លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្លើយដែលស្រាយចម្ងល់!

ចម្លើយដែលស្រាយចម្ងល់!

ពាក្យ​ផ្ដើម

ចម្លើយ​ដែល​ស្រាយ​ចម្ងល់!

‹តើ​ខ្ញុំ​អាច​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ​ដោយ​របៀប​ណា?› ‹តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​មិត្ត​ភក្តិ​ល្អ?› ‹តើ​ការ​រួម​ភេទ​ដើម្បី​ឲ្យ​តែ​បាន​សប្បាយ​ជា​ការ​ខុស​ទេ?› ‹ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ក្រៀម​ក្រំ​ម្ល៉េះ?›។

មិន​មែន​មាន​តែ​ប្អូន​ទេ​ដែល​សួរ​សំណួរ​បែប​នេះ។ ប្អូន​នឹង​ទទួល​បាន​ចម្លើយ​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​លើ​មនុស្ស​ដែល​ប្អូន​សួរ។ ប្អូន​ដឹង​ទេ ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៨២ ទស្សនាវដ្ដី​ភ្ញាក់​រឭក! បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​ផ្សាយ​អត្ថបទ​ត​ភាគ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ចំណង​ជើង​ថា​«​យុវវ័យ​ចង់​ដឹង . . . ​»។ នេះ​គឺ​ដើម្បី​ជួយ​ប្អូន​ៗ​យុវវ័យ​ឲ្យ​រក​ឃើញ​ចម្លើយ​ដែល​អាច​ទុក​ចិត្ត​បាន។ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ អត្ថបទ​ត​ភាគ​នេះ​នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​ប្រិយ​មិត្ត​អ្នក​អាន។ អត្ថបទ​នីមួយ​ៗ​បាន​ឆ្លង​កាត់​ការ​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់។ តាម​ពិត​ទៅ អ្នក​និពន្ធ​ទស្សនាវដ្ដី​ភ្ញាក់​រឭក! បាន​សម្ភាសន៍​ប្អូន​ៗ​យុវវ័យ​រាប់​រយ​នាក់​នៅ​ជុំ​វិញ​ពិភព​លោក ដើម្បី​អាច​ដឹង​អំពី​គំនិត​និង​អារម្មណ៍​របស់​ពួក​គេ! ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត យោបល់​នៅ​ក្នុង​អត្ថបទ​«​យុវវ័យ​ចង់​ដឹង​»​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។

សៀវភៅ​ដែល​ប្អូន​កំពុង​កាន់​នេះ បាន​ត្រូវ​បោះ​ពុម្ព​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៨៩។ ក៏​ប៉ុន្តែ ជំពូក​ខ្លះ​បាន​ត្រូវ​កែ​ទាំង​ស្រុង ដើម្បី​ឲ្យ​ស្រប​នឹង​ស្ថានភាព​បច្ចុប្បន្ន។ ជាង​៣០​ជំពូក​បាន​ត្រូវ​កែ​សម្រួល​ពី​អត្ថបទ​«​យុវវ័យ​ចង់​ដឹង​»​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ចន្លោះ​ឆ្នាំ​២០០៤​និង​២០១១។

សៀវភៅ​សំណួរ​យុវវ័យ​ចង់​ដឹង និង​ចម្លើយ​ដែល​ស្រាយ​ចម្ងល់ ក្បាល​ទី​១ មាន​ព័ត៌មាន​ដែល​ប្អូន​ត្រូវ​ការ​ដើម្បី​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​ទំនួល​ខុស​ត្រូវ។ យើង​សង្ឃឹម​ថា​ប្អូន​នឹង​ធ្វើ​តាម​យោបល់​ក្នុង​សៀវភៅ​នេះ។ បើ​ប្អូន​ធ្វើ​តាម ប្អូន​នឹង​ដូច​យុវវ័យ​និង​មនុស្ស​ពេញ​វ័យ​រាប់​លាន​នាក់​ផ្សេង​ទៀត ដែល​‹តែង​តែ​ប្រើ​ប្រាស់​សមត្ថភាព​វែក​ញែក​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់ ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ›។—ហេប្រឺ ៥:១៤

អ្នក​បោះ​ពុម្ព​ផ្សាយ