សំណួរពីយុវវ័យ
តើខ្ញុំគួរទទួលការជ្រមុជទឹកឬទេ? ភាគទី៣: តើអ្វីធ្វើឲ្យខ្ញុំស្ទាក់ស្ទើរមិនទទួលការជ្រមុជទឹក?
ពេលគិតដល់ការប្រគល់ខ្លួនជូនព្រះយេហូវ៉ានិងទទួលការជ្រមុជទឹក តើប្អូនភ័យខ្លាចឬទេ? បើមែន អត្ថបទនេះនឹងជួយប្អូនយកឈ្នះការភ័យខ្លាចនោះ។
ក្នុងអត្ថបទនេះ យើងនឹងពិចារណា៖
ចុះបើខ្ញុំធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរក្រោយទទួលការជ្រមុជទឹក?
មូលហេតុដែលបារម្ភ៖ ប្រហែលប្អូនស្គាល់អ្នកណាម្នាក់បានធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយបានត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំ។ (កូរិនថូសទី១ ៥:១១-១៣) ប្អូនប្រហែលជាបារម្ភថារឿងនោះនឹងកើតឡើងចំពោះប្អូនដែរ។
ប្អូនរេបិកាបានរៀបរាប់ថា៖«ពេលគិតអំពីការជ្រមុជទឹក ខ្ញុំចាប់ផ្ដើមភ័យ ព្រោះខ្ញុំខ្លាចថាខ្ញុំនឹងធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរនៅពេលក្រោយ ហើយបើមានរឿងនោះកើតឡើងមែន ឪពុកម្ដាយខ្ញុំខ្មាសគេយ៉ាងណាទៅ»។
យោបល់ក្នុងគម្ពីរ៖«ចូរឲ្យមនុស្សទុច្ចរិតលះចោលផ្លូវរបស់ខ្លួន . . . ។ ចូរឲ្យគាត់ត្រឡប់មកព្រះយេហូវ៉ា ព្រោះលោកនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះគាត់ គឺមកឯព្រះនៃយើង ព្រោះលោកនឹងអភ័យទោសឲ្យជាបរិបូរ»។—អេសាយ ៥៥:៧
សូមគិតអំពីនេះ៖ ថ្វីត្បិតតែអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនប្រែចិត្តនឹងត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំមែន តែព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះអស់អ្នកដែលប្រែចិត្តដោយស្មោះ និងព្រមទទួលការកែតម្រង់។—ចម្រៀងសរសើរព្រះ ១០៣:១៣, ១៤; កូរិនថូសទី២ ៧:១១
ការពិតអំពីនេះ៖ ទោះជាប្អូនមិនល្អឥតខ្ចោះក្ដី ប្អូនអាចយកឈ្នះការល្បួងបាន ដោយមានជំនួយពីព្រះ។ (កូរិនថូសទី១ ១០:១៣) ចំណុចសំខាន់គឺ តើអ្នកណានឹងសម្រេចថាប្អូនគួរធ្វើយ៉ាងណា? ខ្លួនប្អូនឬអ្នកផ្សេង?
ប្អូនខារិនបានរៀបរាប់ថា៖«ខ្ញុំខ្លាចថាខ្ញុំនឹងធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរក្រោយខ្ញុំទទួលការជ្រមុជទឹក។ តែខ្ញុំទទួលស្គាល់ថាគឺខុសហើយ បើខ្ញុំស្ទាក់ស្ទើរមិនទទួលការជ្រមុជទឹក។ ខ្ញុំដឹងថាខ្ញុំមិនគួរឲ្យអ្វីដែលមិនទាន់កើតឡើងមកបញ្ឈប់ខ្ញុំទេ»។
សរុបសេចក្ដី៖ ដូចអ្នកបម្រើភាគច្រើនរបស់ព្រះយេហូវ៉ាដែរ ប្អូនអាចសម្រេចចិត្តជៀសវាងពីការធ្វើខុសធ្ងន់ធ្ងរ។—ភីលីព ២:១២
ព័ត៌មានបន្ថែម សូមមើលអត្ថបទដែលមានចំណងជើងថា«តើខ្ញុំអាចយកឈ្នះការល្បួងយ៉ាងដូចម្ដេច?»។
ចុះបើខ្ញុំខ្លាចទទួលភារកិច្ចណាមួយក្រោយជ្រមុជទឹក?
មូលហេតុដែលបារម្ភ៖ ប្អូនប្រហែលជាស្គាល់យុវវ័យខ្លះបែកពីក្រុមគ្រួសារនិងមិត្តភក្ដិ ដើម្បីបង្កើនកិច្ចបម្រើព្រះយេហូវ៉ា។ ដូច្នេះ ប្អូនបារម្ភថាអ្នកឯទៀតនឹងរំពឹងពីប្អូនដូចយុវវ័យទាំងនោះដែរ។
ប្អូនម៉ារៀបានរៀបរាប់ថា៖«ក្រោយពីទទួលការជ្រមុជទឹក បងប្អូនខ្លះមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញកិច្ចបម្រើព្រះថែមទៀត តែបងប្អូនខ្លះទៀតមិនទាន់ត្រៀមខ្លួនឬដោយសារកាលៈទេសៈរបស់ពួកគេមិនអំណោយផល»។
យោបល់ក្នុងគម្ពីរ៖«ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡាទី ៦:៤
សូមគិតអំពីនេះ៖ ជាជាងប្រៀបធៀបខ្លួនជាមួយនឹងអ្នកឯទៀត សូមពិចារណាពាក្យនៅម៉ាកុស ១២:៣០ដែលថា៖«អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត»។
សូមចាំថាប្អូនគួរបម្រើព្រះយេហូវ៉ាឲ្យអស់ពីដួងចិត្តរបស់ប្អូន មិនមែនរបស់នរណាម្នាក់ទេ។ បើប្អូនពិតជាស្រឡាញ់ព្រះយេហូវ៉ា ប្អូននឹងរកវិធីដែលប្អូនអាចបម្រើលោកអស់ពីសមត្ថភាពរបស់ប្អូន។
ប្អូនជូលាបានរៀបរាប់ថា៖«ពិតមែនថាការជ្រមុជទឹកគឺជាជំហានដ៏សំខាន់ តែនោះមិនមែនជាបន្ទុកទេ។ បើយើងមានការសេពគប់ល្អ ពួកគេនឹងជួយយើងជានិច្ច។ បន្តិចម្ដងៗ យើងនឹងសប្បាយជាមួយភារកិច្ចដែលយើងបានទទួល។ ផ្ទុយទៅវិញ បើយើងគេចវេះពីការជ្រមុជទឹក នោះយើងនឹងមិនបានពិសោធអារម្មណ៍ដូចនេះឡើយ»។
សរុបសេចក្ដី៖ សូមមានអំណរគុណចំពោះសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាបានបង្ហាញចំពោះប្អូន។ អំណរគុណនោះនឹងជំរុញចិត្តប្អូនឲ្យបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព។—យ៉ូហានទី១ ៤:១៩
ព័ត៌មានបន្ថែម សូមមើលអត្ថបទដែលមានចំណងជើងថា«តើខ្ញុំចេះទទួលខុសត្រូវដល់កម្រិតណា?»។
ចុះបើខ្ញុំមានអារម្មណ៍ថាខ្ញុំមិនសមនឹងបម្រើព្រះយេហូវ៉ា?
មូលហេតុដែលបារម្ភ៖ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្តមបំផុតក្នុងសកលលោកទាំងមូល បើប្រៀបនឹងលោក មនុស្សយើងគឺមិនជាអ្វីទាល់តែសោះ! ដូច្នេះហើយប្អូនប្រហែលជាឆ្ងល់ថា តើព្រះយេហូវ៉ាពិតជាចាប់អារម្មណ៍នឹងប្អូនឬទេ?
ប្អូនណាថាលីបានរៀបរាប់ថា៖«ឪពុកម្ដាយខ្ញុំជាសាក្សីព្រះយេហូវ៉ា ដូច្នេះ ខ្ញុំបារម្ភថាចំណងមិត្តភាពដែលខ្ញុំមានជាមួយព្រះយេហូវ៉ាគឺដោយសារតែពួកគាត់ ហើយថាព្រះយេហូវ៉ាមិនជិតស្និទ្ធជាមួយខ្ញុំដោយផ្ទាល់ទេ»។
យោបល់ក្នុងគម្ពីរ៖«គ្មានមនុស្សណាម្នាក់អាចមកឯខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក»។—យ៉ូហាន ៦:៤៤
សូមគិតអំពីនេះ៖ កាលដែលប្អូនកំពុងគិតអំពីការជ្រមុជទឹកបញ្ជាក់ថាព្រះយេហូវ៉ាស្រឡាញ់និងចង់ធ្វើជាមិត្តរបស់ប្អូន។ តើប្អូនចង់ទទួលការអញ្ជើញនេះឬទេ?
សូមចាំថាព្រះយេហូវ៉ាជាអ្នកសម្រេចថាអ្នកណាដែលលោកនឹងចូលទៅជិត មិនមែនជាប្អូនឬអ្នកណាឡើយ។ បណ្ដាំរបស់លោកផ្ដល់ការធានាថាបើប្អូន«ចូលទៅជិតព្រះ . . . លោកនឹងចូលមកជិត»ប្អូនវិញដែរ។—យ៉ាកុប ៤:៨
ប្អូនសេលីណាបានរៀបរាប់ថា៖«ពេលយើងស្គាល់ព្រះយេហូវ៉ាច្បាស់និងចូលទៅជិតលោក នោះជាភ័ស្តុតាងដែលបញ្ជាក់ថាលោកស្រឡាញ់យើង ដូច្នេះបើយើងគិតថាយើងមិនសមនឹងបម្រើលោក សូមរំលឹកខ្លួនថា ព្រះយេហូវ៉ាមិនយល់ស្របនឹងគំនិតនោះទេ ហើយទស្សនៈរបស់លោកតែងតែត្រឹមត្រូវជានិច្ច»។
សរុបសេចក្ដី៖ បើប្អូនបំពេញតម្រូវការដើម្បីទទួលការជ្រមុជទឹកហើយ នោះប្អូនក៏មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែរ។ ហើយសូមចាំថាលោកសមនឹងទទួលការគោរពប្រណិប័តន៍ពីប្អូន។—ការបើកបង្ហាញ ៤:១១
ព័ត៌មានបន្ថែម សូមមើលអត្ថបទដែលមានចំណងជើងថា«ហេតុអ្វីខ្ញុំគួរអធិដ្ឋាន?»។