ជំពូកទី៥
ចូរ«មើលការអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមដែលពួកគេកំពុងធ្វើ»
គោលចំណុច: ពួកយូដាក្បត់ជំនឿបានបង្ខូចការគោរពប្រណិប័តន៍ពិតនិងមានសីលធម៌អន់ថយ
១-៣. តើព្រះយេហូវ៉ាចង់ឲ្យអេសេគាលឃើញអ្វីនៅឯវិហារក្នុងក្រុងយេរូសាឡិម ហើយហេតុអ្វី? (សូមមើលនៅទំព័រផ្នែកទី២)
ដោយសារអេសេគាលដែលជាអ្នកប្រកាសទំនាយជាកូនរបស់សង្ឃ នោះគាត់ស្គាល់ច្បាប់ម៉ូសេយ៉ាងច្បាស់។ ដូច្នេះ គាត់ច្បាស់ជាស្គាល់វិហារនៅក្រុងយេរូសាឡិម ហើយដឹងថាការគោរពប្រណិប័តន៍ពិតចំពោះព្រះយេហូវ៉ាគួរធ្វើឡើងនៅទីនោះ។ (អេគ. ១:៣; ម៉ាឡ. ២:៧) ប៉ុន្តែ នៅឆ្នាំ៦១២ មុនគ.ស. អ្វីដែលកំពុងកើតឡើងនៅឯវិហាររបស់ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិយូដាដែលស្មោះត្រង់រួមទាំងអេសេគាលតក់ស្លុតយ៉ាងខ្លាំង។
២ ព្រះយេហូវ៉ាចង់ឲ្យអេសេគាលឃើញស្ថានភាពអាក្រក់ទាំងប៉ុន្មាននៅឯវិហារ ហើយឲ្យគាត់ប្រាប់អ្វីដែលគាត់បានឃើញដល់«បុរសចាស់ទុំនៃយូដា»ជាជននិរទេសដែលកំពុងអង្គុយជុំគ្នានៅក្នុងផ្ទះរបស់គាត់។ (សូមអាន អេសេគាល ៨:១-៤; អេគ. ១១:២៤, ២៥; ២០:១-៣) តាមរយៈឫទ្ធានុភាពបរិសុទ្ធ ព្រះយេហូវ៉ាបាននាំអេសេគាល(តាមរយៈការបើកបង្ហាញឲ្យឃើញក្នុងគំនិត)ពីផ្ទះរបស់គាត់ក្នុងតំបន់ថេលអាប៊ីបក្បែរទន្លេកេបាក្នុងស្រុកបាប៊ីឡូន ឆ្ពោះទៅក្រុងយេរូសាឡិមដែលនៅភាគខាងលិចមានចម្ងាយរាប់រយគីឡូម៉ែត្រ។ រួចព្រះយេហូវ៉ាដាក់អេសេគាលនៅក្នុងវិហារត្រង់ខ្លោងទ្វារខាងជើងនៃទីធ្លាខាងក្នុង។ ចាប់ពីទីនេះទៅ តាមរយៈការបើកបង្ហាញឲ្យឃើញក្នុងគំនិត ព្រះយេហូវ៉ាបាននាំអេសេគាលដើរមើលវិហារ។
៣ អេសេគាលបានឃើញទិដ្ឋភាពបួនដ៏គួរឲ្យតក់ស្លុត ដែលបង្ហាញថាការគោរពប្រណិប័តន៍
ពិតបានត្រូវបង្ខូចទាំងស្រុងនៅក្នុងប្រជាជាតិនេះ។ តើមានអ្វីកើតឡើងចំពោះការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ា? តើការបើកបង្ហាញនេះមានន័យយ៉ាងណាចំពោះយើងនៅសព្វថ្ងៃនេះ? ឥឡូវសូមឲ្យយើងដើរទស្សនាវិហារជាមួយអេសេគាល។ ប៉ុន្តែ មុនដំបូងយើងត្រូវពិចារណានូវអ្វីដែលព្រះយេហូវ៉ាមានសិទ្ធិតម្រូវពីអ្នកគោរពប្រណិប័តន៍លោក។លោកជាព្រះដែល«តម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ»
៤. តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នកគោរពប្រណិប័តន៍លោក?
៤ ប្រមាណ៩សតវត្សរ៍មុនសម័យអេសេគាល ព្រះយេហូវ៉ាប្រាប់យ៉ាងច្បាស់អំពីអ្វីដែលលោកតម្រូវពីអ្នកគោរពប្រណិប័តន៍លោក។ នៅក្នុងបញ្ញត្តិទី២នៃបញ្ញត្តិ១០ប្រការ លោកបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ * «ខ្ញុំជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ»។ (ដច. ២០:៥) ដោយប្រើពាក្យ«ភក្ដីភាពផ្ដាច់មុខ» ព្រះយេហូវ៉ាបញ្ជាក់ថាលោកមិនពេញចិត្តឲ្យមានការគោរពប្រណិប័តន៍ព្រះឯទៀតឡើយ។ ដូចយើងបានរៀននៅជំពូកទី២នៃសៀវភៅនេះ សេចក្ដីតម្រូវទី១នៃការគោរពប្រណិប័តន៍ពិត គឺថាព្រះយេហូវ៉ាតែមួយគត់ដែលគួរទទួលការគោរពប្រណិប័តន៍ពីយើង។ អ្នកដែលគោរពប្រណិប័តន៍លោក ត្រូវតែចាត់ទុកលោកជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេ។ (ដច. ២០:៣) បើនិយាយឲ្យចំទៅ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកគោរពប្រណិប័តន៍លោកមានការគោរពប្រណិប័តន៍ដែលស្អាតស្អំ គឺដោយមិនលាយឡំការគោរពប្រណិប័តន៍ពិតជាមួយនឹងការគោរពប្រណិប័តន៍មិនពិតឡើយ។ នៅឆ្នាំ១៥១៣ មុនគ.ស. បណ្ដាជនអ៊ីស្រាអែលពេញចិត្តចុះកិច្ចព្រមព្រៀងខាងច្បាប់ជាមួយនឹងព្រះ។ ដោយធ្វើដូច្នេះ ពួកគេព្រមបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា។ (ដច. ២៤:៣-៨) ព្រះយេហូវ៉ាស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងរបស់លោក ហើយលោកក៏តម្រូវឲ្យរាស្ត្ររបស់លោកស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងនោះដែរ។—បច. ៧:៩, ១០; ២សាំ. ២២:២៦
៥, ៦. ហេតុអ្វីព្រះយេហូវ៉ាសមទទួលភក្ដីភាពផ្ដាច់មុខពីជនជាតិអ៊ីស្រាអែល?
៥ តើសមហេតុសមផលឬទេ ដែលព្រះយេហូវ៉ាតម្រូវឲ្យបណ្ដាជនអ៊ីស្រាអែលមានភក្ដីភាពផ្ដាច់មុខចំពោះលោក? គឺសមហេតុសមផលណាស់! ព្រោះលោកជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយជាមហាក្សត្រសកលលោក ព្រមទាំងជាប្រភពនៃជីវិត និងជាអ្នកផ្គត់ផ្គង់ជីវិតទាំងឡាយ។ (ចសព. ៣៦:៩; សកម្ម. ១៧:២៨) ព្រះយេហូវ៉ាក៏ជាអ្នកសង្គ្រោះជនជាតិអ៊ីស្រាអែលដែរ។ ពេលលោកផ្ដល់បញ្ញត្តិ១០ប្រការ លោករំលឹករាស្ត្ររបស់លោកថា៖ «ខ្ញុំយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើ»។ (ដច. ២០:២) ច្បាស់ណាស់ ព្រះយេហូវ៉ាសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីជនជាតិអ៊ីស្រាអែល។
៦ ព្រះយេហូវ៉ាមិនប្រែប្រួលឡើយ។ (ម៉ាឡ. ៣:៦) លោកតែងតែតម្រូវឲ្យរាស្ត្ររបស់លោកមានភក្ដីភាពផ្ដាច់មុខចំពោះលោក។ ដូច្នេះ សូមស្រមៃគិតថាលោកមានអារម្មណ៍យ៉ាងណា អំពីទិដ្ឋភាពដ៏អាក្រក់បួនដែលលោកនឹងបង្ហាញឲ្យអេសេគាលឃើញក្នុងគំនិត។
ទិដ្ឋភាពទី១: រូបព្រះនៃសេចក្ដីប្រច័ណ្ឌ
៧. (ក) តើពួកយូដាដែលក្បត់ជំនឿកំពុងធ្វើអ្វីនៅឯខ្លោងទ្វារខាងជើងនៃវិហារ ហើយនេះធ្វើឲ្យព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើព្រះយេហូវ៉ាប្រច័ណ្ឌក្នុងន័យអ្វី? (សូមមើលកំណត់សម្គាល់លេខ២)
៧ សូមអាន អេសេគាល ៨:៥, ៦។ អេសេគាលច្បាស់ជាតក់ស្លុតយ៉ាងខ្លាំង! នៅឯខ្លោងទ្វារខាងជើងនៃវិហារ ពួកយូដាដែលក្បត់ជំនឿកំពុងគោរពបូជារូបព្រះ។ នោះប្រហែល ជាបង្គោលឈើពិសិដ្ឋដែលតំណាងឲ្យព្រះនាងអាសេរ៉ាជាព្រះមិនពិត ដែលជនជាតិកាណានចាត់ទុកថាជាប្រពន្ធរបស់ព្រះបាល។ ទោះបីជារូបនោះតំណាងអ្វីក៏ដោយ ជនជាតិអ៊ីស្រាអែលដែលគោរពបូជារូបនោះ មិនបានធ្វើតាមពាក្យសន្យាជាមួយនឹងព្រះយេហូវ៉ាឡើយ។ ដោយសារពួកគេបង្ហាញភក្ដីភាពដល់ព្រះមិនពិត ជាភក្ដីភាពដែលព្រះយេហូវ៉ាប៉ុណ្ណោះមានសិទ្ធិទទួល នោះពួកគេធ្វើឲ្យព្រះយេហូវ៉ាប្រច័ណ្ឌ ហើយមានហេតុត្រឹមត្រូវខឹងនឹងពួកគេ។ * (បច. ៣២:១៦; អេគ. ៥:១៣) សូមគិតទៅមើល គឺអស់រយៈពេលជាង៤០០ឆ្នាំ វិហារជាតំណាងកន្លែងដែលព្រះយេហូវ៉ាអាស្រ័យនៅ។ (១បស. ៨:១០-១៣) ប៉ុន្តែ ឥឡូវពួកគេកំពុងគោរពបូជារូបព្រះនៅក្នុងវិហារ។ ហេតុនេះ ពួកគេបានធ្វើឲ្យព្រះយេហូវ៉ា‹ចាកចេញឆ្ងាយពីកន្លែងបរិសុទ្ធរបស់លោក›។
៨. តើការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិតអំពីរូបព្រះនៃសេចក្ដីប្រច័ណ្ឌមានន័យយ៉ាងណាសម្រាប់យើងសព្វថ្ងៃ?
៨ ស្ដីអំពីរូបព្រះនៃសេចក្ដីប្រច័ណ្ឌ តើការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិតមានន័យយ៉ាងណាសម្រាប់យើងនៅសព្វថ្ងៃ? ពួកយូដាដែលក្បត់ជំនឿ ពិតជារំលឹកយើងអំពីពិភពគ្រិស្តសាសនា។ វិហារនានានៃពិភពគ្រិស្តសាសនាអះអាងថាពួកគេគោរពប្រណិប័តន៍ព្រះ តែព្រះមិនព្រមទទួលការគោរពប្រណិប័តន៍របស់ពួកគេទេ ព្រោះពួកគេគោរពបូជារូបព្រះ។ ដោយសារព្រះយេហូវ៉ាមិនប្រែប្រួល យើងអាចដឹងច្បាស់ថាលោកមានហេតុខឹងនឹងពិភពគ្រិស្តសាសនា ដូចលោកមានហេតុខឹងនឹងពួកយូដាដែលក្បត់ជំនឿដែរ។ (យ៉ា. ១:១៧) ដូច្នេះ ព្រះយេហូវ៉ាច្បាស់ជានៅឆ្ងាយពីពិភពគ្រិស្តសាសនា!
៩, ១០. ស្ដីអំពីពួកអ្នកគោរពបូជារូបព្រះនៅឯវិហារ តើមានការព្រមានអ្វីសម្រាប់យើង?
៩ តើយើងអាចទាញមេរៀនអ្វីពីពួកអ្នកដែលគោរពបូជារូបព្រះនៅឯវិហារ? ដើម្បីបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា យើងត្រូវ«រត់ចេញពីការគោរពបូជារូបព្រះ»។ (១កូ. ១០:១៤) យើងប្រហែលជាគិតថា‹ខ្ញុំនឹងមិនប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ!›។ ប៉ុន្តែ ការគោរពបូជារូបព្រះរួមបញ្ចូលអ្វីផ្សេងៗ ហើយពេលខ្លះពិបាកសម្គាល់។ ឯកសារយោងមួយពីគម្ពីររៀបរាប់ថា៖ «ជាជាងចាត់ទុកព្រះពិតថាសំខាន់បំផុត បុគ្គលម្នាក់ប្រហែលជាចាត់ទុកអ្វីផ្សេងៗ ដូចជាអំណាចឬអ្វីដែលគេឲ្យតម្លៃថាជាព្រះរបស់ពួកគេទៅវិញ»។ ដូច្នេះ ការគោរពបូជារូបព្រះអាចរួមបញ្ចូលទ្រព្យសម្បត្តិ លុយ ការរួមដំណេក ការកម្សាន្ត ពោលគឺអ្វីណាក៏ដោយដែលយើងចាត់ទុកថាសំខាន់បំផុតក្នុងជីវិត។ ជាលទ្ធផល អ្វីទាំងនោះធ្វើឲ្យយើងលែងបង្ហាញភក្ដីភាពផ្ដាច់មុខដល់ព្រះយេហូវ៉ាទៀត។ (ម៉ាថ. ៦:១៩-២១, ២៤; អេភ. ៥:៥; កូឡ. ៣:៥) ហេតុនេះ យើងត្រូវជៀសចេញពីការគោរពបូជារូបព្រះគ្រប់បែបយ៉ាង ព្រោះយើងត្រូវបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា និងគោរពប្រណិប័តន៍លោកយ៉ាងអស់ពីចិត្ត។—១យ៉ូន. ៥:២១
១០ ទិដ្ឋភាពដំបូងដែលព្រះយេហូវ៉ាបង្ហាញអេសេគាល ក៏រួមបញ្ចូល«អំពើដ៏គួរឲ្យស្អប់ខ្ពើម»ផងដែរ។ ប៉ុន្តែ ព្រះយេហូវ៉ាបានប្រាប់អេសេគាលជាអ្នកប្រកាសទំនាយដ៏ស្មោះត្រង់ថា៖ «អ្នកនឹងឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលអាក្រក់ជាងនេះទៅទៀត»។ តើមានអ្វីដែលអាក្រក់ជាងការគោរពបូជារូបព្រះនៃសេចក្ដីប្រច័ណ្ឌនៅក្នុងវិហារនោះ?
ទិដ្ឋភាពទី២: ពួកបុរសចាស់ទុំ៧០នាក់ដុតគ្រឿងក្រអូបដល់ព្រះមិនពិត
១១. តើអេសេគាលបានឃើញការអាក្រក់អ្វីខ្លះបន្ទាប់ពីចូលទីធ្លាខាងក្នុងក្បែរទីបូជា?
១១ សូមអាន អេសេគាល ៨:៧-១២។ អេសេគាលបានចោះទម្លុះជញ្ជាំង ហើយចូលទៅទីធ្លាខាងក្នុងក្បែរទីបូជា។ គាត់ក៏ឃើញ«រូបសត្វលូនវារនិងសត្វដ៏គួរឲ្យស្អប់ខ្ពើមគ្រប់បែបយ៉ាង រួមទាំងរូបព្រះផ្សេងៗដ៏គួរឲ្យខ្ពើមរអើម»ឆ្លាក់នៅលើជញ្ជាំង។ * រូបឆ្លាក់ទាំងនោះតំណាងឲ្យព្រះមិនពិត។ ប៉ុន្តែ អ្វីដែលអេសេគាលបានឃើញបន្ទាប់មកអាក្រក់ជាងនោះទៅទៀត គឺ«បុរសចាស់ទុំនៃពូជពង្សអ៊ីស្រាអែល៧០នាក់»កំពុងឈរ«ក្នុងទីងងឹត» ហើយដុតគ្រឿងក្រអូបជូនព្រះមិនពិត។ ក្រោមច្បាប់ម៉ូសេ ក្លិនគ្រឿងក្រអូបតំណាងឲ្យសេចក្ដីអធិដ្ឋានរបស់ពួកអ្នកគោរពប្រណិប័តន៍ស្មោះត្រង់។ (ចសព. ១៤១:២) ប៉ុន្តែ គ្រឿងក្រអូបដែលពួកបុរសចាស់ទុំ៧០នាក់ដុតដល់ព្រះមិនពិត មានក្លិនស្អុយគគ្រក់ចំពោះព្រះយេហូវ៉ា។ ដូច្នេះ សេចក្ដីអធិដ្ឋានរបស់ពួកគេប្រៀបដូចជាក្លិនអសោចចំពោះលោក។ (សុភ. ១៥:៨) ពួកបុរសចាស់ទុំទាំងនេះបញ្ឆោតខ្លួនដោយគិតថា៖ «ព្រះយេហូវ៉ាមើលមិនឃើញយើងទេ»។ ប៉ុន្តែ ព្រះយេហូវ៉ាឃើញពួកគេ ហើយលោកបង្ហាញអេសេគាលយ៉ាងជាក់លាក់នូវអ្វីដែលពួកគេកំពុងធ្វើក្នុងវិហាររបស់លោក!
១២. ហេតុអ្វីយើងត្រូវរក្សាភាពស្មោះត្រង់សូម្បីតែនៅ«ក្នុងទីងងឹត»? ហើយជាពិសេស តើអ្នកណាគួរទុកគំរូល្អក្នុងរឿងនេះ?
១២ តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុរបស់អេសេគាលស្ដីអំពីពួកបុរសចាស់ទុំ៧០នាក់ដែលជូនគ្រឿងក្រអូបដល់ព្រះមិនពិត? ដើម្បីឲ្យព្រះស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងនិងដើម្បីរក្សាការគោរពប្រណិប័តន៍របស់យើងឲ្យនៅបរិសុទ្ធចំពោះលោក យើងត្រូវនៅស្មោះត្រង់ជានិច្ច សូម្បីតែ«ក្នុងទីងងឹត»ក្ដី។ (សុភ. ១៥:២៩) សូមយើងចាំថាព្រះយេហូវ៉ាអាចឃើញអ្វីទាំងអស់ដែលយើងធ្វើ។ បើព្រះយេហូវ៉ាជាបុគ្គលពិតចំពោះយើង យើងនឹងមិនធ្វើអ្វីដែលយើងដឹងថាលោកមិនពេញចិត្តនោះឡើយ សូម្បីតែពេលយើងនៅម្នាក់ឯងក៏ដោយ។ (ហេ. ៤:១៣) ជាពិសេសអ្នកចាស់ទុំក្នុងក្រុមជំនុំត្រូវទុកគំរូល្អក្នុងការធ្វើតាមគោលការណ៍គម្ពីរ។ (១ពេ. ៥:២, ៣) បងប្អូនក្នុងក្រុមជំនុំអាចរំពឹងថាអ្នកចាស់ទុំដែលបំពេញភារកិច្ចនៅមុខពួកគេ និងដែលនាំមុខក្នុងការគោរពប្រណិប័តន៍នៅឯកិច្ចប្រជុំ កំពុងរស់នៅស្របតាមគោលការណ៍គម្ពីរ សូម្បីតែ«ក្នុងទីងងឹត» ពោលគឺពេលដែលអ្នកឯទៀតមើលមិនឃើញគាត់។—ចសព. ១០១:២, ៣
ទិដ្ឋភាពទី៣: «ពួកស្ត្រីកំពុងអង្គុយយំនៅមុខព្រះថាមូស»
១៣. តើអេសេគាលបានឃើញពួកស្ត្រីដែលក្បត់ជំនឿកំពុងធ្វើអ្វីនៅឯខ្លោងទ្វារវិហារ?
១៣ សូមអាន អេសេគាល ៨:១៣, ១៤។ បន្ទាប់ពីទិដ្ឋភាពដ៏អាក្រក់ពីរដំបូង ព្រះយេហូវ៉ាបានប្រាប់អេសេគាលម្ដងទៀតថា៖ «អ្នកនឹងឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេដែលអាក្រក់ជាងនេះទៅទៀត»។ ដូច្នេះ តើអេសេគាលបានឃើញអ្វីបន្ទាប់មក? នៅ«ឯខ្លោងទ្វារខាងជើងនៃវិហាររបស់[ព្រះយេហូវ៉ា]» គាត់បាន«ឃើញពួកស្ត្រីកំពុងអង្គុយយំនៅមុខព្រះថាមូស»។ ថាមូសជាព្រះនៃតំបន់មេសូប៉ូតាមៀ ហើយគេជឿថាព្រះនេះជាគូស្នេហ៍នៃព្រះនាងអ៊ីស្តាជាព្រះដែលផ្ដល់សមត្ថភាពឲ្យមានកូន។ * តាមមើលទៅ ពួកស្ត្រីជនជាតិអ៊ីស្រាអែលកំពុងយំស្ដាយព្រះថាមូស ដោយសារនោះជាពិធីបុណ្យសពរបស់ព្រះនោះ។ ដោយធ្វើដូច្នេះក្នុងវិហាររបស់ព្រះយេហូវ៉ា ពួកស្ត្រីទាំងនោះកំពុងធ្វើពិធីសាសនាមិនពិតនៅកន្លែងគោរពប្រណិប័តន៍ពិតតែម្ដង។ ប៉ុន្តែ ការគោរពបូជាព្រះមិនពិតក្នុងវិហាររបស់ព្រះយេហូវ៉ា មិនធ្វើឲ្យការគោរពបូជានោះបរិសុទ្ធទេ។ តាមទស្សនៈរបស់ព្រះយេហូវ៉ា ពួកស្ត្រីក្បត់ជំនឿទាំងនោះកំពុងធ្វើអ្វីដែល«គួរឲ្យស្អប់ខ្ពើម»ណាស់!
១៤. តើយើងអាចទាញមេរៀនអ្វីពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអ្វីដែលពួកស្ត្រីក្បត់ជំនឿកំពុងធ្វើ?
១៤ ស្ដីអំពីការប្រព្រឹត្តរបស់ពួកស្ត្រីទាំងនោះ តើយើងអាចរៀនអ្វីអំពីទស្សនៈរបស់ព្រះយេហូវ៉ា? ដើម្បីរក្សាការគោរពប្រណិប័តន៍របស់យើងឲ្យនៅបរិសុទ្ធ យើងមិនត្រូវលាយឡំជាមួយនឹងទំនៀមទម្លាប់សាសនាមិនពិតឡើយ។ ដូច្នេះ យើងមិនចង់ចូលរួមក្នុងពិធីបុណ្យដែលមានដើមកំណើតពីសាសនាមិនពិតទាល់តែសោះ។ តើការដឹងអំពីប្រភពនៃពិធីបុណ្យផ្សេងៗសំខាន់ឬទេ? ពិតជាសំខាន់! សព្វថ្ងៃនេះ ទំនៀមទម្លាប់ដែលទាក់ទងនឹងពិធីបុណ្យផ្សេងៗ ដូចជាបុណ្យចូលឆ្នាំនិងពិធីខួបកំណើត ប្រហែលជាមើលទៅសប្បាយ។ ប៉ុន្តែ សូមយើងចាំថា ព្រះយេហូវ៉ាដឹងអំពីប្រភពនៃទំនៀមទម្លាប់សាសនាមិនពិត ដែលបានក្លាយទៅជាពិធីបុណ្យដ៏ល្បីល្បាញនៅសព្វថ្ងៃ។ តាមទស្សនៈរបស់ព្រះយេហូវ៉ា ទំនៀមទម្លាប់សាសនាមិនពិតនៅតែគួរឲ្យស្អប់ខ្ពើមដដែល ទោះជារយៈពេលយូរបានកន្លងទៅ ឬមនុស្សព្យាយាមរួមបញ្ចូលក្នុងការគោរពប្រណិប័តន៍ពិតក៏ដោយ។—២កូ. ៦:១៧; បប. ១៨:២, ៤
ទិដ្ឋភាពទី៤: ពួកបុរស២៥នាក់កំពុង«ក្រាបគោរពដល់ដួងអាទិត្យ»
១៥, ១៦. តើពួកបុរស២៥នាក់កំពុងធ្វើអ្វីនៅទីធ្លាខាងក្នុងវិហារ? ហើយហេតុអ្វីការប្រព្រឹត្តរបស់ពួកគេធ្វើឲ្យព្រះយេហូវ៉ាខឹងយ៉ាងខ្លាំង?
១៥ សូមអាន អេសេគាល ៨:១៥-១៨។ មុនព្រះយេហូវ៉ាបង្ហាញអេសេគាលនូវទិដ្ឋភាពទី៤ដែលជាទិដ្ឋភាពចុងក្រោយ លោកមានប្រសាសន៍ទៅគាត់ម្ដងទៀតថា៖ «អ្នកនឹងឃើញអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលអាក្រក់ជាងនេះទៅទៀត»។ ប៉ុន្តែ អេសេគាលប្រហែលជាឆ្ងល់ថា‹តើមានអ្វីដែលអាក្រក់ជាងអ្វីដែលខ្ញុំបានឃើញទៅ?›។ ឥឡូវអេសេគាលនៅឯទីធ្លាខាងក្នុងនៃវិហារ។ នៅត្រង់ច្រកចូលវិហារ គាត់បានឃើញបុរស២៥នាក់កំពុង«បែរមុខទៅទិសខាងកើត ក្រាបគោរពដល់ដួងអាទិត្យ»។ ការប្រព្រឹត្តរបស់ពួកគេធ្វើឲ្យព្រះយេហូវ៉ាខឹងខ្លាំងជាងពេលណាៗទាំងអស់។ តើពួកគេបានធ្វើអ្វីខ្លះ?
១បស. ៨:១០-១៣) ពួកបុរស២៥នាក់នោះជាអ្នកក្បត់ជំនឿ។ ពួកគេមិនអើពើនឹងព្រះយេហូវ៉ា ហើយបំពានបង្គាប់របស់លោកដែលមានក្នុងសៀវភៅការបំភ្លឺច្បាប់ ៤:១៥-១៩។ ពួកគេពិតជាធ្វើឲ្យព្រះដែលសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីពួកគេ ខឹងខ្លាំងណាស់!
១៦ សូមគិតអំពីទិដ្ឋភាពដូចតទៅ: វិហាររបស់ព្រះយេហូវ៉ាបានត្រូវសង់បែរមុខទៅទិសខាងកើត។ ដូច្នេះ ពេលអ្នកគោរពប្រណិប័តន៍ចូលវិហារ ពួកគេបែរមុខទៅទិសខាងលិច ហើយបែរខ្នងទៅទិសខាងកើត។ ប៉ុន្តែ ក្នុងការបើកបង្ហាញនោះ ពួកបុរស២៥នាក់«បែរខ្នងដាក់វិហារ»របស់ព្រះយេហូវ៉ា ហើយបែរមុខទៅទិសខាងកើតដើម្បីពួកគេអាចក្រាបគោរពដល់ដួងអាទិត្យ។ ដោយធ្វើដូច្នេះ ពួកគេបែរខ្នងដាក់ព្រះយេហូវ៉ា ព្រោះវិហារនោះជា‹វិហាររបស់លោក›។ (ព្រះយេហូវ៉ាសមនឹងទទួលភក្ដីភាពផ្ដាច់មុខពីអ្នកគោរពប្រណិប័តន៍លោក
១៧, ១៨. (ក) តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនៃអស់អ្នកគោរពបូជាដួងអាទិត្យនៅក្នុងវិហារព្រះ? (ខ) តើជនជាតិអ៊ីស្រាអែលដែលក្បត់ជំនឿបានបង្ខូចចំណងមិត្តភាពជាមួយអ្នកណាខ្លះ? ហើយតាមរបៀបណា?
១៧ ស្ដីអំពីកំណត់ហេតុនៃអស់អ្នកដែលគោរពបូជាដួងអាទិត្យ តើយើងអាចទាញមេរៀនអ្វី? ដើម្បីរក្សាការគោរពប្រណិប័តន៍របស់យើងឲ្យនៅបរិសុទ្ធ យើងត្រូវសុំជំនួយពីព្រះយេហូវ៉ាដើម្បីទទួលបានការយល់ដឹងនិងប្រាជ្ញា។ សូមចាំថា«ព្រះយេហូវ៉ាជាដួងអាទិត្យ» ហើយបណ្ដាំរបស់លោកជា«ពន្លឺ»បំភ្លឺផ្លូវយើង។ (ចសព. ៨៤:១១; ១១៩:១០៥) តាមរយៈបណ្ដាំលោកនិងសៀវភៅផ្សេងៗពីអង្គការរបស់លោក លោកបំភ្លឺចិត្តនិងគំនិតរបស់យើង ហើយបង្ហាញយើងអំពីរបៀបដើរតាមមាគ៌ាមួយដែលនាំទៅដល់ជីវិតដ៏ស្កប់ចិត្តនៅឥឡូវនេះ និងជីវិតជារៀងរហូតនៅអនាគត។ ផ្ទុយទៅវិញ បើយើងខំស្វែងរកចំណេះឬប្រាជ្ញាក្នុងពិភពលោកនេះអំពីរបៀបរស់នៅ នោះយើងបែរខ្នងដាក់ព្រះយេហូវ៉ាហើយ។ ការប្រព្រឹត្តដូចនេះនឹងធ្វើឲ្យព្រះយេហូវ៉ាខឹង ហើយឈឺចិត្តជាខ្លាំង។ យើងច្បាស់ជាមិនចង់ធ្វើដូច្នេះចំពោះព្រះរបស់យើងឡើយ! ការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិត ព្រមានយើងឲ្យជៀសវាងពីអស់អ្នកដែលបែរចេញពីសេចក្ដីពិត ពោលគឺពួកអ្នកក្បត់ជំនឿ។—សុភ. ១១:៩
១៨ មកដល់ត្រឹមនេះ យើងដឹងថាអេសេគាលបានឃើញទិដ្ឋភាពដ៏អាក្រក់បួនដែលទាក់ទងនឹងការគោរពបូជារូបព្រះនិងការគោរពប្រណិប័តន៍មិនពិត។ នេះបង្ហាញថាការគោរពប្រណិប័តន៍របស់ពួកយូដាដែលក្បត់ជំនឿបានស្មោកគ្រោកដល់កម្រិតណា។ ដោយធ្វើឲ្យការគោរពប្រណិប័តន៍របស់ពួកគេលែងបរិសុទ្ធ បណ្ដាជនអ៊ីស្រាអែលបានបង្ខូចចំណងមិត្តភាពរបស់ពួកគេជាមួយព្រះ។ បន្ថែមទៅទៀត ពេលដែលការគោរពប្រណិប័តន៍របស់ពួកគេលែងបរិសុទ្ធ សីលធម៌របស់ពួកគេក៏អន់ថយដែរ។ ហេតុនេះ មិនគួរឲ្យភ្ញាក់ផ្អើលទេដែលបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់សព្វបែបយ៉ាង។ ជាលទ្ធផល នេះមិនគ្រាន់តែប៉ះពាល់ដល់ចំណងមិត្តភាពជាមួយនឹងព្រះប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់ចំណងមិត្តភាពជាមួយនឹងមនុស្សឯទៀតដែរ។ ឥឡូវសូមយើងពិចារណាការពណ៌នារបស់អេសេគាលជាអ្នកប្រកាសទំនាយក្រោមការដឹកនាំរបស់ព្រះ ស្ដីអំពីសីលធម៌អន់ថយរបស់ពួកយូដាដែលក្បត់ជំនឿ។
សីលធម៌ស្មោកគ្រោកគឺការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើម
១៩. តើតាមរបៀបណាអេសេគាលបានរៀបរាប់អំពីសីលធម៌អន់ថយរបស់រាស្ត្រដែលចុះកិច្ចព្រមព្រៀងជាមួយព្រះយេហូវ៉ា?
១៩ សូមអាន អេសេគាល ២២:៣-១២។ ប្រជាជាតិអ៊ីស្រាអែលមានសីលធម៌ស្មោកគ្រោក ទាំងអ្នកគ្រប់គ្រងទាំងបណ្ដាជន។ «ពួកមេដឹកនាំ»ប្រើអំណាចដើម្បីសម្លាប់ជនស្លូតត្រង់។ តាមមើលទៅ បណ្ដាជនទូទៅធ្វើតាមគំរូពួកអ្នកដឹកនាំរបស់ពួកគេ ដោយបំពានច្បាប់ របស់ព្រះ។ ក្នុងរង្វង់គ្រួសារ កូនៗ«ប្រមាថមើលងាយ»ឪពុកម្ដាយ ហើយគេចាត់ទុកការរួមដំណេកជាមួយនឹងឪពុកម្ដាយឬបងប្អូនខ្លួនជារឿងធម្មតា។ មួយវិញទៀត នៅទូទាំងស្រុក ជនជាតិអ៊ីស្រាអែលដែលបះបោរប្រឆាំង ពួកគេបោកប្រាស់ជនបរទេស ហើយធ្វើបាបស្ត្រីមេម៉ាយនិងកូនកំព្រា។ រីឯពួកបុរសខ្លះ ពួកគេប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមជាមួយនឹងប្រពន្ធអ្នកជិតខាងខ្លួន។ ចំណែកអ្នកខ្លះទៀត ពួកគេមានចិត្តលោភលន់យ៉ាងខ្លាំង ហើយពួកគេស៊ីសំណូក គំរាមយកទ្រព្យ និងកេងប្រវ័ញ្ចអ្នកឯទៀត។ ព្រះយេហូវ៉ាច្បាស់ជាឈឺចិត្តខ្លាំងណាស់ ពេលឃើញរាស្ត្រដែលចុះកិច្ចព្រមព្រៀងជាមួយលោក ជាន់ឈ្លីច្បាប់របស់លោក ហើយមិនអើពើនឹងសេចក្ដីស្រឡាញ់ដែលជាមូលដ្ឋាននៃច្បាប់នោះ។ ការមានសីលធម៌ស្មោកគ្រោកបែបនោះ ធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តយ៉ាងខ្លាំង។ លោកបានបង្គាប់អេសេគាលឲ្យប្រាប់បណ្ដាជនដែលគ្មានសីលធម៌ទាំងនោះថា៖ «អ្នកទាំងអស់គ្នាបានបំភ្លេចខ្ញុំហើយ»។
២០. ហេតុអ្វីពាក្យរបស់អេសេគាលអំពីសីលធម៌ស្មោកគ្រោករបស់ពួកយូដាមានប្រយោជន៍សម្រាប់យើងសព្វថ្ងៃ?
២០ ហេតុអ្វីពាក្យរបស់អេសេគាលស្ដីអំពីសីលធម៌ស្មោកគ្រោករបស់ពួកយូដាមានប្រយោជន៍សម្រាប់យើងនៅសព្វថ្ងៃ? សីលធម៌ស្មោកគ្រោករបស់ពួកយូដាដែលក្បត់ជំនឿ រំលឹកយើងថាយើងរស់នៅក្នុងពិភពលោកដែលមានសីលធម៌អន់ថយ។ ពួកអ្នកគ្រប់គ្រងប្រើអំណាចរបស់ខ្លួនតាមរបៀបមិនត្រឹមត្រូវ ហើយគាបសង្កត់មនុស្សស្លូតត្រង់។ រីឯពួកអ្នកដឹកនាំសាសនា ជាពិសេសបព្វជិតនៃពិភពគ្រិស្តសាសនា ពួកគេបានសុំពរពីព្រះក្នុងការធ្វើសង្គ្រាម ហើយសង្គ្រាមនោះបណ្ដាលឲ្យមនុស្សរាប់សិបលាននាក់ស្លាប់។ បន្ថែមទៅទៀត បព្វជិតសាសនាបានបន្ធូរបន្ថយខ្នាតតម្រាដ៏បរិសុទ្ធរបស់ព្រះស្ដីអំពីសីលធម៌ខាងផ្លូវភេទ។ ជាលទ្ធផល ខ្នាតតម្រាសីលធម៌ក្នុងពិភពលោកនេះកាន់តែអន់ថយទៅៗ។ ដូចអ្វីដែលព្រះ
យេហូវ៉ាបានមានប្រសាសន៍ទៅកាន់ពួកយូដាដែលក្បត់ជំនឿ លោកច្បាស់ជានិយាយទៅកាន់ពិភពគ្រិស្តសាសនាថា៖ «អ្នកទាំងអស់គ្នាបានបំភ្លេចខ្ញុំហើយ»។២១. តើយើងអាចទាញមេរៀនអ្វីពីសីលធម៌ស្មោកគ្រោករបស់ពួកយូដាសម័យបុរាណ?
២១ ក្នុងនាមជារាស្ត្ររបស់ព្រះយេហូវ៉ា តើយើងអាចរៀនអ្វីស្ដីអំពីសីលធម៌ស្មោកគ្រោករបស់ពួកយូដាសម័យបុរាណ? ដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្តការគោរពប្រណិប័តន៍របស់យើង យើងត្រូវមានការប្រព្រឹត្តស្អាតស្អំក្នុងគ្រប់ការទាំងអស់។ ប៉ុន្តែ ការធ្វើដូច្នេះក្នុងពិភពលោកដែលមានសីលធម៌ស្មោកគ្រោកនេះ គឺមិនងាយស្រួលទេ។ (២ធី. ៣:១-៥) ទោះជាយ៉ាងនោះក្ដី យើងដឹងច្បាស់អំពីអារម្មណ៍របស់ព្រះយេហូវ៉ា ចំពោះការប្រព្រឹត្តអាក្រក់និងអំពើប្រាសចាកសីលធម៌គ្រប់បែបយ៉ាង។ (១កូ. ៦:៩, ១០) ដូច្នេះ យើងរស់នៅស្របតាមខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា ព្រោះយើងស្រឡាញ់លោកនិងច្បាប់របស់លោក។ (ចសព. ១១៩:៩៧; ១យ៉ូន. ៥:៣) បើយើងមានសីលធម៌មិនស្អាតស្អំ នោះបង្ហាញថាយើងមិនស្រឡាញ់ព្រះដ៏ស្អាតស្អំនិងបរិសុទ្ធរបស់យើងទេ។ យើងពិតជាមិនចង់ឲ្យព្រះយេហូវ៉ាមានហេតុនិយាយមកយើងថា៖ «អ្នកទាំងអស់គ្នាបានបំភ្លេចខ្ញុំហើយ»។
២២. (ក) បន្ទាប់ពីបានពិចារណាការបកអាក្រាតដែលព្រះយេហូវ៉ាបានធ្វើទៅលើពួកយូដាសម័យបុរាណ តើអ្នកតាំងចិត្តធ្វើអ្វី? (ខ) តើយើងនឹងពិចារណាអ្វីក្នុងជំពូកបន្ទាប់?
២២ យើងឃើញថាព្រះយេហូវ៉ាបានបកអាក្រាតការគោរពប្រណិប័តន៍មិនបរិសុទ្ធ និងសីលធម៌អន់ថយរបស់ពួកយូដាសម័យបុរាណ។ យើងបានទាញមេរៀនសំខាន់ៗពីការបកអាក្រាតនោះ។ យើងតាំងចិត្តកាន់តែមុតមាំក្នុងការបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា ព្រោះលោកសមនឹងទទួល។ ម្ល៉ោះហើយ យើងត្រូវជៀសវាងពីការគោរពបូជារូបព្រះគ្រប់បែបយ៉ាង និងរក្សាសីលធម៌ស្អាតស្អំជានិច្ច។ តើព្រះយេហូវ៉ាបានធ្វើយ៉ាងណាចំពោះរាស្ត្រមិនស្មោះត្រង់របស់លោក? បន្ទាប់ពីអេសេគាលដើរមើលវិហារចប់រួចរាល់ហើយ ព្រះយេហូវ៉ាប្រាប់គាត់ចំៗថា៖ «ខ្ញុំនឹងបញ្ចេញកំហឹងរបស់ខ្ញុំ»។ (អេគ. ៨:១៧, ១៨) យើងចង់ដឹងថាព្រះយេហូវ៉ាចាត់វិធានការយ៉ាងណាទៅលើពួកយូដាដែលមិនស្មោះត្រង់ ព្រោះលោកនឹងវិនិច្ឆ័យពិភពលោកដ៏អាក្រក់នេះតាមរបៀបដូចគ្នា។ នៅជំពូកបន្ទាប់នឹងរៀបរាប់អំពីរបៀបដែលព្រះយេហូវ៉ាបានវិនិច្ឆ័យជនជាតិយូដា។
^ វគ្គ 4 ក្នុងសៀវភៅអេសេគាល ជាញឹកញយពាក្យ«អ៊ីស្រាអែល»សំដៅលើអ្នកស្រុកយូដានិងអ្នកក្រុងយេរូសាឡិម។—អេគ. ១២:១៩, ២២; ១៨:២; ២១:២, ៣
^ វគ្គ 7 ពាក្យ«ប្រច័ណ្ឌ»បង្ហាញថាចំពោះព្រះយេហូវ៉ាភាពស្មោះត្រង់គឺសំខាន់ណាស់។ យើងអាចគិតអំពីចិត្តប្រច័ណ្ឌរបស់ប្ដីម្នាក់ ពេលដែលប្រពន្ធរបស់គាត់មិនស្មោះត្រង់ចំពោះគាត់។ (សុភ. ៦:៣៤) ដូចប្ដីនោះដែរ គឺមានហេតុត្រឹមត្រូវដែលព្រះយេហូវ៉ាខឹង ពេលរាស្ត្រដែលចុះកិច្ចព្រមព្រៀងជាមួយលោកទៅជាមិនស្មោះត្រង់ដោយគោរពបូជារូបព្រះ។ ឯកសារយោងមួយរៀបរាប់ថា៖ «ព្រះប្រច័ណ្ឌ . . . ដោយសារលោកបរិសុទ្ធ។ ព្រោះមានតែលោកប៉ុណ្ណោះជាព្រះដ៏បរិសុទ្ធ . . . លោកមិនអនុញ្ញាតឲ្យមានអ្នកប្រជែងនឹងលោកឡើយ»។—ដច. ៣៤:១៤
^ វគ្គ 11 ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា៖ «រូបព្រះដ៏គួរឲ្យស្អប់ខ្ពើម» ប្រហែលជាទាក់ទងនឹងពាក្យភាសាហេប្រឺមួយទៀតដែលសំដៅលើ«អាចម៍សត្វ» ហើយពាក្យនេះជាពាក្យប្រមាថមើលងាយ។
^ វគ្គ 13 គឺគ្មានមូលដ្ឋានពិតប្រាកដសម្រាប់ការអះអាងថា ថាមូស(ឬឌូមូហ្ស៊ីជាភាសាសាមឺ) ជាឈ្មោះមួយទៀតរបស់នីមរ៉ុឌឡើយ។