ជំពូកទី១៧
‹ឱកូកអើយ! ខ្ញុំទាស់នឹងអ្នកហើយ›
គោលចំណុច: អត្តសញ្ញាណ«កូក»និង«ស្រុក»ដែលគាត់វាយប្រហារ
១, ២. តើនៅថ្ងៃខាងមុខមានសង្គ្រាមដ៏ធំអ្វី? ហើយតើមានសំណួរអ្វីខ្លះទាក់ទងនឹងសង្គ្រាមនោះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
អស់រាប់ពាន់ឆ្នាំផែនដីនេះមានពេញទៅដោយសង្គ្រាម រួមទាំងសង្គ្រាមលោកលើកទី១និងលោកលើកទី២ ដែលមានការបង្ហូរឈាមយ៉ាងសាហាវព្រៃផ្សៃនៅក្នុងសតវត្សរ៍ទី២០។ ប៉ុន្តែ មិនយូរទៀតនឹងមានសង្គ្រាមដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស។ សង្គ្រាមនេះមិនមែនជាសង្គ្រាមរវាងប្រជាជាតិនានានៅផែនដីដែលច្បាំងគ្នាដោយសារគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។ ផ្ទុយទៅវិញ សង្គ្រាមនេះគឺជា«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (បប. ១៦:១៤) សង្គ្រាមនេះផ្ទុះឡើងនៅពេលសត្រូវដែលមានអំណួតវាយប្រហារស្រុកដ៏មានតម្លៃចំពោះព្រះ។ ជាលទ្ធផល ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតនឹងបញ្ចេញឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតដែលមនុស្សមិនធ្លាប់ឃើញ ដើម្បីបំផ្លាញសត្រូវរបស់លោក។
២ នេះនាំឲ្យមានសំណួរមួយចំនួនដូចជា តើសត្រូវនោះជាអ្នកណា? តើស្រុកដែលគាត់វាយប្រហារជាស្រុកអ្វី? តើគាត់នឹងវាយប្រហារស្រុកនេះនៅពេលណា? ហេតុអ្វីគាត់វាយប្រហារស្រុកនេះ ហើយតាមរបៀបណា? ដោយសារព្រឹត្តិការណ៍ទាំងនេះដែលនឹងកើតឡើងនៅថ្ងៃខាងមុខទាក់ទងនឹងយើងដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅផែនដី នោះយើងត្រូវដឹងចម្លើយ។ យើងអាចរកឃើញចម្លើយក្នុងទំនាយដ៏គួរឲ្យរំភើបដែលបានត្រូវកត់ទុកក្នុងសៀវភៅអេសេគាលជំពូកទី៣៨និង៣៩។
សត្រូវនោះគឺកូកនៃស្រុកម៉ាកូក
៣. សូមពន្យល់ជាសង្ខេបនូវទំនាយអេសេគាលដែលទាក់ទងនឹងកូកនៃស្រុកម៉ាកូក។
៣ សូមអាន អេសេគាល ៣៨:១, ២, ៨, ១៨; ៣៩:៤, ១១។ សេចក្ដីសង្ខេបនៃទំនាយគឺ«នៅទីបំផុត ក្រោយប៉ុន្មានឆ្នាំកន្លងផុតទៅ» សត្រូវដែលបានត្រូវហៅថា«កូកនៃស្រុកម៉ាកូក» វាយប្រហារទៅលើ«ស្រុក»របស់រាស្ត្រព្រះ។ ប៉ុន្តែ ការវាយប្រហារដ៏សាហាវនោះ បណ្ដាលឲ្យ«កំហឹងដ៏ខ្លាំង»របស់ព្រះយេហូវ៉ាឆួលឡើង ហើយលោកចាត់វិធានការ រួចប្រហារកូក។ * ក្រោយពីទទួលជ័យជម្នះ ព្រះយេហូវ៉ាឲ្យសាកសពសត្រូវរបស់លោកនិងកងទ័ពទាំងអស់របស់សត្រូវនោះ «ជាចំណីដល់សត្វស្លាបគ្រប់ប្រភេទ ហើយដល់សត្វព្រៃទាំងឡាយ»។ នៅទីបំផុត ព្រះយេហូវ៉ាឲ្យទីបញ្ចុះសពដល់កូក។ ដើម្បីយល់អំពីរបៀបដែលទំនាយនេះនឹងកើតឡើងនៅអនាគតឆាប់ៗខាងមុខនេះ ដំបូងយើងត្រូវស្គាល់អត្តសញ្ញាណរបស់កូកជាមុនសិន។
៤. តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីកូកនៃស្រុកម៉ាកូក?
៤ ដូច្នេះ តើអ្នកណាជាកូកនៃស្រុកម៉ាកូក? យោងតាមការរៀបរាប់របស់អេសេគាល យើងអាចសន្និដ្ឋានថាកូកគឺជាសត្រូវរបស់អ្នកគោរពប្រណិប័តន៍ពិត។ តើកូកជាឈ្មោះមួយរបស់សាថានដែលជាសត្រូវដ៏ធំបំផុតនៃការគោរពប្រណិប័តន៍ពិតឬ? អស់ជាច្រើនទសវត្សរ៍ សៀវភៅផ្សេងៗរបស់យើងធ្លាប់ប្រាប់ដូច្នេះ។ ប៉ុន្តែ ក្រោយពីពិចារណាថែមទៀតក្នុងទំនាយអេសេគាលនាំឲ្យយើងកែតម្រូវការយល់ដឹងពីមុន។ ទស្សនាវដ្ដីប៉មយាមបានពន្យល់ថាកូកនៃស្រុកម៉ាកូកមិនមែនសំដៅទៅលើបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញនោះទេ តែសំដៅទៅលើសត្រូវជាមនុស្សវិញ ពោលគឺប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នាប្រឆាំងនឹងការគោរពប្រណិប័តន៍ពិត។ * មុននឹងយើងពិនិត្យមើលមូលដ្ឋាននៃការសន្និដ្ឋានរបស់យើង សូមឲ្យយើងពិចារណាចំណុចពីរនៅក្នុងទំនាយអេសេគាលជាមុនសិន ដែលបញ្ជាក់ថាកូកមិនមែនជាបុគ្គលវិញ្ញាណទេ។
៥, ៦. តើអ្វីក្នុងទំនាយអេសេគាលដែលបញ្ជាក់ថាកូកនៃស្រុកម៉ាកូកមិនមែនជាបុគ្គលវិញ្ញាណ?
៥ «ខ្ញុំនឹងឲ្យសាកសពអ្នកជាចំណីដល់សត្វស្លាបគ្រប់ប្រភេទ»។ (អេគ. ៣៩:៤) ជាញឹកញយ គម្ពីរប្រើទិដ្ឋភាពសត្វស្លាបចឹកស៊ីសាកសព ទុកជាការព្រមានអំពីការវិនិច្ឆ័យពីព្រះ។ ព្រះយេហូវ៉ាបានផ្ដល់ការព្រមានដូចនេះដល់ប្រជាជាតិអ៊ីស្រាអែលនិងប្រជាជាតិឯទៀត។ (បច. ២៨:២៦; យេ. ៧:៣៣; អេគ. ២៩:៣, ៥) ប៉ុន្តែ សូមកត់សម្គាល់ថាការព្រមានទាំងនេះពីព្រះ បានត្រូវផ្ដល់ឲ្យមិនមែនដល់បុគ្គលវិញ្ញាណទេ តែដល់មនុស្សជាតិវិញ។ សំខាន់បំផុត សត្វស្លាបនិងសត្វព្រៃស៊ីសាច់ជាចំណី មិនមែនស៊ីបុគ្គលវិញ្ញាណឡើយ។ ដូច្នេះ ការព្រមាននេះពីព្រះក្នុងទំនាយអេសេគាល បញ្ជាក់ថាកូកមិនមែនជាបុគ្គលវិញ្ញាណទេ។
៦ «ខ្ញុំនឹងឲ្យទីបញ្ចុះសពក្នុងស្រុកអ៊ីស្រាអែលដល់កូក»។ (អេគ. ៣៩:១១) គម្ពីរមិនបានរៀបរាប់ថាបុគ្គលវិញ្ញាណបានត្រូវបញ្ចុះនៅផែនដីទេ។ ប៉ុន្តែ គម្ពីរប្រាប់ថាសាថាននិងពួកវិញ្ញាណកំណាចរបស់វានឹងត្រូវឃុំទុកនៅក្នុងទីជ្រៅបំផុតអស់រយៈពេល១.០០០ឆ្នាំ ហើយក្រោយមកនឹងត្រូវបោះទម្លាក់ទៅក្នុងបឹងភ្លើងក្នុងន័យធៀបដែលតំណាងការបំផ្លាញចោលជារៀងរហូត។ (លូក. ៨:៣១; បប. ២០:១-៣, ១០) ដោយសារកូកបានត្រូវរៀបរាប់ថាទទួល«ទីបញ្ចុះសព»នៅផែនដី នោះយើងអាចសន្និដ្ឋានថាកូកនោះមិនមែនជាបុគ្គលវិញ្ញាណទេ។
៧, ៨. តើ«ស្ដេចខាងជើង»នឹងមកដល់ទីបញ្ចប់នៅពេលណា? ហើយតើតាមរបៀបណានេះស្រដៀងនឹងអ្វីដែលនឹងកើតឡើងទៅលើកូកនៃស្រុកម៉ាកូក?
៧ យើងបានរៀនថាកូកគឺជាសត្រូវរបស់អ្នកគោរពប្រណិប័តន៍ពិត ហើយកូកនឹងចាប់ផ្ដើមវាយប្រហារចុងក្រោយទៅលើពួកគេ។ បើកូកមិនមែនជាបុគ្គលវិញ្ញាណទេ តើកូកជាអ្នកណាឬជាអ្វី? ឥឡូវសូមយើងពិចារណាទំនាយពីរដែលជួយយើងឲ្យស្គាល់អត្តសញ្ញាណរបស់កូកនៃស្រុកម៉ាកូក។
ដានីយ៉ែល ១១:៤០-៤៥) ដានីយ៉ែលបានប្រកាសទុកជាមុននូវការលេចឡើងមហាអំណាចពិភពលោក ចាប់ពីសម័យគាត់រហូតដល់សម័យយើង។ ទំនាយនោះក៏រៀបរាប់ផងដែរ អំពីសត្រូវខាងនយោបាយពីរដែលប្រកួតប្រជែងគ្នា ពោលគឺ«ស្ដេចខាងត្បូង»និង«ស្ដេចខាងជើង»។ ប៉ុន្មានសតវត្សរ៍កន្លងមក ស្ដេចនីមួយៗបានផ្លាស់ប្ដូរអត្តសញ្ញាណ កាលដែលប្រជាជាតិនានាបានប្រជែងគ្នាដើម្បីទៅជាមហាអំណាច។ ស្ដីអំពីការប្រយុទ្ធផ្ដាច់ព្រ័ត្រនៃស្ដេចខាងជើងក្នុង«គ្រាចុងក្រោយ» ដានីយ៉ែលបាននិយាយថា៖ «គាត់នឹងចេញទៅទាំងមានកំហឹងជាខ្លាំង ដើម្បីបំផ្លិចបំផ្លាញ ព្រមទាំងប្រហារមនុស្សជាច្រើន»។ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាគឺជាគោលដៅចម្បងរបស់ស្ដេចខាងជើង។ * ប៉ុន្តែ ដូចកូកនៃស្រុកម៉ាកូកដែរ ស្ដេចខាងជើងនឹងមក«ដល់ទីបញ្ចប់» ក្រោយពីទទួលបរាជ័យក្នុងការវាយប្រហារទៅលើរាស្ត្ររបស់ព្រះ។
៨ «ស្ដេចខាងជើង»។ (សូមអាន៩. តើអ្វីដែលកើតឡើងទៅលើកូកនៃស្រុកម៉ាកូកស្រដៀងគ្នាយ៉ាងណាទៅនឹងអ្វីដែលកើតឡើងទៅលើ«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»?
៩ «ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។ (សូមអាន ការបើកបង្ហាញ ១៦:១៤, ១៦; ១៧:១៤; ១៩:១៩, ២០) សៀវភៅការបើកបង្ហាញបានប្រាប់ទុកជាមុនអំពីការវាយប្រហាររបស់«ស្ដេចទាំងឡាយនៅផែនដី»ទៅលើ«ស្ដេចលើអស់ទាំងស្ដេច» ពោលគឺលោកយេស៊ូដែលនៅស្ថានសួគ៌។ ប៉ុន្តែ ដោយសារស្ដេចដែលបះបោរប្រឆាំងទាំងនោះមិនអាចវាយប្រហារលោកនៅស្ថានសួគ៌ នោះពួកគេវាយប្រហារទៅលើពួកអ្នកគាំទ្ររាជាណាចក្រព្រះដែលរស់នៅផែនដី។ ទោះជាយ៉ាងណាក្ដី ស្ដេចទាំងនោះនឹងចាញ់នៅសង្គ្រាមអាម៉ាគេដូន។ សូមកត់សម្គាល់ថាពួកគេនឹងមកដល់អវសាន ក្រោយពីពួកគេវាយប្រហាររាស្ត្ររបស់ព្រះយេហូវ៉ា។ នេះស្រដៀងនឹងអ្វីដែលកើតឡើងទៅលើកូកនៃស្រុកម៉ាកូកដែរ។ *
១០. តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីអត្តសញ្ញាណរបស់កូកនៃស្រុកម៉ាកូក?
១០ ដោយគិតអំពីចំណុចទាំងនោះ តើយើងអាចសន្និដ្ឋានយ៉ាងណាអំពីអត្តសញ្ញាណរបស់កូក? ទី១ កូកមិនមែនជាបុគ្គលវិញ្ញាណទេ។ ទី២ កូកសំដៅទៅលើប្រជាជាតិនានានៅផែនដីដែលនឹងវាយប្រហាររាស្ត្ររបស់ព្រះនៅថ្ងៃខាងមុខឆាប់ៗនេះ។ ប្រជាជាតិទាំងនោះច្បាស់ជាចងសម្ព័ន្ធភាពជាមួយគ្នាតាមរបៀបណាមួយ។ ហេតុអ្វី? ដោយសាររាស្ត្ររបស់ព្រះមាននៅទូទាំងផែនដី ប្រជាជាតិទាំងនោះនឹងមានគោលបំណងនិងសកម្មភាពស្របគ្នាដើម្បីវាយប្រហារពួកគេ។ (ម៉ាថ. ២៤:៩) ទោះជាប្រជាជាតិទាំងនោះជាអ្នកវាយប្រហារក៏ពិតមែន តែតាមពិតសាថានជាអ្នករៀបគម្រោងក្នុងការវាយប្រហារនោះ។ តាំងពីយូរមកហើយ សាថានមានឥទ្ធិពលទៅលើប្រជាជាតិនានាក្នុងការប្រឆាំងការគោរពប្រណិប័តន៍ពិត។ (១យ៉ូន. ៥:១៩; បប. ១២:១៧) ទោះជាយ៉ាងនោះក្ដី ទំនាយអេសេគាលអំពីកូកនៃស្រុកម៉ាកូក ផ្ដោតទៅលើតួនាទីរបស់ប្រជាជាតិនានានៅផែនដី ដែលនឹងវាយប្រហារលើរាស្ត្ររបស់ព្រះយេហូវ៉ា។ *
តើ«ស្រុក»សំដៅលើអ្វី?
១១. តើទំនាយអេសេគាលរៀបរាប់យ៉ាងណាអំពី«ស្រុក»ដែលកូកនឹងវាយប្រហារ?
១១ ដូចយើងបានរៀននៅ វគ្គ៣ កូកនៃស្រុកម៉ាកូកនឹងធ្វើឲ្យព្រះយេហូវ៉ាខឹងជាខ្លាំង ពេលពួកគេវាយប្រហារទៅលើស្រុកដ៏មានតម្លៃចំពោះលោក។ តើស្រុកនេះសំដៅលើអ្វី? សូមយើងពិចារណាទំនាយអេសេគាលម្ដងទៀត។ (សូមអាន អេសេគាល ៣៨:៨-១២) ខនេះចែងថាកូកនឹង«វាយប្រហារទៅលើស្រុករបស់បណ្ដាជនដែលបានត្រូវស្ដារឡើងវិញ»និង«បានត្រូវរំដោះចេញពីប្រជាជាតិឯទៀត»។ សូមកត់សម្គាល់អំពីអ្វីដែលទំនាយនោះរៀបរាប់អំពីអ្នកគោរពប្រណិប័តន៍ដែលបានត្រូវរៀបចំឡើងវិញ ហើយរស់នៅក្នុងស្រុកនេះ គឺពួកគេ«រស់នៅដោយសុខសាន្ត» ហើយក្រុងរបស់ពួកគេ«គ្មានកំពែង គ្មានរនុក ឬខ្លោងទ្វារឡើយ» ព្រមទាំង ‹មានទ្រព្យសម្បត្តិកាន់តែច្រើនឡើង›។ នេះជាស្រុកដែលពួកអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទូទាំងផែនដីរស់នៅ។ តើយើងអាចសម្គាល់ស្រុកនេះយ៉ាងដូចម្ដេច?
១២. នៅស្រុកអ៊ីស្រាអែលសម័យបុរាណ តើមានការរៀបចំឡើងវិញអ្វី?
១២ យើងនឹងទទួលប្រយោជន៍ច្រើនណាស់ បើយើងពិចារណាអំពីការរៀបចំឡើងវិញដែលបានកើតឡើងនៅស្រុកអ៊ីស្រាអែលសម័យបុរាណ ជាស្រុកដែលរាស្ត្ររបស់ព្រះបានរស់នៅ ធ្វើការងារ និងគោរពប្រណិប័តន៍លោកអស់ជាច្រើនសតវត្សរ៍មកហើយ។ ពេលជនជាតិអ៊ីស្រាអែលលែងស្មោះត្រង់នឹងព្រះយេហូវ៉ា លោកបានប្រាប់ទុកជាមុនតាមរយៈអេសេគាលថាស្រុករបស់ពួកគេនឹងត្រូវបំផ្លាញចោល ហើយលែងមានមនុស្សរស់នៅទៀត។ (អេគ. ៣៣:២៧-២៩) ប៉ុន្តែ ព្រះយេហូវ៉ាក៏បានប្រាប់ទុកជាមុនថារាស្ត្ររបស់លោកមួយចំនួនតូចនឹងប្រែចិត្ត ហើយត្រូវដោះលែងពីស្រុកបាប៊ីឡូន រួចត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ដើម្បីរៀបចំការគោរពប្រណិប័តន៍ពិតសាជាថ្មី។ ដោយមានពរពីព្រះយេហូវ៉ា ស្រុកអ៊ីស្រាអែលនឹងមានសោភ័ណភាពស្រស់ស្អាត«ដូចជាសួនអេដែន»។ (អេគ. ៣៦:៣៤-៣៦) ការរៀបចំនោះបានកើតឡើងតាំងពីឆ្នាំ៥៣៧ មុនគ.ស. គឺពេលដែលជនជាតិយូដាដែលជាឈ្លើយត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីរៀបចំការគោរពប្រណិប័តន៍ពិតសាជាថ្មីនៅក្នុងស្រុកកំណើតដ៏ជាទីស្រឡាញ់របស់ពួកគេ។
១៣, ១៤. (ក) ក្នុងន័យធៀប តើស្រុកនោះជាអ្វី? (ខ) ហេតុអ្វីស្រុកនោះមានតម្លៃខ្លាំងម្ល៉េះចំពោះព្រះយេហូវ៉ា?
១៣ នៅសម័យយើង អ្នកគោរពប្រណិប័តន៍ពិតក៏មានការរៀបចំឡើងវិញស្រដៀងគ្នាដែរ។ ដូចយើងបានរៀនក្នុងជំពូកទី៩នៃសៀវភៅនេះ ចាប់ពីឆ្នាំ១៩១៩ រាស្ត្ររបស់ព្រះបានត្រូវរំដោះពីការជាប់ជាឈ្លើយអស់រយៈពេលយ៉ាងយូរក្រោមបាប៊ីឡូនដ៏ខ្លាំងក្លា។ នៅឆ្នាំនោះ ព្រះយេហូវ៉ាបាននាំពួកអ្នកគោរពប្រណិប័តន៍លោកដែលបានត្រូវរៀបចំឡើងវិញចូលក្នុងស្រុកមួយក្នុងន័យធៀប។ ស្រុកនេះគឺប្រៀបដូចជាសួនឧទ្យាន ដែលមានស្ថានភាពសុខសាន្តនិងការរីកចម្រើនខាងជំនឿ ព្រមទាំងសកម្មភាពផ្សេងៗដែលទាក់ទងនឹងការគោរពប្រណិប័តន៍ ពិត។ ក្នុងស្រុកនេះ យើងរស់នៅជាមួយគ្នាដោយសុវត្ថិភាព និងដោយមានសេចក្ដីសុខសាន្តក្នុងចិត្តនិងគំនិត។ (សុភ. ១:៣៣) យើងទទួលសេចក្ដីបង្រៀនជាបរិបូរដែលប្រៀបដូចជាអាហារ ហើយយើងមានកិច្ចការដ៏ស្កប់ចិត្តជាច្រើនក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ។ យើងបានពិសោធដូចសុភាសិតបានចែងមែន ដែលថា៖ «ពរពីព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយមិននាំឲ្យឈឺចាប់ឡើយ»។ (សុភ. ១០:២២) ដរាបណាយើងគាំទ្រការគោពប្រណិប័តន៍ពិតទាំងស្រុងតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើង ដរាបនោះយើងអាចរស់នៅក្នុងស្រុកនេះដែលជាសួនឧទ្យានក្នុងន័យធៀបទោះជាយើងរស់នៅកន្លែងណាក៏ដោយ។
១៤ ស្រុកក្នុងន័យធៀបនេះមានតម្លៃខ្លាំងណាស់ចំពោះព្រះយេហូវ៉ា។ ហេតុអ្វី? តាមទស្សនៈរបស់លោក អ្នករស់នៅក្នុងស្រុកនោះជា«អ្វីៗដែលមានតម្លៃពីប្រជាជាតិទាំងអស់» គឺជាបុគ្គលម្នាក់ៗដែលព្រះបានទាញនាំមកឯការគោរពប្រណិប័តន៍ពិត។ (ហាក. ២:៧; យ៉ូន. ៦:៤៤) ពួកគេខំព្យាយាមអស់ពីចិត្តដើម្បីបំពាក់បុគ្គលិកលក្ខណៈថ្មី ជាបុគ្គលិកលក្ខណៈដែលឆ្លុះបញ្ចាំងពីគុណសម្បត្តិដ៏ប្រសើររបស់ព្រះ។ (អេភ. ៤:២៣, ២៤; ៥:១, ២) ក្នុងនាមជាអ្នកគោរពប្រណិប័តន៍ពិត ពួកគេប្រគល់ខ្លួនទាំងស្រុងក្នុងកិច្ចបម្រើព្រះ។ ពួកគេធ្វើដូច្នេះ តាមរបៀបដែលលើកតម្កើងនាមលោក និងបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះលោក។ (រ៉ូម ១២:១, ២; ១យ៉ូន. ៥:៣) យើងអាចស្រមៃឃើញថាព្រះយេហូវ៉ាមានអំណរយ៉ាងខ្លាំង កាលដែលលោកសង្កេតឃើញអ្នកគោរពប្រណិប័តន៍លោក ខំព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យស្រុកក្នុងន័យធៀបមានសោភ័ណភាពស្រស់បំព្រង។ សូមគិតអំពីចំណុចនេះ ដោយសារអ្នកចាត់ទុកការគោរពប្រណិប័តន៍ពិតជាអ្វីដ៏សំខាន់បំផុតក្នុងជីវិត នោះអ្នកមិនគ្រាន់តែជួយធ្វើឲ្យបរិយាកាសក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យានកាន់តែស្រស់បំព្រងទេ តែអ្នកក៏ធ្វើឲ្យព្រះយេហូវ៉ារីករាយក្រៃលែង។—សុភ. ២៧:១១
តើពេលណាកូកវាយប្រហារលើស្រុកនោះ ហើយហេតុអ្វីនិងតាមរបៀបណា?
១៥, ១៦. តើពេលណាកូកនៃស្រុកម៉ាកូកវាយប្រហារទៅលើស្រុកដែលបានត្រូវរៀបចំឡើងវិញ?
១៥ បន្តិចទៀតប្រជាជាតិនានាដែលចងសម្ព័ន្ធភាពជាមួយគ្នា នឹងវាយប្រហារស្រុកដ៏មានតម្លៃរបស់យើង។ ការនោះជារឿងធ្ងន់ធ្ងរណាស់! ដោយសារការវាយប្រហារដែលបានត្រូវប្រកាសទុកជាមុននេះទាក់ទងនឹងយើងជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា នោះយើងចង់ដឹងថែមទៀតអំពីរឿងនេះ។ សូមពិចារណាសំណួរបីដែលធ្វើឲ្យយើងឆ្ងល់។
១៦ តើពេលណាកូកនៃស្រុកម៉ាកូកនឹងវាយប្រហារស្រុករបស់យើងដែលបានត្រូវរៀបចំឡើងវិញ? ទំនាយអេសេគាលរៀបរាប់ថា៖ «នៅទីបំផុត ក្រោយប៉ុន្មានឆ្នាំកន្លងផុតទៅ អ្នកនឹងវាយប្រហារទៅលើស្រុក»។ (អេគ. ៣៨:៨) នេះបង្ហើបឲ្យយើងដឹងថា នេះគឺជាគ្រាមួយនៃចុងបញ្ចប់របៀបរបបពិភពលោកនេះ។ សូមចាំថាគ្រាទុក្ខវេទនាជាខ្លាំងនឹងចាប់ផ្ដើម ពេលដែលបាប៊ីឡូនដ៏ខ្លាំងក្លាដែលជាចក្រភពសាសនាមិនពិតបានត្រូវបំផ្លាញ។ ក្រោយពីស្ថាប័នសាសនាមិនពិតបានត្រូវបំផ្លាញ ហើយមុនសង្គ្រាមអាម៉ាគេដូនចាប់ផ្ដើម កូកនឹងវាយប្រហារជាលើកចុងក្រោយយ៉ាងពេញទំហឹងទៅលើអ្នកគោរពប្រណិប័តន៍ពិត។
១៧, ១៨. ក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង តើព្រះយេហូវ៉ានឹងធ្វើអ្វីខ្លះ?
១៧ ហេតុអ្វីកូកនឹងវាយប្រហារទៅលើស្រុករបស់អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលបានត្រូវរៀបចំសាជាថ្មី? ទំនាយអេសេគាលបានបើកបង្ហាញកត្ដាពីរយ៉ាង។ ទី១ អ្វីដែលព្រះយេហូវ៉ានឹងធ្វើ និងទី២ បំណងអាក្រក់របស់កូក។
១៨ អ្វីដែលព្រះយេហូវ៉ានឹងធ្វើ។ (សូមអាន អេសេគាល ៣៨:៤, ១៦) សូមកត់សម្គាល់អ្វី ដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់កូកថា៖ «ខ្ញុំនឹង . . . ដាក់តម្ពក់នៅថ្គាមអ្នក» ហើយ«ខ្ញុំនឹងនាំអ្នកទៅទាស់នឹងស្រុកខ្ញុំ»។ តើនេះមានន័យថាព្រះយេហូវ៉ានឹងបង្ខំប្រជាជាតិនានាឲ្យវាយប្រហារលើអ្នកគោរពប្រណិប័តន៍លោកឬ? មិនមែនទេ! លោកមិនដែលធ្វើឲ្យមានការអាក្រក់ទៅលើរាស្ត្រលោកឡើយ។ (យ៉ូប ៣៤:១២) ប៉ុន្តែ ព្រះយេហូវ៉ាស្គាល់សត្រូវលោកច្បាស់ គឺថាពួកគេស្អប់អ្នកគោរពប្រណិប័តន៍ពិត ហើយពួកគេនឹងមិនឲ្យឱកាសដែលពួកគេមានក្នុងការបំផ្លាញរាស្ត្ររបស់ព្រះកន្លងផុតទៅនោះទេ។ (១យ៉ូន. ៣:១៣) ការដាក់តម្ពក់ក្នុងថ្គាមកូកនិងការទាញនាំគាត់ទៅជាមួយនោះ ក្នុងន័យថាព្រះយេហូវ៉ានឹងចាត់វិធានការដើម្បីឲ្យព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃខាងមុខស្របតាមបំណងប្រាថ្នារបស់លោក និងស្របតាមពេលវេលាដែលលោកបានកំណត់។ នៅពេលមួយ ក្រោយពីបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញ តាមរបៀបណាមួយព្រះយេហូវ៉ាទាក់ទាញប្រជាជាតិនានាឲ្យធ្វើអ្វីដែលពួកគេមានបំណងចិត្តចង់ធ្វើ។ ជាលទ្ធផល ព្រះយេហូវ៉ានឹងរៀបចំឲ្យមានការវាយប្រហារដែលនាំទៅដល់សង្គ្រាមដ៏ធំបំផុតនៅផែនដី គឺសង្គ្រាមអាម៉ាគេដូន។ រួចលោកនឹងរំដោះរាស្ត្ររបស់លោក និងលើកតម្កើងសិទ្ធិគ្រប់គ្រងរបស់លោក ហើយធ្វើឲ្យនាមរបស់លោកបរិសុទ្ធ។—អេគ. ៣៨:២៣
ប្រជាជាតិនានានឹងខំវាយលុកឬប្លន់យកទ្រព្យពីការគោរពប្រណិប័តន៍ពិត ដោយសារពួកគេស្អប់ការគោរពប្រណិប័តន៍ពិត និងអស់អ្នកដែលលើកស្ទួយការគោរពប្រណិប័តន៍នោះ
១៩. តើអ្វីនឹងជំរុញចិត្តកូកឲ្យព្យាយាមប្លន់ឬវាយលុកការគោរពប្រណិប័តន៍ពិត?
១៩ បំណងអាក្រក់របស់កូក។ ប្រជាជាតិនានានឹង«រៀបគម្រោងដ៏អាក្រក់មួយ»។ ពួកគេនឹងបញ្ចេញកំហឹងនិងសេចក្ដីស្អប់ដែលពួកគេបានសន្សំទុកតាំងពីយូរមកហើយទៅលើអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ដែលមើលទៅទន់ខ្សោយមិនអាចការពារខ្លួនបាន ប្រៀបដូចជាអេគ. ៣៨:១០-១២) តើ«ទ្រព្យសម្បត្តិ»នោះជាអ្វី? រាស្ត្ររបស់ព្រះយេហូវ៉ាមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងន័យធៀប ទ្រព្យដ៏មានតម្លៃបំផុតរបស់យើងគឺការគោរពប្រណិប័តន៍ពិត ជាអ្វីដែលយើងជូនព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ ប្រជាជាតិនានានឹងខំវាយលុកឬប្លន់យកទ្រព្យពីការគោរពប្រណិប័តន៍ពិត តែមិនមែនដោយសារពួកគេឲ្យតម្លៃទ្រព្យនោះទេ គឺដោយសារពួកគេស្អប់ការគោរពប្រណិប័តន៍ពិត ហើយស្អប់អស់អ្នកដែលលើកស្ទួយការគោរពប្រណិប័តន៍នោះ។
«រស់នៅក្នុងក្រុងដែលគ្មានកំពែង គ្មានរនុក ឬខ្លោងទ្វារឡើយ»។ បន្ថែមទៅទៀត ប្រជាជាតិនានាចង់«ប្លន់ ហើយរឹបអូសយករបស់របរជាច្រើន»ពីពួកអ្នកដែល‹មានទ្រព្យសម្បត្តិកាន់តែច្រើនឡើង›។ (២០. តើតាមរបៀបណាកូកនឹងវាយប្រហារទៅលើស្រុកដែលប្រៀបដូចជាសួនឧទ្យាន?
២០ តើតាមរបៀបណាកូកនឹងវាយប្រហារទៅលើស្រុកដែលប្រៀបដូចជាសួនឧទ្យាន? ប្រជាជាតិនានាប្រហែលជាព្យាយាមធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់យើងពិបាក ហើយបញ្ឈប់យើងពីការគោរពប្រណិប័តន៍ព្រះពិត។ ដូច្នេះ ពួកគេប្រហែលជាព្យាយាមរារាំងយើងមិនឲ្យទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ព្យាយាមបំបែកបំបាក់សាមគ្គីភាពរបស់យើង មិនឲ្យមានកិច្ចប្រជុំ ហើយបញ្ឈប់យើងពីការផ្សព្វផ្សាយដំណឹងពីព្រះយ៉ាងខ្នះខ្នែង។ សេចក្ដីបង្រៀន សាមគ្គីភាព និងការផ្សព្វផ្សាយរបស់យើងជាផ្នែកនៃស្ថានភាពដែលប្រៀបដូចជាសួនឧទ្យាន។ ដោយមានការជំរុញពីសាថាន ប្រជាជាតិនានានឹងព្យាយាមបំផ្លាញអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា និងការគោរពប្រណិប័តន៍ពិតពីផែនដី។
២១. ហេតុអ្វីអ្នកមានអំណរគុណដែលព្រះយេហូវ៉ាបានព្រមានយើងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ?
២១ ការវាយប្រហារពីកូកនៃស្រុកម៉ាកូកនៅថ្ងៃខាងមុខ នឹងប៉ះពាល់ដល់អ្នកគោរពប្រណិប័តន៍ពិតទាំងអស់ដែលរស់នៅក្នុងស្រុកដែលប្រៀបដូចជាសួនឧទ្យាន។ យើងពិតជាមានអំណរគុណណាស់ដែលព្រះយេហូវ៉ាបានព្រមានយើងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ! ទម្រាំគ្រាទុក្ខវេទនាជាខ្លាំងមកដល់ សូមឲ្យយើងតាំងចិត្តលើកស្ទួយការគោរពប្រណិប័តន៍ពិត ហើយចាត់ទុកការគោរពប្រណិប័តន៍នោះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតយើង។ ដោយធ្វើដូច្នេះ យើងនឹងរួមចំណែកក្នុងការជួយធ្វើឲ្យស្រុកដែលបានត្រូវរៀបចំឡើងវិញ មានសោភ័ណភាពកាន់តែស្រស់ស្អាត។ យើងនឹងមានឯកសិទ្ធិឃើញដោយផ្ទាល់ភ្នែកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យដែលនឹងកើតឡើងនៅថ្ងៃខាងមុខឆាប់ៗនេះ គឺអំពីរបៀបដែលព្រះយេហូវ៉ាការពាររាស្ត្ររបស់លោក និងនាមដ៏បរិសុទ្ធរបស់លោក នៅសង្គ្រាមអាម៉ាគេដូន។ ជំពូកបន្ទាប់នឹងពន្យល់អំពីរឿងនេះ។
^ វគ្គ 3 នៅជំពូកបន្ទាប់ក្នុងសៀវភៅនេះ យើងនឹងពិគ្រោះអំពីរបៀបណានិងពេលណាដែលកំហឹងដ៏ខ្លាំងរបស់ព្រះយេហូវ៉ានឹងផ្ទុះឡើងទាស់នឹងកូកនៃស្រុកម៉ាកូក ព្រមទាំងពិចារណាអំពីអ្វីដែលនឹងកើតឡើងដល់អ្នកគោរពប្រណិប័តន៍ពិត។
^ វគ្គ 4 សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ អត្ថបទ«សំណួរពីអ្នកអាន» ទំព័រ២៧-២៨។
^ វគ្គ 8 ដានីយ៉ែល ១១:៤៥ បញ្ជាក់ថាស្ដេចខាងជើងនឹងវាយប្រហារទៅលើរាស្ត្ររបស់ព្រះ ព្រោះខនោះចែងថាស្ដេចនេះ«នឹងដំឡើងរាជ្យត្រសាលរបស់គាត់នៅចន្លោះសមុទ្រធំ[មេឌីទែរ៉ានេ]និងភ្នំបរិសុទ្ធក្នុងស្រុកដ៏ស្រស់ស្អាត[ជាកន្លែងដែលធ្លាប់មានវិហារព្រះនិងជាកន្លែងដែលរាស្ត្ររបស់ព្រះធ្លាប់គោរពប្រណិប័តន៍]»។
^ វគ្គ 9 គម្ពីរក៏ចែងអំពីការវាយប្រហារពី«ពួកអាស៊ីរី»នៅសម័យយើងដែរ ពួកគេចង់បំផ្លាញរាស្ត្ររបស់ព្រះ។ (មីកា ៥:៥) គម្ពីរប្រាប់ទុកជាមុនអំពីការវាយប្រហារបួនទៅលើរាស្ត្ររបស់ព្រះ គឺដោយកូកនៃស្រុកម៉ាកូក ដោយស្ដេចខាងជើង ដោយស្ដេចទាំងឡាយនៅផែនដី និងដោយពួកអាស៊ីរី។ នេះប្រហែលជាសំដៅទៅលើការវាយប្រហារដូចគ្នា តែមានឈ្មោះខុសគ្នា។
^ វគ្គ 10 សូមមើលជំពូកទី២២នៃសៀវភៅនេះ ដែលរៀបរាប់អំពីអត្តសញ្ញាណរបស់«កូកនិងម៉ាកូក»ក្នុងការបើកបង្ហាញ ២០:៧-៩។