សំណួរពីយុវវ័យ
តើខ្ញុំគួរដឹងអ្វីខ្លះអំពីការជក់បារីធម្មតានិងបារីអេឡិចត្រូនិក?
ប្អូនជូលាបានរៀបរាប់ថា៖«នៅកន្លែងដែលខ្ញុំរស់នៅ ខ្ញុំឃើញមនុស្សភាគច្រើនក្រោមអាយុ២៥ឆ្នាំ ចូលចិត្តជក់បារីធម្មតាឬបារីអេឡិចត្រូនិក»។
ក្នុងអត្ថបទនេះ យើងនឹងពិចារណា៖
អ្វីដែលប្អូនគួរដឹង
បារីអាចសម្លាប់ប្អូន។ ព្រោះវាមានជាតិនីកូទីន។ ជាតិនីកូទីនជាសារធាតុសំខាន់ដែលមាននៅក្នុងបារី ហើយវាជាសារធាតុពុលដែលធ្វើឲ្យញៀនយ៉ាងខ្លាំង។ យោងទៅតាមមណ្ឌលប្រយុទ្ធប្រឆាំងនិងបង្ការជំងឺនៅសហរដ្ឋអាម៉េរិក បានរៀបរាប់ថា៖«មូលហេតុចម្បងមួយដែលយើងគួរជៀសវាងពីថ្នាំជក់ ព្រោះវាបណ្ដាលឲ្យមនុស្សនៅទូទាំងពិភពលោកឈឺនិងស្លាប់មុនអាយុ»។
ថេរីសាបានរៀបរាប់ថា៖«ខ្ញុំធ្វើការនៅមន្ទីរពេទ្យផ្នែកអេកូសាស្ត្រ ហើយខ្ញុំបានឃើញរូបផ្សេងៗដែលបង្ហាញថាការជក់បារីបង្ខូចរាងកាយអ្នកជំងឺដល់កម្រិតណា។ ខ្ញុំមិននឹកស្មានថា ការជក់បារីប៉ះពាល់ដល់សុខភាពមនុស្សខ្លាំងដូច្នេះឡើយ។ ខ្ញុំឲ្យតម្លៃយ៉ាងខ្លាំងចំពោះរូបកាយរបស់ខ្ញុំ ដូច្នេះខ្ញុំមិនជក់បារីជាដាច់ខាត»។
តើប្អូនដឹងទេ? បារីមានសារធាតុគីមីប្រមាណ៧.០០០មុខ ហើយសារធាតុជាច្រើនក្នុងនោះជាជាតិពុល។ ជារៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់បានស្លាប់ដោយសារជំងឺផ្សេងៗដែលបណ្ដាលមកពីថ្នាំជក់។
អ្នកដែលជក់បារីអេឡិចត្រូនិកស្រូបយកសារធាតុគីមីដែលពុលចូលទៅក្នុងរូបកាយ។ ក្រុមអ្នកជំនាញជឿថា ការជក់បារីអេឡិចត្រូនិកអាចបង្ខូចសួត និងបណ្ដាលឲ្យស្លាប់។ បន្ថែមទៅទៀត បារីអេឡិចត្រូនិកក៏ដូចបារីធម្មតាដែរ វាមានជាតិនីកូទីន។ ឯកសារមួយអំពីបារីបានរៀបរាប់ថាដោយសារជាតិនីកូទីនធ្វើឲ្យញៀនខ្លាំង នោះវាអាច«នាំឲ្យប្អូនៗយុវវ័យញៀនរហូតដល់សេពគ្រឿងញៀនទៀតផង»។
ប្អូនមើរេនដឺបានរៀបរាប់ថា៖«បារីអេឡិចត្រូនិកដែលមានឈ្មោះដូចជាស្ករសំឡីនិងផ្លែឆឺរីជាដើម មានភាពទាក់ទាញយ៉ាងខ្លាំងចំពោះប្អូនៗកុមារនិងស្រទាប់យុវវ័យ ព្រោះវាមានរសជាតិផ្អែមក្រអូប។ រសជាតិនេះធ្វើឲ្យពួកគេគិតថាគ្មានគ្រោះថ្នាក់ទេ»។
តើប្អូនដឹងទេ? បារីអេឡិចត្រូនិកមិនមែនជាទឹកប៉ុណ្ណោះទេ តែវាមានសារធាតុជាច្រើនដែលបង្កគ្រោះថ្នាក់និងមានជាតិពុលយ៉ាងខ្លាំង ជាពិសេសពេលដែលអ្នកប្រើប្រាស់ស្រូបវាចូលទៅក្នុងសួត។
គ្រោះថ្នាក់ដែលមកពីការជក់បារីធម្មតានិងបារីអេឡិចត្រូនិក
(១) ធ្វើឲ្យគំនិត ការផ្ចង់អារម្មណ៍ និងស្មារតីអន់ខ្សោយ ជាពិសេសសមត្ថភាពខួរក្បាល
(២) រលាកអញ្ចាញធ្មេញនិងប្រហោងធ្មេញ
(៣) រលាកសួតធ្ងន់ធ្ងរ និងជំងឺបេះដូង
ខ្សោយផ្លូវដង្ហើម
ឈឺក្រពះនិងចង់ក្អួត
អ្វីដែលប្អូនអាចធ្វើ
ស្វែងយល់ជាមុនសិន។ កុំឆាប់ជឿគេពេក។ ជាឧទាហរណ៍ អ្នកខ្លះនិយាយថាបារីអេឡិចត្រូនិកគ្មានគ្រោះថ្នាក់ទេ វាគ្រាន់តែធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ប៉ុណ្ណោះ។ សូមប្អូនស្រាវជ្រាវសិនដើម្បីដឹងថាអ្វីដែលគេនិយាយនោះពិតឬមិនពិត រួចមកធ្វើការសម្រេចចិត្តដែលផ្អែកទៅលើការពិត។
គោលការណ៍គម្ពីរ៖ «មនុស្សឆោតជឿគ្រប់ពាក្យទាំងអស់ តែមនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។—សុភាសិត ១៤:១៥
ប្អូនអ៊ីវើនបានរៀបរាប់ថា៖«ពេលយើងគិតអំពីផលអាក្រក់ដែលមកពីការជក់បារីធម្មតានិងបារីអេឡិចត្រូនិក យើងនឹងឃើញថាវាមិនមែនជាអ្វីដែលសប្បាយគ្មានគ្រោះថ្នាក់ ដូចពួកតារាឬមនុស្សស្រករយើងបានបង្ហាញនោះទេ»។
សូមគិតអំពីនេះ៖ តើប្អូនៗយុវវ័យដែលជក់បារីពិតជាសប្បាយជាងឬ? តើការជក់បារីអាចជួយពួកគេរៀនឲ្យចេះស៊ូទ្រាំនឹងការតានតឹងចិត្តនៅឥឡូវនិងនៅអនាគតឬទេ? ឬក៏ពួកគេកំពុងសាបព្រោះបញ្ហាថែមទៀត?
ស្វែងរកវិធីកាត់បន្ថយការថប់បារម្ភ។ វិធីល្អៗដើម្បីកាត់បន្ថយការតានតឹងចិត្ត រួមមានសកម្មភាពដែលមានប្រយោជន៍ដល់សុខភាពដូចជា ការហាត់ប្រាណ ការអាន ឬការចំណាយពេលជាមួយមិត្តភក្តិដែលផ្ដល់កម្លាំងចិត្តដល់ប្អូន។ ពេលប្អូនមានអ្វីល្អៗដែលប្អូនអាចផ្ដោតអារម្មណ៍ នោះប្អូននឹងមិនមានអារម្មណ៍ចង់ជក់បារីទេ។
គោលការណ៍គម្ពីរ៖ «ការព្រួយបារម្ភនាំឲ្យកម្លាំងចិត្តចុះខ្សោយ តែពាក្យសម្ដីល្អមួយម៉ាត់ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ»។—សុភាសិត ១២:២៥
ប្អូនអេនចឺឡាបានរៀបរាប់ថា៖«អ្នកខ្លះគិតថាការជក់បារីធម្មតានិងបារីអេឡិចត្រូនិកជួយបន្ធូរការតានតឹងចិត្ត។ តែតាមពិត វាជួយតែមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយនាំទុក្ខអស់មួយជីវិត។ ការពិតមានវិធីប្រសើរជាងដើម្បីកាត់បន្ថយការតានតឹងចិត្ត»។
សូមគិតអំពីនេះ៖ តើមានវិធីអ្វីខ្លះដែលអាចជួយប្អូនឲ្យកាត់បន្ថយការតានតឹងចិត្ត? បើប្អូនត្រូវការជំនួយ សូមមើល«សំណួរពីយុវវ័យ» អត្ថបទដែលមានចំណងជើងថា«តើខ្ញុំអាចកាត់បន្ថយការខ្វល់ចិត្តយ៉ាងដូចម្ដេច?»។
ត្រៀមខ្លួននឹងសម្ពាធពីមនុស្សស្រករប្អូន។ ការបង្ខិតបង្ខំនោះអាចមកពីសិស្សរួមថ្នាក់ឬការកម្សាន្តផងដែរ។ ក្នុងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ដាញសង្គម ច្រើនតែបង្ហាញឲ្យឃើញថាអ្នកដែលជក់បារីធម្មតានិងបារីអេឡិចត្រូនិកមើលទៅឡូយណាស់ ហើយគួរឲ្យសប្បាយ។
គោលការណ៍គម្ពីរ៖ «មនុស្សពេញវ័យ . . . បង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។—ហេប្រឺ ៥:១៤
ប្អូនអាណាបានរៀបរាប់ថា៖«ពេលខ្ញុំនៅសាលា សិស្សស្រករខ្ញុំជាច្រើន បានគោរពខ្ញុំដោយសារខ្ញុំមិនជក់បារី។ ពេលខ្ញុំបដិសេធយ៉ាងម៉ឺងម៉ាត់ថាខ្ញុំមិនជក់បារី សិស្សខ្លះថែមទាំងបាននិយាយការពារខ្ញុំទៀតផង។ ដូច្នេះ ទោះជាយើងខុសគេក្ដី តែពេលយើងប្រកាន់ជំហររបស់យើង នោះពួកគេមិនហ៊ានបង្ខំយើងទៀតទេ»។
សូមគិតអំពីនេះ៖ តើប្អូនអាចយកឈ្នះការបង្ខិតបង្ខំឬទេ? តើប្អូនអាចគិតអំពីឧទាហរណ៍ខ្លះដែលប្អូនបានយកឈ្នះទេ? បើប្អូនត្រូវការជំនួយក្នុងចំណុចនេះ សូមមើល«វិធីទប់ទល់សម្ពាធពីមិត្តភក្តិ»ក្នុងជំពូកទី១៥ ពីសៀវភៅសំណួរយុវវ័យចង់ដឹង និងចម្លើយដែលស្រាយចម្ងល់ ក្បាលទី២។
ជ្រើសរើសមិត្តភក្តិដោយឈ្លាសវៃ។ ប្អូននឹងមិនសូវរងការល្បួងឲ្យជក់បារីទេ បើមិត្តភក្តិរបស់ប្អូនក៏មានអារម្មណ៍ដូចប្អូនដែរអំពីការជក់បារី។
គោលការណ៍គម្ពីរ៖ «អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ តែអ្នកដែលសេពគប់មនុស្សល្ងីល្ងើនឹងជួបបញ្ហា»។—សុភាសិត ១៣:២០
ប្អូនខាលវិនបានរៀបរាប់ថា៖«ការមានមិត្តភក្ដិដែលចេះទប់ចិត្តនិងមានចិត្តស្មោះ គឺប្រសើរខ្លាំងណាស់។ ព្រោះពេលយើងឃើញលទ្ធផលល្អពីការប្រព្រឹត្តរបស់ពួកគេ នោះក៏ជំរុញចិត្តយើងឲ្យចង់ធ្វើដូចពួកគេដែរ»។
សូមគិតអំពីនេះ៖ តើមិត្តភក្តិជិតស្និទ្ធរបស់ប្អូនជួយប្អូនឲ្យស្រួលមានរបៀបរស់នៅដ៏ស្អាតស្អំឬទេ? ឬក៏ពួកគេធ្វើឲ្យប្អូនពិបាករក្សារបៀបរស់នៅបែបនោះទៅវិញ?
ចុះការជក់កញ្ឆាខុសទេ?
មនុស្សជាច្រើននិយាយថាកញ្ឆាគ្មានគ្រោះថ្នាក់ទេ។ ប៉ុន្តែ នោះមិនពិតឡើយ!
ប្អូនៗយុវវ័យដែលជក់កញ្ឆាមិនយូរមិនឆាប់នឹងញៀន។ តាមការសិក្សាស្រាវជ្រាវផ្សេងៗបានប្រាប់ថា ការជក់កញ្ឆាអាចបង្ខូចខួរក្បាលរបស់យើង ហើយធ្វើឲ្យភាពឈ្លាសវៃចុះខ្សោយទៅដែរ។
យោងទៅតាមផ្នែកគ្រប់គ្រងសេវាសុខភាពផ្លូវចិត្តនិងប្រើប្រាស់គ្រឿងញៀននៅសហរដ្ឋអាម៉េរិកបានរៀបរាប់ថា៖«ការស្រាវជ្រាវបង្ហាញថាអ្នកដែលជក់កញ្ឆាទំនងជាពិបាកចុះសម្រុងជាមួយអ្នកឯទៀត រៀនមិនសូវពូកែ ការងារមិនរីកចម្រើន និងមិនសូវស្កប់ចិត្តនឹងជីវិត»។
ប្អូនយូដាបានរៀបរាប់ថា៖«ខ្ញុំច្រើនតែចង់ជក់កញ្ឆា ពេលដែលខ្ញុំចង់បន្ធូរការតានតឹងចិត្ត។ តែពេលខ្ញុំគិតឡើងវិញពីការញៀន លុយដែលខ្ញុំត្រូវចំណាយទៅលើវា និងផលប៉ះពាល់មកលើសុខភាពរបស់ខ្ញុំ នោះខ្ញុំឃើញថាការជក់កញ្ឆាមិនត្រឹមតែមិនអាចធ្វើឲ្យខ្ញុំធូរចិត្តទេ តែកាន់តែធ្វើឲ្យខ្ញុំថប់បារម្ភថែមទៀត»។