តើខ្ញុំអាចចុះសម្រុងជាមួយបងប្អូនខ្ញុំដោយរបៀបណា?
ជំពូកទី៦
តើខ្ញុំអាចចុះសម្រុងជាមួយបងប្អូនខ្ញុំដោយរបៀបណា?
តើប្អូនគិតថាទំនាក់ទំនងរវាងប្អូននិងបងប្អូនបង្កើតស្ថិតនៅក្នុងលេខរៀងមួយណា? ពីលេខ១ដល់លេខ៥។ លេខ១«មិនជិតស្និទ្ធ» ហើយលេខ៥«ជិតស្និទ្ធ»។ ․․․․․
អ្នកខ្លះជិតស្និទ្ធខ្លាំងជាមួយនឹងបងប្អូនបង្កើតរបស់ខ្លួន។ ជាឧទាហរណ៍ ហ្វឹលីហ្សឹ អាយុ១៩ឆ្នាំ រៀបរាប់ថា៖ «ប្អូនស្រីខ្ញុំអ៊ីរីណា អាយុ១៦ឆ្នាំ ជាមិត្តល្អបំផុតសម្រាប់ខ្ញុំ»។ ចំណែកខាលី អាយុ១៧ឆ្នាំ បាននិយាយអំពីបងប្រុសគាត់ឈ្មោះអេរិច អាយុ២០ឆ្នាំ ថា៖ «យើងចុះសម្រុងគ្នាខ្លាំងណាស់។ យើងមិនដែលឈ្លោះគ្នាទេ»។
ផ្ទុយទៅវិញ បងប្អូនបង្កើតជាច្រើនទៀតប្រហែលជាមានស្ថានភាពដូចឡូរេននិងម៉ាឡា។ ឡូរេននិយាយថា៖ «យើងប្រកែកគ្នាគ្រប់រឿង ទោះជាគ្មានហេតុឲ្យប្រកែកគ្នាក៏ដោយ»។ ឬក៏ប្អូនអាចមានអារម្មណ៍ដូចអាល្លីស អាយុ១២ឆ្នាំ ដែលបាននិយាយ
អំពីបងប្រុសនាងឈ្មោះដេននីស អាយុ១៤ឆ្នាំ ថា៖ «គាត់ធ្វើឲ្យខ្ញុំមួម៉ៅគ្រប់ពេល។ គាត់លួចចូលបន្ទប់ខ្ញុំ ហើយយករបស់របរខ្ញុំដោយមិនប្រាប់ សូម្បីតែមួយម៉ាត់។ គាត់មិនចេះធំសោះ!»។តើប្អូនមានបងប្អូនបង្កើតដែលចេះតែធ្វើឲ្យប្អូនខឹងមិនឈប់ឬទេ? ពិតមែនថាឪពុកម្ដាយមានភារកិច្ចធ្វើឲ្យក្រុមគ្រួសារមានភាពកក់ក្ដៅ និងមានរបៀបរៀបរយ តែមិនយូរមិនឆាប់ប្អូនត្រូវរៀនរស់នៅឲ្យចុះសម្រុងនឹងអ្នកដទៃ។ ដូច្នេះពីឥឡូវ ប្អូនមានឱកាសហ្វឹកហាត់ដោយផ្ទាល់ជាមួយនឹងបងប្អូនបង្កើតរបស់ខ្លួន។
សូមគិតអំពីបញ្ហាដែលនាំឲ្យប្អូនឈ្លោះជាមួយនឹងបងប្អូនបង្កើត។ តើបញ្ហាអ្វីដែលចេះតែនាំឲ្យមានការប្រកែកគ្នា? សូមដាក់សញ្ញា ✔ ជាប់នឹងប្រអប់នៃមូលហេតុដែលធ្វើឲ្យប្អូនខឹង!
□ របស់របរផ្ទាល់ខ្លួន។ បងប្អូនខ្ញុំ«យក»របស់របរខ្ញុំដោយមិនប្រាប់សោះ។
□ លក្ខណៈមិនល្អ។ បងប្អូនខ្ញុំអាត្មានិយម មិនចេះគិតពីអ្នកឯទៀត ហើយចូលចិត្តជ្រៀតជ្រែករឿងរបស់ខ្ញុំ។
□ ភាពផ្ទាល់ខ្លួន។ បងប្អូនខ្ញុំចូលបន្ទប់របស់ខ្ញុំដោយមិនគោះទ្វារ លួចអានអ៊ីម៉ែល និងលួចមើលសាររបស់ខ្ញុំ។
□ ផ្សេងទៀត ․․․․․
សុភាសិត ៣០:៣៣) បើប្អូនគុំកួនក្នុងចិត្ត ថ្ងៃណាមួយប្អូននឹងផ្ទុះកំហឹង នោះប្រៀបដូចជាការច្របាច់ច្រមុះឲ្យចេញឈាម។ បន្ទាប់មក បញ្ហានឹងរីកកាន់តែធំ។ (សុភាសិត ២៦:២១) តើតាមរបៀបណាប្អូនអាចទប់កំហឹងមិនឲ្យផ្ទុះឡើង? ជាដំបូង សូមស្វែងយល់ថា តើដើមហេតុពិតប្រាកដគឺជាអ្វី?
បើបងប្អូនបង្កើតចេះតែរំខានចិត្តប្អូន ក្អេងក្អាង ឬបំពានសិទ្ធិផ្ទាល់ខ្លួនរបស់ប្អូន នោះប្រហែលជាពិបាកធ្វើឲ្យប្អូនអត់ខឹងមិនបាន។ ប៉ុន្តែ សុភាសិតក្នុងគម្ពីរចែងថា៖ «ការច្របាច់ច្រមុះនាំឲ្យចេញឈាម ស្រដៀងគ្នាដែរ ការបញ្ឆេះកំហឹងក៏នាំឲ្យកើតជម្លោះដែរ»។ (តើអ្វីជាដើមហេតុពិតប្រាកដ?
បញ្ហារវាងបងប្អូនបង្កើតប្រៀបដូចជា«មុន»ដែលកើតនៅលើស្បែក។ «មុន»នោះជាសញ្ញាសម្គាល់ថា នៅក្នុងស្បែករបស់យើងមានបាក់តេរីឬដំបៅ។ ស្រដៀងគ្នាដែរ ការឈ្លោះប្រកែកគ្នារវាងបងប្អូនជាសញ្ញាសម្គាល់មួយថា មានបញ្ហាកប់ជ្រៅដែលត្រូវដោះស្រាយ។
ប្អូនប្រហែលជាចង់កម្ចាត់មុននៅលើស្បែកដោយច្របាច់វាចេញ។ ប៉ុន្តែ ការធ្វើដូច្នេះគ្រាន់តែជាការព្យាបាលរោគសញ្ញាប៉ុណ្ណោះ មិនមែនជាវិធីបំបាត់ឫសគល់ទេ។ ណាមួយទៀត វានឹងបន្សល់ទុកស្លាកស្នាម ថែមទាំងអាចធ្វើឲ្យមានការឆ្លងមេរោគនៅលើស្បែកកាន់តែធ្ងន់ធ្ងរឡើង។ ដំណោះស្រាយល្អជាងនេះ គឺត្រូវរកវិធីកម្ចាត់បាក់តេរី ហើយការពារកុំឲ្យកើតមុនតទៅទៀត។ បញ្ហារវាងបងប្អូនបង្កើតក៏ស្រដៀងគ្នាដែរ បើប្អូនព្យាយាមស្វែងយល់អំពីដើមហេតុនៃបញ្ហា នោះប្អូននឹងអាចដោះស្រាយឫសគល់របស់វាបាន ជាជាងផ្ដោតទៅលើបញ្ហាដែលបានកើតឡើង។ ប្អូនក៏អាចធ្វើតាមយោបល់ដ៏ឈ្លាសវៃរបស់ស្ដេចសាឡូម៉ូន ដែលបានសរសេរថា៖ «មនុស្សដែលយល់ធ្លុះជ្រៅមិនឆាប់ខឹង»។—សុភាសិត ១៩:១១
ដូចករណីរបស់អាល្លីស នាងបានត្អូញត្អែរអំពីដេននីសជាបងប្រុសថា៖ «គាត់លួចចូលបន្ទប់ខ្ញុំ ហើយយករបស់របរខ្ញុំដោយមិនប្រាប់ សូម្បីតែមួយម៉ាត់»។ នេះជាបញ្ហាដែលបានកើតឡើង។ ប៉ុន្តែ សូមប្អូនគិត តើអ្វីជាដើមហេតុពិតប្រាកដ? តាមមើលទៅ នោះទំនងជាពាក់ព័ន្ធនឹងការគោរពសិទ្ធិ។ អាល្លីសអាចដោះស្រាយបញ្ហានេះ ដោយប្រាប់ដេននីសថាកុំចូលក្នុងបន្ទប់នាង ឬប្រើរបស់របរនាងទៀត។ ប៉ុន្តែ ការធ្វើបែបនេះគ្រាន់តែជាការព្យាបាលរោគសញ្ញា ហើយទំនងជាធ្វើឲ្យទាស់ទែងគ្នាកាន់តែខ្លាំង។ ផ្ទុយទៅវិញ នាងនឹងមានការប្រាស្រ័យទាក់ទងល្អជាងជាមួយបងប្រុស បើនាងចេះពន្យល់ដល់បងប្រុសអំពីមូលហេតុនិងសារៈសំខាន់ ដែលគាត់ត្រូវគោរពសិទ្ធិផ្ទាល់ខ្លួននិងអីវ៉ាន់ប្រើប្រាស់របស់នាង។
រៀនពីរបៀបដោះស្រាយនិងជៀសវាងជម្លោះ
ជាការពិត ការចេះស្វែងយល់ពីដើមហេតុនៃបញ្ហាដែលមានជាមួយបងប្អូនបង្កើត គឺគ្រាន់តែជាផ្នែកមួយនៃដំណោះស្រាយប៉ុណ្ណោះ។ តើប្អូនអាចធ្វើអ្វីដើម្បីដោះស្រាយបញ្ហា ហើយជៀសវាងជម្លោះទៅថ្ងៃក្រោយ? សូមសាកល្បងធ្វើតាមជំហានទាំង៦ដូចតទៅ៖
១. បង្កើតច្បាប់រួមគ្នា។ សូមគិតពីអ្វីដែលបណ្ដាលឲ្យមានការឈ្លោះប្រកែក។ បន្ទាប់មក អ្នកទាំងពីរអាចរួមគ្នាកំណត់ច្បាប់មួយចំនួន។ ជាឧទាហរណ៍ បើអ្នកទាំងពីរឧស្សាហ៍ឈ្លោះគ្នាអំពីរបស់របរផ្ទាល់ខ្លួន ដូច្នេះច្បាប់ទី១អាចសរសេរថា«ត្រូវសុំសិន មុននឹងយកប្រើ»។ ច្បាប់ទី២«គោរពសិទ្ធិបងប្អូន គឺបើគាត់ប្រាប់ថា‹មិនអាចប្រើបានទេ› នោះមិនត្រូវយកប្រើជាដាច់ខាត»។ ពេលប្អូនកំណត់ច្បាប់ដូចនោះ សូមគិតអំពីប្រសាសន៍របស់លោកយេស៊ូដែលថា៖ «ម្ល៉ោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។ (ម៉ាថាយ ៧:១២) តាមរបៀបនេះ ច្បាប់ដែលប្អូននិងបងប្អូនបង្កើតបានរៀបចំនឹងទៅជា ច្បាប់សមហេតុសមផល។ បន្ទាប់មក សូមសួរឪពុកម្ដាយថា តើពួកគាត់យល់ស្របនឹងច្បាប់របស់ពួកប្អូនដែរឬទេ?—អេភេសូរ ៦:១
២. ប្អូនផ្ទាល់ត្រូវអនុវត្តតាមច្បាប់។ សាវ័កប៉ូលសរសេរថា៖ «ដូច្នេះ បើអ្នកបង្រៀនអ្នកឯទៀត តើអ្នកមិនបង្រៀនខ្លួនអ្នកទេឬ? បើអ្នកផ្សព្វផ្សាយថា៖ ‹កុំលួច› តើខ្លួនអ្នកលួចឬ?»។ (រ៉ូម ២:២១) តើប្អូនអាចធ្វើតាមគោលការណ៍នោះយ៉ាងដូចម្ដេច? បើប្អូនចង់ឲ្យបងប្អូនបង្កើតគោរពសិទ្ធិផ្ទាល់ខ្លួនរបស់ប្អូន ជាឧទាហរណ៍ មុនពេលប្អូនចូលបន្ទប់របស់ពួកគាត់ ប្អូនក៏ត្រូវគោះទ្វារសិនដែរ។ ឬបើប្អូនចង់អានអ៊ីម៉ែលឬមើលសាររបស់ពួកគាត់ ប្អូនត្រូវសុំការអនុញ្ញាតពីពួកគាត់ជាមុនសិន។
៣. កុំឆាប់ខឹង។ ហេតុអ្វីយោបល់នេះល្អ? ពីព្រោះសុភាសិតក្នុងគម្ពីរចែងថា៖ «កំហឹងនៅក្នុងទ្រូងរបស់មនុស្សល្ងង់ខ្លៅ»។ (អ្នកទូន្មាន ៧:៩) បើប្អូនឆាប់ខឹង នោះជីវិតប្អូនមិនសប្បាយឡើយ។ ពិតណាស់ ពេលខ្លះបងប្អូនបង្កើតរបស់ប្អូននឹងនិយាយ ឬធ្វើអ្វីមួយដែលនាំឲ្យប្អូនខឹងឬអន់ចិត្ត។ ប៉ុន្តែ ពេលនោះសូមប្អូនសួរខ្លួនថា‹តើខ្ញុំធ្លាប់ធ្វើបែបនេះដាក់ពួកគាត់ទេ?›។ (ម៉ាថាយ ៧:១-៥) ប្អូនជេននី រៀបរាប់ថា៖ «ពេលខ្ញុំអាយុ១៣ឆ្នាំ ខ្ញុំគិតថាខ្លួនឯងល្អជាងគេ ហើយថាគំនិតខ្ញុំត្រឹមត្រូវបំផុត ដូច្នេះអ្នកឯទៀតត្រូវតែស្ដាប់ខ្ញុំ។ ឥឡូវប្អូនស្រីខ្ញុំក៏ធ្វើតាមខ្ញុំដែរ។ ហេតុនេះ ខ្ញុំខំទប់ចិត្ត មិនឆាប់ខឹងចំពោះអ្វីដែលប្អូនស្រីនិយាយទេ»។
៤. អភ័យទោសហើយបំភ្លេចចោល។ បើជារឿងធ្ងន់ធ្ងរ នោះប្អូននិងបងប្អូនបង្កើតត្រូវពិភាក្សា ហើយដោះស្រាយគ្នា។ ប៉ុន្តែ តើប្អូនចាំបាច់ត្រូវតែដោះស្រាយជាមួយពួកគាត់នូវរាល់កំហុសដែលពួកគាត់បានធ្វើទេ? ប្អូនដឹងហើយថា ព្រះយេហូវ៉ាសប្បាយចិត្ត បើប្អូនសុខចិត្ត«មិនប្រកាន់ទោស»បងប្អូនរបស់ខ្លួន។ (សុភាសិត ១៩:១១) អាលីសុន អាយុ១៩ឆ្នាំ និយាយថា៖ «តាមពិត មិនសូវមានការខ្វែងគំនិតគ្នាណាមួយ ដែលខ្ញុំនិងប្អូនស្រីខ្ញុំរេឆឺលមិនអាចដោះស្រាយបាននោះឡើយ។ យើងទាំងពីរនាក់ឆាប់សុំទោសគ្នា រួចនិយាយពីដើមហេតុដែលនាំឲ្យយើងទាស់ទែង។ ពេលខ្លះខ្ញុំទុករឿងនោះសិន ហើយចាំដោះស្រាយគ្នានៅថ្ងៃស្អែក។ ប៉ុន្តែ លុះព្រឹកភ្ញាក់ពីគេង ជាញឹកញយខ្ញុំមានអារម្មណ៍ស្រស់ស្រាយ រហូតដល់មិនទាំងរំលឹកអំពីរឿងនោះទៀតផង»។
៥. សុំឪពុកម្ដាយឲ្យសម្របសម្រួល។ បើប្អូននិងបងប្អូនបង្កើតមិនអាចផ្សះផ្សាគ្នាបានទេ នោះប្អូនគួរសុំឪពុកម្ដាយជួយប្អូនឲ្យត្រូវគ្នាវិញ។ (រ៉ូម ១៤:១៩) ប៉ុន្តែ សូមចាំថា បើប្អូនអាចដោះស្រាយជម្លោះដោយខ្លួនឯងបាន នេះជាសញ្ញាបង្ហាញថាប្អូនកំពុងមានភាពចាស់ទុំ។
៦. ឲ្យតម្លៃចំណុចល្អរបស់បងប្អូនបង្កើត។ ពួកគាត់ទំនងជាមានចំណុចល្អឬគុណសម្បត្តិដែលប្អូនចង់កោតសរសើរ។ ដូច្នេះ សូមសរសេរចំណុចល្អរបស់ពួកគាត់ម្នាក់ៗដែលប្អូនចូលចិត្ត។
ឈ្មោះ
․․․․․
ខ្ញុំចូលចិត្ត
․․․․․
ជាជាងផ្ដោតទៅលើកំហុសរបស់ពួកគាត់ សូមប្រាប់ពួកគាត់អំពីចំណុចដែលប្អូនចូលចិត្តអំពីពួកគាត់ម្នាក់ៗ។—ចម្រៀងសរសើរព្រះ ១៣០:៣; សុភាសិត ១៥:២៣
គម្ពីរប្រាប់ថា បងប្អូនបង្កើតប្រហែលមិនតែងតែជាមិត្តជិតស្និទ្ធបំផុតរបស់ប្អូនទេ។ (សុភាសិត ១៨:២៤) ប៉ុន្តែ ប្អូនអាចបង្កើនភាពស្និទ្ធស្នាលជាមួយពួកគាត់បាន បើប្អូន«ទ្រាំទ្រគ្នាទៅវិញទៅមក» ទោះជាប្អូន«មានហេតុត្អូញត្អែរ»នឹងពួកគាត់ក៏ដោយ។ (កូឡុស ៣:១៣) បើប្អូនធ្វើដូច្នេះ ប្អូនទំនងជាមិនសូវទើសចិត្តនឹងពួកគាត់ ហើយពួកគាត់ក៏ប្រហែលជាមិនសូវប្រកាន់ខឹងនឹងប្អូនដែរ!
តើតាមរបៀបណាប្អូនអាចដឹងថាប្អូនបានត្រៀមខ្លួនដើម្បីរើចេញពីផ្ទះ?
បទគម្ពីរសំខាន់
«ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល»។—ភីលីព ៤:៥
យោបល់
បើប្អូនពិបាកចុះសម្រុងជាមួយបងប្អូនបង្កើត សូមមានទស្សនៈវិជ្ជមានថាពួកគាត់កំពុងជួយប្អូនឲ្យចេះជំនាញដ៏មានតម្លៃ ដែលប្អូននឹងប្រើនៅពេលក្រោយមក។
តើប្អូនដឹងទេ . . . ?
ពេលប្អូនចេញទៅរស់នៅដោយខ្លួនឯង ប្អូនអាចនឹងរួមការងារជាមួយមនុស្សខ្លះដែលគ្មានសុជីវធម៌ ឬដែលគិតតែពីប្រយោជន៍ខ្លួនជាដើម។ ឥឡូវជាពេលដែលប្អូនអាចរៀនរបៀបដោះស្រាយបញ្ហាបែបនោះ ដោយសន្តិវិធីជាមួយបងប្អូនបង្កើត។
គម្រោងអនុវត្ត!
ច្បាប់ខ្លះដែលខ្ញុំគ្រោងនឹងរៀបចំជាមួយបងប្អូនបង្កើត គឺ ․․․․․
ខ្ញុំប្រហែលជាមិនសូវខឹងបងប្អូនខ្ញុំទេ បើខ្ញុំ ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីជាការសំខាន់ក្នុងការបែងចែកភាពខុសគ្នារវាងបញ្ហាដែលបានកើតឡើង និងដើមហេតុពិតប្រាកដ?
● តើប្អូនគិតថាបងប្អូនបង្កើតអាចជួយប្អូនឲ្យចេះអ្វីខ្លះ?
[ឃ្លាអក្សរធំនៅទំព័រ៤៦]
«ម៉ារីលីន រៀបរាប់ថា៖ ‹បើខ្ញុំគ្មានបងប្អូនបង្កើតទេ នោះខ្ញុំក៏គ្មានអនុស្សាវរីយ៍ល្អៗច្រើនបែបនេះដែរ។ ខ្ញុំចង់ផ្ដាំប្រាប់ដល់អស់អ្នកដែលមានបងប្អូនបង្កើតថា៖ «សូមឲ្យតម្លៃបងប្អូនរបស់ខ្លួន!»›»
[ប្រអប់នៅទំព័រ៤២]
ក្រដាសលំហាត់
រកដើមហេតុពិតប្រាកដ
បើប្អូនចង់រកដើមហេតុពិតប្រាកដនៃបញ្ហារវាងប្អូននិងបងប្អូនបង្កើត សូមអានរឿងប្រៀបប្រដូចរបស់លោកយេស៊ូអំពីកូនប្រុសដែលចាកចេញពីផ្ទះ ហើយចាយវាយបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនអស់គ្មានសល់។ (លូកា ១៥:១១-៣២) សូមកត់សម្គាល់អំពីប្រតិកម្មរបស់បងប្រុស ពេលប្អូនប្រុសត្រឡប់មកផ្ទះ។ រួចមកឆ្លើយសំណួរដូចតទៅ៖
តើអ្វីជាបញ្ហាដែលធ្វើឲ្យបងប្រុសមានប្រតិកម្មដូច្នេះ? ․․․․․
តើប្អូនគិតថាអ្វីជាដើមហេតុពិតប្រាកដ? ․․․․․
តើឪពុកបានព្យាយាមដោះស្រាយបញ្ហានោះដោយរបៀបណា? ․․․․․
តើបងប្រុសត្រូវធ្វើអ្វីដើម្បីដោះស្រាយរឿងនោះ? ․․․․․
ឥឡូវសូមគិតឡើងវិញអំពីជម្លោះថ្មីៗរវាងប្អូននិងបងប្អូនបង្កើត។ បន្ទាប់មកសរសេរចម្លើយនៅជិតសំណួរខាងក្រោម។
តើអ្វីជាបញ្ហាដែលនាំឲ្យឈ្លោះប្រកែកគ្នា? ․․․․․
តើប្អូនគិតថាអ្វីជាដើមហេតុពិតប្រាកដ? ․․․․․
ដើម្បីដោះស្រាយបញ្ហានេះ និងជៀសវាងជម្លោះទៅថ្ងៃក្រោយ តើប្អូនគិតថាគួរកំណត់ច្បាប់អ្វីខ្លះ? ․․․․․
[រូបភាពនៅទំព័រ៤៣]
បញ្ហារវាងបងប្អូនប្រៀបដូចជាមុននៅលើស្បែក ប្អូនត្រូវព្យាបាលដើមហេតុដែលនាំឲ្យកើតមុន មិនគ្រាន់តែព្យាបាលមុនដែលមាននៅលើស្បែកប៉ុណ្ណោះទេ