លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីខ្ញុំខ្លាចប្រាប់ពីជំនឿរបស់ខ្ញុំនៅសាលា?

ហេតុអ្វីខ្ញុំខ្លាចប្រាប់ពីជំនឿរបស់ខ្ញុំនៅសាលា?

ជំពូក​ទី​១៧

ហេតុ​អ្វី​ខ្ញុំ​ខ្លាច​ប្រាប់​ពី​ជំនឿ​របស់​ខ្ញុំ​នៅ​សាលា?

ប្អូន​កាលេប និយាយ​ថា​៖ ​«​នៅ​សាលា ខ្ញុំ​មាន​ឱកាស​ល្អ​ជា​ច្រើន​ដើម្បី​ប្រាប់​អំពី​ជំនឿ​របស់​ខ្ញុំ។ តែ​ខ្ញុំ​បាន​ឲ្យ​ឱកាស​នោះ​កន្លង​ផុត​ទៅ​»។

ប្អូន​ចាស្មីន និយាយ​ថា​៖ ​«​នៅ​ក្នុង​ថ្នាក់ គ្រូ​បាន​សួរ​សិស្ស​ទាំង​អស់​គ្នា​ថា គិត​យ៉ាង​ណា​អំពី​ការ​វិវត្តន៍។ ខ្ញុំ​ដឹង​ថា​នេះ​ជា​ឱកាស​ដ៏​ល្អ​ឲ្យ​ខ្ញុំ​ប្រាប់​អំពី​ជំនឿ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បែរ​ជា​អង្គុយ​ស្ងៀម មិន​ហ៊ាន​និយាយ​សូម្បី​តែ​មួយ​ម៉ាត់។ ក្រោយ​មក ខ្ញុំ​សោក​ស្ដាយ​ណាស់​»។

បើ​ប្អូន​ជា​យុវវ័យ​គ្រិស្ត​សាសនិក ប្អូន​ប្រហែល​ជា​មាន​បទ​ពិសោធន៍​ដូច​កាលេប​និង​ចាស្មីន។ ប្អូន​ចូល​ចិត្ត​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​ប្អូន​បាន​រៀន ហើយ​ចង់​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត។ ប៉ុន្តែ ពេល​គិត​អំពី​ការ​ប្រាប់​ជំនឿ​របស់​ខ្លួន នោះ​ក៏​ធ្វើ​ឲ្យ​ប្អូន​ភ័យ​ខ្លាច។ ដូច្នេះ តើ​តាម​របៀប​ណា​ប្អូន​អាច​មាន​ចិត្ត​ក្លាហាន​ជាង​មុន? សូម​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​៖

១. ស្វែង​យល់​មូលហេតុ​ដែល​ប្អូន​ភ័យ​ខ្លាច។ ពេល​ប្អូន​គិត​អំពី​ការ​ប្រាប់​ជំនឿ​របស់​ខ្លួន នោះ​ព្រឹត្តិការណ៍​មិន​ល្អ​តែង​លេច​ឡើង​ក្នុង​ខួរ​ក្បាល​របស់​ប្អូន! ប៉ុន្តែ បើ​ប្អូន​ឧស្សាហ៍​សរសេរ​វា​ចេញ​មក នោះ​អាច​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​បាន។

បំពេញ​ឃ្លា​នៅ​ខាង​ក្រោម​៖

● បើ​ខ្ញុំ​និយាយ​អំពី​ជំនឿ​ខ្ញុំ​នៅ​សាលា ខ្ញុំ​ខ្លាច​ថា​៖ ․․․․․

តាម​ពិត យុវវ័យ​គ្រិស្ត​សាសនិក​ឯ​ទៀត​ក៏​មាន​ការ​ភ័យ​ខ្លាច​ស្រដៀង​ប្អូន​ដែរ។ ជា​ឧទាហរណ៍ ប្អូន​គ្រិស្តតូហ្វើ អាយុ​១៤​ឆ្នាំ ប្រាប់​ថា​៖ ​«​ខ្ញុំ​ខ្លាច​ក្មេង​ឯ​ទៀត​សើច​ចំអក​ឲ្យ​ខ្ញុំ ហើយ​ហៅ​ខ្ញុំ​ថា​មនុស្ស​ចម្លែក​»។ កាលេប​ដែល​បាន​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ខ្លាច បើ​មាន​គេ​សួរ​សំណួរ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ចេះ​ឆ្លើយ​»។

២. ប្រឈម​មុខ​នឹង​បញ្ហា។ តើ​ប្អូន​ភ័យ​ខ្លាច​ដោយ​គ្មាន​មូលហេតុ​ឬ​ទេ? ប្រហែល​ជា​មិន​មែន​ទេ។ ប្អូន​អាស្សេលី អាយុ​២០​ឆ្នាំ ប្រាប់​ថា​៖ ​«​ក្មេង​ខ្លះ​ធ្វើ​ពុត​ជា​ចាប់​អារម្មណ៍​នឹង​ជំនឿ​របស់​ខ្ញុំ។ តែ​ក្រោយ​មក​ពួក​គេ​យក​សម្ដី​ខ្ញុំ​មក​និយាយ​ពេប​ជ្រាយ​ឲ្យ​ខ្ញុំ​នៅ​មុខ​អ្នក​ឯ​ទៀត​»។ ប្អូន​នីខូល អាយុ​១៧​ឆ្នាំ បាន​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​ខ្លួន​ថា​៖ ​«​មិត្ត​រួម​ថ្នាក់​ម្នាក់​បាន​ប្រៀប​ធៀប​ខ​គម្ពីរ​ក្នុង​គម្ពីរ​របស់​គាត់​ជា​មួយ​នឹង​គម្ពីរ​របស់​ខ្ញុំ ហើយ​ឃើញ​មាន​ពាក្យ​ខុស​គ្នា។ គាត់​ប្រាប់​ថា គម្ពីរ​របស់​ខ្ញុំ​បាន​ត្រូវ​គេ​កែ​ហើយ។ ពេល​ឮ​បែប​នេះ​ខ្ញុំ​ស្រឡាំងកាំង​ណាស់ មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ!​»។ a

ស្ថានភាព​បែប​នោះ​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ណាស់! ប៉ុន្តែ​ជា​ជាង​រត់​ចេញ សូម​ព្យាយាម​ទទួល​យក​ការ​ពិបាក​ទាំង​នោះ ពីព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​របៀប​រស់​នៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ (​ធីម៉ូថេ​ទី​២ ៣:១២​) ប្អូន​ម៉ាថាយ អាយុ​១៣​ឆ្នាំ ប្រាប់​ថា​៖ ​«​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា ពួក​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​គេ​បៀតបៀន។ ដូច្នេះ យើង​មិន​រំពឹង​ថា​មនុស្ស​គ្រប់​គ្នា​នឹង​ចូល​ចិត្ត​ជំនឿ​របស់​យើង​ទេ​»។—យ៉ូហាន ១៥:២០

៣. គិត​អំពី​អត្ថប្រយោជន៍។ តើ​អាច​មាន​អ្វី​ល្អ​ខ្លះ​ដែល​កើត​ចេញ​ពី​បទ​ពិសោធន៍​ដែល​ហាក់​ដូច​ជា​អាក្រក់​ឬ​ទេ? ប្អូន​អាំប៊ឺ អាយុ​២១​ឆ្នាំ និយាយ​ថា​៖ ​«​វា​មិន​ស្រួល​ទេ​ក្នុង​ការ​ពន្យល់​អំពី​ជំនឿ​របស់​ខ្លួន​ទៅ​កាន់​មនុស្ស​ដែល​មិន​ជឿ​គម្ពីរ។ ប៉ុន្តែ នេះ​នឹង​ជួយ​អ្នក​ឲ្យ​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ទៅ​លើ​ជំនឿ​របស់​អ្នក​»។—រ៉ូម ១២:២

យោង​ទៅ​លើ​អ្វី​ដែល​ប្អូន​បាន​សរសេរ​ក្នុង​ជំហាន​ទី​១។ សូម​គិត​អំពី​ប្រយោជន៍​យ៉ាង​ហោច​ណាស់​ពីរ​ដែល​ប្អូន​អាច​ទទួល​បាន​ពី​ស្ថានភាព​នោះ ហើយ​សូម​សរសេរ​នៅ​ខាង​ក្រោម។

១ ․․․․․

២ ․․․․․

តម្រុយ​៖ ពេល​ប្អូន​ប្រាប់​សិស្ស​រួម​ថ្នាក់​អំពី​ជំនឿ​របស់​ប្អូន នោះ​មិន​សូវ​ធ្វើ​ឲ្យ​ប្អូន​ទទួល​ការ​បង្ខិត​បង្ខំ​ពី​ពួក​គេ​ទេ ហើយ​ក៏​ជួយ​ប្អូន​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង​ជាង​មុន​ដែរ។ ណា​មួយ​ទៀត ប្អូន​នឹង​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​នឹង​កាន់​តែ​ពេញ​ចិត្ត​ប្អូន។—សុភាសិត ២៣:១៥

៤. ត្រៀម​ខ្លួន។ សុភាសិត ១៥:២៨ ចែង​ថា​៖ ​«​មនុស្ស​សុចរិត​គិត​សិន​មុន​នឹង​ឆ្លើយ​»។ ក្រៅ​ពី​គិត​អំពី​អ្វី​ដែល​ប្អូន​នឹង​និយាយ សូម​ព្យាយាម​គិត​អំពី​សំណួរ​ដែល​គេ​អាច​សួរ។ បន្ទាប់​មក សូម​សិក្សា​ស្រាវ​ជ្រាវ​ប្រធានបទ​ទាំង​នោះ ហើយ​ត្រៀម​ពាក្យ​តប​ឆ្លើយ​ទុក​ជា​មុន។ សូម​មើល​តារាង​«​ រៀប​ចំ​ពាក្យ​តប​ឆ្លើយ​»​ នៅ​ទំព័រ​១២៧។

៥. ចាប់​ផ្ដើម។ នៅ​ពេល​ប្អូន​ត្រៀម​ខ្លួន​រួច​រាល់ តើ​ប្អូន​គួរ​ចាប់​ផ្ដើម​និយាយ​ដោយ​របៀប​ណា? ការ​ប្រាប់​ពី​ជំនឿ​របស់​ខ្លួន​គឺ​ប្រៀប​ដូច​ជា​កា​រហែល​ទឹក។ ប្អូន​មាន​ជម្រើស​ពីរ។ ទី​១ ចុះ​ទឹក​សន្សឹម​ៗ។ ទី​២ លោត​ចូល​ក្នុង​ទឹក​តែ​ម្ដង។ ស្រដៀង​គ្នា​នឹង​ការ​ចុះ​ទឹក​សន្សឹម​ៗ ប្អូន​អាច​ចាប់​ផ្ដើម​និយាយ​ពី​ប្រធានបទ​ដែល​មិន​ទាក់​ទង​នឹង​សាសនា ហើយ​បន្ទាប់​មក​សង្កេត​មើល​ថា​អ្នក​ស្ដាប់​មាន​ប្រតិកម្ម​យ៉ាង​ណា។ ប៉ុន្តែ បើ​ប្អូន​បារម្ភ​ខ្លាំង​ពេក​ថា​នឹង​មាន​អ្វី​មិន​ស្រួល​កើត​ឡើង នោះ​ជម្រើស​ល្អ​បំផុត​សម្រាប់​ប្អូន​គឺ​ជម្រើស​ទី​២ ដោយ​ប្រាប់​អំពី​ជំនឿ​តែ​ម្ដង។ (​លូកា ១២:១១, ១២​) ប្អូន​អេនទ្រូ អាយុ​១៧​ឆ្នាំ ពោល​ថា​៖ ​«​តាម​ពិត​ការ​ប្រាប់​គេ​អំពី​ជំនឿ គឺ​ស្រួល​ជាង​ការ​គិត​ថា​គួរ​ប្រាប់​គេ​យ៉ាង​ណា។ នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ការ​សន្ទនា ខ្ញុំ​ឃើញ​ថា​នេះ​គឺ​ស្រួល​ជាង​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទៅ​ទៀត!​»។ b

៦. ចេះ​ស្គាល់​កាលៈទេសៈ។ សាឡូម៉ូន​សរសេរ​ថា​៖ ​«​មនុស្ស​ឈ្លាស​វៃ​ប្រព្រឹត្ត​ដោយ​ចំណេះ​ដឹង​»។ (​សុភាសិត ១៣:១៦​) ប្អូន​ប្រាកដ​ជា​មិន​លោត​ចូល​ទៅ​ក្នុង​ទឹក​រាក់​ទេ។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​ការ​សន្ទនា​ប្រែ​ទៅ​ជា​ការ​ប្រកែក​គ្នា។ សូម​ចាំ​ថា មាន​ពេល​ត្រូវ​និយាយ ហើយ​មាន​ពេល​ត្រូវ​នៅ​ស្ងៀម។ (​អ្នក​ទូន្មាន ៣:១,​) សូម្បី​តែ​លោក​យេស៊ូ មាន​ពេល​ខ្លះ​ក៏​លោក​មិន​ព្រម​ឆ្លើយ​សំណួរ​របស់​គេ​ដែរ។—ម៉ាថាយ ២៦:៦២, ៦៣

បើ​ប្អូន​សម្រេច​ចិត្ត​ឆ្លើយ សូម​និយាយ​ខ្លី​ៗ​និង​ដោយ​ឈ្លាស​វៃ។ ជា​ឧទាហរណ៍ ប្រសិន​បើ​សិស្ស​រួម​ថ្នាក់​ចំអក​ឲ្យ​ប្អូន​ថា​‹ឯង​កំសាក​ណាស់ មិន​ហ៊ាន​ជក់​បារី›។ ប្អូន​គ្រាន់​តែ​តប​ទៅ​វិញ​ថា​‹ខ្ញុំ​មិន​ចង់​បង្ខូច​សុខភាព​ខ្លួន​ឯង​ទេ!›។ អាស្រ័យ​លើ​ប្រតិកម្ម​របស់​គាត់ ប្អូន​អាច​សម្រេច​ថា​គួរ​ពន្យល់​អំពី​ជំនឿ​របស់​ប្អូន​ឬ​មិន​គួរ។

ជំហាន​ទាំង​៦​ដែល​បាន​រៀប​រាប់​ក្នុង​ជំពូក​នេះ អាច​ជួយ​ប្អូន​ឲ្យ​«​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការ​ពារ​»​ជំនឿ​របស់​ខ្លួន។ (​ពេត្រុស​ទី​១ ៣:១៥​) ជា​ការ​ពិត​ណាស់ ការ​ប្រុង​ប្រៀប​ខ្លួន​មិន​មាន​ន័យ​ថា ប្អូន​នឹង​មិន​ភ័យ​នោះ​ទេ។ ប៉ុន្តែ យុវតី​អេឡាណឺ អាយុ​១៨​ឆ្នាំ បាន​សង្កេត​ឃើញ​ថា​៖ ​«​បើ​អ្នក​ពន្យល់​អំពី​ជំនឿ​របស់​ខ្លួន ទោះ​បី​ជា​អ្នក​ភ័យ​ក៏​ដោយ អ្នក​នឹង​មាន​មោទនភាព​ដែល​បាន​ជម្នះ​ការ​ភ័យ​ខ្លាច ទោះ​ជា​ទទួល​បាន​លទ្ធផល​មិន​ល្អ​ក្ដី។ តែ​បើ​ទទួល​បាន​លទ្ធផល​ល្អ នោះ​អ្នក​នឹង​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​អ្នក​ប្រាកដ​ជា​នឹង​ពេញ​ចិត្ត​ដែល​ខ្លួន​ហ៊ាន​និយាយ​អំពី​ជំនឿ​ប្រាប់​អ្នក​ឯ​ទៀត​»។

នៅ​ជំពូក​បន្ទាប់

តើ​ប្អូន​តាន​តឹង​ចិត្ត​នៅ​សាលា​រៀន​ឬ​ទេ? បើ​មែន សូម​មើល​វិធី​ដោះ​ស្រាយ​បញ្ហា​នោះ។

[​កំណត់​សម្គាល់​]

a ពិត​មែន​ថា​ក្នុង​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ​បាន​ប្រើ​ពាក្យ​ខុស​គ្នា តែ​សេចក្ដី​បក​ប្រែ​ខ្លះ​បាន​ប្រើ​ពាក្យ​ដែល​ជិត​នឹង​ភាសា​ដើម។

b សូម​មើល​ប្រអប់​«​ សំណួរ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​»​នៅ​ទំព័រ​មុន។

បទ​គម្ពីរ​សំខាន់

​«​[​ចូរ​]​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​និយាយ​ការ​ពារ​សេ​ច​ក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។—ពេត្រុស​ទី​១ ៣:១៥

យោបល់

ជា​ជាង​ប្រាប់​មិត្ត​រួម​ថ្នាក់​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ជឿ​ឬ​មិន​គួរ​ជឿ សូម​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ប្អូន​ជឿ​និង​មូលហេតុ​ដែល​ប្អូន​យល់​ថា នោះ​ជា​ការ​សម​ហេតុ​សម​ផល។

តើ​ប្អូន​ដឹង​ទេ . . . ?

សិស្ស​រួម​ថ្នាក់​ខ្លះ​អាច​សរសើរ​ដែល​ប្អូន​កាន់​ខ្ជាប់​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ។ ប៉ុន្តែ ពួក​គេ​ប្រហែល​ខ្មាស​មិន​ហ៊ាន​សួរ​អំពី​ជំនឿ​ប្អូន។

គម្រោង​អនុវត្ត!

ខ្ញុំ​ចង់​ប្រាប់​ជំនឿ​របស់​ខ្ញុំ​ដល់​មិត្ត​រួម​ថ្នាក់​ឈ្មោះ ․․․․․

ប្រធាន​បទ​ដែល​ខ្ញុំ​គិត​ថា​គាត់​នឹង​ចាប់​អារម្មណ៍​គឺ ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● តើ​អ្វី​អាច​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មិត្ត​រួម​ថ្នាក់​សើច​ចំអក​អំពី​ជំនឿ​របស់​ប្អូន?

● បើ​ប្អូន​សម្រេច​ចិត្ត​ប្រាប់​អំពី​ជំនឿ​របស់​ខ្លួន ហេតុ​អ្វី​ការ​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​គឺ​ជា​ការ​សំខាន់?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១២៦​]

«​ប្អូន​ចេសិន រៀប​រាប់​ថា​៖ ‹ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ចង់​ធ្វើ​ខុស​ពី​ក្មេង​ឯ​ទៀត​ទេ។ តែ​ពេល​ធំ​ឡើង ខ្ញុំ​ទទួល​ស្គាល់​ថា​អ្វី​ដែល​ខ្ញុំ​ជឿ​ជួយ​ខ្ញុំ​ឲ្យ​មាន​ជីវិត​ប្រសើរ​ជាង។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ទំនុក​ចិត្ត និង​មាន​មោទនភាព​ភាព​ចំពោះ​ជំនឿ​របស់​ខ្ញុំ›​»​

[​ប្រអប់​នៅ​ទំព័រ​១២៤​]

 សំណួរ​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា

«​ពេល​វ៉ា​កង​ធំ តើ​អ្នក​មាន​គម្រោង​ធ្វើ​អ្វី?​»​[​ក្រោយ​ពី​គាត់​ឆ្លើយ​រួច ប្អូន​អាច​ចែក​រំលែក​ពី​គម្រោង​របស់​ប្អូន​ដូច​ជា​ទៅ​ចូល​រួម​មហា​សន្និបាត ឬ​ទៅ​ផ្សព្វ​ផ្សាយ​ច្រើន​ជាង​]។

● រៀប​រាប់​ព័ត៌មាន​ថ្មី​មួយ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​បាន​ឮ​ព័ត៌មាន​នេះ​ទេ? ហើយ​តើ​អ្នក​គិត​យ៉ាង​ណា?​»។

«​តើ​អ្នក​គិត​ថា​សេដ្ឋកិច្ច​ពិភព​លោក​[​ឬ​បញ្ហា​ផ្សេង​ទៀត​]​នឹង​ប្រសើរ​ឡើង​ទេ? [​ទុក​ឲ្យ​គាត់​ឆ្លើយ​] ហេតុ​អ្វី​បាន​ជា​អ្នក​គិត​ដូច្នេះ?​»។

«​តើ​អ្នក​ជឿ​ថា​មាន​ព្រះ​ទេ?​»។

«​ក្រោយ​ពី​រៀន​ចប់ តើ​អ្នក​មាន​គម្រោង​ធ្វើ​អ្វី?​»​ [​ក្រោយ​ពី​គាត់​ឆ្លើយ​រួច សូម​ប្រាប់​ពី​គោល​ដៅ​របស់​ប្អូន​ក្នុង​ការ​បម្រើ​ព្រះ​]។

[​តារាង​នៅ​ទំព័រ​១២៧​]

 (ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

ក្រដាស​លំហាត់

រៀប​ចំ​ពាក្យ​តប​ឆ្លើយ

ចម្លង​ទុក​ប្រើ!

យោបល់​៖ ពិគ្រោះ​តារាង​នេះ​ជា​មួយ​ឪពុក​ម្ដាយ និង​យុវវ័យ​រួម​ជំនឿ។ រួច​បំពេញ​តារាង​នេះ។ បន្ទាប់​មក គិត​សំណួរ​ផ្សេង​ទៀត​ដែល​សិស្ស​រួម​ថ្នាក់​អាច​នឹង​សួរ​ប្អូន ហើយ​រៀប​ចំ​ពាក្យ​តប​ឆ្លើយ។

អព្យាក្រឹត

សំណួរ

ហេតុ​អ្វី​អ្នក​មិន​គោរព​ទង់​ជាតិ? តើ​អ្នក​មិន​ស្រឡាញ់​ជាតិ​ទេ​ឬ?

ចម្លើយ

ខ្ញុំ​គោរព​ប្រទេស​ដែល​ខ្ញុំ​រស់​នៅ តែ​ខ្ញុំ​មិន​គោរព​បូជា​ដល់​ទង់​ជាតិ​ទេ។

សំណួរ​បន្ទាប់

តើ​អ្នក​មិន​ធ្វើ​សង្គ្រាម​ដើម្បី​ការ​ពារ​ប្រទេស​ជាតិ​ខ្លួន​ទេ​ឬ?

ចម្លើយ

មិន​ធ្វើ​ទេ។ សាក្សី​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​រស់​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត ក៏​មិន​ធ្វើ​សង្គ្រាម​ដើម្បី​ប្រយុទ្ធ​នឹង​ប្រទេស​នេះ​ដូច​គ្នា។

ឈាម

សំណួរ

ហេតុ​អ្វី​អ្នក​មិន​ចាក់​បញ្ចូល​ឈាម?

ចម្លើយ

ព្រោះ​ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ ប៉ុន្តែ ខ្ញុំ​ព្រម​ទទួល​យក​ការ​ព្យាបាល​ដែល​មិន​ប្រើ​ឈាម ដោយ​សារ​វិធី​បែប​នេះ​មិន​ប្រថុយ​នឹង​ការ​ឆ្លង​ជំងឺ​អេដស៍ ឬ​ជំងឺ​រលាក​ថ្លើម​ឡើយ។

សំណួរ​បន្ទាប់

ចុះ​បើ​អ្នក​ត្រូវ​បញ្ចូល​ឈាម​ដើម្បី​រស់? តើ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ទេ?

ចម្លើយ

․․․․․

សម្រេច​ចិត្ត

សំណួរ

ខ្ញុំ​ស្គាល់​ម្នាក់ ហើយ​គាត់​កាន់​សាសនា​ដូច​អ្នក តែ​គាត់​បាន​ធ្វើ . . . ហេតុ​អ្វី​អ្នក​មិន​អាច​ធ្វើ?

ចម្លើយ

យើង​បាន​រៀន​នូវ​អ្វី​ដែល​ព្រះ​តម្រូវ​ពី​យើង តែ​គ្មាន​អ្នក​ណា​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​ទេ! យើង​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។

សំណួរ​បន្ទាប់

នេះ​បង្ហាញ​ថា​សាសនា​របស់​អ្នក​គ្មាន​ខ្នាត​តម្រា​ត្រឹម​ត្រូវ​ទេ មែន​ទេ?

ចម្លើយ

․․․․․

ការ​បង្កើត

សំណួរ

ហេតុ​អ្វី​អ្នក​មិន​ជឿ​លើ​ការ​វិវត្តន៍?

ចម្លើយ

ព្រោះ​គ្មាន​ហេតុ​ផល​ឲ្យ​ខ្ញុំ​ជឿ។ សូម្បី​តែ​អ្នក​វិទ្យា​សាស្ត្រ​ខ្លះ ក៏​មិន​យល់​ស្រប​លើ​ការ​វិវត្តន៍​ដែរ។

សំណួរ​បន្ទាប់

․․․․․

ចម្លើយ

․․․․․

[​រូបភាព​នៅ​ទំព័រ​១២៥​]

ការ​ប្រាប់​អំពី​ជំនឿ​របស់​ខ្លួន គឺ​ប្រៀប​ដូច​ជា​ការ​ហែល​ទឹក។ ប្អូន​អាច​ជ្រើស​រើស​ដោយ​ចុះ​ទឹក​សន្សឹម​ៗ ឬ​លោត​ចូល​ទៅ​ក្នុង​ទឹក​តែ​ម្ដង!