកត់ទុកបទគម្ពីរខ្លះដែលអាចជួយសម្រាលទុក្ខប្អូន។ បទគម្ពីរទាំងនេះមានដូចជា ចម្រៀងសរសើរព្រះ ៣៧:២៨; ៤៦:១; ១១៨:៥-៩; សុភាសិត ១៧:១៧ និងភីលីព ៤:៦, ៧។
តើប្អូនដឹងទេ . . . ?
នៅសហរដ្ឋអាម៉េរិក ជាង៩០ភាគរយនៃការរំលោភបំពានផ្លូវភេទលើអនីតិជន គឺជាមនុស្សស្គាល់គ្នា។
គម្រោងអនុវត្ត!
ពេលដែលខ្ញុំបន្ទោសខ្លួនដោយសាររឿងដែលបានកើតឡើង ខ្ញុំនឹង ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● បើប្អូនត្រូវគេរំលោភបំពាន តើការហ៊ាននិយាយប្រាប់មនុស្សឯទៀតអំពីរឿងនេះនឹងជួយប្អូនយ៉ាងដូចម្ដេច?
● បើប្អូនមិនហ៊ាននិយាយ តើនេះអាចនាំឲ្យប្អូននិងអ្នកឯទៀតរងផលវិបាកអ្វីខ្លះ?
[ឃ្លាអក្សរធំនៅទំព័រ២៣២]
«ប្អូនណាថាលី រៀបរាប់ថា៖ ‹ការប្រាប់អំពីរឿងដែលគេរំលោភខ្លួន គឺជាអ្វីមួយដែលពិបាកនិយាយណាស់។ ប៉ុន្តែ បើនិយាយវាចេញមកជាវិធីល្អបំផុត ព្រោះនេះអាចជួយអ្នកឲ្យរំសាយកំហឹង ភាពសោកសៅ និងមានអារម្មណ៍ធូរស្រាលឡើងវិញ›»
[ប្រអប់នៅទំព័រ២៣០]
«បើអូនស្រឡាញ់បង . . . »
ជនល្មោភកាមមួយចំនួនមិនប្រើកម្លាំងបាយ ដើម្បីបង្ខំក្មេងស្រីឲ្យរួមភេទជាមួយទេ។ ប៉ុន្តែ ពួកគេប្រហែលនិយាយលួងលោមនាង ដោយពាក្យថា«អ្នកណាៗក៏រួមភេទដែរ» «គ្មានអ្នកណាដឹងទេ» ឬនិយាយពាក្យដូចជំពូកទី២៤ ក្នុងសៀវភៅនេះថា«បើអូនស្រឡាញ់បង អូនមុខជាគេងជាមួយបង»។ កុំចាញ់ពាក្យបញ្ឆោតថា‹ស្នេហានិងការរួមភេទគឺដូចគ្នា›ឡើយ។ បុគ្គលដែលនិយាយបែបនេះ គិតតែពីតម្រូវការផ្លូវភេទរបស់ខ្លួនប៉ុណ្ណោះ។ បុគ្គលនោះមិនខ្វល់ពីប្អូនឬប្រយោជន៍របស់ប្អូនទេ។ ផ្ទុយទៅវិញ បុរសល្អនឹងគិតអំពីប្រយោជន៍របស់ប្អូនច្រើនជាងខ្លួនគាត់ ហើយក៏នឹងបង្ហាញដែរថាគាត់ប្រកាន់ខ្ជាប់នូវខ្នាតតម្រាសីលធម៌របស់ព្រះ។ (កូរិនថូសទី១ ១០:២៤) បុរសល្អមិនចាត់ទុកមនុស្សស្រីជាឧបករណ៍បំពេញចំណង់ផ្លូវភេទរបស់ខ្លួនឡើយ។ ប៉ុន្តែ គាត់នឹងប្រព្រឹត្តចំពោះ‹ស្ត្រីវ័យក្មេង ដូចបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក›។—ធីម៉ូថេទី១ ៥:១, ២
[រូបភាពនៅទំព័រ២៣៣]
ការឈឺចាប់ដែលត្រូវគេរំលោភ ប្រៀបដូចជាបន្ទុកដ៏ធ្ងន់ដែលប្អូនមិនអាចប្រឹងធ្វើតែម្នាក់ឯងបានទេ។ សូមប្រាប់អ្នកណាម្នាក់ ដើម្បីឲ្យគាត់ជួយប្អូន