គំរូដែលគួរធ្វើតាម ធីម៉ូថេ
គំរូដែលគួរធ្វើតាម ធីម៉ូថេ
ធីម៉ូថេហៀបនឹងចាកចេញពីផ្ទះ មិនមែនដើម្បីគេចចេញពីក្រុមគ្រួសារទេ តែដើម្បីធ្វើជាសាសនទូតរួមដំណើរជាមួយនឹងសាវ័កប៉ូល! ធីម៉ូថេទំនងជាមានវ័យ២០ឆ្នាំ គាត់ជាយុវជនដែលមានទំនួលខុសត្រូវ ហើយ«បងប្អូននៅក្រុងលីស្ត្រានិងក្រុងអ៊ីកូនាមតែងតែនិយាយល្អអំពីធីម៉ូថេ»។ (សកម្មភាព ១៦:២) ប៉ូលមានទំនុកចិត្តថា ធីម៉ូថេអាចសម្រេចកិច្ចការដ៏ប្រសើរក្នុងកិច្ចបម្រើព្រះ។ នេះពិតជាត្រឹមត្រូវណាស់! ប៉ុន្មានឆ្នាំក្រោយមក ធីម៉ូថេបន្តធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ បង្កើតក្រុមជំនុំ និងលើកទឹកចិត្តបងប្អូន។ គុណសម្បត្តិដ៏ល្អរបស់ធីម៉ូថេធ្វើឲ្យប៉ូលស្រឡាញ់គាត់យ៉ាងខ្លាំង។ ដប់មួយឆ្នាំក្រោយមក ប៉ូលបានប្រាប់បងប្អូននៅក្រុងភីលីពថា៖ «ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តគំនិតដូចគាត់ ដែលពិតជានឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាទេ»។—ភីលីព ២:២០
តើប្អូនត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកភារកិច្ចណាមួយក្នុងកិច្ចបម្រើព្រះឬទេ? បើមែន ប្អូនមានឱកាសទទួលពរជាច្រើន! ព្រះយេហូវ៉ាឲ្យតម្លៃយ៉ាងខ្លាំងចំពោះប្អូនៗវ័យក្មេងដែល«ប្រគល់ខ្លួនដោយស្ម័គ្រចិត្ត»។ (ចម្រៀងសរសើរព្រះ ១១០:៣) បន្ថែមទៅទៀត ប្អូនអាចជឿជាក់ថាព្រះយេហូវ៉ា«មិនប្រព្រឹត្តដោយអយុត្ដិធម៌ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ»ឡើយ។—ហេប្រឺ ៦:១០