លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីប្រុសៗមិនចូលចិត្តខ្ញុំ?

ហេតុអ្វីប្រុសៗមិនចូលចិត្តខ្ញុំ?

ជំពូក​ទី​២៧

ហេតុ​អ្វី​ប្រុស​ៗ​មិន​ចូល​ចិត្ត​ខ្ញុំ?

គាត់​ដឹង​ថា​ខ្ញុំ​មាន​ប្រជាប្រិយភាព ដោយ​សារ​ខ្ញុំ​ប្រាប់​គាត់​ថា​មាន​ប្រុស​ជា​ច្រើន​ចោម​រោម​ខ្ញុំ។ គាត់​សើច ពេល​ខ្ញុំ​ប្រាប់​ថា​មិត្ត​ភក្តិ​ខ្លះ​ធ្វើ​អ្វី​មិន​ចេះ​គិត។ គាត់​ក៏​ដឹង​ដែរ​ថា​ខ្ញុំ​ឆ្លាត ព្រោះ​ពេល​គាត់​និយាយ​ខុស ខ្ញុំ​កែ​គាត់​ភ្លាម​ៗ។ ប៉ុន្តែ ពេល​ណា​ហ្ន៎​បាន​គាត់​សុំ​ខ្ញុំ​ធ្វើ​សង្សារ!

នាង​ស្អាត តែ​នាង​ដូច​ជា​មិន​សូវ​ចេះ​គិត​រាក់​ជ្រៅ! ជួន​កាល ខ្ញុំ​និយាយ​រឿង​អ្វី​មួយ​មិន​ទាន់​ចប់​ផង នាង​កែ​សម្ដី​ខ្ញុំ​ភ្លាម​ៗ​! ពេល​ឃើញ​នាង​ម្ដង​ៗ ខ្ញុំ​រក​តែ​ផ្លូវ​រត់​ទេ។

ប្អូន​ឆ្ងល់​ទេ ហេតុ​អ្វី​បាន​ជា​ប្រុស​ៗ​មិន​ចាប់​អារម្មណ៍​ប្អូន? មនុស្ស​ស្រី​ជា​ច្រើន​មាន​អារម្មណ៍​បែប​នេះ! ជា​ឧទាហរណ៍ យុវតី​ម្នាក់​ឈ្មោះ​ចូអេន មាន​សម្រស់​ស្រស់​ស្អាត ទាំង​ឆ្លាត​ទាំង​ប៉ិន​និយាយ។ ប៉ុន្តែ នាង​សារភាព​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រុស​ៗ​ហាក់​ដូច​ជា​មិន​ចូល​ចិត្ត​ខ្ញុំ​សោះ។ ខ្ញុំ​ធ្លាប់​ចូល​ចិត្ត​ប្រុស​ពីរ​បី​នាក់ ហើយ​ពួក​គេ​ក៏​ចាប់​អារម្មណ៍​ខ្ញុំ​មួយ​រយៈ​ដែរ តែ​ក្រោយ​មក​ក៏​ឈប់​និយាយ​រក​ខ្ញុំ!​»។

តើ​ប្រុស​ៗ​ចូល​ចិត្ត​នារី​បែប​ណា? ហើយ​តើ​អ្វី​ដែល​នាំ​ឲ្យ​នារី​បាត់​បង់​ភាព​ទាក់​ទាញ? តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បាន​មនុស្ស​ប្រុស​ល្អ?

អ្វី​ដែល​ត្រូវ​ធ្វើ

ស្គាល់​ចិត្ត​ខ្លួន​ឯង។ ពេល​ឈាន​ចូល​ដល់​វ័យ​ជំទង់ ប្អូន​ទំនង​ជា​ចាប់​អារម្មណ៍​មនុស្ស​ភេទ​ផ្ទុយ​ខ្លាំង​ជាង​មុន។ ប្អូន​ប្រហែល​ជា​ចាប់​ចិត្ត​លើ​បុរស​ច្រើន​ជាង​ម្នាក់។ នោះ​ជា​រឿង​ធម្មតា។ ប៉ុន្តែ បើ​ប្អូន​ប្រគល់​បេះ​ដូង​លឿន​ពេក​ដល់​បុរស​ដំបូង​ដែល​ធ្វើ​ឲ្យ​ចិត្ត​ប្អូន​ញាប់​ញ័រ នោះ​អាច​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​និង​ជំនឿ​របស់​ប្អូន។ ប្អូន​ត្រូវ​ការ​ពេល​វេលា​ដើម្បី​បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ​ដែល​ជួយ​ប្អូន​‹ឲ្យ​ចេះ​គិត​គូរ›​អំពី​រឿង​សំខាន់​ៗ និង​សម្រេច​គោល​ដៅ​ផ្ទាល់​ខ្លួន​របស់​ប្អូន។—រ៉ូម ១២:២; កូរិនថូស​ទី​១ ៧:៣៦; កូឡុស ៣:៩, ១០

ពិត​ណាស់ បុរស​ជា​ច្រើន​ចាប់​អារម្មណ៍​នារី​ដែល​នៅ​ក្មេង​ខ្ចី​និង​គ្មាន​ភាព​ជឿ​ជាក់។ ប៉ុន្តែ ប្រុស​ៗ​បែប​នេះ​ចាប់​អារម្មណ៍​តែ​រូប​កាយ​របស់​នាង​ប៉ុណ្ណោះ មិន​ខ្វល់​ថា​នាង​ជា​មនុស្ស​បែប​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ បុរស​ចេះ​គិត​ពិចារណា​នឹង​ស្វែង​រក​នារី​ដែល​មាន​ចិត្ត​គំនិត​ល្អ​ដើម្បី​បង្គ្រប់​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន។—ម៉ាថាយ ១៩:៦

អ្វី​ដែល​ប្រុស​ៗ​និយាយ​៖ ប្អូន​ជេម​រៀប​រាប់​ថា​៖«​ខ្ញុំ​គិត​ថា​មនុស្ស​ស្រី​ដែល​មាន​ភាព​ទាក់​ទាញ គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​គំនិត​ផ្ទាល់​ខ្លួន មាន​ទំនុក​ចិត្ត និង​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​ឯង​»។

ប្អូន​ដារិន​រៀប​រាប់​ថា​៖«​ខ្ញុំ​ចូល​ចិត្ត​មនុស្ស​ស្រី​ស្មោះ​ត្រង់ ចេះ​គោរព ហើយ​មិន​តែង​តែ​យល់​ស្រប​តាម​ខ្ញុំ​គ្រប់​រឿង​នោះ​ទេ។ ទោះ​ជា​នាង​ស្អាត​ក៏​ដោយ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ឡើយ បើ​នាង​ចេះ​តែ​ហៃអើ​តាម​ខ្ញុំ​»។

តើ​ប្អូន​គិត​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្ដី​របស់​យុវជន​ទាំង​នោះ?

․․․․․

ចេះ​គោរព​អ្នក​ឯ​ទៀត។ ធម្មតា​មនុស្ស​ស្រី​ចង់​បាន​ការ​ស្រឡាញ់ ឯ​មនុស្ស​ប្រុស​ចង់​បាន​ការ​គោរព។ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​គម្ពីរ​ប្រាប់​ថា​ប្ដី​ត្រូវ​ស្រឡាញ់​ប្រពន្ធ​ដូច​ខ្លួន​ឯង ហើយ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​«​យ៉ាង​ជ្រាល​ជ្រៅ​»។ (​អេភេសូរ ៥:៣៣​) នេះ​ពិត​ដូច​អ្វី​ដែល​គម្ពីរ​ចែង​មែន តាម​ការ​ស្ទង់​មតិ​មួយ​បាន​រក​ឃើញ​ថា យុវជន​ជាង​៦០​ភាគ​រយ​និយាយ​ថា ការ​គោរព​គឺ​សំខាន់​ជាង​ការ​ស្រឡាញ់។ រីឯ​៧០​ភាគ​រយ​នៃ​បុរស​វ័យ​ចំណាស់ ក៏​យល់​ស្រប​នឹង​មតិ​នោះ​ដែរ។

ការ​គោរព​អ្នក​ឯ​ទៀត មិន​មាន​ន័យ​ថា​មិន​ហ៊ាន​ប្រាប់​ពី​ទស្សនៈ ឬ​ក៏​អារម្មណ៍​របស់​ខ្លួន​ឡើយ។ (​ដើម​កំណើត ២១:១០​-​១២​) ប៉ុន្តែ ពេល​បញ្ចេញ​យោបល់ របៀប​ដែល​ប្អូន​និយាយ​គឺ​សំខាន់​ណាស់ ព្រោះ​នេះ​អាច​ទាក់​ទាញ​បុរស​ឲ្យ​ចូល​មក​ជិត ឬ​រុញ​គាត់​ឲ្យ​ចេញ​ទៅ​ឆ្ងាយ។ បើ​ប្អូន​កែ​តម្រូវ​ឬ​ជំទាស់​សម្ដី​គាត់​រហូត នោះ​អាច​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ប្អូន​មិន​សូវ​គោរព​គាត់។ ផ្ទុយ​ទៅ​វិញ បើ​ប្អូន​ស្ដាប់​មតិ​របស់​គាត់ ហើយ​សរសើរ​ចំណុច​ល្អ​ដែល​ប្អូន​បាន​ឃើញ នោះ​គាត់​ទំនង​ជា​ឲ្យ​តម្លៃ​និង​ទទួល​យក​យោបល់​របស់​ប្អូន។ ជា​ការ​ពិត​ណាស់ មនុស្ស​ប្រុស​ដែល​ចេះ​គិត​ពិចារណា​ក៏​កត់​សម្គាល់​ដែរ​ថា តើ​ប្អូន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ ឬ​អ្នក​ឯ​ទៀត​ដោយ​ការ​គោរព​ឬ​យ៉ាង​ណា។

អ្វី​ដែល​ប្រុស​ៗ​និយាយ​៖ ប្អូន​អេឌ្រាន​រៀប​រាប់​ថា​៖«​ខ្ញុំ​គិត​ថា ការ​គោរព​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ចូល​ចិត្ត​គ្នា។ ក្រោយ​មក ស្នេហា​អាច​ឈាន​ទៅ​មុខ​ទៀត​បាន​»។

ប្អូន​ម៉ាក​រៀប​រាប់​ថា​៖«​ខ្ញុំ​គិត​ថា បើ​មនុស្ស​ស្រី​ចេះ​គោរព​ខ្ញុំ នោះ​នាង​អាច​ស្រឡាញ់​ខ្ញុំ​ពិត​ប្រាកដ​»។

តើ​ប្អូន​គិត​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្ដី​របស់​យុវជន​ទាំង​នោះ?

․․․․․

ស្លៀក​ពាក់​សមរម្យ​និង​រក្សា​អនាម័យ។ របៀប​ដែល​ប្អូន​ស្លៀក​ពាក់​និង​សម្អិត​សម្អាង​ខ្លួន បង្ហាញ​ឲ្យ​ឃើញ​ចិត្ត​គំនិត​និង​អត្តចរិត​របស់​ប្អូន​មុន​ដែល​ប្អូន​ចាប់​ផ្ដើម​និយាយ​ទៅ​ទៀត។ អ្វី​ទាំង​នោះ​ហាក់​ដូច​ជា​បាន​ប្រាប់​ខ្លះ​ហើយ​អំពី​ប្អូន។ បើ​ប្អូន​ស្លៀក​ពាក់​សមរម្យ​ថ្លៃ​ថ្នូរ នោះ​នឹង​ធ្វើ​ឲ្យ​បុរស​គិត​ល្អ​ចំពោះ​ប្អូន។ (​ធីម៉ូថេ​ទី​១ ២:៩​) ប៉ុន្តែ បើ​ប្អូន​ស្លៀក​ពាក់​របៀប​បែក​ស្លុយ ឬ​លេច​លើ​លេច​ក្រោម នោះ​ងាយ​នឹង​ធ្វើ​ឲ្យ​គេ​គិត​មិន​ល្អ​ចំពោះ​ប្អូន!

អ្វី​ដែល​ប្រុស​ៗ​និយាយ​៖ ប្អូន​អេឌ្រាន​រៀប​រាប់​ថា​៖«​ការ​តុបតែង​ខ្លួន​របស់​នារី ច្រើន​តែ​បង្ហាញ​ថា​នាង​ចូល​ចិត្ត​ជីវិត​បែប​ណា។ បើ​នាង​ស្លៀក​ពាក់​រឹប​រាង​ឬ​បញ្ចេញ​សាច់​ច្រើន នោះ​មាន​ន័យ​ថា នាង​ចង់​ទាក់​ទាញ​ចិត្ត​គេ​»។

ប្អូន​រ៉ាយអិន​រៀប​រាប់​ថា​៖«​ខ្ញុំ​ចូល​ចិត្ត​នារី​ដែល​ចេះ​ថែ​សក់​ឲ្យ​ស្អាត មាន​ក្លិន​ក្រអូប និង​និយាយ​ស្រទន់។ តាម​ពិត​ទៅ ខ្ញុំ​ចូល​ចិត្ត​ស្រី​ស្អាត​ម្នាក់ តែ​ទាស់​ត្រង់​ថា​នាង​ខ្វះ​អនាម័យ ដូច្នេះ​ខ្ញុំ​ក៏​ដក​ខ្លួន​ចេញ​»។

ប្អូន​នីកូឡាស​រៀប​រាប់​ថា​៖«​មនុស្ស​ស្រី​ដែល​ស្លៀក​លេច​លើ​លេច​ក្រោម ពិត​ជាទាក់​ទាញ​ភ្នែក​មែន។ តែ​នោះ​មិន​មែន​ជា​ប្រភេទ​ស្រី​ដែល​ខ្ញុំ​ចង់​យក​មក​ធ្វើ​ជា​សង្សារ​ទេ​»។

តើ​ប្អូន​គិត​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្ដី​របស់​យុវជន​ទាំង​នោះ?

․․․․․

អ្វី​ដែល​មិន​ត្រូវ​ធ្វើ

កុំ​ចែ​ចង់។ ពិត​មែន​ថា​ស្ត្រី​មាន​ភាព​ទាក់​ទាញ​ចិត្ត​បុរស តែ​ភាព​ទាក់​ទាញ​នោះ​អាច​ប្រើ​ទាំង​ក្នុង​ផ្លូវ​ល្អ​និង​ផ្លូវ​អាក្រក់។ (​ដើម​កំណើត ២៩:១៧, ១៨; សុភាសិត ៧:៦​-​២៣​) បើ​ប្អូន​រាយ​មន្ត​ស្នេហ៍​ដាក់​បុរស​គ្រប់​រូប នោះ​ប្អូន​នឹង​ល្បី​ឈ្មោះ​ថា​ស្រី​ញ៉ែ​មិន​រើស​មុខ។

អ្វី​ដែល​ប្រុស​ៗ​និយាយ​៖ ប្អូន​នីកូឡាស​រៀប​រាប់​ថា​៖«​គ្រាន់​តែ​អង្គុយ​ជិត​ស្រី​ស្អាត ហើយ​ប៉ះ​ស្មា​គ្នា ក៏​ធ្វើ​ឲ្យ​ចិត្ត​ញាប់​ញ័រ​ដែរ។ ដូច្នេះ ខ្ញុំ​គិត​ថា​នារី​ដែល​ឧស្សាហ៍​ប៉ះ​បុរស​ពេល​នាង​និយាយ​ជា​មួយ នោះ​មាន​ន័យ​ថា​នាង​កំពុង​ចែ​ចង់​ហើយ​»។

ប្អូន​ហូសេ​រៀប​រាប់​ថា​៖«​ខ្ញុំ​គិត​ថា​បើ​មនុស្ស​ស្រី​ចេះ​តែ​យក​ដៃ​មក​ប៉ះ​មនុស្ស​ប្រុស ឬ​ដៀង​ភ្នែក​មើល​មនុស្ស​ប្រុស​គ្រប់​រូប​ដែល​ដើរ​កាត់​មុខ​នាង នោះ​នាង​កំពុង​ចែ​ចង់​ហើយ។ ខ្ញុំ​មិន​ចូល​ចិត្ត​ស្រី​បែប​នោះ​ទេ​»។

កុំ​តោង​ស្អិត​ពេក។ ពេល​បុរស​និង​ស្ត្រី​រៀប​ការ​រួច គម្ពីរ​ចែង​ថា​ពួក​គេ​ក្លាយ​ជា​«​សាច់​ឈាម​តែ​មួយ​»។ (​ដើម​កំណើត ២:​២៤​) ហេតុ​នេះ ក្រោយ​រៀប​ការ ប្ដី​ប្រពន្ធ​ប្រហែល​ជា​ត្រូវ​លះ​បង់​សេរី​ភាព​ជា​ច្រើន​ដែល​ពួក​គេ​ធ្លាប់​មាន​ពេល​នៅ​លីវ ពីព្រោះ​ពួក​គេ​មាន​ចំណង​ភ្ជាប់​រវាង​គ្នា​នឹង​គ្នា។ (​កូរិនថូស​ទី​១ ៧:៣២​-​៣៤​) ប៉ុន្តែ បើ​ប្អូន​កំពុង​មើល​ចិត្ត​គ្នា​ជា​មួយ​បុរស​ណា​ម្នាក់ ប្អូន​គ្មាន​សិទ្ធិ​ទាម​ទារ​ឲ្យ​គាត់​ធ្វើ​ដូច​គាត់​ជា​ប្ដី​ប្អូន​ទេ ហើយ​គាត់​ក៏​គ្មាន​សិទ្ធិ​ទាម​ទារ​ឲ្យ​ប្អូន​ធ្វើ​ដូច​ប្អូន​ជា​ប្រពន្ធ​គាត់​ដែរ។ a តាម​ពិត​ទៅ បើ​ប្អូន​ទទួល​ស្គាល់​ថា​គាត់​មាន​សិទ្ធិ​មាន​មិត្ត​ភក្ដិ​ផ្សេង​ទៀត នោះ​គាត់​ប្រហែល​ជា​ចូល​ចិត្ត​ប្អូន​កាន់​តែ​ខ្លាំង។ បន្ទាប់​មក ប្អូន​នឹង​ស្គាល់​គាត់​ច្បាស់​ជាង​ពេល​គាត់​សេព​គប់​ជា​មួយ​អ្នក​ឯ​ទៀត។—សុភាសិត ២០:១១

អ្វី​ដែល​ប្រុស​ៗ​និយាយ​៖ ប្អូន​ដារិន​រៀប​រាប់​ថា​៖«​បើ​មនុស្ស​ស្រី​ចេះ​តែ​សួរ​នាំ​ខ្ញុំ​គ្រប់​រឿង ហើយ​មិន​រាប់​អាន​អ្នក​ឯ​ទៀត​ឬ​មិន​ខ្វល់​អំពី​អ្វី​ក្រៅ​ពី​ខ្ញុំ នោះ​ខ្ញុំ​គិត​ថា​នាង​កំពុង​តោង​ខ្ញុំ​ស្អិត​ដូច​តុកកែ​»។

ប្អូន​រ៉ាយអិន​រៀប​រាប់​ថា​៖«​បើ​មនុស្ស​ស្រី​ដែល​ខ្ញុំ​ទើប​តែ​ទាក់​ទង ផ្ញើ​សារ​មក​ខ្ញុំ​ឥត​ឈប់ ហើយ​ចង់​ដឹង​ថា​ខ្ញុំ​នៅ​ជា​មួយ​អ្នក​ណា ជា​ពិសេស​ឈ្មោះ​ស្រី​ៗ​នៅ​ក្នុង​ក្រុម​ដែល​ខ្ញុំ​ទៅ​ជា​មួយ នោះ​ខ្ញុំ​គិត​ថា​នាង​កំពុង​ចាប់​ខ្ញុំ​ឲ្យ​ជាប់​»។

ប្អូន​អេឌ្រាន​រៀប​រាប់​ថា​៖«​បើ​មិត្ត​ស្រី​មិន​ទុក​ពេល​ឲ្យ​អ្នក​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​ប្រុស​ៗ ហើយ​នាង​ខឹង​រាល់​ពេល​ដែល​អ្នក​មិន​ហៅ​នាង​ទៅ​ជា​មួយ នោះ​បង្ហាញ​ថា​នាង​ជា​ស្រី​ដែល​មិន​គួរ​ឲ្យ​ចូល​ចិត្ត​ឡើយ​»។

តើ​ប្អូន​គិត​យ៉ាង​ណា​ចំពោះ​ពាក្យ​សម្ដី​របស់​យុវជន​ទាំង​នោះ?

․․․․․

ចេះ​ឲ្យ​តម្លៃ​ខ្លួន

ប្អូន​ទំនង​ជា​ស្គាល់​មនុស្ស​ស្រី​ខ្លះ​ដែល​សុខ​ចិត្ត​ធ្វើ​មួយ ដើម្បី​ឲ្យ​មនុស្ស​ប្រុស​ចាប់​អារម្មណ៍។ មនុស្ស​ស្រី​ខ្លះ​ទៀត​មិន​ខ្វល់​ពី​តម្លៃ​របស់​ខ្លួន​ទេ ដោយ​សារ​ចង់​មាន​សង្សារ​ឬ​ចង់​បាន​ប្ដី។ ក៏​ប៉ុន្តែ សូម​កុំ​ភ្លេច​គោល​ការណ៍​ក្នុង​គម្ពីរ​ដែល​ថា​‹មនុស្ស​ទទួល​ផល​តាម​អ្វី​ដែល​គេ​សាប​ព្រោះ›។ (​កាឡាទី ៦:៧​-​៩​) បើ​ប្អូន​មិន​ឲ្យ​តម្លៃ​ខ្លួន​និង​ខ្នាត​តម្រា​ដែល​ប្អូន​កំពុង​ព្យាយាម​ធ្វើ​តាម នោះ​ប្អូន​ទំនង​ជា​ទាក់​ទាញ​បាន​តែ​បុរស​ដែល​មិន​ឲ្យ​តម្លៃ​ប្អូន។

សូម​ចាំ​ដែរ​ថា មិន​មែន​បុរស​គ្រប់​រូប​នឹង​ចូល​ចិត្ត​ប្អូន​ទេ តែ​នោះ​អាច​ជា​រឿង​ល្អ​មួយ! ពីព្រោះ​បើ​ប្អូន​បន្ត​ព្យាយាម​ថែ​សម្រស់​ខាង​ក្រៅ​និង​ខាង​ក្នុង​ចិត្ត នោះ​ប្អូន​នឹង​«​មាន​តម្លៃ​ថ្លៃ​ណាស់​ចំពោះ​ព្រះ​»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្អូន​នឹង​រក​បាន​បុរស​ដែល​ស័ក្តិ​សម​នឹង​ប្អូន​បំផុត។—ពេត្រុស​ទី​១ ៣:៤

នៅ​ជំពូក​បន្ទាប់

បើ​ប្អូន​ជា​ប្រុស ប្អូន​ប្រហែល​ជា​ឆ្ងល់​ថា​‹ហេតុ​អ្វី​ស្រី​ៗ​មិន​ចូល​ចិត្ត​ខ្ញុំ?›។

[​កំណត់​សម្គាល់​]

a ពិត​ណាស់ ក្រោយ​ពី​ភ្ជាប់​ពាក្យ​រួច ពួក​គេ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង​ចំពោះ​គ្នា។

បទ​គម្ពីរ​សំខាន់

​«​រូប​ឆោម​ឆាយ​អាច​ជា​ការ​បោក​បញ្ឆោត ហើយ​សម្រស់​មិន​នៅ​គង់​វង្ស​រហូត​ទេ តែ​ស្ត្រី​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នឹង​ទទួល​បាន​ការ​សរសើរ​»។—សុភាសិត ៣១:៣០

យោបល់

កុំ​ផាត់​មុខ​ក្រាស់​ពេក ឬ​ធ្វើ​ខ្លួន​ហួស​ហេតុ! ព្រោះ​នេះ​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​គិត​មិន​ល្អ​ចំពោះ​ប្អូន។ ពួក​គេ​អាច​គិត​ថា​ប្អូន​ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង ឬ​ចង់​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

តើ​ប្អូន​ដឹង​ទេ . . . ?

បើ​ប្អូន​ទាម​ទារ​ចំណាប់​អារម្មណ៍​ហួស​ហេតុ​ពេក នោះ​អាច​បំផ្លាញ​ទំនាក់​ទំនង​រវាង​ប្អូន​និង​គាត់។

គម្រោង​អនុវត្ត!

ខ្ញុំ​ចង់​កែ​លម្អ​លក្ខណៈ​ខ្លះ​របស់​ខ្ញុំ​ដូច​ជា ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● តើ​ប្អូន​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​ចេះ​ទទួល​យក​គំនិត​និង​អារម្មណ៍​របស់​មនុស្ស​ប្រុស?

● តើ​ប្អូន​អាច​បង្ហាញ​យ៉ាង​ណា​ថា​ប្អូន​ចេះ​ឲ្យ​តម្លៃ​ខ្លួន?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៩០​]

​«​ប្អូន​ដេមៀន ប្រាប់​ថា​៖ ‹និយាយ​តាម​ត្រង់ ដំបូង​ខ្ញុំ​មើល​សិន​ថា​នាង​ស្អាត​ឬ​មិន​ស្អាត។ តែ​ក្រោយ​មក​បើ​នាង​គ្មាន​គោល​ដៅ​ជាក់​លាក់​ក្នុង​ជីវិត​ទេ ទោះ​ជា​នាង​ស្អាត​ក៏​ខ្ញុំ​លែង​ចាប់​អារម្មណ៍​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​នាង​មាន​គោល​ដៅ​ច្បាស់​លាស់ ជា​ពិសេស​បន្ទាប់​ពី​នាង​បាន​សម្រេច​គោល​ដៅ​ខ្លះ នោះ​នាង​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ចំពោះ​ខ្ញុំ›​»​

[​រូបភាព​នៅ​ទំព័រ​១៩១​]

សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ប្រៀប​ដូច​ជា​កង់​មុខ​និង​កង់​ក្រោយ គឺ​មិន​អាច​ខ្វះ​កង់​មួយ​ណា​បាន​ឡើយ