លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ការ​ស្វែង​យល់​ចិត្ត​គ្នា ភាគ​ទី២: តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំឡុង​ពេល​ស្វែង​យល់​ចិត្ត​គ្នា?

ការ​ស្វែង​យល់​ចិត្ត​គ្នា ភាគ​ទី២: តើ​ខ្ញុំ​គួរ​ដឹង​អ្វី​ខ្លះ​អំឡុង​ពេល​ស្វែង​យល់​ចិត្ត​គ្នា?

 អ្នក​ចាប់​អារម្មណ៍​បុគ្គល​ម្នាក់​ដែល​អ្នក​បាន​ជួប ហើយ​ទាំង​ពីរ​នាក់​សម្រេច​ចិត្ត​ទាក់​ទង​គ្នា​ដើម្បី​មើល​ថា តើ​ទាំង​ពីរ​នាក់​ស៊ី​គ្នា​ឬ​អត់។ ដូច្នេះ ពេល​ដែល​ទំនាក់​ទំនង​នោះ​ជឿន​ទៅ​មុខ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​គួរ​ដឹង?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖

 ត្រូវ​ដឹង​ថា​អ្នក​ទាំង​ពីរ​គួរ​និយាយ​គ្នា​ដោយ​ឥត​លាក់​លៀម

 ពេល​អ្នក​និង​គាត់​ចំណាយ​ពេល​ជា​មួយ​គ្នា​កាន់​តែ​ច្រើន នោះ​អ្នក​ទាំង​ពីរ​នឹង​ស្គាល់​គ្នា​កាន់​តែ​ច្បាស់ ហើយ​អ្នក​នឹង​ស្គាល់​គាត់​ថែម​ទៀត ដោយ​សង្កេត​មើល​ការ​ប្រព្រឹត្ត​របស់​គាត់។

 ប៉ុន្តែ មាន​អ្វី​មួយ​ចំនួន​ដែល​អ្នក​ទាំង​ពីរ​គួរ​និយាយ​គ្នា​ដោយ​ឥត​លាក់​លៀម។ ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​មិន​មែន​ផ្អែក​ទៅ​លើ​អារម្មណ៍​របស់​អ្នក​ទេ។

 អ្នក​ទាំង​ពីរ​គួរ​ពិភាក្សា​គ្នា​អំពី​រឿង​ដូច​ជា​៖

  •   លុយ​កាក់។ តើ​អ្នក​កំពុង​ជាប់​បំណុល​ទេ? តើ​ពេល​ខ្លះ​អ្នក​ពិបាក​ទប់​ចិត្ត​ក្នុង​ការ​ចំណាយ​ទេ? បើ​អ្នក​ទាំង​ពីរ​រៀប​ការ តើ​អ្នក​ទាំង​ពីរ​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​ចំពោះ​ប្រាក់​ចំណូល​និង​ប្រាក់​ចំណាយ?

  •   សុខភាព។ តើ​អ្នក​មាន​សុខភាព​ល្អ​ទេ? តើ​អ្នក​ធ្លាប់​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ទេ?

  •   គោល​ដៅ។ តើ​អ្នក​ចង់​សម្រេច​គោល​ដៅ​អ្វី​ខ្លះ? តើ​អ្នក​ទាំង​ពីរ​មាន​គោល​ដៅ​ស្រដៀង​គ្នា​ទេ? ក្រោយ​ពី​រៀប​ការ បើ​មាន​ស្ថានភាព​ផ្លាស់​ប្ដូរ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​សម្រេច​គោល​ដៅ​ផ្សេង​ៗ តើ​អ្នក​នៅ​តែ​សប្បាយ​ទេ?

  •   ក្រុម​គ្រួសារ។ សព្វ​ថ្ងៃ តើ​អ្នក​មាន​ភារកិច្ច​មើល​ថែ​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់​ទេ? តើ​អ្នក​គិត​ថា​អ្នក​នឹង​មាន​ភារកិច្ច​នេះ​នៅ​ថ្ងៃ​អនាគត​ទេ? តើ​អ្នក​ចង់​បាន​កូន​ទេ? បើ​ចង់​មែន ចង់​បាន​ប៉ុន្មាន​នាក់?

 ពេល​ពិចារណា​រឿង​ទាំង​នោះ សូម​និយាយ​គ្នា​ដោយ​ស្មោះ​ត្រង់​និង​ឥត​លាក់​លៀម។ សូម​កុំ​បិទ​បាំង​ឬ​បំផ្លើស​ការ​ពិត​ដើម្បី​ឲ្យ​ខ្លួន​មើល​ទៅ​អស្ចារ្យ​នោះ​ឡើយ។—ហេប្រឺ ១៣:១៨

 សូម​គិត​អំពី​នេះ​៖ តើ​អ្នក​គួរ​ដឹង​អ្វី​ខ្លះ​អំពី​បុគ្គល​ដែល​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​គ្នា? តើ​គាត់​គួរ​ដឹង​អ្វី​ខ្លះ​អំពី​អ្នក? តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ដើម្បី​និយាយ​ដោយ​ស្មោះ​ត្រង់ បើ​អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​រៀប​ការ?

 គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​និយាយ​សេចក្ដី​ពិត​»។—អេភេសូរ ៤:២៥

 អារៀណា​ដែល​បាន​រៀប​ការ​អស់​មួយ​ឆ្នាំ​ហើយ បាន​រៀប​រាប់​ថា​៖​«​មនុស្ស​ស្រី​ប្រហែល​ជា​គិត​ថា‹តែ​៦​ខែ​ទេ​យើង​ប្រហែល​ជា​ភ្ជាប់​ពាក្យ​ហើយ› តែ​មនុស្ស​ប្រុស​គិត​ថា​ចាំ​មួយ​ឆ្នាំ​សិន។ ក្នុង​ករណី​នេះ មនុស្ស​ស្រី​ប្រហែល​ជា​ឈឺ​ចិត្ត​ហើយ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ដោយ​សារ​គាត់​បាន​រំពឹង​ថា​សង្សារ​របស់​គាត់​នឹង​ឆាប់​សុំ​គាត់​រៀប​ការ។ ដូច្នេះ ជា​ការ​សំខាន់​ដែល​អ្នក​ទាំង​ពីរ​យល់​គំនិត​គ្នា​អំពី​រឿង​នេះ​»។

 ត្រូវ​ដឹង​ថា​អ្នក​ទាំង​ពីរ​នឹង​មាន​ទស្សនៈ​ខុស​គ្នា

 តាម​ធម្មតា មនុស្ស​ពីរ​នាក់​មិន​អាច​ដូច​គ្នា​ទាំង​ស្រុង​ទេ។ ដូច្នេះ កុំ​សន្និដ្ឋាន​ថា​អ្នក​និង​គូ​សង្សារ​មាន​ទស្សនៈ​ដូច​គ្នា​ឬ​យល់​ស្រប​គ្នា​ចំពោះ​រឿង​ទាំង​អស់​ឡើយ។ មាន​កត្តា​មួយ​ចំនួន​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​អ្នក​ទាំង​ពីរ ដូច​ជា​វប្បធម៌​ដែល​អ្នក​បាន​ធំ​ឡើង ឬ​ការ​ចិញ្ចឹម​អប់រំ​ដែល​អ្នក​ទទួល​ជា​ដើម។

 សូម​គិត​អំពី​នេះ​៖ ពេល​អ្នក​មាន​ការ​ខ្វែង​គំនិត​គ្នា​ចំពោះ​រឿង​តូច​តាច​ណា​មួយ​ដែល​មិន​ខុស​នឹង​គោល​ការណ៍​គម្ពីរ តើ​អ្នក​ទាំង​ពីរ​សុខ​ចិត្ត​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​សន្តិ​វិធី​ឬ​ទេ?

 គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។—ភីលីព ៤:៥

 បង​ម៉ាធីយូ​ដែល​បាន​រៀប​ការ​អស់​ប្រាំ​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​អ្នក​ប្រហែល​ជា​គិត​ថា អ្នក​ទាំង​ពីរ‹ស៊ី​ចង្វាក់​គ្នា›ខ្លាំង​ណាស់។ តែ​អ្នក​ទាំង​ពីរ​នឹង​មាន​ការ​ខ្វែង​គំនិត​គ្នា។ ពិត​មែន​ថា​ការ​ស៊ី​ចង្វាក់​គ្នា​គឺ​សំខាន់ តែ​របៀប​ដែល​អ្នក​ទាំង​ពីរ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​គឺ​សំខាន់​ជាង ជា​ពិសេស​គុណ​សម្បត្តិ​ដែល​ម្នាក់​ៗ​បង្ហាញ​ចំពោះ​គ្នា​ពេល​ស្ថិត​ក្នុង​កាលៈទេសៈ​នោះ​»។

 ត្រូវ​ដឹង​ថា​នឹង​មាន​ការ​តាន​តឹង​ចិត្ត​ពេល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា

 ពេល​អ្នក​ទាំង​ពីរ​ស្វែង​យល់​ចិត្ត​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​ចំណាយ​ពេល​ច្រើន​ជា​មួយ​គ្នា ហើយ​អ្នក​ប្រហែល​ជា​មាន​ការ​តាន​តឹង​ចិត្ត​ដែរ។ តើ​អ្វី​អាច​ជួយ​អ្នក?

 សូម​មាន​តុល្យភាព។ សូម​កុំ​ផ្ដោត​ទៅ​លើ​ការ​ស្វែង​យល់​ចិត្ត​គ្នា​រហូត​ដល់​ភ្លេច​ភារកិច្ច​ខ្លួន​ឬ​មិត្ត​ភក្ដិ​ឡើយ។ បង​អេឡាណឺ​ដែល​រៀប​ការ​អស់​ប្រាំ​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ទោះ​ជា​ក្រោយ​អ្នក​រៀប​ការ អ្នក​នៅ​តែ​ត្រូវ​ការ​មិត្ត​ភក្ដិ ហើយ​ពួក​គេ​ក៏​នៅ​តែ​ត្រូវ​ការ​អ្នក​ដែរ។ ដូច្នេះ​សូម​កុំ​ទុក​ពួក​គេ​ចោល​ដោយ​សារ​តែ​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​អ្នក​ណា​ម្នាក់​ឡើយ​»។

 សូម​ចាំ​ថា ក្រោយ​រៀប​ការ អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​និង​កម្លាំង​ដើម្បី​ធ្វើ​អ្វី​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ដូច្នេះ ជា​ការ​ល្អ​ឲ្យ​អ្នក​ធ្វើ​អ្វី​ទាំង​នោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ស្វែង​យល់​ចិត្ត​គ្នា។

 សូម​គិត​អំពី​នេះ​៖ តើ​អ្នក​ទាម​ទារ​ឲ្យ​គូ​សង្សារ​របស់​អ្នក​ចំណាយ​ពេល​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ច្រើន​ពេក​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា​គាត់​ទាម​ទារ​ពី​អ្នក​ហួស​ហេតុ​ឬ? តើ​តាម​របៀប​ណា​អ្នក​ទាំង​ពីរ​មិន​តម្រូវ​ពី​គ្នា​ហួស​ហេតុ​ពេក​រហូត​ដល់​មាន​អារម្មណ៍​នឿយ​ហត់​ចំពោះ​ទំនាក់​ទំនង​នោះ?

 គោល​ការណ៍​គម្ពីរ​៖ ​«​មាន​ពេល​កំណត់​សម្រាប់​អ្វី​ៗ​ទាំង​អស់ មាន​ពេល​សម្រាប់​គ្រប់​សកម្មភាព​»។—អ្នក​ទូន្មាន ៣:១

 បង​ដានីយ៉ែល​ដែល​បាន​រៀប​ការ​អស់​ពីរ​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ពេល​ស្វែង​យល់​ចិត្ត​គ្នា បើ​ពីរ​នាក់​គ្រាន់​តែ​ចំណាយ​ពេល​ដើរ​លេង​ប៉ុណ្ណោះ នោះ​ក្រោយ​រៀប​ការ​ទាំង​ពីរ​នាក់​ប្រហែល​ជា​ភ្ញាក់​ផ្អើល​នឹង​ជីវិត​គ្រួសារ​មិន​ខាន។ ដូច្នេះ ជា​ការ​ល្អ​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ជា​មួយ​គ្នា ដូច​ជា​ដើរ​ផ្សារ ធ្វើ​កិច្ច​ការ​ផ្ទះ និង​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ពួក​គេ​ឲ្យ​បង្កើត​ទម្លាប់​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ជា​មួយ​គ្នា ហើយ​នោះ​នឹង​ជួយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​»។

 សូម​ចាំ​ថា ការ​ស្វែង​យល់​ចិត្ត​គ្នា​គឺ​ជា​រយៈ​ពេល​ដែល​យើង​មើល​ចិត្ត​គ្នា​ដើម្បី​សម្រេច​ចិត្ត​ថា គួរ​រៀប​ការ​ឬ​គួរ​បែក​គ្នា។ នៅ​ក្នុង​ភាគ​ទី៣​នៃ​អត្ថបទ​ត​ភាគ​នេះ នឹង​រៀប​រាប់​អំពី​អ្វី​ដែល​អ្នក​ត្រូវ​គិត​ពិចារណា​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ។