លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? ភាគ​ទី៣: ចូរ​ទាញ​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ

តើ​គម្ពីរ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច? ភាគ​ទី៣: ចូរ​ទាញ​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ

 ពេល​បើក​គម្ពីរ ប្អូន​នឹង​ឃើញ​អក្សរ​ច្រើន​ស្អេកស្កះ។ ប៉ុន្តែ សូម​កុំ​ឆាប់​ធុញ​ឡើយ! ផ្ទុយ​ទៅ​វិញ សូម​ប្រដូច​គម្ពីរ​ទៅ​នឹង​អាហារ​ដែល​គេ​តម្រៀប​ពេញ​តុ​ឲ្យ​ញ៉ាំ​សេរី។ ប្អូន​មិន​អាច​ញ៉ាំ​អាហារ​ទាំង​អស់​បាន​ទេ។ ប៉ុន្តែ ប្អូន​អាច​ជ្រើស​យក​តែ​អាហារ​ណា​ដែល​ប្អូន​ចូល​ចិត្ត​ប៉ុណ្ណោះ។

 ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​អាន​គម្ពីរ ប្អូន​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ប្អូន​អាន។ អត្ថបទ​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ធ្វើ​ដូច្នោះ។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖

 ហេតុ​អ្វី​ត្រូវ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ប្អូន​អាន​ក្នុង​គម្ពីរ?

 ពេល​ដែល​ប្អូន​ខំ​ព្យាយាម​អាន​គម្ពីរ ប្អូន​នឹង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន។ សូម​គិត​អំពី​ការ​ប្រៀប​ធៀប​នេះ​៖ បើ​ប្អូន​ជ្រលក់​កញ្ចប់​តែ​ទៅ​ក្នុង​ទឹក​ក្ដៅ​មួយ​ភ្លែត ប្អូន​នឹង​ទទួល​បាន​ក្លិន​និង​រសជាតិ​ខ្លះ​ៗ​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​ប្អូន​ទុក​វា​យូរ​ជាង ប្អូន​នឹង​ទទួល​បាន​ក្លិន​និង​រសជាតិ​ខ្លាំង​ជាង មែន​ទេ?

 នេះ​ក៏​ស្រដៀង​នឹង​ការ​អាន​គម្ពីរ​ដែរ។ ជា​ជាង​អាន​ប្រញាប់​ៗ សូម​ចំណាយ​ពេល​គិត​អំពី​អ្វី​ដែល​ប្អូន​អាន។ អ្នក​សរសេរ​ចម្រៀង​សរសើរ​ព្រះ​បទ​ទី​១១៩ បាន​ធ្វើ​ដូច្នេះ​មែន។ គាត់​បាន​និយាយ​ថា​៖​«​ខ្ញុំ​ជញ្ជឹង​គិត​អំពី​ច្បាប់​ទាំង​នោះ​រៀង​រាល់​ថ្ងៃ​»។—ចម្រៀង​សរសើរ​ព្រះ ១១៩:៩៧

 នេះ​មិន​មែន​មាន​ន័យ​ថា​ប្អូន​ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​ព័ត៌មាន​ដែល​មាន​ក្នុង​នោះ​ទេ។ ចំណុច​សំខាន់​គឺ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​លៃ​ពេល​ដើម្បី​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ។ ការ​ធ្វើ​ដូច្នេះ បាន​ជួយ​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។—ចម្រៀង​សរសើរ​ព្រះ ១១៩:៩៨​-​១០០

 ប្អូន​មេឡានី​បាន​រៀប​រាប់​ថា​៖​«​ម្ដាយ​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​៖‹មួយ​សប្ដាហ៍​មាន​៧​ថ្ងៃ ហើយ​អំឡុង​ពេល​នោះ​កូន​ធ្វើ​អ្វី​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង។ អ៊ីចឹង​ម្ដេច​ក៏​កូន​មិន​ទុក​ពេល​ខ្លះ​ឲ្យ​ព្រះ​យេហូវ៉ា? នោះ​ជា​អ្វី​ដែល​គួរ​ធ្វើ មែន​ទេ?›​»។

 ពេល​ប្អូន​គិត​អំពី​គោល​ការណ៍​គម្ពីរ ប្អូន​នឹង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង ជា​ពិសេស​ពេល​ប្អូន​ជ្រើស​រើស​មិត្ត​ភក្តិ​ឬ​ពេល​ជួប​ការ​ល្បួង​ឲ្យ​ធ្វើ​អ្វី​មិន​ល្អ។

 តើ​តាម​របៀប​ណា​ប្អូន​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​អាន​គម្ពីរ?

  •   រៀប​ចំ​កាល​វិភាគ។ ប្អូន​ជូលា​បាន​ឲ្យ​យោបល់​ថា​៖​«​ការ​មាន​កាល​វិភាគ​សម្រាប់​អាន​គម្ពីរ​គឺ​សំខាន់ ព្រោះ​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​នឹង​អាន​អ្វី ហើយ​ត្រូវ​អាន​នៅ​ពេល​ណា​និង​នៅ​កន្លែង​ណា​»។

  •   បង្កើត​បរិយាកាស​ល្អ។ យុវនារី​ម្នាក់​ឈ្មោះ​ជៀណា​បាន​ឲ្យ​យោបល់​ថា​៖​«​សូម​រក​កន្លែង​ស្ងាត់ ហើយ​សូម​ប្រាប់​កាល​វិភាគ​អាន​គម្ពីរ​របស់​អ្នក​ដល់​ក្រុម​គ្រួសារ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​រំខាន​អ្នក​»។

     បើ​ប្អូន​កំពុង​ប្រើ​គ្រឿង​អេឡិចត្រូនិក សូម​បិទ​សារ​ជូន​ដំណឹង​ទាំង​អស់​កុំ​ឲ្យ​លោត​មក ឬ​ក៏​ប្អូន​អាច​សាក​អាន​ពី​សៀវភៅ​គម្ពីរ​ក៏​បាន។ ប្អូន​ដឹង​ទេ យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ការ​អាន​ពី​ឯកសារ​បោះ​ពុម្ព​គឺ​ស្រួល​យល់​ជាង តែ​ការ​អាន​ពី​គ្រឿង​អេឡិចត្រូនិក​គឺ​ពិបាក​ផ្ចង់​អារម្មណ៍​ជាង។

     ប្អូន​អេឡីណា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឃើញ​ថា​ការ​អាន​ពី​គ្រឿង​អេឡិចត្រូនិក​ស្រួល​មាន​អ្វី​បំបែរ​អារម្មណ៍​ណាស់ ព្រោះ​ចេះ​តែ​លោត​សារ ឬ​ប្រាប់​ថា​អស់​ថ្ម ឬ​ថា​អ៊ីនធឺណិត​ខ្សោយ​ជា​ដើម។ តែ​ពេល​អាន​តាម​ឯកសារ​បោះ​ពុម្ព យើង​មិន​បាច់​ខ្វល់​អំពី​រឿង​ទាំង​នោះ​ទេ គ្រាន់​តែ​ត្រូវ​ការ​ពន្លឺ​ឲ្យ​បាន​គ្រប់​គ្រាន់​ប៉ុណ្ណោះ​»។

  •   អធិដ្ឋាន​មុន​សិន។ ប្អូន​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​ប្អូន​ឲ្យ​យល់ ចង​ចាំ និង​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​ប្អូន​បម្រុង​នឹង​អាន។—យ៉ាកុប ១:៥

     ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​ប្អូន​ចង់​ធ្វើ​តាម​ពាក្យ​អធិដ្ឋាន​របស់​ប្អូន សូម​ស្រាវ​ជ្រាវ​កំណត់​ហេតុ​ដែល​ប្អូន​កំពុង​អាន។ តើ​ប្អូន​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច? បើ​ប្អូន​កំពុង​ប្រើ​កម្ម​វិធី​JW​បណ្ណាល័យ ឬ​កំពុង​អាន​គម្ពីរ​តាម​អ៊ីនធឺណិត ប្អូន​អាច​ចុច​លើ​ខ​គម្ពីរ​ណា​មួយ​ដើម្បី​ស្វែង​រក​ឯកសារ​យោង​និង​អត្ថបទ​ដែល​ពន្យល់​អំពី​ខ​គម្ពីរ​នោះ។

  •   សួរ​សំណួរ។ ប្អូន​អាច​សួរ​សំណួរ​ដូច​ជា​៖ ‹តើ​កំណត់​ហេតុ​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា? តើ​កំណត់​ហេតុ​នេះ​មាន​គុណ​សម្បត្តិ​ណា​របស់​ព្រះ​យេហូវ៉ា​ដែល​ខ្ញុំ​អាច​យក​តម្រាប់​តាម?›។ (​អេភេសូរ ៥:១​) ‹តើ​ខ្ញុំ​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​កំណត់​ហេតុ​នេះ?›។ (​ចម្រៀង​សរសើរ​ព្រះ ១១៩:១០៥​) ‹តើ​ខ្ញុំ​អាច​ប្រើ​អ្វី​ដែល​ខ្ញុំ​អាន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​តាម​របៀប​ណា?›។—រ៉ូម ១:១១

     ប្អូន​ក៏​អាច​សួរ​ខ្លួន​ថា​៖‹តើ​អ្វី​ដែល​ខ្ញុំ​អាន​ទាក់​ទង​យ៉ាង​ណា​នឹង​គោល​រឿង​ក្នុង​គម្ពីរ?›។ សំណួរ​នេះ​ពិត​ជា​សំខាន់​ណាស់។ ហេតុ​អ្វី? ពីព្រោះ​ព័ត៌មាន​ក្នុង​គម្ពីរ​ពី​សៀវភៅ​ដើម​កំណើត​រហូត​ដល់​សៀវភៅ​ការ​បើក​បង្ហាញ ទាក់​ទង​នឹង​គោល​រឿង​ដ៏​សំខាន់​គឺ របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​តាម​រយៈ​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌ ហើយ​បង្ហាញ​ភ័ស្តុតាង​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង​និង​របៀប​ដែល​លោក​គ្រប់​គ្រង​គឺ​ល្អ​បំផុត។