តើខ្ញុំអាចផ្ដាច់ទម្លាប់ស្ទាបអង្អែលអវយវៈភេទដោយវិធីណា?
ជំពូកទី២៥
តើខ្ញុំអាចផ្ដាច់ទម្លាប់ស្ទាបអង្អែលអវយវៈភេទដោយវិធីណា?
ប្អូនលូអីស ប្រាប់ថា៖ «ខ្ញុំស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនតាំងពីអាយុ៨ឆ្នាំ។ ប៉ុន្តែ ក្រោយពីដឹងទស្សនៈរបស់ព្រះ ខ្ញុំមានអារម្មណ៍មិនស្រួលសោះ រាល់ដងដែលខ្ញុំធ្វើដូច្នេះ។ ខ្ញុំសួរខ្លួនថា‹តើព្រះអាចស្រឡាញ់មនុស្សដូចខ្ញុំម្ដេចនឹងបាន?›»។
ក្នុងគ្រាពេញវ័យ ជាអំឡុងពេលដែលចំណង់ផ្លូវភេទកើនឡើងជាខ្លាំង។ នេះអាចបណ្ដាលឲ្យមនុស្សខ្លះមានទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនឬសម្រេចកាមដោយខ្លួនឯង។ a មនុស្សជាច្រើននិយាយថា នេះមិនមែនជារឿងធំទេ ព្រោះ«វាគ្មានប៉ះពាល់ដល់អ្នកណាឡើយ»។ ទោះជាយ៉ាងនោះក្ដី មានហេតុផលល្អឲ្យយើងជៀសវាងពីទង្វើបែបនេះ។ សាវ័កប៉ូលសរសេរថា៖ «ដូច្នេះ ចូររម្ងាប់ភាពទោរទន់ដែលមាននៅក្នុងអវយវៈរូបកាយរបស់អ្នករាល់គ្នា គឺភាពទោរទន់ . . . លើចំណង់ផ្លូវភេទ»។ (កូឡុស ៣:៥) ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនមិនមែនជាការរម្ងាប់អារម្មណ៍ស្រើបស្រាលទេ តែវាបែរជាជំរុញឲ្យតណ្ហាកាន់តែពុះកញ្ជ្រោល។ បន្ថែមទៅទៀត សូមគិតអំពីចំណុចដូចតទៅ៖
● ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន គឺជាទង្វើដែលគិតតែពីខ្លួនឯង។ ហេតុអ្វី? ពីព្រោះពេលបុគ្គលណាម្នាក់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន បុគ្គលនោះបំពេញតែអារម្មណ៍ផ្លូវភេទរបស់ខ្លួនប៉ុណ្ណោះ។
● ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន នាំឲ្យមនុស្សចាត់ទុកបុគ្គលភេទផ្ទុយថាគ្មានអ្វីក្រៅពីឧបករណ៍សម្រាប់បំពេញចំណង់ផ្លូវភេទខ្លួននោះទេ។
● ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន នាំឲ្យកើតមានផ្នត់គំនិតអាត្មានិយម ដែលនាំឲ្យការរួមភេទជាប្ដីប្រពន្ធគ្មានភាពសប្បាយរីករាយ។
ជាជាងសម្រេចកាមដោយខ្លួនឯងដើម្បីបំពេញចំណង់ផ្លូវភេទ សូមព្យាយាមទប់ចិត្ត។ (ថែស្សាឡូនិចទី១ ៤:៤, ៥) ប្អូនអាចធ្វើដូច្នេះបាន បើប្អូនធ្វើតាមយោបល់ពីគម្ពីរដែលឲ្យជៀសវាងពីស្ថានភាពដែលអាចបង្កឲ្យមានអារម្មណ៍ស្រើបស្រាល។ (សុភាសិត ៥:៨, ៩) ចុះបើប្អូនញៀននឹងទម្លាប់បែបនោះ? ប្អូនប្រហែលជាបានព្យាយាមឈប់ ប៉ុន្តែបរាជ័យរហូត។ នេះស្រួលឲ្យប្អូនសន្និដ្ឋានថាខ្លួនអស់ផ្លូវកែ ក្នុងការធ្វើតាមខ្នាតតម្រារបស់ព្រះ។ ប្អូនប្រុសម្នាក់ឈ្មោះភេត្រូក៏ធ្លាប់មានអារម្មណ៍ដូចនោះដែរ។ គាត់ប្រាប់ថា៖ «ខ្ញុំបានឈប់ តែក្រោយមកខ្ញុំធ្វើម្ដងទៀត ខ្ញុំខ្មាសខ្លួនឯងណាស់។ ខ្ញុំគិតថាគ្មានអ្វីអាចលុបលាងកំហុសរបស់ខ្ញុំបានទេ។ ពេលនោះខ្ញុំមិនហ៊ានអធិដ្ឋានទៅព្រះឡើយ»។
បើប្អូនមានអារម្មណ៍ដូចនោះ សូមកុំបាក់ទឹកចិត្ត។ ប្អូននៅតែមានសង្ឃឹម។ ក្មេងជំទង់និងមនុស្សពេញវ័យជាច្រើនបានលះចោលទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន។ ដូច្នេះ ប្អូនក៏អាចធ្វើបានដែរ!
ចូរយកឈ្នះអារម្មណ៍បន្ទោសខ្លួន
ដូចបានរៀបរាប់នៅខាងលើ អស់អ្នកដែលស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន ជារឿយៗមានអារម្មណ៍បន្ទោសខ្លួន។ ទោះជាយ៉ាងណាក្ដី «ការព្រួយចិត្តស្របតាមបំណងប្រាថ្នារបស់ព្រះ» អាចជំរុញចិត្តប្អូនឲ្យយកឈ្នះទម្លាប់មិនស្អាតស្អំនោះ។ (កូរិនថូសទី២ ៧:១១) ក៏ប៉ុន្តែ ការបន្ទោសខ្លួនហួសហេតុពេកគឺមិនអាចជួយប្អូនបានទេ។ ផ្ទុយទៅវិញ នេះធ្វើឲ្យប្អូនធ្លាក់ទឹកចិត្តកាន់តែខ្លាំង រហូតដល់ឈប់តស៊ូ។—សុភាសិត ២៤:១០
ដូច្នេះ សូមព្យាយាមរក្សាតុល្យភាព។ ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនគឺជាការប្រព្រឹត្តមួយដែលស្មោកគ្រោក។ ការប្រព្រឹត្តនោះអាចធ្វើឲ្យប្អូនទៅជា«ខ្ញុំបម្រើនៃសេចក្ដីប៉ងប្រាថ្នាផ្សេងៗនិងការសប្បាយឥតបើគិត» ហើយជំរុញចិត្តប្អូនឲ្យធ្វើអ្វីដែលមិនល្អ។ (ទីតុស ៣:៣) យ៉ាងណាក្ដី ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន មិនមែនជាអំពើប្រាសចាកសីលធម៌ ខាងផ្លូវភេទធ្ងន់ធ្ងរ ដូចអំពើសហាយស្មន់នោះទេ។ (យូដាស ៧) បើប្អូនមានទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន សូមកុំសន្និដ្ឋានថាប្អូនកំពុងប្រព្រឹត្តអំពើដែលមិនអាចអភ័យទោសឲ្យបានឡើយ។ វិធីដ៏សំខាន់ដើម្បីផ្ដាច់ទម្លាប់នោះគឺ កុំឈប់តស៊ូ!
បើប្អូនភ្លាត់ធ្វើខុសម្ដងទៀត ប្អូនអាចនឹងខកចិត្តជាខ្លាំង។ នៅពេលនោះ សូមរំលឹកពាក្យនៅសុភាសិត ២៤:១៦ ដែលថា៖ «ទោះជាមនុស្សសុចរិតដួល៧ដងក៏ដោយ គង់តែគាត់នឹងក្រោកឡើងវិញបាន។ ប៉ុន្តែជនទុច្ចរិតនឹងត្រូវផ្ដួលដោយអន្តរាយ ហើយក្រោកឡើងវិញមិនបានឡើយ»។ ការភ្លាត់ធ្វើខុសមិនមានន័យថាប្អូនជាជនទុច្ចរិតទេ។ ដូច្នេះ សូមកុំចុះចាញ់ឲ្យសោះ។ ផ្ទុយទៅវិញ សូមពិចារណាថាតើអ្វីបាននាំឲ្យប្អូនភ្លាត់ធ្វើអំពើនោះម្ដងទៀត? រួចមក ប្អូនគួរព្យាយាមជៀសវាងពីអ្វីទាំងនោះ។
សូមរំពឹងគិតអំពីសេចក្ដីស្រឡាញ់និងសេចក្ដីមេត្តាករុណារបស់ព្រះ។ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះ ធ្លាប់ធ្វើខុសជាញឹកញយ។ គាត់បានរៀបរាប់ថា៖ «ដូចឪពុកបង្ហាញចិត្តអាណិតមេត្តាដល់កូន នោះព្រះយេហូវ៉ាក៏បានបង្ហាញសេចក្ដីមេត្តាករុណាចំពោះអស់អ្នកដែលកោតខ្លាចលោកដែរ។ ពីព្រោះលោកដឹងច្បាស់អំពីរបៀបដែលយើងបានត្រូវបង្កើត ហើយក៏ចាំថាយើងជាធូលីដី»។ (ចម្រៀងសរសើរព្រះ ១០៣:១៣, ១៤) ពិតណាស់ ព្រះយេហូវ៉ាដឹងច្បាស់អំពីភាពមិនល្អឥតខ្ចោះរបស់យើង ដូច្នេះលោក«បម្រុងតែនឹងអភ័យទោស»ឲ្យយើងជានិច្ច។ (ចម្រៀងសរសើរព្រះ ៨៦:៥) ប៉ុន្តែ លោកចង់ឲ្យយើងខំអស់ពីសមត្ថភាពក្នុងការយកឈ្នះភាពទន់ខ្សោយរបស់ខ្លួន។ ដូច្នេះ តើប្អូនអាចចាត់វិធានការអ្វីខ្លះដើម្បីឈប់មានទម្លាប់នោះ?
ពិចារណាការកម្សាន្តរបស់ប្អូន។ តើប្អូនមើលភាពយន្ត ឬកម្មវិធីទូរទស្សន៍ ឬគេហទំព័រណាមួយដែលជំរុញឲ្យមានអារម្មណ៍ស្រើបស្រាលឬទេ? អ្នកតែងចម្រៀងសរសើរព្រះបានបង្ហាញប្រាជ្ញា ដោយអធិដ្ឋានទៅព្រះថា៖ «សូមបង្វែរភ្នែកខ្ញុំចេញពីអ្វីដែលឥតបានការ»។បង្ខំចិត្តឲ្យគិតរឿងផ្សេង។ ប្អូនប្រុសគ្រិស្តសាសនិកម្នាក់ឈ្មោះវីល្លាម បាននិយាយថា៖ «មុនចូលគេង ខ្ញុំតែងអានអត្ថបទខ្លះដែលមានមូលដ្ឋានពីគម្ពីរ។ ដូច្នេះសម្រាប់ខ្ញុំគឺសំខាន់ណាស់ ដែលមុនចូលគេងគិតអំពីព្រះ»។—ភីលីព ៤:៨
ប្រាប់អ្នកណាម្នាក់អំពីបញ្ហានេះ។ ប្អូនប្រហែលខ្មាសបានជាមិនហ៊ានសារភាព។ ប៉ុន្តែ ការប្រាប់អ្នកណាម្នាក់អាចជួយប្អូនឲ្យបោះបង់ទម្លាប់នោះបាន! នេះជាអ្វីដែលប្អូនប្រុស
គ្រិស្តសាសនិកម្នាក់ឈ្មោះដាវីឌបានធ្វើ។ គាត់ប្រាប់ថា៖ «ខ្ញុំបាននិយាយជាមួយប៉ាតែពីរនាក់អំពីរឿងនេះ។ ខ្ញុំចាំសម្ដីប៉ាជានិច្ច។ នៅពេលនោះប៉ានិយាយលើកទឹកចិត្តខ្ញុំទាំងទឹកមុខញញឹមថា៖ ‹កូនធ្វើឲ្យប៉ាមានមោទនភាពណាស់›។ ប៉ាយល់ច្បាស់ថាខ្ញុំពិបាកប៉ុណ្ណាទម្រាំដាច់ចិត្តប្រាប់គាត់។ ស្នាមញញឹមនិងពាក្យសម្ដីរបស់ប៉ាធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាខ្លាំង ថែមទាំងពង្រឹងការតាំងចិត្តរបស់ខ្ញុំឲ្យតស៊ូយកឈ្នះទម្លាប់នោះ។«បន្ទាប់មក ប៉ាបានបង្ហាញខគម្ពីរខ្លះដែលជួយខ្ញុំឲ្យយល់ថា‹ខ្ញុំនៅមានសង្ឃឹម›។ រួចគាត់អានខគម្ពីរពីរបីទៀតដើម្បីជួយខ្ញុំឲ្យដឹងថាអ្វីដែលខ្ញុំធ្វើគឺធ្ងន់ធ្ងរយ៉ាងណា។ ប៉ាប្រាប់ខ្ញុំឲ្យ‹កំណត់រយៈពេលជាក់លាក់ដើម្បីព្យាយាមផ្ដាច់ទម្លាប់នោះ› ក្រោយមកដល់ពេលកំណត់ ពួកយើងនឹងពិភាក្សាបញ្ហានោះម្ដងទៀត។ ប៉ាថែមទាំងប្រាប់ខ្ញុំថា បើខ្ញុំធ្វើរឿងនោះម្ដងទៀត មិនត្រូវបាក់ទឹកចិត្តឡើយ តែចូរចាប់ផ្ដើមសាជាថ្មី ហើយមើលថាកូនអាចទប់ចិត្តបានយូរជាងនេះឬទេ?»។ ទីបំផុត តើដាវីឌមានអារម្មណ៍យ៉ាងណា? គាត់និយាយថា៖ «សម្រាប់ខ្ញុំអ្វីដែលមានប្រយោជន៍បំផុត គឺមានអ្នកដែលដឹងពីបញ្ហារបស់ខ្ញុំ ហើយត្រៀមចាំជួយខ្ញុំ»។ c
ហេតុអ្វីការរួមភេទឲ្យតែបានសប្បាយមិនមែនជារឿងតូចតាច? សូមស្វែងយល់ជាមួយគ្នា។
[កំណត់សម្គាល់]
a ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន ដើម្បីធ្វើឲ្យខ្លួនមានអារម្មណ៍ស្រើបស្រាល គឺខុសគ្នាពីអារម្មណ៍ស្រើបស្រាលដែលមានដោយស្វ័យប្រវត្តិ។ ជាឧទាហរណ៍ ក្មេងប្រុសម្នាក់អាចមានអារម្មណ៍ស្រើបស្រាលពេលគាត់ភ្ញាក់ពីគេង ឬគាត់ចេញទឹកកាមដោយស្វ័យប្រវត្តិនៅពេលយប់។ ស្រដៀងគ្នាដែរ យុវតីខ្លះប្រហែលជាមានអារម្មណ៍ស្រើបស្រាល ជាពិសេសមុនឬក្រោយមានរដូវ។ ផ្ទុយទៅវិញ ការស្ទាបអង្អែលអវយវៈភេទរបស់ខ្លួន គឺជាចេតនាធ្វើឲ្យអារម្មណ៍ផ្លូវភេទរបស់ខ្លួនកម្រើកកាន់តែខ្លាំង។
b ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី៣៣ ក្នុងក្បាលទី២។
c ដើម្បីបានព័ត៌មានថែមទៀត សូមមើលទំព័រ២៣៩ដល់២៤១ ក្នុងក្បាលទី២។
បទគម្ពីរសំខាន់
«ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងគ្រាយុវវ័យ តែចូរស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយនឹងពួកអ្នកដែលហៅរកលោកម្ចាស់ដោយចិត្តបរិសុទ្ធ»។—ធីម៉ូថេទី២ ២:២២
យោបល់
សូមអធិដ្ឋានមុននឹងចំណង់ផ្លូវភេទកើតមានកាន់តែខ្លាំង។ ចូរសុំព្រះយេហូវ៉ាឲ្យប្អូនមាន«ឫទ្ធានុភាពដែលលើសពីធម្មតា» ដើម្បីយកឈ្នះការល្បងល។—កូរិនថូសទី២ ៤:៧
តើប្អូនដឹងទេ . . . ?
មនុស្សដែលចុះចាញ់ចំណង់ផ្លូវភេទខ្លួនគឺជាមនុស្សទន់ខ្សោយ។ ប៉ុន្តែ មនុស្សដែលអាចយកឈ្នះចំណង់ផ្លូវភេទខ្លួនគឺជាមនុស្សខ្លាំង។
គម្រោងអនុវត្ត!
ខ្ញុំអាចរក្សាគំនិតរបស់ខ្ញុំឲ្យស្អាតបរិសុទ្ធ បើខ្ញុំ ․․․․․
ជាជាងធ្វើតាមចំណង់តណ្ហារបស់ខ្លួន ខ្ញុំនឹង ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីជាការសំខាន់ឲ្យយើងចាំថាព្រះយេហូវ៉ា«បម្រុងតែនឹងអភ័យទោស»?—ចម្រៀងសរសើរព្រះ ៨៦:៥
● ពិតមែនថាព្រះបានបង្កើតយើងឲ្យមានសេចក្ដីប៉ងប្រាថ្នាខាងផ្លូវភេទ តែលោកក៏ប្រាប់យើងឲ្យទប់ចិត្តដែរ។ ហេតុអ្វីលោកជឿជាក់ថាយើងអាចធ្វើបាន?
[ឃ្លាអក្សរធំនៅទំព័រ១៨២]
«ប្អូនសារ៉ា និយាយថា៖ ‹តាំងពីពេលដែលខ្ញុំឈប់ធ្វើរឿងនោះ ខ្ញុំមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោសនៅចំពោះព្រះយេហូវ៉ា ហើយខ្ញុំគ្មានថ្ងៃឲ្យសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំបាត់បង់ជាដាច់ខាត!›»
[រូបភាពនៅទំព័រ១៨០]
បើអ្នកដួលពេលកំពុងរត់ មិនមានន័យថាអ្នកបរាជ័យនោះទេ។ ស្រដៀងគ្នាដែរ បើអ្នកភ្លាត់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនម្ដងទៀត មិនមានន័យថាការប្រឹងប្រែងរបស់អ្នកគ្មានប្រយោជន៍ឡើយ