ជំនួយសម្រាប់ក្រុមគ្រួសារ | អាពាហ៍ពិពាហ៍
រូបអាសអាភាសអាចបំបាក់បំបែកអាពាហ៍ពិពាហ៍របស់អ្នក
ប្រពន្ធរបស់គាត់បានដឹងអ្វីដែលគាត់បានលាក់បាំង។ គាត់បានអង្វរសុំទោសនាង ហើយសន្យាថាគាត់ឈប់មើលទៀត។ គាត់បានឈប់មែន តែមួយរយៈប៉ុណ្ណោះ។ ក្រោយមក គាត់បានមើលម្ដងទៀត។ ពេលប្រពន្ធចាប់បាន គាត់បានសុំទោសនិងសន្យាដដែលៗថាឈប់ហើយ។
តើអ្នកមានស្ថានភាពស្រដៀងនេះទេ? បើមានមែន អ្នកត្រូវទទួលស្គាល់ថាទម្លាប់មើលរូបអាសអាភាសមានឥទ្ធិពលខ្លាំងយ៉ាងណាទៅលើគូរបស់អ្នក ហើយតើអ្នកអាចផ្ដាច់ទម្លាប់នេះទាំងស្រុងយ៉ាងដូចម្ដេច។ a
ក្នុងអត្ថបទនេះអ្នកនឹងរៀន
អ្វីដែលអ្នកគួរដឹង
រូបអាសអាភាសអាចបំបែកបំបាក់អាពាហ៍ពិពាហ៍របស់អ្នក។ វាអាចធ្វើឲ្យគូដែលគ្មានកំហុស មានអារម្មណ៍ខឹងសម្បារនិងលែងទុកចិត្តគូ។ b
ប្រពន្ធដែលមានប្ដីមើលរូបអាសអាភាស ប្រហែលជាមានអារម្មណ៍ដូចខាងក្រោម៖
បានត្រូវក្បត់។ ប្រពន្ធម្នាក់ឈ្មោះសារ៉ាបាននិយាយថា៖«ខ្ញុំមានអារម្មណ៍ដូចជាប្ដីខ្ញុំបានប្រព្រឹត្តអំពើផិតក្បត់ម្ដងហើយម្ដងទៀត»។
មិនល្អគ្រប់គ្រាន់។ ប្រពន្ធម្នាក់និយាយថាទម្លាប់មើលរូបអាសអាភាសរបស់ប្ដីគាត់ ធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួន«មិនស្រស់ស្អាតនិងគួរឲ្យខ្មាសគេ»។
លែងទុកចិត្ត។ ប្រពន្ធម្នាក់ឈ្មោះហិឡឺនបាននិយាយថា៖«ខ្ញុំសង្ស័យគ្រប់សកម្មភាពរបស់ប្ដីខ្ញុំ»។
ខ្វល់ចិត្ត។ ប្រពន្ធម្នាក់ឈ្មោះកេតរ៉ឹនបានរៀបរាប់ថា៖«ដោយសារខ្ញុំតែងតែខ្វល់ខ្វាយអំពីទម្លាប់អាក្រក់របស់ប្ដីខ្ញុំ នោះធ្វើឲ្យជីវិតរបស់ខ្ញុំអួអាប់»។
សូមពិចារណា៖ គម្ពីរបានប្រាប់ឲ្យប្ដីស្រឡាញ់ប្រពន្ធរបស់គាត់។ (អេភេសូរ ៥:២៥) បើគាត់ធ្វើឲ្យប្រពន្ធមានអារម្មណ៍ដូចខាងលើ តើគាត់ពិតជាស្រឡាញ់នាងឬ?
អ្វីដែលអ្នកអាចធ្វើ
ទម្លាប់មើលរូបអាសអាភាសគឺមិនស្រួលផ្ដាច់ទេ។ ប្រពន្ធម្នាក់ឈ្មោះស្តាស៊ីបាននិយាយថា៖«ប្ដីខ្ញុំផ្ដាច់បារី កញ្ឆា និងស្រាបាន។ តែគាត់មិនអាចផ្ដាច់ទម្លាប់មើលរូបអាសអាភាសបានទេ»។
បើអ្នកស្ថិតក្នុងស្ថានភាពដូចនេះ យោបល់ខាងក្រោមអាចជួយអ្នកផ្ដាច់ទម្លាប់នោះទាំងស្រុងបាន។
ទទួលស្គាល់ថារូបអាសអាភាសគឺអាក្រក់។ រូបអាសអាភាសដុតរោលនូវការត្រេកត្រអាលរបស់ខ្លួន ហើយវាបំផ្លាញនូវការទុកចិត្ត សេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់ពីគូ ដែលជាគុណសម្បត្តិដ៏ចាំបាច់ដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល។ ការមើលរូបអាសអាភាសក៏បង្ហាញនូវការមិនគោរពចំពោះព្រះយេហូវ៉ាដែលជាអ្នកបង្កើតអាពាហ៍ពិពាហ៍ផងដែរ។
គោលការណ៍គម្ពីរ៖ «ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ»។—ហេប្រឺ ១៣:៤
ទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់អ្នក។ សូមកុំនិយាយថា៖‹ខ្ញុំក៏មិនចង់មើលរូបអាសអាភាសដែរ បើប្រពន្ធខ្ញុំគួរឲ្យស្រឡាញ់ជាងនេះ›។ ការទម្លាក់កំហុសទៅលើប្រពន្ធរបស់អ្នកគឺអយុត្តិធម៌ណាស់ ហើយនោះគ្រាន់តែជាលេសដើម្បីឲ្យអ្នកមើលរូបអាសអាភាសម្ដងទៀត ពេលដែលនាងធ្វើឲ្យអ្នកខកចិត្ត។
គោលការណ៍គម្ពីរ៖ «មនុស្សម្នាក់ៗត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម»។—យ៉ាកុប ១:១៤
និយាយដោយឥតលាក់លៀមជាមួយគូរបស់អ្នក។ ប្ដីម្នាក់ឈ្មោះខេវិនបាននិយាយថា៖«ខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំអំពីអ្វីដែលខ្ញុំមើលឬមិនមើល។ ជាលទ្ធផល នាងមិនមានអារម្មណ៍ថាខ្ញុំលួចមើលអ្វីដែលស្មោកគ្រោកឡើយ»។
គោលការណ៍គម្ពីរ៖ «យើងចង់ធ្វើការទាំងអស់ដោយទៀងត្រង់»។—ហេប្រឺ ១៣:១៨
ដឹងខ្លួនជានិច្ច។ គឺអាចភ្លាត់បាន ទោះជាអ្នកគិតថាអ្នកបានផ្ដាច់ទម្លាប់នោះហើយក៏ដោយ។ ខេវិនដែលបានត្រូវរៀបរាប់នៅខាងដើម បាននិយាយថា៖«ខ្ញុំបានតយុទ្ធនឹងទម្លាប់មើលរូបអាសអាភាសអស់១០ឆ្នាំ ហើយខ្ញុំជឿថាខ្ញុំបានយកឈ្នះទម្លាប់នោះហើយ ប៉ុន្តែទម្លាប់នោះប្រៀបដូចជាសត្វសាហាវរង់ចាំតែឱកាសលោតមកសង្គ្រុបខ្ញុំ»។
គោលការណ៍គម្ពីរ៖ «ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល»។—កូរិនថូសទី១ ១០:១២
ពេលដែលអ្នកត្រូវល្បួង កុំបណ្ដោយតាម។ អ្នកប្រហែលជាមិនអាចរារាំងការមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គងក៏ពិតមែន តែអ្នកអាចសម្រេចចិត្តថាគួរធ្វើឬមិនគួរ។ សេចក្ដីប៉ងប្រាថ្នានោះនឹងរសាយទៅ ប្រហែលវានឹងរសាយលឿនជាង បើអ្នកគិតអំពីអ្វីផ្សេងវិញ។
គោលការណ៍គម្ពីរ៖ «អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួន ដោយសេចក្ដីបរិសុទ្ធនិងកិត្តិយស មិនមែន . . . រកបំពេញកាមតណ្ហាដោយមិនចេះឆ្អែតឆ្អន់»។—ថែស្សាឡូនិចទី១ ៤:៤, ៥
គេចចេញពីស្ថានភាពដែលអាចបណ្ដាលឲ្យអ្នកភ្លាត់។ សៀវភៅមួយរៀបរាប់ថា៖«បើអ្នកស្ថិតក្នុងស្ថានភាពងាយរងគ្រោះ នោះប្រៀបដូចជាអ្នកកំពុងគូសឈើគូស បើមានប្រេងតែបន្តិច . . . គឺធ្វើឲ្យភ្លើងឆេះហើយ»(Willpower’s Not Enough)។
គោលការណ៍គម្ពីរ៖ «សូមកុំឲ្យអ្វីដែលទុច្ចរិតមកកាន់កាប់លើខ្ញុំឡើយ»។—ចម្រៀងសរសើរព្រះ ១១៩:១៣៣
កុំអស់សង្ឃឹម។ គឺត្រូវការពេលយូរឲ្យគូរបស់អ្នកទុកចិត្តអ្នកម្ដងទៀត ប្រហែលជួនកាលអស់ជាច្រើនឆ្នាំក៏មាន។ ប៉ុន្តែ មានគូប្ដីប្រពន្ធជាច្រើនបានទុកចិត្តគ្នាឡើងវិញ។
គោលការណ៍គម្ពីរ៖ «សេចក្ដីស្រឡាញ់មានចិត្តអត់ធ្មត់»។—កូរិនថូសទី១ ១៣:៤
a ទោះជាអត្ថបទនេះសំដៅទៅលើប្ដីដែលមើលរូបអាសអាភាសក៏ពិតមែន តែគោលការណ៍ទាំងនេះក៏ទាក់ទងនឹងប្រពន្ធផងដែរ។
b គូប្ដីប្រពន្ធខ្លះអះអាងថាការមើលរូបអាសអាភាសជាមួយគ្នា អាចជួយឲ្យទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ពួកគេកាន់តែប្រសើរឡើង។ ប៉ុន្តែ ការមើលនោះប្រឆាំងគោលការណ៍គម្ពីរ។—សុភាសិត ៥:១៥-២០; កូរិនថូសទី១ ១៣:៤, ៥; កាឡាទី ៥:២២, ២៣