លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំគួរស្លៀកពាក់បែបណា?

តើខ្ញុំគួរស្លៀកពាក់បែបណា?

ជំពូក​ទី​១១

តើ​ខ្ញុំ​គួរ​ស្លៀក​ពាក់​បែប​ណា?

យុវតី​ឈ្មោះ​ហេធើ ហៀប​នឹង​ចេញ​ពី​ផ្ទះ​ទៅ​ដើរ​លេង តែ​ប្រទះ​នឹង​ប៉ា​ម៉ាក់​នាង​ចូល​មក ហើយ​ពួក​គាត់​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​របស់​ខ្លួន។

ប៉ា​នាង​និយាយ​ទាំង​ភ្ញាក់​ផ្អើល​ថា​៖ ​«​កូន​ស្លៀក​ពាក់​ដូច​នេះ​ចេញ​ទៅ​ក្រៅ?​»។

ហេធើ​តប​ទាំង​សំឡេង​ងឿង​ឆ្ងល់​ថា​៖ ​«​ហេតុ​អី​ប៉ា? ខ្ញុំ​គ្រាន់​តែ​ទៅ​ផ្សារ​ជា​មួយ​មិត្ត​ភក្ដិ​តើ!​»។

ម៉ាក់​នាង​និយាយ​ថា​៖ ​«​ស្លៀក​ចឹង​មិន​សម​ទេ​កូន!​»។

ហេធើ​ពោល​បែប​រអ៊ូ​ថា​៖ ​«​តែ​ម៉ាក់ ក្មេង​ៗ​ឥឡូវ​គេ​ពាក់​តែ​ចឹង​ទេ។ វា​ទាន់​សម័យ!​»។

ប៉ា​ប្រាប់​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ប៉ុន្តែ​ប៉ា​និង​ម៉ាក់​មិន​ចូល​ចិត្ត​ការ​ស្លៀក​ពាក់​បែប​នេះ​ទេ! ឆាប់​ទៅ​ដូរ​ខោ​អាវ​ចេញ​ភ្លាម បើ​មិន​ដូរ​ទេ មិន​ចាំ​បាច់​ទៅ​ណា​ទាំង​អស់!​»។

តាម​ពិត​ទៅ ការ​ប្រកែក​គ្នា​អំពី​សម្លៀក​បំពាក់​មិន​មែន​ជា​រឿង​ថ្មី​ទេ។ កាល​ពី​ឪពុក​ម្ដាយ​នៅ​អាយុ​ដូច​ប្អូន ពួក​គាត់​ក៏​ប្រហែល​ជា​ធ្លាប់​ទាស់​សម្ដី​ជា​មួយ​យាយ​តា​ប្អូន​អំពី​រឿង​ស្លៀក​ពាក់​ដែរ។ ពេល​នោះ​ពួក​គាត់​ទំនង​ជា​មាន​អារម្មណ៍​ដូច​ប្អូន​កំពុង​មាន​នៅ​ឥឡូវ​នេះ! ប៉ុន្តែ សព្វ​ថ្ងៃ​ពួក​គាត់​ទៅ​ជា​ឪពុក​ម្ដាយ​វិញ​ម្ដង ដូច្នេះ​ការ​ទាស់​សម្ដី​គ្នា​រវាង​កូន​និង​ឪពុក​ម្ដាយ​អំពី​ការ​ស្លៀក​ពាក់ នៅ​តែ​ជា​រឿង​ដែល​ផ្ទុះ​ឡើង​ជា​ញឹក​ញយ។

ប្អូន​ថា​៖ នេះ​ស្រួល​ពាក់។

ពួក​គាត់​ថា​៖ នេះ​រខេក​រខាក​ពេក។

ប្អូន​ថា​៖ នេះ​គួរ​ឲ្យ​ស្រឡាញ់!

ពួក​គាត់​ថា​៖ នេះ​ចេញ​សាច់​ច្រើន​ពេក។

ប្អូន​ថា​៖ នេះ​តម្លៃ​ពាក់​កណ្ដាល។

ពួក​គាត់​ថា​៖ នេះ​ត្រូវ​ណាស់ . . . ព្រោះ​ក្រណាត់​ក៏​បាត់​អស់​ពាក់​កណ្ដាល​ដែរ!

តើ​មាន​វិធី​ដោះ​ស្រាយ​ជម្លោះ​ឬ​ទេ? ប្រាកដ​ជា​មាន! ប្អូន​ស្រី​មេហ្គិន អាយុ​២៣​ឆ្នាំ បាន​ដឹង​ពី​គន្លឹះ​មួយ។ នាង​ប្រាប់​ថា​៖ ​«​មិន​ចាំ​បាច់​ប្រកែក​គ្នា​ទេ។ យើង​គ្រាន់​តែ​ធ្វើ​ការ​សម្រុះ​សម្រួល​គ្នា​»។ សម្រុះ​សម្រួល​គ្នា? តើ​នេះ​មាន​ន័យ​ថា​ប្អូន​ត្រូវ​ស្លៀក​ពាក់​ដូច​មីង​ៗ​ឬ? មិន​មែន​មាន​ន័យ​ដូច្នោះ​ទេ! នេះ​ចង់​មាន​ន័យ​ថា ប្អូន​និង​ឪពុក​ម្ដាយ​ត្រូវ​និយាយ​គ្នា​អំពី​គំនិត​ដែល​ប្អូន​និង​ពួក​គាត់​យល់​ខុស​គ្នា។ បន្ទាប់​មក ដាក់​ជម្រើស​ផ្សេង​ៗ​ដែល​ប្អូន​និង​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត​ធ្វើ​តាម។ តើ​នេះ​មាន​ប្រយោជន៍​យ៉ាង​ណា?

១. ប្អូន​នឹង​មើល​ទៅ​កាន់​តែ​ស្អាត​សមរម្យ សូម្បី​តែ​នៅ​ក្នុង​ភ្នែក​របស់​មិត្ត​ភក្ដិ​ប្អូន។

២. ឪពុក​ម្ដាយ​ប្អូន​នឹង​មិន​សូវ​ស្ដី​បន្ទោស​ចំពោះ​ការ​ស្លៀក​ពាក់​របស់​ប្អូន​ទេ។

៣. ពេល​ឪពុក​ម្ដាយ​ឃើញ​ថា​ប្អូន​ចេះ​ជ្រើស​រើស​សម្លៀក​បំពាក់​សមរម្យ នោះ​ពួក​គាត់​អាច​នឹង​ឲ្យ​ប្អូន​មាន​សេរី​ភាព​កាន់​តែ​ច្រើន​ក្នុង​រឿង​ផ្សេង​ទៀត។

ឥឡូវ សូម​គិត​អំពី​សម្លៀក​បំពាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ ដែល​ប្អូន​បាន​ឃើញ​នៅ​លើ​អ៊ីនធឺណិត ឬ​នៅ​ក្នុង​ហាង​លក់​សម្លៀក​បំពាក់។ រឿង​ដំបូង​ដែល​ប្អូន​ត្រូវ​ធ្វើ​គឺ . . .

ពិចារណា​គោល​ការណ៍​គម្ពីរ

គម្ពីរ​មិន​បាន​ប្រាប់​ច្រើន​អំពី​ការ​ស្លៀក​ពាក់​ទេ។ តាម​ពិត​គ្រាន់​តែ​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ប្អូន​អាច​អាន​បទ​គម្ពីរ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ការ​ស្លៀក​ពាក់! ប៉ុន្តែ ប្អូន​នឹង​ឃើញ​ថា​បទ​គម្ពីរ​ទាំង​នោះ​ផ្ដល់​នូវ​យោបល់​ដ៏​មាន​តម្លៃ​និង​គួរ​ឲ្យ​ទុក​ចិត្ត។ ជា​ឧទាហរណ៍​៖

● គម្ពីរ​បាន​ដាស់​តឿន​ឲ្យ​ស្ត្រី​ទាំង​ឡាយ​តុបតែង​ខ្លួន​«​ដោយ​សម្លៀក​បំពាក់ . . . បែប​រមទម និង​ដោយ​ដឹង​ខុស​ត្រូវ​»។ aធីម៉ូថេ​ទី​១ ២:៩, ១០

ពាក្យ​ថា​«​បែប​រមទម​»​ឬ​សមរម្យ អាច​ធ្វើ​ឲ្យ​ប្អូន​ភ័យ​បន្តិច ហើយ​ឆ្ងល់​ថា​‹តើ​ខ្ញុំ​ត្រូវ​ស្លៀក​ពាក់​បែប​កាន់​ទុក្ខ​ឬ?›។ មិន​មែន​ទេ! ក្នុង​បរិបទ​នេះ ​«​បែប​រមទម​»​មាន​ន័យ​ថា​ប្អូន​ស្លៀក​ពាក់​តាម​របៀប​ដែល​បង្ហាញ​ថា​ប្អូន​ឲ្យ​តម្លៃ​ខ្លួន និង​គិត​ដល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ (​កូរិនថូស​ទី​២ ៦:៣​) តាម​ពិត​មាន​សម្លៀក​បំពាក់​ជា​ច្រើន​ប្រភេទ​ដែល​មាន​លក្ខណៈ​សមរម្យ​ថ្លៃ​ថ្នូរ។ ប្អូន​ស្រី​ដាញែល អាយុ​២៣​ឆ្នាំ និយាយ​ថា​៖ ​«​ពិត​មែន​ថា​ពិបាក​បន្តិច​ដើម្បី​រើស​ម៉ូត​ខោ​អាវ តែ​យើង​នៅ​តែ​អាច​ស្លៀក​ពាក់​ទាន់​សម័យ​បាន ដោយ​មិន​ចាំ​បាច់​ឡូយឆាយ​ដេញ​តាម​ម៉ូត​ដែល​មនុស្ស​និយម​ទេ​»។

● គម្ពីរ​ចែង​ថា នៅ​ពេល​តុបតែង​ខ្លួន ប្អូន​គួរ​ផ្ដោត​ទៅ​លើ​‹សម្រស់​ដែល​មាន​នៅ​ក្នុង​ចិត្ត›​វិញ។—ពេត្រុស​ទី​១ ៣:៤

ការ​ស្លៀក​ពាក់​មិន​សមរម្យ​អាច​ទាក់​ទាញ​ចិត្ត​គេ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ប៉ុន្តែ​សម្រស់​ក្នុង​ចិត្ត​របស់​ប្អូន​នឹង​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ និង​មនុស្ស​ស្រករ​ប្អូន​ឲ្យ​តម្លៃ​និង​គោរព​ប្អូន​ពិត​ប្រាកដ។ ប្អូន​ប្រហែល​ឆ្ងល់​ថា​‹មនុស្ស​ស្រករ​ខ្ញុំ​គោរព​ខ្ញុំ?›។ ចម្លើយ​គឺ​មែន! ពីព្រោះ​សូម្បី​តែ​មនុស្ស​ស្រករ​ប្អូន​ក៏​អាច​យល់​ថា អ្នក​ដែល​លេង​ស្ទីល​សម្លៀក​បំពាក់​ខ្លាំង​ពេក គឺ​ជា​អ្នក​ដែល​មិន​ចេះ​គិត​ពិចារណា។ យុវតី​ប៊្រីថានី អាយុ​១៦​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​ពិបាក​ភ្នែក​ណាស់ ពេល​ឃើញ​មនុស្ស​ស្រី​ព្យាយាម​ទាក់​ចិត្ត​មនុស្ស​ប្រុស​ដោយ​អ្វី​ដែល​ពួក​នាង​ស្លៀក​ពាក់​»។ ប្អូន​ស្រី​ខាយ​ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ ដោយ​និយាយ​អំពី​អតីត​មិត្ត​ភក្តិ​ស្រី​ថា​៖ ​«​គ្រប់​សម្លៀក​បំពាក់​ដែល​នាង​ស្លៀក ហាក់​ដូច​ជា​មាន​សញ្ញា​នៅ​ជាប់​ខ្លួន​នាង​ថា​‹មើល​មក​ខ្ញុំ›។ នាង​ចង់​ឲ្យ​ប្រុស​ៗ​ចាប់​អារម្មណ៍​ខ្លួន ដូច្នេះ​នាង​តែង​តែ​ស្លៀក​ពាក់​ដែល​ទាក់​ទាញ​ភ្នែក​គេ​បំផុត​»។

សុំ​យោបល់​ពី​ឪពុក​ម្ដាយ

ការ​លួច​ដាក់​សម្លៀក​បំពាក់​មិន​សមរម្យ​ក្នុង​កាតាប រួច​ផ្លាស់​ពេល​ចូល​ទៅ​សាលា​រៀន មិន​មែន​ជា​អ្វី​ដែល​ប្អូន​គួរ​ធ្វើ​នោះ​ទេ។ ប្អូន​នឹង​ទទួល​បាន​ទំនុក​ចិត្ត​ថែម​ទៀត​ពី​ឪពុក​ម្ដាយ បើ​ប្អូន​បើក​ចំហ​និង​មិន​លាក់​លៀម​ជា​មួយ​ពួក​គាត់ សូម្បី​តែ​រឿង​ដែល​ប្អូន​គិត​ថា​អាច​ឆ្លង​ផុត​ពី​ក្រសែ​ភ្នែក​ពួក​គាត់។ តាម​ពិត​ក្នុង​ករណី​ភាគ​ច្រើន ជា​ការ​ប្រសើរ​ក្នុង​ការ​សួរ​ឪពុក​ម្ដាយ​អំពី​សម្លៀក​បំពាក់​បែប​ណា​ដែល​ប្អូន​គួរ​ជ្រើស​រើស។ (​សុភាសិត ១៥:២២​) សូម​មើល​«​កម្រង​សំណួរ​អំពី​សម្លៀក​បំពាក់​»​ នៅ​ទំព័រ​៨២​និង​៨៣។

ប៉ុន្តែ ប្អូន​ប្រហែល​កំពុង​គិត​ថា​‹ហេតុ​អ្វី​ខ្ញុំ​ត្រូវ​សួរ​ប៉ា​ម៉ាក់? ពួក​គាត់​ច្បាស់​ជា​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ស្ទីល​សម្លៀក​បំពាក់​របស់​ពួក​គាត់›។ ប៉ុន្តែ នោះ​មិន​មែន​ជា​ការ​ពិត​ឡើយ។ ពិត​មែន​ថា​ឪពុក​ម្ដាយ​អាច​មាន​ទស្សនៈ​ខុស​ពី​ប្អូន តែ​ពេល​ខ្លះ​ប្អូន​ត្រូវ​ការ​យោបល់​ពី​ពួក​គាត់។ យុវតី​ណាត់ថឺឡឺន អាយុ​១៧​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​អរគុណ​ខ្លាំង​ណាស់​ដែល​ប៉ា​ម៉ាក់​បាន​ជូន​យោបល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​ចង់​ស្លៀក​ពាក់​ម៉ូត​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​អាម៉ាស់​មុខ ឬ​ឲ្យ​គេ​និយាយ​ដើម​នោះ​ទេ​»។

លើស​ពី​នេះ​ទៅ​ទៀត សូម​ប្អូន​ចាំ​ថា ដរាប​ណា​ប្អូន​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ឪពុក​ម្ដាយ នោះ​ប្អូន​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​គាត់។ (​កូឡុស ៣:២០​) ប៉ុន្តែ ពេល​ដែល​ប្អូន​យល់​ពី​ទស្សនៈ​របស់​ឪពុក​ម្ដាយ ហើយ​ឪពុក​ម្ដាយ​យល់​ពី​ទស្សនៈ​របស់​ប្អូន នោះ​ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​យល់​ស្រប​គ្នា។ យូរ​ៗ​ទៅ ប្អូន​និង​ឪពុក​ម្ដាយ​នឹង​លែង​ទាស់​សម្ដី​គ្នា​អំពី​រឿង​ស្លៀក​ពាក់​ទៀត!

យោបល់​អំពី​ម៉ូត​សម្លៀក​បំពាក់​៖ ពេល​ប្អូន​កំពុង​ល​ខោ​អាវ កុំ​គ្រាន់​តែ​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់​ប៉ុណ្ណោះ តែ​សូម​សាក​ដើរ អង្គុយ ឬ​ឱន​រើស​អ្វី​មួយ ដើម្បី​ដឹង​ថា​ខោ​អាវ​នោះ​សមរម្យ​ឬ​យ៉ាង​ណា។ បើ​អាច សូម​សួរ​ឪពុក​ម្ដាយ​ឬ​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ។

ក្នុង​ជំពូក​បន្ទាប់

បើ​ប្អូន​មិន​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង តើ​ប្អូន​គួរ​ធ្វើ​យ៉ាង​ណា?

[​កំណត់​សម្គាល់​]

a ទោះ​ជា​ដំបូន្មាន​ក្នុង​បទ​គម្ពីរ​នេះ​សម្រាប់​នារី​ក៏​ដោយ ប៉ុន្តែ​គោល​ការណ៍​នេះ​ក៏​បាន​ត្រូវ​អនុវត្ត​ចំពោះ​បុរស​ដែរ។

បទ​គម្ពីរ​សំខាន់

​«​កុំ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​សម្រស់​ខាង​ក្រៅ​ឡើយ ពោល​គឺ . . . ពាក់​សម្លៀក​បំពាក់​ប្រណីត តែ​ចូរ​ឲ្យ​សម្រស់​របស់​អ្នក​រាល់​គ្នា​ជា​អ្វី​ក្នុង​ចិត្ត​វិញ​»។—ពេត្រុស​ទី​១ ៣:៣, ៤

យោបល់

កុំ​ស្លៀក​ពាក់​ម៉ូត​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើប​ស្រាល ព្រោះ​គេ​អាច​គិត​ថា​ប្អូន​ចង់​បាន​ស្នេហា និង​ចង់​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

តើ​ប្អូន​ដឹង​ទេ . . . ?

ការ​ស្លៀក​ពាក់​របស់​ប្អូន ច្រើន​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ភ្លាម​ថា​ប្អូន​ជា​មនុស្ស​បែប​ណា។

គម្រោង​អនុវត្ត!

បើ​ខ្ញុំ​ចង់​ទិញ​សម្លៀក​បំពាក់​ណា​មួយ ខ្ញុំ​ចង់​សុំ​យោបល់​ពី​(​សរសេរ​ឈ្មោះ​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្តិ​ដែល​មាន​ភាព​ចាស់​ទុំ​) ․․․․․

បើ​ខ្ញុំ​ទិញ​ខោ​អាវ​លើក​ក្រោយ ខ្ញុំ​នឹង​ពិចារណា​ចំណុច​ដូច​ត​ទៅ​៖ ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ឪពុក​ម្ដាយ​និង​កូន​វ័យ​ជំទង់​ឧស្សាហ៍​ខ្វែង​គំនិត​គ្នា​អំពី​ការ​ស្លៀក​ពាក់?

● តើ​ការ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​សម្លៀក​បំពាក់​ជួយ​ប្អូន​ឲ្យ​រៀន​អ្វី​ខ្លះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨១​]

​«​យុវតី​ណាត់ថឺឡឺន ប្រាប់​ថា​៖ ‹ពេល​ខ្ញុំ​ឃើញ​ស្រី​ៗ​ស្លៀក​ពាក់​មិន​សមរម្យ ខ្ញុំ​មាន​អារម្មណ៍​ថា​តម្លៃ​របស់​ពួក​នាង​ធ្លាក់​ចុះ។ ប៉ុន្តែ ពេល​ខ្ញុំ​ឃើញ​មនុស្ស​ស្លៀក​ពាក់​ថ្លៃ​ថ្នូរ​និង​គួរ​ឲ្យ​ស្រឡាញ់ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​‹ខ្ញុំ​ក៏​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ខ្ញុំ​ដូច​នោះ​ដែរ›​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​៨២, ៨៣​]

ក្រដាស​លំហាត់

កម្រង​សំណួរ​អំពី​សម្លៀក​បំពាក់

របៀប​ប្រើ​៖ សូម​ថត​ចម្លង​ទំព័រ​ទាំង​នេះ បន្ទាប់​មក​ឲ្យ​ឪពុក​ម្ដាយ​បំពេញ​ចម្លើយ​ក្នុង​ចន្លោះ​នៅ​ទំព័រ​ខាង​ស្ដាំ ហើយ​ប្អូន​បំពេញ​នៅ​ទំព័រ​ខាង​ឆ្វេង។ ក្រោយ​ពី​ប្អូន​និង​ឪពុក​ម្ដាយ​បាន​បំពេញ​រួច សូម​ប្ដូរ​ក្រដាស​គ្នា ហើយ​ពិភាក្សា​នូវ​ចម្លើយ​ក្នុង​ក្រដាស​នោះ។ តើ​មាន​ចំណុច​ណា​ដែល​ធ្វើ​ឲ្យ​ប្អូន​ភ្ញាក់​ផ្អើល​ឬ​ទេ? តើ​ប្អូន​និង​ឪពុក​ម្ដាយ​បាន​យល់​អ្វី​ខ្លះ​ពី​ទស្សនៈ​របស់​ភាគី​ម្ខាង​ៗ​?

សម្រាប់​ប្អូន សូម​គិត​អំពី​សម្លៀក​បំពាក់​ណា​មួយ​ដែល​ប្អូន​ចង់​ស្លៀក​ឬ​ចង់​ទិញ។

ហេតុ​អ្វី​ប្អូន​ចូល​ចិត្ត​សម្លៀក​បំពាក់​នោះ? សូម​ដាក់​លេខ​តាម​លំដាប់​ដែល​ប្អូន​ចូល​ចិត្ត។

․․․․․ ម៉ាក​ផលិតផល

․․․․․ ទាក់​ទាញ​មនុស្ស​ភេទ​ផ្ទុយ

․․․․․ ចុះ​ចំណោម​មនុស្ស​ស្រករ​គ្នា

․․․․․ ស្រួល​ពាក់

․․․․․ តម្លៃ

․․․․․ ផ្សេង​ទៀត ․․․․․

ពេល​ឃើញ​សម្លៀក​បំពាក់​នោះ​ដំបូង ឪពុក​ម្ដាយ​ខ្ញុំ​ប្រហែល​ជា​និយាយ​ថា

□ ​«​មិន​បាន​ដាច់​ខាត!​»។

□ ​«​ប្រហែល​បាន​»។

□ ​«​គ្មាន​បញ្ហា​សោះ​»។

បើ​ឪពុក​ម្ដាយ​ប្អូន​មិន​ពេញ​ចិត្ត​សម្លៀក​បំពាក់​នោះ ប្រហែល​ជា​ដោយ​សារ​តែ

□ ​«​លេច​លើ​លេច​ក្រោម​ពេក!​»។

□ ​«​រខេក​រខាក​ពេក​»។

□ ​«​ម៉ូត​ទាន់​សម័យ​ពេក​»។

□ ​«​បំបាក់​មុខ​ម៉ែ​ឪ​»។

□ ​«​ថ្លៃ​ពេក​»។

□ ផ្សេង​ទៀត ․․․․․

សូម​ទាំង​ឪពុក​ម្ដាយ​និង​កូន ពិភាក្សា​គ្នា​អំពី​រឿង​នេះ។

តើ​ការ​គិត​អំពី​ទស្សនៈ​របស់​ឪពុក​ម្ដាយ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?

․․․․․

តើ​គួរ​ច្នៃ​សម្លៀក​បំពាក់​នោះ​យ៉ាង​ណា​ដើម្បី​ឲ្យ​មើល​ទៅ​សមរម្យ​ជាង?

․․․․․

សម្រាប់​ឪពុក​ម្ដាយ សូម​គិត​អំពី​សម្លៀក​បំពាក់​ណា​មួយ​ដែល​កូន​របស់​អ្នក​ចង់​ស្លៀក​ឬ​ចង់​ទិញ។

ហេតុ​អ្វី​បាន​ជា​កូន​របស់​អ្នក​ចូល​ចិត្ត​សម្លៀក​បំពាក់​នោះ? សូម​ដាក់​លេខ​តាម​លំដាប់​ដែល​កូន​ចូល​ចិត្ត។

․․․․․ ម៉ាក​ផលិតផល

․․․․․ ទាក់​ទាញ​មនុស្ស​ភេទ​ផ្ទុយ

․․․․․ ចុះ​ចំណោម​មនុស្ស​ស្រករ​គ្នា

․․․․․ ស្រួល​ពាក់

․․․․․ តម្លៃ

․․․․․ ផ្សេង​ទៀត ․․․․․

ពេល​ឃើញ​សម្លៀក​បំពាក់​នោះ​ដំបូង ខ្ញុំ​និយាយ​ថា

□ ​«​មិន​បាន​ដាច់​ខាត!​»។

□ ​«​ប្រហែល​បាន​»។

□ ​«​គ្មាន​បញ្ហា​សោះ​»។

ខ្ញុំ​មិន​ចូល​ចិត្ត​សម្លៀក​បំពាក់​នោះ ដោយ​សារ​តែ

□ ​«​លេច​លើ​លេច​ក្រោម​ខ្លាំង​ពេក​»។

□ ​«​រខេក​រខាក​ពេក​»។

□ ​«​ម៉ូត​ទាន់​សម័យ​ពេក​»។

□ ​«​បំបាក់​មុខ​ម៉ែ​ឪ​»។

□ ​«​ថ្លៃ​ពេក​»។

□ ផ្សេង​ទៀត ․․․․․

សូម​ទាំង​ឪពុក​ម្ដាយ​និង​កូន ពិភាក្សា​គ្នា​អំពី​រឿង​នេះ។

តើ​ខ្ញុំ​មិន​ចូល​ចិត្ត​សម្លៀក​បំពាក់​នោះ ដោយ​សារ​ម៉ូត​មិន​ត្រូវ​ចិត្ត​ខ្ញុំ​ឬ?

□ មែន □ ប្រហែល □ មិន​មែន​ទេ

តើ​គួរ​ច្នៃ​សម្លៀក​បំពាក់​នោះ​យ៉ាង​ណា​ដើម្បី​ឲ្យ​មើល​ទៅ​សមរម្យ​ជាង?

․․․․․

សម្រេច​ថា ․․․․․

[​ប្រអប់​នៅ​ទំព័រ​៨៤​]

ចុះ​យុវជន​វិញ?

គោល​ការណ៍​គម្ពីរ​ក្នុង​ជំពូក​នេះ ក៏​អនុវត្ត​ចំពោះ​យុវជន​ដែរ។ សូម​ប្អូន​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ ដោយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​នូវ​សម្រស់​ខាង​ក្នុង​ចិត្ត​ប្អូន។ ពេល​ប្អូន​ជ្រើស​រើស​សម្លៀក​បំពាក់ សូម​សួរ​ខ្លួន​ថា​‹បើ​ខ្ញុំ​ស្លៀក​ពាក់​បែប​នេះ តើ​អ្នក​ឯ​ទៀត​នឹង​និយាយ​អ្វី​អំពី​ខ្ញុំ? តើ​សម្លៀក​បំពាក់​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ខ្ញុំ ឬ​ដូច​ជា​អ្នក​ណា?›។ សូម​ចាំ​ថា សម្លៀក​បំពាក់​ដែល​ប្អូន​ស្លៀក​បង្ហាញ​ថា​ប្អូន​ជា​មនុស្ស​បែប​ណា។ ហេតុ​នេះ ប្អូន​ត្រូវ​ប្រាកដ​ថា​ការ​ស្លៀក​ពាក់​របស់​ប្អូន​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​ប្អូន​ជឿ!

[​រូបភាព​នៅ​ទំព័រ​៨០​]

សម្លៀក​បំពាក់​ដែល​យើង​ស្លៀក គឺ​ដូច​ជា​ស្លាក​សញ្ញា​ដែល​ប្រាប់​គេ​ថា​យើង​ជា​មនុស្ស​បែប​ណា។ ចុះ​តើ​«​ស្លាក​សញ្ញា​»​របស់​ប្អូន​បង្ហាញ​យ៉ាង​ណា​អំពី​ប្អូន?