តើធ្វើយ៉ាងណាទើបឈប់ក្រៀមក្រំ?
ជំពូកទី១៣
តើធ្វើយ៉ាងណាទើបឈប់ក្រៀមក្រំ?
យុវតីខេលី ប្រាប់ថា៖ «ពេលអ្នកឯទៀតមានបញ្ហា ខ្ញុំតែងនៅជិតនិយាយលួងលោមនិងលើកទឹកចិត្តពួកគេ។ ប៉ុន្តែអ្វីដែលពួកគេមិនសូវដឹង គឺពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំចូលបន្ទប់ហើយយំតែម្នាក់ឯង»។
យុវជនរីក ប្រាប់ថា៖ «ពេលខ្ញុំក្រៀមក្រំ ខ្ញុំចូលចិត្តនៅម្នាក់ឯង។ បើមានអ្នកណាហៅខ្ញុំទៅណាឬធ្វើអ្វីមួយ ខ្ញុំរកលេសមិនទៅជាមួយពួកគេ។ ពេលនៅមុខក្រុមគ្រួសារ ខ្ញុំធ្វើដូចធម្មតា។ ដូច្នេះ គ្រប់គ្នាគិតថាខ្ញុំមិនកើតអីទេ»។
តើប្អូនមានអារម្មណ៍ដូចខេលីនិងរីកឬទេ? បើមែន កុំឆាប់សន្និដ្ឋានថាប្អូនខុសពីគេ។ តាមពិត ម្ដងម្កាលយើងទាំងអស់គ្នាកើតទុក្ខនិងសោកសៅ។ សូម្បីតែមនុស្សស្មោះត្រង់នៅសម័យគម្ពីរ ក៏ធ្លាប់មានអារម្មណ៍ដូចនោះដែរ។—សាំយូអែលទី១ ១:៦-៨; ចម្រៀងសរសើរព្រះ ៣៥:១៤
ពេលខ្លះប្អូនប្រហែលជាដឹងមូលហេតុដែលធ្វើឲ្យប្អូនកើតទុក្ខ តែពេលខ្លះប្អូនក៏ប្រហែលជាមិនដឹងដែរ។ ប្អូនស្រីអាណា អាយុ១៩ឆ្នាំ ប្រាប់ថា៖ «មិនចាំបាច់តែមានបញ្ហាធ្ងន់ ទើបពិបាកចិត្តនោះទេ សូម្បីតែអត់មានរឿងអីសោះ ស្រាប់តែមានអារម្មណ៍ក្រៀមក្រំឬព្រួយចិត្តភ្លាមតែម្ដង។ នោះដូចជាចម្លែក តែវាជាការពិត!»។
ទោះជាមានមូលហេតុឬគ្មានមូលហេតុក៏ដោយ តើប្អូនអាចធ្វើយ៉ាងណាពេលប្អូនពិបាកចិត្តខ្លាំង? សូមសាកធ្វើតាមយោបល់ដូចតទៅ៖
១. ប្រាប់អ្នកណាម្នាក់។ ក្នុងគម្ពីរ ពេលយ៉ូបជួបរឿងខ្លោចផ្សាយ៉ាងខ្លាំង គាត់បានពោលថា៖ «ខ្ញុំនឹងបរិយាយអំពីទុក្ខធ្ងន់របស់ខ្ញុំចេញមក!»។—យ៉ូប ១០:១
ប្អូនខេលី រៀបរាប់ថា៖ «ពេលដែលខ្ញុំបាននិយាយប្រាប់អ្នកណាម្នាក់ ខ្ញុំមានអារម្មណ៍ធូរស្រាលជាខ្លាំង។ យ៉ាងហោចណាស់ មានអ្នកដែលអាចយល់អារម្មណ៍ខ្ញុំ។ នេះប្រៀបដូចជាមនុស្សម្នាក់ទម្លាក់ខ្សែទាញខ្ញុំចេញពីអណ្ដូង!»។
យោបល់៖ សូមសរសេរឈ្មោះនរណាម្នាក់ដែលប្អូនអាចនិយាយជាមួយ នៅពេលប្អូនសោកសៅ។
․․․․․
២. សរសេរអារម្មណ៍ចេញមក។ បើភាពសោកសៅធ្វើឲ្យប្អូនមានគំនិតទុទ្ទិដ្ឋិនិយម ប្អូនអាចបង្ហាញអារម្មណ៍របស់ខ្លួនជាសំណេរ។ នៅក្នុងចម្រៀងសរសើរព្រះយើងឃើញថា ពេលខ្លះដាវីឌបានរៀបរាប់ពីទុក្ខព្រួយរបស់គាត់។ (ចម្រៀងសរសើរព្រះ ៦:៦) ការសរសេរអំពីអារម្មណ៍របស់ប្អូន អាចជួយប្អូនឲ្យ«រក្សាទុកប្រាជ្ញា ហើយការពារសមត្ថភាពរិះគិត»។—សុភាសិត ៣:២១
ប្អូនហេធើ ប្រាប់ថា៖ «ពេលខ្ញុំក្រៀមក្រំ ខ្ញុំគិតអ្វីក៏មិនចេញដែរ តែសំណេរអាចបញ្ចេញគំនិតរបស់ខ្ញុំ។ ពេលអ្នកសរសេរពីអារម្មណ៍របស់ខ្លួន ហើយព្យាយាមយល់ពីមូលហេតុដែលអ្នកមានអារម្មណ៍បែបនោះ ភាពសោកសៅក៏រលាយទៅបន្តិចម្ដងៗ»។
ទំព័រ៩៣ ដើម្បីប្អូនអាចដឹងពីដំណោះស្រាយចំពោះបញ្ហានីមួយៗដែលប្អូនជួបប្រទះ។ នេះនឹងជួយប្អូនឲ្យមានអារម្មណ៍ធូរស្រាល។
យោបល់៖ សូមប្រើតារាងនៅ៣. អធិដ្ឋាន។ គម្ពីរចែងថា បើប្អូនអធិដ្ឋានជម្រាបព្រះអំពីកង្វល់របស់ប្អូន នោះ‹សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្តនិងសមត្ថភាពរិះគិតរបស់ប្អូន›។—ភីលីព ៤:៦, ៧
ប្អូនអេសធើរ និយាយថា៖ «ខ្ញុំនៅតែមិនដឹងពីមូលហេតុដែលខ្ញុំពិបាកចិត្ត។ ខ្ញុំធុញនឹងខ្លួនឯងដែលក្រៀមក្រំគ្មានមូលហេតុ។ ដូច្នេះ ខ្ញុំអធិដ្ឋានសុំព្រះយេហូវ៉ាជួយខ្ញុំឲ្យមានអារម្មណ៍ល្អឡើងវិញ។ ទីបំផុត ខ្ញុំក៏រសាយភាពក្រៀមក្រំ។ សូមកុំមើលស្រាលឥទ្ធិពលនៃសេចក្ដីអធិដ្ឋាន!»។
យោបល់៖ សូមប្រើពាក្យពេចន៍ក្នុងចម្រៀងសរសើរព្រះ ១៣៩:២៣, ២៤ ធ្វើជាគំរូដើម្បីអធិដ្ឋានទៅព្រះយេហូវ៉ា។ សូមប្អូនអធិដ្ឋានទៅលោកយ៉ាងអស់ពីចិត្ត ព្រមទាំងសុំលោកឲ្យជួយប្អូនរកឃើញមូលហេតុដែលនាំឲ្យប្អូនមិនសប្បាយចិត្ត។
បន្ថែមពីលើយោបល់ទាំងនោះ ប្អូនមានគម្ពីរជាបណ្ដាំរបស់ព្រះ ដែលជាជំនួយមិនអាចកាត់ថ្លៃបាន។ ពេលប្អូនអាននិងរំពឹងគិតអំពីកំណត់ហេតុណាមួយក្នុងគម្ពីរ នោះប្អូនអាចមានអារម្មណ៍ប្រសើរឡើងវិញ។ (ចម្រៀងសរសើរព្រះ ១:១-៣) ម្យ៉ាងទៀត ប្អូនអាចអានរឿងដែលលើកទឹកចិត្តពីគម្ពីរក្នុងផ្នែក«គំរូដែលគួរធ្វើតាម» នៅក្នុងសៀវភៅនេះ។ នៅទំព័រ២២៧ ក្បាលទី២ ប្អូននឹងឃើញពីរបៀបដែលសាវ័កប៉ូលបានយកឈ្នះអារម្មណ៍អវិជ្ជមានដែលមកពីភាពមិនល្អឥតខ្ចោះរបស់គាត់។
បើនៅតែក្រៀមក្រំមិនឈប់
ប្អូនរ៉ាយអិន ប្រាប់ថា៖ «នៅព្រឹកខ្លះ ខ្ញុំមិនចង់ក្រោកពីគ្រែទេ ព្រោះខ្ញុំមិនចង់ប្រឈមមុខនឹងថ្ងៃថ្មីដែលគ្មានន័យ»។ ប្អូនរ៉ាយអិនមានជំងឺបាក់ទឹកចិត្ត តែមិនមែនមានតែគាត់ទេ។ តាមការសិក្សាបង្ហាញថា មុនពេលឈានទៅដល់ភាពពេញវ័យ ក្នុងចំណោមយុវវ័យបួននាក់ មានម្នាក់ដែលមានជំងឺនោះ។
តើប្អូនអាចដឹងថាខ្លួនឯងមានជំងឺបាក់ទឹកចិត្តដោយរបៀបណា? មានរោគសញ្ញាមួយចំនួននៃជំងឺនេះដូចជា អាកប្បកិរិយានិងអារម្មណ៍ប្រែប្រួលភ្លាមៗ ហើយចង់នៅតែឯង មិនចង់ធ្វើសកម្មភាព
ផ្សេងៗ សូម្បីតែការហូបចុកនិងការដេកពួនក៏លែងចង់ដែរ។ មិនត្រឹមតែប៉ុណ្ណោះ មានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ហើយចេះតែបន្ទោសខ្លួនជាប់ជានិច្ច។ពិតណាស់ មនុស្សស្ទើរតែទាំងអស់មានពេលខ្លះជួបប្រទះនូវរោគសញ្ញាដូចនោះ យ៉ាងហោចណាស់មួយ។ ប៉ុន្តែ បើប្អូនមានរោគសញ្ញានោះលើសពីពីរសប្ដាហ៍ សូមនិយាយជាមួយឪពុកម្ដាយ ដើម្បីទៅជួបគ្រូពេទ្យ ពីព្រោះគ្រូពេទ្យអាចកំណត់រោគវិនិច្ឆ័យថា តើភាពសោកសៅរបស់ប្អូនបណ្ដាលមកពីបញ្ហាសុខភាពឬអ្វីផ្សេងទៀត។ a
បើប្អូនមានជំងឺបាក់ទឹកចិត្ត ប្អូនមិនចាំបាច់ខ្មាសគេទេ។ មនុស្សជាច្រើនដែលមានជំងឺនេះបានធូរស្រាលជាង ក្រោយពីទទួលការព្យាបាល។ មិនថាប្អូនក្រៀមក្រំដោយសារជំងឺបាក់ទឹកចិត្ត ឬដោយមូលហេតុណាក្ដី សូមចាំពាក្យដ៏លើកទឹកចិត្តនៅចម្រៀងសរសើរព្រះ ៣៤:១៨ ដែលថា៖ «ព្រះយេហូវ៉ានៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំ លោកជួយអ្នកដែលបាក់ទឹកចិត្ត»។
ចុះបើប្អូនពិបាកចិត្តខ្លាំងពេក រហូតដល់គិតចង់សម្លាប់ខ្លួន?
[កំណត់សម្គាល់]
a ពេលយុវវ័យខ្លះបៀមទុក្ខយូរពេក អាចធ្វើឲ្យពួកគេគិតខ្លី។ បើប្អូនមានអារម្មណ៍ដូចនេះ សូមប្រញាប់និយាយជាមួយមនុស្សពេញវ័យដែលប្អូនទុកចិត្ត។ ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី១៤ ក្នុងសៀវភៅនេះ។
បទគម្ពីរសំខាន់
«ព្រះយេហូវ៉ានៅជិតអ្នកដែលមានចិត្តខ្ទេចខ្ទាំ លោកជួយអ្នកដែលបាក់ទឹកចិត្ត»។—ចម្រៀងសរសើរព្រះ ៣៤:១៨
យោបល់
ពេលប្អូនក្រៀមក្រំចិត្ត សូមសរសេរអំពីអារម្មណ៍នោះ និងអ្វីដែលប្អូនគិតថាអាចជាមូលហេតុ។ មួយខែក្រោយមក សូមអានសំណេរនោះម្ដងទៀត ហើយមើលថាតើប្អូនមានអារម្មណ៍ល្អជាងមុនឬទេ? បើមែន សូមសរសេរអំពីអ្វីដែលបានជួយប្អូន។
តើប្អូនដឹងទេ . . . ?
ទោះជាមនុស្សប្រុសយំក៏ជារឿងធម្មតា ព្រោះមានពេលមួយ ស្ដេចដាវីឌបានសារភាពថា៖ «ពេញមួយយប់ ទឹកភ្នែកខ្ញុំហូរជោកគ្រែ។ ខ្ញុំយំឡើងលិចដំណេក»។—ចម្រៀងសរសើរព្រះ ៦:៦
គម្រោងអនុវត្ត!
ដើម្បីកុំឲ្យពិបាកចិត្តពេក ខ្ញុំនឹងចូលរួមធ្វើកិច្ចការដូចជា៖ ․․․․․
ដើម្បីជួយខ្ញុំឲ្យបន្ថយភាពសោកសៅ ខ្ញុំចង់សេពគប់មិត្តភក្តិឈ្មោះ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● តើការយំមានប្រយោជន៍ឬទេ?
● ហេតុអ្វីការជួបជុំជាមួយអ្នកឯទៀតអាចជួយសម្រាលភាពក្រៀមក្រំរបស់ប្អូន?
[ឃ្លាអក្សរធំនៅទំព័រ៩៦]
«ប្អូនគ្រីស្ទីន ប្រាប់ថា៖ ‹ពេលខ្ញុំក្រៀមក្រំចិត្ត ខ្ញុំត្រូវប្រយ័ត្នមិនផ្ដាច់ខ្លួននៅតែម្នាក់ឯង។ ពិតមែនថាខ្ញុំប្រហែលជាត្រូវការពេលបន្តិចនៅម្នាក់ឯងដើម្បីគិត ឬយំឲ្យធូរចិត្ត តែបន្ទាប់ពីនោះខ្ញុំត្រូវជួបឬសេពគប់អ្នកឯទៀត ដើម្បីកុំឲ្យខ្ញុំនៅត្រាំត្រែងជាមួយនឹងភាពសោកសៅ›»
[តារាង/រូបភាពនៅទំព័រ៩៣]
ក្រដាសលំហាត់
ដើម្បីកាត់បន្ថយអារម្មណ៍ក្រៀមក្រំ
បំពេញក្នុងតារាងនេះ
ស្ថានភាព
គ្រូធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានតម្លៃ
ប្រតិកម្មមិនល្អ
ខ្ញុំលែងប្រឹងរៀនទៀតហើយ
ប្រតិកម្មល្អ
ជំនួយ៖ សូមមើលជំពូកទី២០ ក្នុងសៀវភៅនេះ
ស្ថានភាព
មិត្តភក្តិមិនខ្វល់ពីខ្ញុំទេ
ប្រតិកម្មមិនល្អ
ផ្សព្វផ្សាយរឿងមិនពិតអំពីមិត្តម្នាក់នោះ
ប្រតិកម្មល្អ
ជំនួយ៖ សូមមើលជំពូកទី១០ ក្នុងក្បាលទី២
ស្ថានភាព
ឪពុកម្ដាយខ្ញុំលែងលះគ្នា
ប្រតិកម្មមិនល្អ
ខឹងឪពុកម្ដាយយ៉ាងខ្លាំង ឬខឹងតែឪពុកឬម្ដាយប៉ុណ្ណោះ
ប្រតិកម្មល្អ
ជំនួយ៖ សូមមើលជំពូកទី៤ ក្នុងសៀវភៅនេះ
ស្ថានភាព
․․․․․
ប្រតិកម្មមិនល្អ
․․․․․
ប្រតិកម្មល្អ
․․․․․
ស្ថានភាព
․․․․․
ប្រតិកម្មមិនល្អ
․․․․․
ប្រតិកម្មល្អ
․․․․․
[រូបភាពនៅទំព័រ៩៥]
ដោយមានជំនួយនិងការប្រឹងប្រែងរបស់ប្អូន នោះប្អូនអាចចេញពីអណ្ដូងដ៏ជ្រៅនៃភាពក្រៀមក្រំ