លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ចម្លែក​ទេ​ដែល​ខ្ញុំ​កើត​ទុក្ខ?

តើ​ចម្លែក​ទេ​ដែល​ខ្ញុំ​កើត​ទុក្ខ?

ជំពូក​ទី​១៦

តើ​ចម្លែក​ទេ​ដែល​ខ្ញុំ​កើត​ទុក្ខ?

ទោះ​ជា​ជំពូក​នេះ​និយាយ​អំពី​ការ​ស្លាប់​ឪពុក​ឬ​ម្ដាយ​ក្ដី គោល​ការណ៍​ដូច​គ្នា​នេះ​ក៏​អាច​យក​មក​អនុវត្ត​ដែរ នៅ​ពេល​សមាជិក​គ្រួសារ​ឬ​មិត្ត​ជិត​ស្និទ្ធ​ផ្សេង​ទៀត​ស្លាប់។

ប្អូន​ខារ៉េន ប្រាប់​ថា​៖ ​«​ពេល​ម៉ាក់​ខ្ញុំ​ស្លាប់ ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់​បង់​អ្វី​ៗ​ទាំង​អស់ ហើយ​ជីវិត​ខ្ញុំ​គ្មាន​ន័យ​សោះ។ ម៉ាក់​ជា​មនុស្ស​សំខាន់​ដែល​ជួយ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​មូល​សាមគ្គី​គ្នា​»។

ការ​បាត់​បង់​ឪពុក​ម្ដាយ​គឺ​ជា​រឿង​មួយ​ដ៏​ឈឺ​ចាប់​ក្នុង​ជីវិត។ បន្ទាប់​ពី​ឪពុក​ឬ​ម្ដាយ​ស្លាប់ ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ច្របូក​ច្របល់​ខ្លាំង​ណាស់ វា​ជា​អារម្មណ៍​មួយ​ដែល​ប្អូន​មិន​ធ្លាប់​មាន​ពី​មុន។ ពេល​ប្អូន​ប្រាយអេន អាយុ​១៣​ឆ្នាំ ឪពុក​គាត់​ស្លាប់​ដោយ​សារ​ជំងឺគាំង​បេះ​ដូង។ ប្រាយអេន​ប្រាប់​ថា​៖ ​«​នៅ​យប់​ដែល​ប៉ា​ខ្ញុំ​ស្លាប់ ពួក​យើង​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ឱប​គ្នា​យំ​ឡើយ​»។ ពេល​ប្អូន​ណាថាលី អាយុ​១០​ឆ្នាំ ឪពុក​នាង​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក។ នាង​ប្រាប់​ថា​៖ ​«​ពេល​នោះ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​មាន​អារម្មណ៍​បែប​ណា​ទេ។ ខ្ញុំ​ដូច​ជា​ទទេ​ស្អាត អារម្មណ៍​ស្ពឹក​អស់​»។

នៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់ មនុស្ស​ម្នាក់​ៗ​មាន​ប្រតិកម្ម​ខុស​ៗ​គ្នា។ គម្ពីរ​ចែង​ថា​៖ ​«​បុគ្គល​ម្នាក់​ៗ​ដឹង​នូវ​ទុក្ខ​វេទនា​ក្នុង​ចិត្ត​របស់​ខ្លួន​»។ (​ប្រវត្តិហេតុ​ទី​២ ៦:២៩​) ជា​ការ​ល្អ​ឲ្យ​ប្អូន​ចំណាយ​ពេល​គិត​បន្តិច​ថា ការ​ដែល​ឪពុក​ឬ​ម្ដាយ​ស្លាប់ បាន​ជះ​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ប្អូន។ សូម​សរសេរ​នៅ​ខាង​ក្រោម (​១​) ពេល​ឪពុក​ឬ​ម្ដាយ​ស្លាប់​ថ្មី​ៗ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា? និង​(​២​) រហូត​មក​ដល់​ពេល​នេះ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ? a

១ ․․․․․

២ ․․․․․

ចម្លើយ​របស់​ប្អូន​អាច​បង្ហាញ​ថា ប្អូន​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ឬ​មាន​អារម្មណ៍​ដូច​ធម្មតា​វិញ។ នេះ​មិន​ចម្លែក​ទេ តែ​មិន​មាន​ន័យ​ថា​ប្អូន​ភ្លេច​ឪពុក​ឬ​ម្ដាយ​ដែល​ស្លាប់​នោះ​ឡើយ។ ឬ​ចម្លើយ​ប្អូន​អាច​បង្ហាញ​ថា ភាព​សោកសៅ​របស់​ប្អូន​នៅ​តែ​មាន ឬ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ការ​ឈឺ​ចាប់​របស់​ប្អូន​អាច​ប្រៀប​ដូច​ជា​រលក​ដែល​រសាត់​ទៅ តែ​ភ្លាម​ៗ​វា​ក៏​ត្រឡប់​មក​«​បោក​បក់​លើ​ប្អូន​»​ នៅ​ពេល​ដែល​មិន​នឹក​ស្មាន។ នេះ​ក៏​ជា​រឿង​ធម្មតា​ដែរ ទោះ​បើ​ឪពុក​ម្ដាយ​បាន​ស្លាប់​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា តើ​ប្អូន​អាច​ស៊ូ​ទ្រាំ​ការ​ឈឺ​ចាប់​នោះ​ដោយ​របៀប​ណា?

កុំ​ទប់​ទឹក​ភ្នែក! ការ​យំ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់។ ប៉ុន្តែ ប្អូន​អាច​នឹង​មាន​អារម្មណ៍​ដូច​អាលីស្យា​ដែល​បាន​បាត់​បង់​ម្ដាយ នៅ​ពេល​នាង​អាយុ​១៩​ឆ្នាំ។ អាលីស្យា​និយាយ​ថា​៖ ​«​ខ្ញុំ​ខ្លាច​ថា​បើ​ខ្ញុំ​បង្ហាញ​ភាព​សោកសៅ​ពេក អ្នក​ឯ​ទៀត​នឹង​គិត​ថា​ខ្ញុំ​ខ្វះ​ជំនឿ​»។ ប៉ុន្តែ​សូម​ប្អូន​គិត ទោះ​ជា​លោក​យេស៊ូ​គ្រិស្ត​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ព្រះ​ក្ដី លោក​នៅ​តែ​«​ស្រក់​ទឹក​ភ្នែក​»​ពេល​ឃើញ​មនុស្ស​ឯ​ទៀត​យំ​សោក កាល​ដែល​ឡាសា​មិត្ត​សម្លាញ់​របស់​លោក​ស្លាប់។ (​យ៉ូហាន ១១:៣៥​) ដូច្នេះ កុំ​ខ្មាស​នឹង​ស្រក់​ទឹក​ភ្នែក។ នេះ​មិន​មាន​ន័យ​ថា​ប្អូន​ខ្វះ​ជំនឿ​ឡើយ! អាលីស្យា​ប្រាប់​ទៀត​ថា​៖ ​«​ក្រោយ​មក ខ្ញុំ​យំ​ហើយ​យំ​ទៀត គឺ​យំ​រាល់​ថ្ងៃ​»។ b

កុំ​បន្ទោស​ខ្លួន។ ម្ដាយ​របស់​ប្អូន​ខារ៉េន​បាន​ស្លាប់ ពេល​នាង​អាយុ​១៣​ឆ្នាំ។ ខារ៉េន​ប្រាប់​ថា​៖ ​«​រៀង​រាល់​យប់ ខ្ញុំ​តែង​ទៅ​ថើប​ម៉ាក់​មុន​គាត់​ចូល​គេង។ តែ​នៅ​យប់​មួយ ខ្ញុំ​មិន​បាន​ទៅ​ថើប​ម៉ាក់​ទេ។ ស្អែក​ឡើង​ម៉ាក់​ក៏​ស្លាប់។ ខ្ញុំ​ដឹង​ថា​ស្ដាប់​ទៅ​វា​មិន​សូវ​សម តែ​ខ្ញុំ​បន្ទោស​ខ្លួន​ឯង​ខ្លាំង​ណាស់ ម៉ាក់​ស្លាប់​គឺ​ដោយ​សារ​តែ​ខ្ញុំ​មិន​បាន​ទៅ​ជួប​គាត់​នៅ​យប់​នោះ។ មុន​ពេល​ប៉ា​ចេញ​ដំណើរ​ទៅ​ធ្វើ​ជំនួញ ប៉ា​បាន​ផ្ដាំ​ខ្ញុំ​និង​បង​ស្រី​ឲ្យ​មើល​ថែ​ម៉ាក់។ ប៉ុន្តែ ពួក​ខ្ញុំ​ក្រោក​ពី​គេង​យឺត។ ពេល​ខ្ញុំ​ចូល​ក្នុង​បន្ទប់​ម៉ាក់ គឺ​ម៉ាក់​ឈប់​ដក​ដង្ហើម​ហើយ។ ខ្ញុំ​ពិត​ជា​ខុស​ធ្ងន់​ណាស់ ព្រោះ​ពេល​ប៉ា​ចេញ​ទៅ ម៉ាក់​នៅ​ធម្មតា​ទេ!​»។

ដូច​ខារ៉េន ប្អូន​អាច​នឹង​បន្ទោស​ខ្លួន​ចំពោះ​រឿង​ខ្លះ​ដែល​ប្អូន​គួរ​ធ្វើ តែ​ប្អូន​មិន​បាន​ធ្វើ។ ប្អូន​ថែម​ទាំង​ដាក់​ទោស​ខ្លួន ដោយ​គិត​ជាប់​ជា​និច្ច​ថា​៖ ​«​បើ​ខ្ញុំ​បាន​ធ្វើ​នេះ ឬ​បើ​ខ្ញុំ​បាន​ធ្វើ​នោះ គាត់​មុខ​ជា​មិន​ស្លាប់​ទេ​»។ រីឯ​ប្អូន​ៗ​ខ្លះ​ទៀត​គិត​ថា​‹បើ​ខ្ញុំ​ជំរុញ​ប៉ា​ឲ្យ​ទៅ​ជួប​ពេទ្យ គាត់​នឹង​មិន​ទៅ​ជា​ដូច្នេះ​ឡើយ› ឬ​‹បើ​ខ្ញុំ​ទៅ​មើល​ម៉ាក់​ឲ្យ​បាន​លឿន​ជាង គាត់​ច្បាស់​ជា​មិន​អី​ទេ›។ បើ​គំនិត​បែប​នេះ​ញាំញី​ចិត្ត​ប្អូន សូម​ចាំ​ថា​ជា​រឿង​ធម្មតា​ដែល​ប្អូន​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​ប្អូន​មិន​បាន​ធ្វើ។ ជា​ការ​ពិត​បើ​ប្អូន​បាន​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង នោះ​ប្អូន​ប្រាក​ជា​នឹង​រក​វិធី​ផ្សេង​ដើម្បី​ជួយ​គាត់ តែ​ដោយ​សារ​ប្អូន​មិន​ដឹង ដូច្នេះ​ប្អូន​មិន​គួរ​បន្ទោស​ខ្លួន​ឡើយ។ ឪពុក​ឬ​ម្ដាយ​ប្អូន​ស្លាប់ មិន​មែន​ជា​កំហុស​របស់​ប្អូន​ទេ! c

ប្រាប់​នរណា​ម្នាក់​ពី​អារម្មណ៍​របស់​ប្អូន។ សុភាសិត ១២:២៥ ចែង​ថា​៖ ​«​ពាក្យ​សម្ដី​ល្អ​មួយ​ម៉ាត់​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។ ការ​លាក់​អារម្មណ៍​ឈឺ​ចាប់​នឹង​ធ្វើ​ឲ្យប្អូន​កើត​ទុក្ខ​រឹត​តែ​ខ្លាំង។ ផ្ទុយ​ទៅ​វិញ ការ​ប្រាប់​នរណា​ម្នាក់​ដែល​ប្អូន​ទុក​ចិត្ត នោះ​ប្អូន​នឹង​ទទួល​បាន​«​ពាក្យ​សម្ដី​ល្អ​»​ដែល​លើក​ទឹក​ចិត្ត​ប្អូន ចំ​ពេល​ដែល​ប្អូន​ត្រូវ​ការ​បំផុត។

និយាយ​ទៅ​កាន់​ព្រះ។ ប្អូន​ទំនង​ជា​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង ក្រោយ​ពី​ប្អូន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​«​ជម្រាប​លោក​អំពី​អ្វី​ទាំង​អស់​»​ ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ប្អូន។ (​ចម្រៀង​សរសើរ​ព្រះ ៦២:៨​) ការ​អធិដ្ឋាន​មិន​គ្រាន់​តែ​ជា​ការ​ជួយ​‹ឲ្យ​មាន​អារម្មណ៍​ល្អ›​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​សុំ​ជំនួយ​ពី​«​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង លោក​សម្រាល​ទុក្ខ​យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។ (​កូរិនថូស​ទី​២ ១:៣, ៤​) វិធី​មួយ​ដែល​ព្រះ​សម្រាល​ទុក្ខ​យើង គឺ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (​រ៉ូម ១៥:៤​) ហេតុ​នេះ សូម​ប្អូន​កត់​ទុក​បទ​គម្ពីរ​ខ្លះ​ដែល​អាច​ជួយ​បន្ធូរ​ភាព​សោកសៅ​របស់​ប្អូន ហើយ​ឧស្សាហ៍​យក​កំណត់​នោះ​មក​អាន។ d

ការ​ឈឺ​ចាប់​មិន​ងាយ​រសាយ​បាត់​ភ្លាម​ៗ​ទេ តែ​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ធូរ​ស្រាល​ក្នុង​ចិត្ត​បាន។ ហេតុ​អ្វី? ដោយ​សារ​ព្រះ​បាន​សន្យា​និង​ធានា​ចំពោះ​យើង​ថា ក្នុង​ពិភព​លោក​ថ្មី​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ (​ការ​បើក​បង្ហាញ ២១:៣, ៤​) បន្ថែម​ទៅ​ទៀត ពេល​ប្អូន​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​បែប​នោះ ប្អូន​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​បាត់​បង់​ឪពុក​ម្ដាយ។

[​កំណត់​សម្គាល់​]

a បើ​ឥឡូវ​ប្អូន​ពិបាក​ឆ្លើយ ប្អូន​អាច​ឆ្លើយ​នៅ​ពេល​ក្រោយ​ក៏​បាន។

b កុំ​គិត​ថា​ប្អូន​ត្រូវ​តែ​យំ​ដើម្បី​បង្ហាញ​ពី​ក្ដី​ឈឺ​ចាប់​របស់​ប្អូន​ឡើយ។ មិន​មែន​មនុស្ស​ទាំង​អស់​កើត​ទុក្ខ​តាម​របៀប​ដូច​គ្នា​នោះ​ទេ។ សូម​ចាំ​ថា បើ​ប្អូន​មាន​អារម្មណ៍​ចង់​យំ មាន​ន័យ​ថា​នោះ​ជា​‹ពេល​ដែល​ត្រូវ​យំ›។—អ្នក​ទូន្មាន ៣:៤

c បើ​ប្អូន​នៅ​តែ​គិត​ថា​ខ្លួន​ជា​អ្នក​ខុស សូម​ប្រាប់​អារម្មណ៍​របស់​ប្អូន​ដល់​ឪពុក​ឬ​ម្ដាយ​ដែល​នៅ​រស់ ឬ​មនុស្ស​ពេញ​វ័យ​ឯ​ទៀត។ បន្តិច​ម្ដង​ៗ ប្អូន​នឹង​កាន់​តែ​ធូរ​ស្រាល​ក្នុង​ចិត្ត។

d អ្នក​ខ្លះ​ទទួល​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​៖ ចម្រៀង​សរសើរ​ព្រះ ៣៤:១៨; ១០២:១៧; ១៤៧:​៣; អេសាយ ២៥:៨; យ៉ូហាន ៥:២៨, ២៩

បទ​គម្ពីរ​សំខាន់

​«​[​ព្រះ​]​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៤

យោបល់

សូម​សរសេរ​អារម្មណ៍​របស់​ប្អូន​ចំពោះ​ឪពុក​ឬ​ម្ដាយ​ដែល​បាន​ស្លាប់។ ការ​ធ្វើ​បែប​នេះ​ជា​ប្រចាំ​អាច​ជួយ​ប្អូន​ឲ្យ​រសាយ​ទុក្ខ។

តើ​ប្អូន​ដឹង​ទេ . . . ?

ការ​យំ​មិន​មែន​ជា​ការ​ទន់​ខ្សោយ​ទេ។ សូម្បី​តែ​បុរស​ដ៏​រឹង​មាំ​ដូច​ជា​អាប្រាហាំ យ៉ូសែប និង​ដាវីឌ ក៏​បាន​យំ​ដែរ​នៅ​ពេល​ដែល​ពួក​គាត់​កើត​ទុក្ខ។—ដើម​កំណើត ២៣:២; ៥០:១; សាំយូអែល​ទី​២ ១:១១, ១២; ១៨:៣៣

គម្រោង​អនុវត្ត!

ពេល​ខ្ញុំ​កើត​ទុក្ខ​ខ្លាំង ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ឬ​ម្ដាយ​របស់​ខ្ញុំ​ដែល​នៅ​រស់​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ពេល​នឹក​គិត​អនុស្សាវរីយ៍​ល្អ​ៗ​អំពី​ឪពុក​ឬ​ម្ដាយ​ដែល​បាន​ស្លាប់​ទៅ តើ​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

● ហេតុ​អ្វី​ការ​សរសេរ​អំពី​អារម្មណ៍​របស់​ប្អូន​អាច​ជួយ​សម្រាល​ទុក្ខ​ប្អូន?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១១២​]

​«​ប្អូន​ដាវីឌ ប្រាប់​ថា​៖ ‹ពេល​នោះ​ខ្ញុំ​បាន​លាក់​ទុក​ការ​ឈឺ​ចាប់​តែ​ម្នាក់​ឯង។ បើ​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់ នោះ​មុខ​ជា​អាច​ជួយ​ខ្ញុំ​ឲ្យ​ធូរ​ស្រាល និង​ស្រួល​រក​ដំណោះ​ស្រាយ​ជាង›​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​១១៣​]

ប្អូន​ចាន់ថេល រៀប​រាប់​ថា​៖

«​ប៉ា​ខ្ញុំ​ឈឺ​ប្រហែល​៥​ឆ្នាំ ហើយ​សុខភាព​របស់​គាត់​កាន់​តែ​ទ្រុឌ​ទ្រោម​ទៅ។ ក្រោយ​មក ប៉ា​បាន​សម្លាប់​ខ្លួន ពេល​ខ្ញុំ​អាយុ​១៦​ឆ្នាំ។ បន្ទាប់​ពី​ប៉ា​ស្លាប់ ម៉ាក់​បាន​ប្រាប់​ខ្ញុំ​និង​បង​ប្រុស​ខ្ញុំ​អំពី​រឿង​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង ហើយ​ម៉ាក់​បាន​ឲ្យ​យើង​ជួយ​គាត់​ក្នុង​ការ​សម្រេច​ចិត្ត​អំពី​ការ​រៀប​ចំ​បុណ្យ​សព​ប៉ា។ នេះ​បាន​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ជាង។ ខ្ញុំ​គិត​ថា​កូន​ៗ​មិន​ចូល​ចិត្ត​ដែល​ឪពុក​ម្ដាយ​មាន​រឿង​លាក់​បាំង​នឹង​កូន​ៗ ជា​ពិសេស​ពេល​មាន​រឿង​ធំ​បែប​នេះ។ ពេល​វេលា​កន្លង​ផុត​ទៅ ខ្ញុំ​អាច​និយាយ​អំពី​មរណភាព​របស់​ប៉ា។ ពេល​ខ្ញុំ​ចង់​យំ ខ្ញុំ​ក៏​ទៅ​កន្លែង​ណា​មួយ ឬ​ទៅ​រក​មិត្ត​ភក្តិ ហើយ​យំ​ប្រាប់​ពួក​គេ។ តាម​បទ​ពិសោធន៍​ខ្ញុំ បើ​អ្នក​ចង់​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន សូម​ទៅ​រក​សមាជិក​គ្រួសារ​ឬ​មិត្ត​ភក្តិ កុំ​ទ្រាំ​កើត​ទុក្ខ​តែ​ម្នាក់​ឯង។ សូម​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា​អាច​ជួយ​សម្រាល​ទុក្ខ​អ្នក​បាន​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​១១៣, ១១៤​]

ប្អូន​លេអា រៀប​រាប់​ថា​៖

«​ពេល​ខ្ញុំ​អាយុ​១៩​ឆ្នាំ ម៉ាក់​ខ្ញុំ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​៣​ឆ្នាំ​ក្រោយ​មក​គាត់​បាន​ស្លាប់។ បន្ទាប់​ពី​ម៉ាក់​ស្លាប់ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​តែ​រឹង​មាំ ដើម្បី​ជួយ​ប៉ា​ខ្ញុំ។ សូម្បី​តែ​ខ្ញុំ​ធំ​ហើយ ម៉ាក់​តែង​នៅ​ក្បែរ​ខ្ញុំ​ជា​និច្ច មិន​ថា​ពេល​ខ្ញុំ​ឈឺ​ឬ​ពិបាក​ចិត្ត​ទេ។ ខ្ញុំ​នៅ​តែ​ចាំ​ពេល​ម៉ាក់​ដាក់​ដៃ​ថ្នម​ៗ​ស្ទាប​កម្ដៅ​ខ្ញុំ។ បេះ​ដូង​ខ្ញុំ​ឈឺ​ចាប់​ណាស់ រាល់​ពេល​ដែល​ដឹង​ថា​លែង​មាន​ម៉ាក់​នៅ​ក្បែរ​ទៀត។ ខ្ញុំ​ព្យាយាម​លាក់​អារម្មណ៍ តែ​នេះ​មិន​ល្អ​សម្រាប់​សុខភាព​ទេ។ ដូច្នេះ ពេល​ខ្លះ​ខ្ញុំ​មើល​រូប​ថត​ម៉ាក់​ហើយ​យំ។ ការ​និយាយ​ជា​មួយ​មិត្ត​ភក្តិ​ក៏​ជួយ​ច្រើន​ដែរ។ គម្ពីរ​បាន​សន្យា​ថា មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ (​យ៉ូហាន ៥:២៨, ២៩​) ពេល​ខ្ញុំ​គិត​អំពី​ការ​ជួប​ម៉ាក់​ម្ដង​ទៀត និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​រស់​នៅ​ទី​នោះ ខ្ញុំ​មិន​សូវ​ឈឺ​ចាប់​ពេក​ទេ​»​

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​១១៤​]

ប្អូន​បេថានី រៀប​រាប់​ថា​៖

«​ខ្ញុំ​ចង់​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ប៉ា​ថា​‹កូន​ស្រឡាញ់​ប៉ា›។ ខ្ញុំ​ប្រាកដ​ជា​បាន​និយាយ​ពាក្យ​នោះ តែ​ខ្ញុំ​នឹក​មិន​ឃើញ​សោះ។ ពេល​ប៉ា​ស្លាប់ ខ្ញុំ​អាយុ​ត្រឹម​តែ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ា​ខ្ញុំ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ពេល​កំពុង​គេង គាត់​បាន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ។ នៅ​ថ្ងៃ​បន្ទាប់ ពេល​ខ្ញុំ​ភ្ញាក់​ពី​គេង ប៉ា​បាន​ស្លាប់​ហើយ។ ក្រោយ​ពី​រឿង​នោះ​កើត​ឡើង ឲ្យ​តែ​ឮ​អ្នក​ណា​និយាយ​អំពី​ប៉ា ខ្ញុំ​ទ្រាំ​ស្ដាប់​មិន​បាន​ទេ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បែរ​ជា​ចូល​ចិត្ត​ស្ដាប់​អ្នក​ឯ​ទៀត​និយាយ​អំពី​ប៉ា​ខ្ញុំ ព្រោះ​នេះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ប៉ា​បាន​ច្បាស់​ជាង។ ខ្ញុំ​គិត​ថា​អ្នក​ដែល​បាត់​បង់​ឪពុក​ម្ដាយ​គួរ​រក្សា​ទុក​នូវ​អនុស្សាវរីយ៍​ល្អ​ៗ​ដែល​មាន​ជា​មួយ​ពួក​គាត់ មិន​ថា​តូច​ឬ​ធំ​ទេ ដោយ​សរសេរ​រឿង​ទាំង​នោះ​ទុក ដើម្បី​នៅ​ចាំ​ពួក​គាត់​ជា​និច្ច។ រួច​មក យើង​គួរ​ព្យាយាម​ពង្រឹង​ជំនឿ​របស់​យើង​ដើម្បី​អាច​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​ដែល​ព្រះ​ប្រោស​ឪពុក​ម្ដាយ​របស់​យើង​ឲ្យ​រស់​ឡើង​វិញ​»​

[​ប្រអប់​នៅ​ទំព័រ​១១៦​]

ក្រដាស​លំហាត់

សរសេរ​ពី​អារម្មណ៍​របស់​ខ្លួន

កត់​ទុក​អនុស្សាវរីយ៍​ល្អ​ៗ​ដែល​ប្អូន​មាន​ជា​មួយ​ឪពុក​ឬ​ម្ដាយ​ដែល​បាន​ស្លាប់។ ․․․․․

សរសេរ​ពាក្យ​ដែល​ប្អូន​ចង់​និយាយ​ទៅ​កាន់​ឪពុក​ឬ​ម្ដាយ​ដែល​នៅ​រស់។ ․․․․․

ឧបមា​ថា ប្អូន​មាន​ប្អូន​បង្កើត​ដែល​ចេះ​តែ​បន្ទោស​ខ្លួន​ចំពោះ​ការ​ស្លាប់​របស់​ឪពុក​ឬ​ម្ដាយ​ប្អូន។ សរសេរ​អ្វី​ដែល​ប្អូន​ចង់​និយាយ​ដើម្បី​សម្រាល​ទុក្ខ​គាត់ (​ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ប្អូន​កុំ​ឲ្យ​បន្ទោស​ខ្លួន និង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ឡើង​វិញ​)។ ․․․․․

សរសេរ​ចំណុច​ពីរ​ឬ​បី​ដែល​ប្អូន​ចង់​ដឹង​អំពី​ឪពុក​ឬ​ម្ដាយ​ដែល​បាន​ស្លាប់​ទៅ។ រួច​មក​សួរ​ឪពុក​ឬ​ម្ដាយ​ដែល​នៅ​រស់ ឲ្យ​ប្រាប់​ពី​ចំណុច​ណា​មួយ​ក៏​បាន។ ․․․․․

សូម​អាន សកម្មភាព ២៤:១៥។ ហេតុ​អ្វី​សេចក្ដី​សង្ឃឹម​ក្នុង​ខ​គម្ពីរ​នោះ​អាច​ជួយ​ប្អូន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដែល​មក​ពី​ការ​បាត់​បង់​ឪពុក​ម្ដាយ? ․․․․․

[​រូបភាព​នៅ​ទំព័រ​១១៥​]

ការ​កើត​ទុក្ខ​អាច​ប្រៀប​ដូច​ជា​រលក​ធំ​ដែល​បោក​បក់​មក​លើ​ប្អូន នៅ​ពេល​ដែល​មិន​នឹក​ស្មាន