ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
តើការលែងលះគ្នាមានឥទ្ធិពលយ៉ាងណាទៅលើកូន?
គូប្ដីប្រពន្ធមួយចំនួនដែលរស់នៅមិនចុះសម្រុងគ្នាបានគិតថាលែងលះគ្នាគឺល្អជាងសម្រាប់កូនៗរបស់ពួកគេ តាមពិតគឺល្អជាងការរស់នៅជាមួយឪពុកម្ដាយដែលចូលចិត្តឈ្លោះប្រកែកគ្នា។ តើពិតជាអ៊ីចឹងមែនទេ?
តើការលែងលះគ្នាមានឥទ្ធិពលយ៉ាងណាទៅលើកូន?
តាមការស្រាវជ្រាវបង្ហាញថា ការលែងលះគ្នាមានឥទ្ធិពលមិនល្អទៅលើកូនៗ ពេលដែលឪពុកម្ដាយលែងលះគ្នាកូនៗទំនងជា៖
ឆាប់ខឹង តានតឹងចិត្ត និងមានជំងឺបាក់ទឹកចិត្ត
ធ្វើបាបខ្លួនឯងឬអ្នកឯទៀត
រៀនលែងចូលឬឈប់រៀនតែម្ដង
ឧស្សាហ៍ឈឺ
ម្យ៉ាងទៀត កូនៗជាច្រើនបន្ទោសខ្លួនដោយសារឪពុកម្ដាយលែងលះគ្នា។ ពួកគេគិតថាពួកគេជាដើមហេតុដែលនាំឲ្យពួកគាត់លែងលះ ឬមកពីពួកគេមិនបានជួយទប់ស្កាត់កុំឲ្យពួកគាត់លែងលះគ្នា។
ការពិបាកដែលមកពីការលែងលះគ្នាប្រហែលជាអាចបន្តមានរហូតដល់ពួកគេធំពេញវ័យ។ នេះអាចធ្វើឲ្យពួកគេមិនសូវឲ្យតម្លៃចំពោះខ្លួន ហើយពិបាកទុកចិត្តអ្នកឯទៀត។ ពេលពួកគេរៀបការ ពួកគេក៏ប្រហែលជាអាចនឹងលែងលះគ្នាដែរ បើពួកគេមានបញ្ហាជាមួយគ្នា។
សរុបសេចក្ដី៖ ទោះជាមនុស្សខ្លះគិតថាការលែងលះគ្នាគឺប្រសើរជាងសម្រាប់កូនៗក្ដី តាមការស្រាវជ្រាវមិនគាំទ្រគំនិតនេះទេ។ អ្នកស្រីផឹនីលឹភី លីច ដែលជាអ្នកជំនាញខាងការថែទាំកុមារបានសរសេរថា៖«ការលែងលះនាំឲ្យកូនវេទនា»។ a
គោលការណ៍គម្ពីរ៖«ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ»។—ភីលីព ២:៤
បើខ្ញុំលែងលះគ្នា តើកូនរបស់ខ្ញុំសប្បាយជាងទេ?
មនុស្សខ្លះប្រហែលជានិយាយថាមែន។ ប៉ុន្តែ សូមចាំថាសេចក្ដីត្រូវការរបស់ឪពុកម្ដាយនិងរបស់កូន តាមធម្មតាមិនដូចគ្នាទេ។ បុគ្គលដែលមានបំណងលែងលះគ្នា ពួកគេចង់ចាប់ផ្ដើមជីវិតថ្មី។ ចំពោះកូនវិញ ពួកគេមិនចង់ផ្ដើមជីវិតថ្មីទេ តែចង់ឲ្យឪពុកម្ដាយរស់នៅជាមួយគ្នា។
ក្រោយពីបានពិចារណាអំពីការលែងលះអស់រាប់ពាន់គូ ក្រុមអ្នកនិពន្ធសៀវភៅមួយបានរៀបរាប់ថា៖«សារមួយបាននិយាយយ៉ាងចំៗថា កូនៗមិនដែលនិយាយថាឪពុកម្ដាយលែងលះគ្នា ពួកគេសប្បាយចិត្តនោះទេ។ ផ្ទុយទៅវិញ ពួកគេនិយាយទាំងទឹកមុខស្មើថា៖‹នៅថ្ងៃដែលឪពុកម្ដាយខ្ញុំលែងលះគ្នា គឺជាថ្ងៃដែលកុមារភាពរបស់ខ្ញុំបានត្រូវបញ្ចប់›»។ សៀវភៅនោះបន្ថែមថា«ទំនុកចិត្តរបស់មនុស្សនៅក្នុងពិភពលោកនេះកាន់តែតិចទៅៗ តែគ្រោះថ្នាក់មានកាន់តែច្រើនឡើងៗ ព្រោះមិត្តភាពរវាងបុគ្គលពីរនាក់ដែលជិតស្និទ្ធគ្នាបំផុតលែងរឹងមាំទៀតហើយ»(The Unexpected Legacy of Divorce)។
សរុបសេចក្ដី៖ កូនៗទំនងជាមិនសប្បាយទេពេលឪពុកម្ដាយរបស់ពួកគេលែងលះគ្នា។
គោលការណ៍គម្ពីរ៖«ចិត្តរីករាយជាថ្នាំវិសេស តែចិត្តខ្ទេចខ្ទាំធ្វើឲ្យអស់កម្លាំងរលីង»។—សុភាសិត ១៧:២២
តើខ្ញុំគួរដឹងអ្វីខ្លះអំពីរឿងចែកគ្នាចិញ្ចឹមកូន?
មនុស្សខ្លះដែលលែងលះគ្នាខំអស់ពីសមត្ថភាពដើម្បីចែកគ្នាចិញ្ចឹមអប់រំកូន ដោយគិតថាពួកគេអាចចិញ្ចឹមអប់រំកូនស្មើរគ្នា។ ប៉ុន្តែការចែកគ្នាចិញ្ចឹមកូនគឺមិនងាយស្រួលទេ តាមការស្រាវជ្រាវបង្ហាញថាគូអាពាហ៍ពិពាហ៍ដែលលែងលះគ្នាច្រើនតែ៖
មិនសូវមានពេលជាមួយកូនៗ
បង្រៀនខ្នាតតម្រាផ្ទុយគ្នា
ធ្វើតាមចិត្តកូនដោយសារមានអារម្មណ៍ថាខុសឬអស់កម្លាំង
កូនដែលមានឪពុកម្ដាយលែងលះគ្នាអាចទៅជាលែងកោតខ្លាចឪពុកម្ដាយ។ សំខាន់បំផុត កូនៗប្រហែលជាគិតថា‹ហេតុអ្វីត្រូវស្ដាប់ពួកគាត់?›។ មូលហេតុដែលពួកគេគិតបែបនេះ ដោយសារពួកគេឃើញឪពុកម្ដាយមិនបានតាំងចិត្តស្មោះនឹងគ្នាដូចដែលពួកគាត់បានសន្យានោះទេ។
សរុបសេចក្ដី៖ តាមធម្មតា ការចែកគ្នាចិញ្ចឹមកូនគឺពិបាកហើយសម្រាប់គូដែលលែងលះគ្នា តែសម្រាប់កូនគឺពិបាកជាងនោះទៅទៀត។
គោលការណ៍គម្ពីរ៖ «ឪពុកទាំងឡាយអើយ កុំធ្វើឲ្យកូនខឹង ព្រោះធ្វើដូច្នេះនាំឲ្យកូនធ្លាក់ទឹកចិត្ត»។—កូឡុស ៣:២១, កំណត់សម្គាល់
តើមានជម្រើសល្អជាងទេ?
ក្រោយពីលែងលះគ្នាគូប្ដីប្រពន្ធច្រើនតែព្យាយាមចាប់ផ្ដើមជីវិតថ្មី តែល្អជាងយ៉ាងណាទៅបើពួកគេចំណាយកម្លាំងនោះមកពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេវិញ។ សៀវភៅមួយបានរៀបរាប់ថា៖«បញ្ហានៅក្នុងអាពាហ៍ពិពាហ៍មិនតែងតែមានរហូតទេ។ ប៉ុន្តែ បើពួកគេបន្តរស់នៅជាមួយគ្នា សូម្បីតែអាពាហ៍ពិពាហ៍ដែលមិនសប្បាយបំផុត ក៏អាចមានសុភមង្គលជាងដែរ»(The Case for Marriage)។ ជាទូទៅ កូនៗនឹងមានជីវិតល្អប្រសើរជាង ពេលដែលឪពុកម្ដាយរបស់ពួកគេរស់នៅជុំគ្នា។
តើនេះមានន័យថាយើងមិនអាចលែងលះគ្នាឬ? មិនមែនទេ។ តាមពិត គម្ពីរអនុញ្ញាតឲ្យលែងលះគ្នាបាន បើគូម្ខាងទៀតប្រព្រឹត្តអំពើប្រាចាកសីលធម៌ខាងផ្លូវភេទ។ (ម៉ាថាយ ១៩:៩) ប៉ុន្តែ គម្ពីរក៏បានចែងថា៖«មនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។ (សុភាសិត ១៤:១៥) ប្ដីប្រពន្ធដែលមានបញ្ហាគួរគិតពិចារណាជាមុនសិននូវកត្តាផ្សេងៗ រួមមានឥទ្ធិពលដែលកូននឹងទទួលក្រោយពីឪពុកម្ដាយលែងលះគ្នា។
ពិតណាស់ អាពាហ៍ពិពាហ៍មានសុភមង្គល មិនគ្រាន់តែត្រូវអត់ធ្មត់ប៉ុណ្ណោះទេ តែត្រូវធ្វើអ្វីច្រើនទៀតដើម្បីឲ្យអាពាហ៍ពិពាហ៍របស់ពួកគេប្រសើរជាង។ គម្ពីរផ្ដល់យោបល់ដ៏ល្អដើម្បីជួយប្ដីប្រពន្ធបណ្ដុះឲ្យមានគុណសម្បត្តិផ្សេងៗដើម្បីឲ្យចំណងអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរនិងមានសុភមង្គល។ យើងមិនភ្ញាក់ផ្អើលទេ ពីព្រោះការរៀបចំនេះមានតាំងពីពេលដែលព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរបានរៀបចំឲ្យមានអាពាហ៍ពិពាហ៍។—ម៉ាថាយ ១៩:៤-៦
គោលការណ៍គម្ពីរ៖«ខ្ញុំជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ខ្ញុំជាអ្នកបង្រៀនអ្នករាល់គ្នាឲ្យទទួលប្រយោជន៍ និងជាអ្នកណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវដែលគួរដើរ»។—អេសាយ ៤៨:១៧
a ពីសៀវភៅYour Growing Child—From Babyhood Through Adolescence។