លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើតាមរបៀបណាខ្ញុំអាចមានទំនុកចិត្តជាង?

តើតាមរបៀបណាខ្ញុំអាចមានទំនុកចិត្តជាង?

ជំពូក​ទី​១២

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​មាន​ទំនុក​ចិត្ត​ជាង?

មែន ទេ

ពេល​ប្អូន​ឆ្លុះ​កញ្ចក់ តើ​ប្អូន​ពេញ​ចិត្ត​ខ្លួន​ឯង​ឬ​ទេ? □ □

តើ​ប្អូន​គិត​ថា​ខ្លួន​មាន​ទេព​កោសល្យ​ណា​មួយ​ទេ? □ □

តើ​ប្អូន​អាច​យក​ឈ្នះ​ការ​បង្ខិត​បង្ខំ​ពី​មិត្ត​ភក្តិ​ឬ​ទេ? □ □

តើ​ប្អូន​ព្រម​ទទួល​យក​ពាក្យ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ទេ? □ □

ពេល​អ្នក​ឯ​ទៀត​យល់​ខុស​ចំពោះ​ប្អូន តើ​ប្អូន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​បាន​ឬ​ទេ? □ □

តើ​ប្អូន​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​ស្រឡាញ់​ប្អូន​ឬ​ទេ? □ □

តើ​ប្អូន​ថែ​សុខភាព​ខ្លួន​ទេ? □ □

ពេល​អ្នក​ឯ​ទៀត​ជោគ​ជ័យ តើ​ប្អូន​សប្បាយ​ចិត្ត​ទេ? □ □

តើ​ប្អូន​គិត​ថា​ខ្លួន​ធ្វើ​បាន​ល្អ​ឬ​ទេ? □ □

បើ​ប្អូន​ឆ្លើយ​ថា​«​ទេ​»​ចំពោះ​សំណួរ​មួយ​ចំនួន​ខាង​លើ នេះ​បង្ហាញ​ថា​ប្អូន​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង រហូត​ដល់​មិន​អាច​មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន។ ជំពូក​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​រក​ឃើញ​ភាព​ខ្លាំង​របស់​ប្អូន!

យុវវ័យ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​រូប​រាង និង​សមត្ថភាព​របស់​ខ្លួន​ទេ ហើយ​ថែម​ទាំង​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ឯ​ទៀត។ តើ​ប្អូន​មាន​អារម្មណ៍​ដូច​នោះ​ទេ? តាម​ពិត យុវវ័យ​ជា​ច្រើន​មាន​អារម្មណ៍​ដូច​នោះ!

ឡេទីស្យា និយាយ​ថា​៖«​ចំណុច​ខ្វះ​ខាត​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​តម្លៃ។ ខ្ញុំ​ជា​អ្នក​ដែល​រិះ​គន់​ខ្លួន​ឯង​ខ្លាំង​ជាង​គេ​»។

ហេលី និយាយ​ថា​៖«​មិន​ថា​យើង​ស្អាត​ឬ​សង្ហា​ប៉ុណ្ណា​ទេ យើង​នៅ​តែ​គិត​ថា​ខ្លួន​មិន​ស្អាត​ដូច​អ្នក​ឯ​ទៀត​»។

រេឆឺល និយាយ​ថា​៖«​ខ្ញុំ​ចេះ​តែ​ខ្មាស​ពេល​នៅ​មុខ​គេ។ ខ្ញុំ​ខ្លាច​គេ​គិត​ថា ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​»។

បើ​ប្អូន​មាន​អារម្មណ៍​បែប​នោះ កុំ​បាក់​ទឹក​ចិត្ត។ សូម​ពិចារណា​វិធី​បី​យ៉ាង​ដែល​នឹង​ជួយ​ប្អូន​ឲ្យ​មាន​ទំនុក​ចិត្ត និង​មាន​ទស្សនៈ​វិជ្ជមាន​ចំពោះ​ខ្លួន​ច្រើន​ជាង។

ជួយ​អ្នក​ឯ​ទៀត

បទ​គម្ពីរ​គោល​៖ ​«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

នេះ​មាន​ន័យ​ថា​៖ ពេល​ប្អូន​ជួយ​អ្នក​ឯ​ទៀត នោះ​ប្រៀប​ដូច​ជា​ប្អូន​កំពុង​ជួយ​ខ្លួន​ឯង។ តើ​តាម​របៀប​ណា? សុភាសិត​ក្នុង​គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ចិត្ត​ល្អ​នឹង​ចម្រុង​ចម្រើន ហើយ​អ្នក​ណា​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឯ​ទៀត អ្នក​នោះ​នឹង​ទទួល​កម្លាំង​ចិត្ត​ដែរ​»។ (​សុភាសិត ១១:២៥​) ជា​ការ​ពិត​ណាស់ ពេល​ប្អូន​ជួយ​អ្នក​ឯ​ទៀត ប្អូន​នឹង​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​ខ្លួន​ឯង ហើយ​ឃើញ​ថា​ខ្លួន​ជា​មនុស្ស​មាន​ប្រយោជន៍! a

ប៊្រីអាណា និយាយ​ថា​៖«​ខ្ញុំ​ព្យាយាម​ជួយ​គេ ហើយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​ត្រូវ​ការ​ជំនួយ។ ពេល​ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​»។

ចាវ៉ុន និយាយ​ថា​៖«​ពេល​ខ្ញុំ​ចូល​រួម​ផ្សព្វ​ផ្សាយ ខ្ញុំ​អាច​ឈប់​គិត​អំពី​ខ្លួន​ឯង ហើយ​ចាប់​ផ្ដើម​គិត​អំពី​អ្នក​ឯ​ទៀត​វិញ។ នេះ​ពិត​ជា​ជួយ​ខ្ញុំ​ច្រើន​ណាស់​»។

ប្រយ័ត្ន​៖ ពេល​ជួយ​គេ កុំ​ហុត​ទឹក​សម្លឹង​កាក។ (​ម៉ាថាយ ៦:២​-​៤​) គឺ​គ្មាន​ប្រយោជន៍​ឡើយ បើ​ឲ្យ​ដោយ​ចេតនា​មិន​ត្រឹម​ត្រូវ។ ជា​រឿយ​ៗ គេ​អាច​ដឹង​ថា​ការ​ជួយ​នោះ ធ្វើ​ឡើង​ដោយ​ចិត្ត​ស្មោះ​ឬ​មិន​ស្មោះ!—ថែស្សាឡូនិច​ទី​១ ២:៥, ៦

ចាត់​វិធានការ​៖ នឹក​គិត​អំពី​មនុស្ស​ដែល​ប្អូន​ធ្លាប់​ជួយ។ តើ​គាត់​ជា​នរណា? ហើយ​តើ​ប្អូន​បាន​ធ្វើ​អ្វី​សម្រាប់​គាត់?

․․․․․

បន្ទាប់​ពី​បាន​ជួយ​គាត់ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា?

․․․․․

សូម​គិត​អំពី​អ្នក​ផ្សេង​ទៀត​ដែល​ប្អូន​អាច​ជួយ ហើយ​សរសេរ​អំពី​របៀប​ដែល​ប្អូន​អាច​ជួយ​គាត់។

․․․․․

ការ​រាប់​អាន​មិត្ត​ភក្តិ

បទ​គម្ពីរ​គោល​៖ ​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

នេះ​មាន​ន័យ​ថា​៖ មិត្ត​ល្អ​អាច​ជា​ជំនួយ​ដ៏​ប្រសើរ​ក្នុង​គ្រា​លំបាក។ (​សាំយូអែល​ទី​១ ១៨:១; ១៩:២​) គ្រាន់​តែ​គិត​ថា​មាន​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង នោះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ដែរ។ (​កូរិនថូស​ទី​១ ១៦:១៧, ១៨​) ដូច្នេះ សូម​នៅ​ជិត​ស្និទ្ធ​នឹង​អស់​អ្នក​ដែល​មាន​ឥទ្ធិពល​ល្អ​មក​លើ​ប្អូន និង​ដែល​អាច​ជួយ​លើក​ទឹក​ចិត្ត​ប្អូន។

ឌនអឺល ប្រាប់​ថា​៖«​មិត្ត​ពិត​មិន​បំបាក់​ទឹក​ចិត្ត​យើង​ឡើយ​»។

ហេធើ ប្រាប់​ថា​៖«​ពេល​ខ្លះ​ការ​ដឹង​ថា​មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ដោយ​ស្មោះ នោះ​គឺ​ជា​ការ​គាំទ្រ​ធំ​បំផុត ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ​»។

ប្រយ័ត្ន​៖ សូម​ជ្រើស​រើស​មិត្ត​ដែល​ឲ្យ​ប្អូន​ធ្វើ​ជា​ខ្លួន​ប្អូន មិន​មែន​ជា​មិត្ត​ដែល​បង្ខំ​ប្អូន​ឲ្យ​ធ្វើ​តាម​គេ​ឡើយ។ (​សុភាសិត ១៣:២០; ១៨:២៤; កូរិនថូស​ទី​១ ១៥:៣៣​) ការ​ធ្វើ​អ្វី​ឆោត​ល្ងង់​ដើម្បី​ទ្រ​គេ​ឬ​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត មាន​តែ​ធ្វើ​ឲ្យ​ប្អូន​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ និង​ឲ្យ​គេ​ប្រើ​ប្រាស់​ប៉ុណ្ណោះ។—រ៉ូម ៦:២១

ចាត់​វិធានការ​៖ សរសេរ​ឈ្មោះ​មិត្ត​ម្នាក់​ដែល​អាច​ជួយ​ប្អូន​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

․․․․․

សូម​ចំណាយ​ពេល​សេព​គប់​ជា​មួយ​គាត់​ដើម្បី​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ (​ចំណាំ​៖ គាត់​មិន​ចាំ​បាច់​តែ​មាន​អាយុ​ស្រករ​ប្អូន​ទេ​)។

បើ​ដួល ត្រូវ​ក្រោក​ឡើង​វិញ

បទ​គម្ពីរ​គោល​៖ ​«​គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស ហើយ​មិន​ដល់​កម្រិត​កំណត់​នៃ​សិរី​រុង​រឿង​របស់​ព្រះ​ទេ​»។—រ៉ូម ៣:២៣

នេះ​មាន​ន័យ​ថា​៖ មនុស្ស​ទាំង​អស់ រួម​ទាំង​ប្អូន​ដែរ​គឺ​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ ពេល​ខ្លះ​ប្អូន​អាច​និយាយ​ឬ​ធ្វើ​ខុស។ (​រ៉ូម ៧:២១​-​២៣; យ៉ាកុប ៣:២​) គ្មាន​អ្នក​ណា​ម្នាក់​មិន​ចេះ​ធ្វើ​ខុស​ទេ តែ​សំខាន់​ពេល​ដែល​ប្អូន​ធ្វើ​ខុស តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​សុចរិត​ដួល​៧​ដង​ក៏​ដោយ គង់​តែ​គាត់​នឹង​ក្រោក​ឡើង​វិញ​បាន​»។—សុភាសិត ២៤:១៦

ខេវិន និយាយ​ថា​៖«​ពេល​ខ្លះ​ខ្ញុំ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដោយ​សារ​ខ្ញុំ​ប្រៀប​ធៀប​ចំណុច​ខ្សោយ​របស់​ខ្ញុំ​ជា​មួយ​នឹង​ចំណុច​ខ្លាំង​របស់​អ្នក​ឯ​ទៀត​»។

ឡូរេន និយាយ​ថា​៖«​មនុស្ស​ទាំង​អស់​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ។ ដូច្នេះ យើង​គួរ​មាន​មោទនភាព​ចំពោះ​ចំណុច​ល្អ​របស់​ខ្លួន ហើយ​ព្យាយាម​កែ​ប្រែ​ចំណុច​មិន​ល្អ​»។

ប្រយ័ត្ន​៖ កុំ​ប្រើ​ចំណុច​ខ្វះ​ខាត​ឬ​ភាព​ខ្សោយ​របស់​ខ្លួន​ជា​លេស ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ។ (​កាឡាទី ៥:១៣​) បើ​យើង​ធ្វើ​ខុស​ដោយ​ចេតនា យើង​នឹង​បាត់​បង់​អ្វី​ដែល​មាន​តម្លៃ​បំផុត នោះ​គឺ​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា!—ហេប្រឺ ១០:២៦, ២៧

ចាត់​វិធានការ​៖ សរសេរ​គុណ​សម្បត្តិ​មួយ​ដែល​ប្អូន​ចង់​រីក​ចម្រើន។

․․․․․

សូម​កត់​ថ្ងៃ​ខែ​នៅ​ជិត​គុណ​សម្បត្តិ​នោះ។ រួច​ស្រាវ​ជ្រាវ​រក​វិធី​បណ្ដុះ​គុណ​សម្បត្តិ​នោះ។ បន្ទាប់​ពី​បាន​មួយ​ខែ សូម​មើល​ថា​ប្អូន​បាន​រីក​ចម្រើន​ប៉ុណ្ណា​ហើយ។

តម្លៃ​ពិត​របស់​ប្អូន

គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​ធំ​ជាង​ចិត្ត​របស់​យើង​»។ (​យ៉ូហាន​ទី​១ ៣:២០​) នេះ​មាន​ន័យ​ថា ព្រះ​អាច​ឃើញ​តម្លៃ​របស់​ប្អូន ទោះ​ជា​ប្អូន​ប្រហែល​ជា​មិន​ឃើញ​តម្លៃ​របស់​ខ្លួន​ក៏​ដោយ។ ប៉ុន្តែ តើ​ចំណុច​ខ្វះ​ខាត​របស់​ប្អូន​នឹង​ធ្វើ​ឲ្យ​ប្អូន​លែង​មាន​តម្លៃ​ឬ? សូម​គិត​ឧទាហរណ៍​មួយ បើ​ប្អូន​មាន​ក្រដាស​ប្រាក់​១០០​ដុល្លា​អាម៉េរិក តែ​លុយ​នោះ​មាន​ស្នាម​រហែក​បន្តិច តើ​ប្អូន​នឹង​បោះ​វា​ចោល​ឬ​គិត​ថា​វា​គ្មាន​តម្លៃ​ទេ? ប្រាកដ​ជា​អត់​ទេ! វា​នៅ​តែ​មាន​តម្លៃ​១០០​ដុល្លា​អាម៉េរិក មិន​ថា​មាន​ស្នាម​រហែក​ឬ​មិន​មាន។

ស្រដៀង​គ្នា​ដែរ ចំណុច​ខ្វះ​ខាត​របស់​ប្អូន​មិន​បាន​ធ្វើ​ឲ្យ​ប្អូន​លែង​មាន​តម្លៃ​ក្នុង​ក្រសែ​ភ្នែក​របស់​ព្រះ​ឡើយ។ នៅ​ពេល​ប្អូន​ខិត​ខំ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត ទោះ​ជា​នោះ​ហាក់​ដូច​ជា​តូច​តាច​សម្រាប់​ប្អូន​ក្ដី តែ​លោក​កត់​សម្គាល់​និង​ដឹង​គុណ​ប្អូន! បន្ថែម​ទៅ​ទៀត គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​ប្អូន​ថា​៖ ​«​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក​ឡើយ​»។—ហេប្រឺ ៦:១០

នៅ​ជំពូក​បន្ទាប់

តើ​ពេល​ខ្លះ​ប្អូន​មាន​អារម្មណ៍​ក្រៀម​ក្រំ​ខ្លាំង​ឬ​ទេ? បើ​ដូច្នេះ តើ​ប្អូន​គួរ​ធ្វើ​អ្វី?

[​កំណត់​សម្គាល់​]

a បើ​ប្អូន​ជា​សាក្សី​ព្រះ​យេហូវ៉ា សូម​គិត​អំពី​អំណរ​ដ៏​លើស​លប់​ដែល​ប្អូន​អាច​ទទួល​បាន​ពី​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​រាជាណាចក្រ។—អេសាយ ៥២:៧

បទ​គម្ពីរ​សំខាន់

​«​ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ខ្លួន​ផ្ទាល់ ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​»។—កាឡាទី ៦:៤

យោបល់

កុំ​វាយ​តម្លៃ​ខ្លួន​ថា​ជា​‹មនុស្ស​មិន​បាន​ការ› ឬ​‹ធ្វើ​អ្វី​តែង​តែ​ខុស›។ ការ​មាន​ទស្សនៈ​បំផ្លើស​បែប​នេះ មាន​តែ​ធ្វើ​ឲ្យ​ប្អូន​បាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង។ ទោះ​ជា​ប្អូន​ដឹង​ថា​ខ្លួន​មាន​គុណ​វិបត្តិ​ក៏​ដោយ ប្អូន​ក៏​ត្រូវ​ដឹង​ថា​ខ្លួន​មាន​គុណ​សម្បត្តិ​ដែរ។

តើ​ប្អូន​ដឹង​ទេ . . . ?

របៀប​ដែល​ប្អូន​វាយ​តម្លៃ​ខ្លួន អាច​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​អ្នក​ឯ​ទៀត​គិត និង​ប្រព្រឹត្ត​មក​លើ​ប្អូន។

គម្រោង​អនុវត្ត!

ពេល​មនុស្ស​ស្រករ​គ្នា​មើល​ងាយ​ខ្ញុំ ខ្ញុំ​នឹង ․․․․․

ពេល​ខ្ញុំ​មើល​ឃើញ​តែ​ចំណុច​ខ្សោយ​របស់​ខ្លួន ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ជា​រឿយ​ៗ​យុវវ័យ​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង?

● ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ប្អូន​ត្រូវ​ឲ្យ​តម្លៃ​ខ្លួន?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៨៨​]

​«​អាលីសឺ ប្រាប់​ថា​៖ ‹មាន​មនុស្ស​ខ្លះ​ស្អាត​ណាស់ តែ​គិត​ថា​ខ្លួន​អាក្រក់។ មាន​មនុស្ស​ខ្លះ​ទៀត​មិន​សូវ​ស្អាត​ទេ តែ​គិត​ថា​ខ្លួន​ឯង​ស្អាត​ជាង​គេ។ អ្វី​ៗ​ទាំង​នេះ​ទាក់​ទង​នឹង​ការ​យល់​ឃើញ​របស់​ខ្លួន›​»​

[​រូបភាព​នៅ​ទំព័រ​៩០​]

តម្លៃ​លុយ​មិន​បាត់​បង់ ព្រោះ​តែ​វា​រហែក​បន្តិច​នោះ​ទេ។ តម្លៃ​របស់​ប្អូន​ក៏​មិន​បាន​បាត់​បង់​ក្នុង​ក្រសែ​ភ្នែក​របស់​ព្រះ ដោយ​សារ​តែ​ចំណុច​ខ្វះ​ខាត​របស់​ប្អូន​ដែរ