លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាបង្ខំមនុស្សឲ្យផ្លាស់ប្ដូរសាសនាឬទេ?

តើសាក្សីព្រះយេហូវ៉ាបង្ខំមនុស្សឲ្យផ្លាស់ប្ដូរសាសនាឬទេ?

 យើង​មិន​ធ្វើ​ដូច្នេះ​ទេ។ នៅ​ក្នុង​ទស្សនាវដ្ដី​ដ៏​សំខាន់​របស់​យើង​ឈ្មោះ​ទស្សនាវដ្ដី​ប៉ម​យាម បាន​បញ្ជាក់​ថា៖«ការ​គាប​សង្កត់​មនុស្ស​ឲ្យ​ដូរ​សាសនា​គឺ​ជា​ការ​ខុស»។ a ដូច្នេះ យើង​មិន​ដាក់​សម្ពាធ​ឬ​បង្ខំ​មនុស្ស​ទេ ដោយ​សារ​យើង​មាន​មូលហេតុ​ដូច​ខាង​ក្រោម​នេះ៖

  •   លោក​យេស៊ូ​មិន​ដែល​បង្ខំ​មនុស្ស​ឲ្យ​ទទួល​យក​សេចក្ដី​បង្រៀន​របស់​លោក​ទេ។ លោក​ដឹង​ថា​មាន​មនុស្ស​តិច​ណាស់​នឹង​ព្រម​ទទួល​យក​ដំណឹង​ល្អ​ដែល​លោក​ផ្សាយ។ (ម៉ាថាយ ៧:១៣, ១៤) នៅ​ពេល​ដែល​សាវ័ក​ខ្លះ​របស់​លោក មិន​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក ជា​ជាង​បង្ខំ​ពួក​គេ​ឲ្យ​នៅ​ជា​មួយ​លោក លោក​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចាក​ចេញ។—យ៉ូហាន ៦:៦០​-​៦២, ៦៦​-​៦៨

  •   លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​មិន​ឲ្យ​បង្ខិត​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ផ្លាស់​ប្ដូរ​សាសនា​របស់​ពួក​គេ​ទេ។ ជា​ជាង​ព្យាយាម​បង្ខំ​មនុស្ស​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​របស់​ព្រះ អ្នក​កាន់​តាម​លោក​ខំ​ស្វែង​រក​អ្នក​ដែល​ចង់​ស្ដាប់​អ្វី​ដែល​ពួក​គេ​ផ្សាយ​វិញ។—ម៉ាថាយ ១០:៧, ១១​-​១៤

  •   ការ​ផ្លាស់​ប្ដូរ​សាសនា​ដោយ​សារ​គេ​បង្ខិត​បង្ខំ​គឺ​ឥត​ប្រយោជន៍​ទេ ព្រោះ​ព្រះ​ពេញ​ចិត្ត​តែ​ការ​គោរព​ប្រណិប័តន៍​ដែល​ចេញ​ពី​ចិត្ត​ប៉ុណ្ណោះ។—ចោទិយកថា ៦:៤, ៥; ម៉ាថាយ ២២:៣៧, ៣៨

តើ​កិច្ច​ការ​របស់​យើង​គឺ​បង្ខិត​បង្ខំ​មនុស្ស​ឲ្យ​ផ្លាស់​ប្ដូរ​សាសនា​ឬ​ទេ?

 ជា​ការ​ពិត​ណាស់​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​គម្ពីរ«រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី»។ យើង​ធ្វើ​ដូច្នេះ«ជា​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ» ដូច​បាន​ត្រូវ​បង្គាប់​ក្នុង​គម្ពីរ។ (សកម្មភាព ១:៨; ១០:៤២; ២០:២០) ដូច​គ្រិស្ត​សាសនិក​សម័យ​ដើម ជួន​កាល​យើង​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បំពាន​ច្បាប់​ដោយ​ព្យាយាម​បង្ខិត​បង្ខំ​មនុស្ស​ឲ្យ​ប្ដូរ​សាសនា។ (សកម្មភាព ១៨:១២, ១៣) ប៉ុន្តែ ការ​ចោទ​ប្រកាន់​ទាំង​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ យើង​មិន​បាន​ព្យាយាម​បង្ខិត​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​មាន​ជំនឿ​ដូច​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​គិត​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​ទទួល​ចំណេះ​ជា​មុន​សិន ដើម្បី​ពួក​គេ​អាច​ធ្វើ​ការ​ជ្រើស​រើស​យ៉ាង​ត្រឹម​ត្រូវ។

 យើង​មិន​បង្ខំ​មនុស្ស​ឲ្យ​ផ្លាស់​ប្ដូរ​សាសនា​ទេ ហើយ​ក៏​មិន​យក​សាសនា​ទៅ​លាយ​ឡំ​នឹង​នយោបាយ​ដែរ។ ម្យ៉ាង​ទៀត យើង​មិន​ស្នើ​ផ្ដល់​សម្ភារ ឬ​ផល​ប្រយោជន៍​ដល់​សង្គម​ដើម្បី​ទទួល​បាន​អ្នក​ជឿ​ថ្មី​នោះ​ទេ។ នេះ​ផ្ទុយ​ពី​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក ប៉ុន្តែ​ពួក​គេ​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​គ្រិស្ត​អាប់​ឱន​កិត្តិយស​ដោយ​ប្រព្រឹត្ត​អំពើ​ដូច​នោះ។ b

តើ​បុគ្គល​ម្នាក់​មាន​សិទ្ធិ​ផ្លាស់​ប្ដូរ​សាសនា​ឬ​ទេ?

អ្នក​ប្រកាស​ទំនាយ​អាប្រាហាំ​បាន​លះ​បង់​ចោល​សាសនា​សាច់​ញាតិ​របស់​គាត់

 ពិត​ជា​មាន គម្ពីរ​បញ្ជាក់​ថា​មនុស្ស​ម្នាក់​ៗ​មាន​សិទ្ធិ​ផ្លាស់​ប្ដូរ​សាសនា​របស់​ខ្លួន។ ក្នុង​គម្ពីរ​មាន​កំណត់​ហេតុ​អំពី​មនុស្ស​ជា​ច្រើន​ដែល​ឈប់​ធ្វើ​តាម​ទំនៀម​ទម្លាប់​សាសនា​របស់​សាច់​ញាតិ​ពួក​គេ ហើយ​បាន​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​ពិត​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ជា​ឧទាហរណ៍ មាន​គំរូ​ខ្លះ​ៗ​ដូច​ជាអាប្រាហាំ នាង​រូថ មនុស្ស​មួយ​ចំនួន​នៅ​ក្រុង​អាថែន និងសាវ័ក​ប៉ូលជា​ដើម។ (យ៉ូស្វេ ២៤:២; នាង​រស់ ១:១៤​-​១៦; សកម្មភាព ១៧:២២, ៣០​-​៣៤; កាឡាទី ១:១៤, ២៣) លើស​ពី​នេះ​ទៅ​ទៀត គម្ពីរ​ថែម​ទាំង​ទទួល​ស្គាល់​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ ទោះ​ជា​បុគ្គល​នោះ​សម្រេច​ចិត្ត​លះ​បង់​ចោល​ការ​គោរព​ប្រណិប័តន៍​ដែល​ព្រះ​ពេញ​ចិត្ត​ក៏​ដោយ។—យ៉ូហាន​ទី​១ ២:១៩

 សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្ដូរ​សាសនា​បាន​ត្រូវ​គាំទ្រ​ដោយ​សេចក្ដី​ថ្លែង​ការណ៍​ជា​សកល​ស្ដី​អំពី​សិទ្ធិ​មនុស្ស ដែល​អង្គការ​សហប្រជាជាតិ​បាន​ហៅ​ថា«ច្បាប់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស​អន្តរជាតិ»។ ឯកសារ​នោះ​បាន​បញ្ជាក់​ថា​មនុស្ស​គ្រប់​រូប​មាន«សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជំនឿ​ឬ​សាសនា​របស់​ពួក​គេ» ហើយ​មាន​សិទ្ធ​សេរី​ភាព​ក្នុង​ការ«ស្វែង​រក ទទួល​យក​និង​ប្រាប់​ព័ត៌មាន​និង​ទស្សនៈ​របស់​ខ្លួន» ដែល​រួម​បញ្ចូល​ទស្សនៈ​ខាង​សាសនា​ដែរ។ c មែន​ហើយ ច្បាប់​នៃ​សិទ្ធិ​សេរី​ភាព​ទាំង​នេះ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​ៗ​គោរព​សិទ្ធិ​អ្នក​ឯ​ទៀត។ ពួក​គេ​មាន​សិទ្ធិ​ការ​ពារ​ជំនឿ​សាសនា​របស់​ពួក​គេ ព្រម​ទាំង​មាន​សិទ្ធិ​បដិសេធ​ជំនឿ​សាសនា​ណា​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត។

តើ​ការ​ផ្លាស់​ប្ដូរ​សាសនា​ជា​ការ​មិន​គោរព​ប្រពៃណី​ឬ​ទំនៀម​ទម្លាប់​របស់​ក្រុម​គ្រួសារ​ឬ?

 នេះ​មិន​មាន​ន័យ​ដូច្នេះ​ទេ។ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គោរព​មនុស្ស​ទាំង​អស់​ដោយ​មិន​គិត​ពី​សាសនា​របស់​ពួក​គេ។ (ពេត្រុស​ទី​១ ២:១៧) បន្ថែម​ទៅ​ទៀត សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​បង្គាប់​នៅ​ក្នុង​គម្ពីរ​ដែល​ឲ្យ​គោរព​ឪពុក​ម្ដាយ សូម្បី​តែ​ពួក​គាត់​មាន​ជំនឿ​ផ្សេង​ក៏​ដោយ។—អេភេសូរ ៦:២, ៣

 ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​យល់​ស្រប​នឹង​ទស្សនៈ​ក្នុង​គម្ពីរ​ទេ។ ស្ត្រី​ម្នាក់​ដែល​បាន​ធំ​ឡើង​នៅ​ប្រទេស​សំប៊ី​បាន​រៀប​រាប់​ថា៖«នៅ​តំបន់​ដែល​ខ្ញុំ​រស់​នៅ ការ​ផ្លាស់​ប្ដូរ​សាសនា . . . បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អំពើ​ក្បត់ និង​ជា​ការ​គ្មាន​ភក្ដី​ភាព​ចំពោះ​ក្រុម​គ្រួសារ​និង​ប្រទេស​ខ្លួន»។ ពេល​ដែល​បង​ស្រី​នេះ​មាន​វ័យ​ជំទង់ គាត់​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ។ ពេល​នោះ គាត់​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​មិន​យូរ​ក្រោយ​មក​គាត់​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​សាសនា​របស់​គាត់។ គាត់​និយាយ​ថា៖«ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ខក​ចិត្ត​ខ្លាំង​ណាស់ ហើយ​ពួក​គាត់​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ។ នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​ការ​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ជា​រឿង​សំខាន់​ណាស់​ចំពោះ​ខ្ញុំ។ . . . ការ​ជ្រើស​រើស​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ជាង​ទំនៀម​ទម្លាប់​សាសនា មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​គ្មាន​ភក្ដី​ភាព​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​នោះ​ទេ»។ d

a សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០២ ទំព័រ​១២ វគ្គ​១៥។

b ជា​ឧទាហរណ៍ ប្រហែល​ឆ្នាំ​៧៨៥ គ.ស. ស្ដេច​ហ្សាឡឺម៉ាញ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា ប្រជាជន​នៅ​ក្រុង​សាសូនី​ដែល​មិន​ព្រម​ធ្វើ​តាម​ច្បាប់​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក នឹង​ត្រូវ​មាន​ទោស​ស្លាប់។ មួយ​វិញ​ទៀត កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៃ​ទី​ក្រុង​អកបឺក​ដែល​បាន​ចុះ​ក្នុង​ឆ្នាំ​១៥៥៥ គ.ស. បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​បះ​បោរ​ក្នុង​សង្គ្រាម​ដែល​មាន​នៅ​ចក្រភព​រ៉ូម។ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​មាន​លក្ខ​ខណ្ឌ​ថា អ្នក​គ្រប់​គ្រង​នៅ​ក្នុង​តំបន់​នីមួយ​ៗ​ត្រូវ​តែ​ជា​អ្នក​ដែល​កាន់​សាសនា​កាតូលិក​ឬ​សាសនា​លូថេរ៉ាន ហើយ​ថា​អស់​អ្នក​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​នោះ​ត្រូវ​តែ​កាន់​តាម​សាសនា​របស់​អ្នក​គ្រប់​គ្រង​នោះ។ អ្នក​ដែល​មិន​ព្រម​កាន់​តាម​សាសនា​របស់​អ្នក​គ្រប់​គ្រង នឹង​ត្រូវ​និរទេស​ចេញ​ពី​ប្រទេស។

c ច្បាប់​ស្រដៀង​នឹង​នេះ​ស្ដី​អំពី​សិទ្ធិ​មនុស្ស ក៏​មាន​ក្នុង​ច្បាប់​របស់​ប្រទេស​មួយ​ចំនួន​ដែរ ដូច​ជា​ច្បាប់​ស្ដី​អំពី​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អាហ្វ្រិក (African Charter on Human and Peoples’ Rights) ច្បាប់​ស្ដី​អំពី​សិទ្ធិ​មនុស្ស​និង​កាតព្វកិច្ច​ប្រជា​ពលរដ្ឋ​របស់​សហរដ្ឋ​អាម៉េរិក (American Declaration of the Rights and Duties of Man) ច្បាប់​ស្ដី​អំពី​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំ​២០០៤​របស់​ប្រទេស​អារ៉ាប់ (Arab Charter on Human Rights) ច្បាប់​ស្ដី​អំពី​សិទ្ធិ​មនុស្ស​របស់​អាស៊ាន (Association of Southeast Asian Nations) មហា​សន្និបាត​ស្ដី​អំពី​សិទ្ធិ​មនុស្ស​នៃ​ទ្វីប​អឺរ៉ុប និង​កិច្ច​ព្រម​ព្រៀង​ជា​អន្តរជាតិ​ស្ដី​អំពី​សិទ្ធិ​នយោបាយ​និង​ស៊ីវិល​ជា​ដើម។ ប៉ុន្តែ សូម្បី​តែ​ប្រទេស​ខ្លះ​ដែល​អះអាង​ថា​នឹង​ផ្ដល់​សិទ្ធិ​ទាំង​នោះ​ឲ្យ​ប្រជា​ពលរដ្ឋ ក៏​មិន​បាន​ធ្វើ​ដូច​អ្វី​ដែល​ពួក​គេ​បាន​សន្យា​នោះ​ដែរ។

d យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ពិត​ដែល​មាន​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ។