ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
កូនៗនិងទូរស័ព្ទទំនើប ភាគទី១: តើកូនខ្ញុំគួរមានទូរស័ព្ទទំនើបឬទេ?
នៅសព្វថ្ងៃនេះ ក្មេងៗកាន់តែច្រើនមានទូរស័ព្ទទំនើប a ហើយពួកគេជាច្រើននាក់ប្រើទូរស័ព្ទដែលមានភ្ជាប់អ៊ីនធឺណិតនៅក្នុងបន្ទប់គេងរបស់ពួកគេតែម្ដង។ តើការអនុញ្ញាតឲ្យកូនប្រើទូរស័ព្ទទំនើបអាចប្រថុយនឹងគ្រោះថ្នាក់អ្វីខ្លះ? ហើយតើផ្ដល់ប្រយោជន៍អ្វីខ្លះ? ក្នុងមួយថ្ងៃ តើអ្នកអនុញ្ញាតឲ្យពួកគេប្រើទូរស័ព្ទប៉ុន្មានម៉ោង?
អ្វីដែលអ្នកគួរដឹង
អត្ថប្រយោជន៍
កូនមានសុវត្ថិភាព ឪពុកម្ដាយមានចិត្តស្ងប់។ ម្ដាយម្នាក់ឈ្មោះបេថានី ដែលមានកូនជំទង់ពីរនាក់ បាននិយាយថា៖«យើងកំពុងរស់នៅក្នុងពិភពលោកដ៏មានគ្រោះថ្នាក់។ ដូច្នេះជាការសំខាន់ណាស់ដែលកូនៗអាចទាក់ទងឪពុកម្ដាយរបស់ពួកគេ»។
ស្ដីពីចំណុចនេះ ម្ដាយម្នាក់ឈ្មោះកេតរ៉ឹន បានបន្ថែមទៀតថា៖«មានកម្មវិធីខ្លះ អ្នកអាចភ្ជាប់ទៅទូរស័ព្ទរបស់កូនអ្នកដើម្បីអ្នកអាចដឹងថាគាត់នៅកន្លែងណា ហើយបើគាត់កំពុងបើកបរ អ្នកអាចដឹងថាគាត់បើកលឿនប៉ុនណា»។
ជំនួយសម្រាប់កិច្ចការសាលា។ ម្ដាយម្នាក់ឈ្មោះម៉ារៀរៀបរាប់ថា៖«កូនៗទទួលកិច្ចការសាលាតាមរយៈអ៊ីម៉ែលឬសារ ហើយពួកគេអាចនិយាយជាមួយគ្រូរបស់ពួកគេតាមរយៈនោះដែរ»។
ការប្រថុយនឹងគ្រោះថ្នាក់
ចំណាយពេលមើលទូរស័ព្ទច្រើនពេក។ ក្មេងៗចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃមើលទូរស័ព្ទដៃរបស់ពួកគេ។ ការពិតឪពុកម្ដាយប្រហែលជាចំណាយពេលប្រើទូរស័ព្ទច្រើនដែរ កាលដែលនិយាយជាមួយកូន។ អ្នកជំនាញម្នាក់រៀបរាប់ថា៖«ក្រុមគ្រួសារខ្លះបានមើលទៅដូចជាមនុស្សដែលមិនស្គាល់គ្នា ដោយសារទោះជាពួកគេអង្គុយជុំគ្នាក្ដី តែពួកគេសម្លឹងមើលតែគ្រឿងអេឡិចត្រូនិករបស់ខ្លួនប៉ុណ្ណោះ»។ b
រូបអាសអាភាស។ យោងទៅតាមការប៉ាន់ស្មានមួយបានរៀបរាប់ថាជារៀងរាល់ខែយុវវ័យជាងពាក់កណ្ដាលបានស្វែងរកមើលរូបអាសអាភាស។ ចំនួនស្ថិតិនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះរូបអាសអាភាសគឺងាយបើកមើលក្នុងគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទដៃជាដើម។ ឪពុកម្នាក់ឈ្មោះវីល្លាម ដែលមានកូនវ័យជំទង់ពីរនាក់បានរៀបរាប់ថា៖«ឪពុកម្ដាយដែលអនុញ្ញាតឲ្យកូនមានទូរស័ព្ទទំនើប ដោយមិនដឹងខ្លួនពួកគាត់បើកឱកាសឲ្យកូនភ្ជាប់រូបអាសអាភាសសព្វបែបយ៉ាងនៅគ្រប់ទីកន្លែង»។
បាត់បង់ភាពម្ចាស់ការ។ មនុស្សជាច្រើនផ្ដោតអារម្មណ៍ទៅលើតែទូរស័ព្ទរបស់ពួកគេ។ បើពួកគេរកទូរស័ព្ទរបស់ពួកគេមិនឃើញទេ ពួកគេមានអារម្មណ៍ស្លន់ស្លោ មិនដឹងថាត្រូវធ្វើអ្វី ហើយរហូតដល់មានអារម្មណ៍ឈឺទៀតផង។ ពេលដែលកូនរបស់ពួកគេប្រើគ្រឿងអេឡិចត្រូនិកច្រើន អាកប្បកិរិយារបស់កូនទៅជាឈ្លើយ។ ម្ដាយម្នាក់ឈ្មោះខាមែន និយាយថា៖«ពេលខ្លះ ពេលដែលខ្ញុំនិយាយជាមួយកូនប្រុសរបស់ខ្ញុំ គាត់ធ្វើមុខធុញទ្រាន់ ឬនិយាយដោយគ្មានការគោរពមកវិញ ដោយសារគាត់មិនចង់ឲ្យគេរំខានគាត់»។
ការប្រថុយគ្រោះថ្នាក់ថែមទៀត។ ការប្រើទូរស័ព្ទទំនើបនាំឲ្យប្រថុយគ្រោះថ្នាក់ទាក់ទងនឹងការគំរាមកំហែងតាមអ៊ីនធឺណិតនិងការទទួលសារនិងរូបភាពជាទម្រង់អាសអាភាស ហើយអាចនាំឲ្យមានបញ្ហាសុខភាពមួយចំនួនដែលមកពីគេងមិនគ្រប់គ្រាន់ និងមានឥរិយាបទមិនត្រឹមត្រូវ។ យុវវ័យខ្លះប្រើកម្មវិធីបន្លំភ្នែក ដែលមើលទៅជាកម្មវិធីធម្មតា ដូចជាកម្មវិធីគិតលេខជាដើម។ ប៉ុន្តែ តាមពិតក្នុងកម្មវិធីនោះមានសារឬរូបភាពមិនល្អដែលពួកគេចង់បិទបាំងមិនឲ្យឪពុកម្ដាយពួកគេឃើញ។
ឪពុកម្នាក់ឈ្មោះដានីយ៉ែលដែលមានកូនស្រីជំទង់ម្នាក់ បានសន្និដ្ឋានថា៖«ទូរស័ព្ទទំនើបអាចបើកឱកាសឲ្យកូនរបស់អ្នករកមើលអ្វីគ្រប់យ៉ាងតាមអ៊ីនធឺណិត ទាំងល្អផងទាំងអាក្រក់ផង»។
អ្វីដែលយើងគួរសួរ
‹តើកូនខ្ញុំត្រូវការទូរស័ព្ទទំនើបឬទេ?›
គម្ពីរចែងថា៖«មនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។ (សុភាសិត ១៤:១៥) ដោយគិតអំពីចំណុចនេះ សូមសួរខ្លួនថា៖
‹ដោយគិតអំពីសុវត្ថិភាពកូនឬដោយសារមូលហេតុផ្សេងទៀត តើកូនរបស់ខ្ញុំគួរមានទូរស័ព្ទទំនើបឬទេ? តើខ្ញុំបានគិតដោយយកចិត្តទុកដាក់អំពីអត្ថប្រយោជន៍និងគ្រោះថ្នាក់ដែរឬទេ? តើមានមូលហេតុផ្សេងឲ្យមានទូរស័ព្ទទំនើបឬទេ?›។
ឪពុកម្នាក់ឈ្មោះថាដ បាននិយាយថា៖«យើងនៅតែអាចទិញទូរស័ព្ទធម្មតាបាន ព្រោះយើងអាចផ្ញើសារនិងទូរស័ព្ទទៅកូនតាមនោះបាន ហើយទូរស័ព្ទទាំងនោះមិនសូវថ្លៃដែរ»។
‹តើកូនខ្ញុំមានទំនួលខុសត្រូវហើយឬនៅ?›
គម្ពីរចែងថា៖«ចិត្តរបស់មនុស្សមានប្រាជ្ញានាំគាត់ឲ្យដើរតាមផ្លូវត្រឹមត្រូវ»។ (អ្នកទូន្មាន ១០:២) ដោយគិតអំពីចំណុចនេះ សូមសួរខ្លួនថា៖
‹តើអ្វីជួយខ្ញុំឲ្យជឿជាក់ថាខ្ញុំអាចទុកចិត្តកូនរបស់ខ្ញុំ? តើគាត់និយាយប្រាប់ខ្ញុំដោយឥតលាក់លៀមឬទេ? តើកូនរបស់ខ្ញុំតែងតែប្រាប់យ៉ាងស្មោះត្រង់អំពីមិត្តភក្តិរបស់គាត់ឬទេ? តើគាត់ចេះទប់ចិត្តហើយឬនៅ ពេលប្រើគ្រឿងអេឡិចត្រូនិក ដូចជាទូរទស្សន៍ឬកុំព្យូទ័រជាដើម?›។ ម្ដាយម្នាក់ឈ្មោះសឺរីណឺ បាននិយាយថា៖«ទូរស័ព្ទទំនើបមានប្រយោជន៍ច្រើនមែន តែក៏មានគ្រោះថ្នាក់ច្រើនដែរ។ សូមគិតអំពីទំនួលខុសត្រូវដែលអ្នកផ្ដល់ឲ្យកូន កាលដែលគាត់ខ្វះបទពិសោធន៍នៅឡើយ»។
‹តើខ្ញុំត្រៀមខ្លួនទទួលខុសត្រូវឬទេ?›
គម្ពីរចែងថា៖«ចូរបង្ហាត់បង្រៀនកូនក្មេងឲ្យដើរតាមផ្លូវត្រឹមត្រូវ»។ (សុភាសិត ២២:៦) ដោយគិតអំពីចំណុចនេះ សូមសួរខ្លួនថា៖
‹តើខ្ញុំស្គាល់គ្រប់គ្រាន់អំពីទូរស័ព្ទដែលអាចជួយកូនខ្ញុំឲ្យយល់និងជៀសវាងពីគ្រោះថ្នាក់ឬទេ? តើខ្ញុំស្គាល់របៀបភ្ជាប់ទូរស័ព្ទរបស់កូនទៅនឹងកម្មវិធីត្រួតពិនិត្យរបស់ឪពុកម្ដាយឬទេ? តើខ្ញុំនឹងជួយកូនរបស់ខ្ញុំឲ្យធ្វើការសម្រេចចិត្តល្អក្នុងការប្រើប្រាស់ទូរស័ព្ទយ៉ាងដូចម្ដេច?›។ ឪពុកម្នាក់ឈ្មោះដានីយ៉ែលដែលបានរៀបរាប់នៅខាងលើបាននិយាយថា៖«គួរឲ្យស្ដាយណាស់ ឪពុកម្ដាយជាច្រើនឲ្យទូរស័ព្ទដល់កូនរបស់ពួកគេ ហើយពួកគេមិនបានពិនិត្យមើលរបៀបដែលកូនរបស់ពួកគេប្រើទូរស័ព្ទនោះទេ»។
សរុបសេចក្ដី៖ កូនៗត្រូវបង្ហាត់បង្រៀនឲ្យប្រើទូរស័ព្ទដៃដោយមានភាពទទួលខុសត្រូវ។ សៀវភៅមួយបានរៀបរាប់ថា៖«ក្មេងភាគច្រើនមិនអាចយកឈ្នះការល្បួងឲ្យចំណាយពេលជាច្រើនក្នុងការមើលគ្រឿងអេឡិចត្រូនិកទេ ជាពិសេសបើឪពុកម្ដាយរបស់ពួកគេ មិនដឹងថាពួកគេកំពុងធ្វើអ្វី ឬមិនបានផ្ដល់ការណែនាំដល់ពួកគេ»(Indistractable)។