លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនចូលរួមពិធីបុណ្យជាតិ?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនចូលរួមពិធីបុណ្យជាតិ?

 សាក្សី​ព្រះ​យេហូវ៉ា​គោរព​អំណាច​រដ្ឋាភិបាល ហើយ​ពួក​គេ​ក៏​មិន​មើល​ងាយ​និមិត្ត​សញ្ញា​ជាតិ​ដែរ។ យើង​ទទួល​ស្គាល់​ការ​ពិត​ថា​អ្នក​ឯ​ទៀត​អាច​សម្រេច​ចិត្ត​សច្ចា​ប្រណិធាន គោរព​ទង់​ជាតិ ឬ​ច្រៀង​ចម្រៀង​ជាតិ។

 ប៉ុន្តែ សាក្សី​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​មិន​ចូល​រួម​ពិធី​ទាំង​នោះ​ទេ ដោយ​សារ​យើង​ជឿ​ថា​នោះ​គឺ​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ យើង​មាន​អំណរ​គុណ​ណាស់​ដែល​អ្នក​ឯ​ទៀត​គោរព​ជំនឿ​របស់​យើង​ដូច​យើង​គោរព​ជំនឿ​របស់​ពួក​គេ។

ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា

 តើ​មាន​គោល​ការណ៍​គម្ពីរ​អ្វី​ខ្លះ​ដែល​ទាក់​ទង​នឹង​ពិធី​បុណ្យ​ជាតិ?

 សេចក្ដី​បង្រៀន​សំខាន់​ពីរ​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​យើង​មាន​ដូច​ជា​៖

  •   មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង។ គម្ពីរ​ចែង​ថា​៖​«​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»។ (​លូកា ៤:៨​) សច្ចា​ប្រណិធាន​និង​ចម្រៀង​ជាតិ​ច្រើន​តែ​រួម​បញ្ចូល​ពាក្យ​សន្យា​របស់​បុគ្គល​ម្នាក់​ថា​គាត់​នឹង​គាំទ្រ ហើយ​ស្រឡាញ់​ប្រទេស​របស់​ខ្លួន​ជាង​អ្វី​ៗ​ទាំង​អស់។ ដូច្នេះ សាក្សី​ព្រះ​យេហូវ៉ា​យល់​ថា​គឺ​ជា​ការ​ខុស​បើ​ពួក​គេ​ចូល​រួម​ពិធី​ទាំង​នោះ។

     ស្រដៀង​គ្នា​ដែរ សាក្សី​ព្រះ​យេហូវ៉ា​ក៏​យល់​ថា​ការ​គោរព​ទង់​ជាតិ​គឺ​ជា​ការ​គោរព​ប្រណិប័តន៍​ឬ​គោរព​បូជា​រូប​ព្រះ ដែល​គម្ពីរ​បាន​ហាម​ឃាត់។ (​កូរិនថូស​ទី​១ ១០:១៤​) ប្រវត្តិ​វិទូ​ខ្លះ​ទទួល​ស្គាល់​ថា​ទង់​ជាតិ​គឺ​ជា​និមិត្តរូប​សាសនា។ ប្រវត្តិ​វិទូ​ម្នាក់​ឈ្មោះ​ចូសេហ្វ ហុនលៃ ហេស បាន​សរសេរ​ថា​៖​«​និមិត្តរូប​សំខាន់​របស់​ជាតិ​សាសន៍​ដែល​គេ​គោរព​បូជា​គឺ​ជា​ទង់​ជាតិ​»។ a អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​ដានីយ៉ែល ប្រាត ម៉ាណិច បាន​កត់​សម្គាល់​ឃើញ​ថា​៖​«​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​មិន​ព្រម . . . គោរព​បូជា​អធិរាជ[​រ៉ូម​]ទេ។ នេះ​ក៏​ប្រហាក់​ប្រហែល​នឹង​គ្រិស្ត​សាសនិក​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​មិន​គោរព​ទង់​ជាតិ​ដែរ​»។ b

    ទោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា​មិន​គោរព​ទង់​ជាតិ​ក្ដី តែ​យើង​មិន​ដុត មិន​បំផ្លាញ ឬ​ប្រព្រឹត្ត​អ្វី​ដែល​មើល​ងាយ​ចំពោះ​ទង់​ជាតិ​ឬ​និមិត្ត​សញ្ញា​ឯ​ទៀត​របស់​ជាតិ​ទេ។

  •   ចំពោះ​ព្រះ​មនុស្ស​ទាំង​អស់​គឺ​ស្មើ​គ្នា។ (​សកម្មភាព ១០:៣៤, ៣៥​) គម្ពីរ​ចែង​ថា​ព្រះ​«​បាន​បង្កើត​ជន​ជាតិ​ទាំង​ឡាយ​ពី​បុរស​តែ​មួយ​»។ (​សកម្មភាព ១៧:២៦​) ហេតុ​នេះ​ហើយ​បាន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា​គឺ​ខុស​ដែល​លើក​តម្កើង​ជាតិ​សាសន៍​ឬ​ប្រជា​ជាតិ​ណា​មួយ​ថា​ប្រសើរ​ជាង​គេ។ យើង​បង្ហាញ​ការ​គោរព​ចំពោះ​មនុស្ស​ទាំង​អស់ មិន​ថា​ពួក​គេ​មក​ពី​ណា​ឬ​រស់​នៅ​កន្លែង​ណា​ក្ដី។—ពេត្រុស​ទី​១ ២:១៧

 ចុះ​បើ​ច្បាប់​តម្រូវ​ឲ្យ​យើង​ចូល​រួម​ពិធី​បុណ្យ​ជាតិ?

 សាក្សី​ព្រះ​យេហូវ៉ា​មិន​ប្រឆាំង​រដ្ឋាភិបាល​ទេ។ យើង​ជឿ​ថា​រដ្ឋាភិបាល​ជា​ផ្នែក​មួយ​នៃ​«​ការ​រៀប​ចំ​របស់​ព្រះ​»​ ហើយ​លោក​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​នេះ។ (​រ៉ូម ១៣:១​-​៧​) ម្ល៉ោះ​ហើយ យើង​ក៏​ជឿ​ថា​គ្រិស្ត​សាសនិក​គួរ​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ​ដែរ។—លូកា ២០:២៥

 ចុះ​បើ​ច្បាប់​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​ព្រះ​មិន​ពេញ​ចិត្ត? ក្នុង​ករណី​ខ្លះ បើ​អាច​ធ្វើ​បាន​យើង​ស្នើ​សុំ​រដ្ឋាភិបាល​ឲ្យ​កែ​តម្រូវ​ច្បាប់​នោះ។ c ប៉ុន្តែ បើ​មិន​អាច​កែ​តម្រូវ​ទេ សាក្សី​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​«​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។—សកម្មភាព ៥:២៩

 តើ​សាក្សី​ព្រះ​យេហូវ៉ា​គាំទ្រ​រឿង​សង្គម​ឬ​រឿង​នយោបាយ​ទេ?

 អត់​ទេ។ សាក្សី​ព្រះ​យេហូវ៉ា​មិន​គាំទ្រ​ខាង​ណា​ទេ មិន​ថា​រឿង​សង្គម​ឬ​រឿង​នយោបាយ​ក្ដី។ ទោះ​ជា​យើង​មិន​ធ្វើ​សច្ចា​ប្រណិធាន គោរព​ទង់​ជាតិ ឬ​ច្រៀង​ចម្រៀង​ជាតិ​ក៏​ដោយ នេះ​មិន​មែន​ន័យ​ថា​យើង​ជា​សកម្មជន​នយោបាយ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​តាម​ជំនឿ​ដែល​មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​អំពី​រឿង​ទាំង​នោះ។

a សៀវភៅ​Essays on Nationalism ទំព័រ​១០៧​-​១០៨។

b សៀវភៅ​The Way of the Gladiator ទំព័រ​២១២។