លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើបណ្ដាញសង្គមមានឥទ្ធិពលយ៉ាងណាមកលើខ្ញុំ?

តើបណ្ដាញសង្គមមានឥទ្ធិពលយ៉ាងណាមកលើខ្ញុំ?

 តើ​ឪពុក​ម្ដាយ​របស់​ប្អូន​អនុញ្ញាត​ឲ្យ​ប្អូន​ប្រើ​បណ្ដាញ​សង្គម​ឬ​ទេ? បើ​អនុញ្ញាត​មែន អត្ថបទ​នេះ​នឹង​ជួយ​ប្អូន​នូវ​ចំណុច​សំខាន់​បី​យ៉ាង។

ក្នុង​ទំព័រ​នេះ​យើង​នឹង​ពិចារណា

 តើ​បណ្ដាញ​សង្គម​ប៉ះ​ពាល់​ពេល​វេលា​ខ្ញុំ​ប៉ុណ្ណា​ទៅ?

 ការ​ប្រើ​បណ្ដាញ​សង្គម​គឺ​ប្រៀប​ដូច​ជា​ការ​ជិះ​សេះ តើ​ប្អូន​គ្រប់​គ្រង​វា​ឬ​វា​គ្រប់​គ្រង​ប្អូន?

 ប្អូន​ស្រី​ចូអាណា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ចាប់​ផ្ដើម​មើល​បណ្ដាញ​សង្គម ខ្ញុំ​គិត​ថា​ខ្ញុំ​មើល​តែ​មួយ​ភ្លែត​ទេ តែ​ភ្លេច​ខ្លួន​ខ្ញុំ​បាន​មើល​អស់​រាប់​ម៉ោង! ការ​មើល​បណ្ដាញ​សង្គម​អាច​ធ្វើ​ឲ្យ​ញៀន ហើយ​ខាត​ពេល​វេលា​ទៀត​ផង​»។

 តើ​ប្អូន​ដឹង​ទេ? បណ្ដាញ​សង្គម​គឺ​នាំ​ឲ្យ​ញៀន ដោយ​សារ​វា​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ទាក់​ទាញ​ចិត្ត​មនុស្ស។ អ្នក​រៀប​ចំ​កម្ម​វិធី​នោះ​ដឹង​ថា ពេល​គេហទំព័រ​ណា​មួយ​កាន់​តែ​ពេញ​និយម​មនុស្ស​នឹង​ចំណាយ​ពេល​មើល​កាន់​តែ​យូរ ហើយ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ក៏​ចំណាយ​លុយ​កាន់​តែ​ច្រើន​ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ផលិតផល​របស់​ពួក​គេ​ដែរ។

 សូម​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​ច្រើន​តែ​ភ្លេច​មើល​ម៉ោង ពេល​អូស​មើល​បណ្ដាញ​សង្គម​ឬ? តើ​ខ្ញុំ​អាច​ប្រើ​ពេល​វេលា​នោះ​សម្រាប់​អ្វី​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង​ទេ?›។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ។ កំណត់​ពេល​វេលា​ដែល​ប្អូន​នឹង​ចំណាយ​ទៅ​លើ​បណ្ដាញ​សង្គម ហើយ​ធ្វើ​តាម​ការ​កំណត់​នោះ។

កំណត់​ពេល​វេលា​ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

 ប្អូន​ស្រី​ធីណា​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​បាន​កំណត់​ពេល​វេលា​លើ​កម្ម​វិធី​ខ្លះ​ៗ​ដែល​ខ្ញុំ​ប្រើ បើ​លើស​ម៉ោង​កំណត់​យើង​មិន​អាច​ប្រើ​ប្រាស់​កម្ម​វិធី​នោះ​ទៀត​ទេ។ ក្រោយ​ពី​បាន​ដាក់​កម្រិត​លើ​ខ្លួន​អស់​មួយ​រយៈ ខ្ញុំ​ចាប់​ផ្ដើម​មាន​តុល្យភាព​ច្រើន​ជាង​ទៅ​លើ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ហើយ​ខ្ញុំ​មិន​ចំណាយ​ពេល​ច្រើន​ពេក​ដូច​ពី​មុន​»។

 គោល​ការណ៍​គម្ពីរ​៖ ​«​[​ចូរ​]ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។—អេភេសូរ ៥:១៦

 តើ​បណ្ដាញ​សង្គម​ប៉ះ​ពាល់​លើ​ការ​គេង​ខ្ញុំ​យ៉ាង​ណា​ដែរ?

 អ្នក​ជំនាញ​ភាគ​ច្រើន​និយាយ​ថា​យុវវ័យ​ត្រូវ​ការ​គេង​យ៉ាង​ហោច​ណាស់​៨​ម៉ោង​ក្នុង​១​ថ្ងៃ តែ​យុវវ័យ​ជា​ច្រើន​គេង​កាន់​តែ​តិច​ទៅ​ៗ។ មូលហេតុ​មួយ​គឺ​ដោយ​សារ​ពួក​គេ​ប្រើ​បណ្ដាញ​សង្គម​នៅ​ពេល​ដែល​ត្រូវ​គេង។

 ប្អូន​ស្រី​ម៉ារៀ​បាន​រៀប​រាប់​ថា​៖​«​មុន​ចូល​គេង​ខ្ញុំ​តែង​តែ​មើល​ទូរស័ព្ទ ហើយ​ខ្ញុំ​បាន​ចំណាយ​ពេល​អស់​រាប់​ម៉ោង​អូស​ទៅ​អូស​មក។ នេះ​គឺ​ជា​ទម្លាប់​អាក្រក់​ដែល​ខ្ញុំ​ពិបាក​ផ្ដាច់​ណាស់​»។

 តើ​ប្អូន​ដឹង​ទេ? ការ​គេង​មិន​គ្រប់​គ្រាន់​អាច​នាំ​ឲ្យ​មាន​ការ​ខ្វល់​ខ្វាយ និង​តាន​តឹង​ចិត្ត។ យោង​ទៅ​តាម​សម្ដី​របស់​គ្រូ​ពេទ្យ​ខាង​ចិត្ត​សាស្ត្រ លោក​ស្រី​ជីន ត្វីងជី មូលហេតុ​ធំ​បំផុត​ដែល​មនុស្ស​មាន​អារម្មណ៍​មិន​ល្អ និង​មិន​សប្បាយ គឺ​មក​ពី​ការ​គេង​មិន​គ្រប់​គ្រាន់។ គាត់​បន្ថែម​ថា បើ​គេង​មិន​គ្រប់​គ្រាន់​«​អស់​រយៈ​ពេល​យូរ​»​ នោះ​អាច​នាំ​ឲ្យ​មាន​«​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​»។ a

 សូម​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ?› ឬ‹តើ​ខ្ញុំ​ចេះ​តែ​អូស​មើល​បណ្ដាញ​សង្គម ពេល​ដែល​ខ្ញុំ​ត្រូវ​សម្រាក​និង​មុន​ចូល​គេង​ទេ?›។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ។ សូម​ទុក​គ្រឿង​អេឡិចត្រូនិក​នៅ​ឆ្ងាយ​ពី​ក្បាល​ដំណេក​របស់​ប្អូន។ បើ​អាច​ធ្វើ​បាន សូម​ឈប់​មើល​គ្រឿង​អេឡិចត្រូនិក​ពីរ​ម៉ោង​មុន​ចូល​គេង។ បើ​ប្អូន​ត្រូវ​ដាក់​ម៉ោង​រោទ៍​ដើម្បី​ដាស់​ប្អូន​នៅ​ពេល​ព្រឹក សូម​ប្រើ​អ្វី​ផ្សេង​ក្រៅ​ពី​ទូរស័ព្ទ​ដៃ​ឬ​កុំព្យូទ័រ​បន្ទះ​ស្ដើង។

សូម​ផ្អាក​ប្រើ​គ្រឿង​អេឡិចត្រូនិក​ក្នុង​រយៈ​ពេល​ល្មម​មុន​ចូល​គេង

 ប្អូន​យេរេមី​បាន​រៀប​រាប់​ថា​៖​«​ជួន​កាល​ខ្ញុំ​មើល​គ្រឿង​អេឡិចត្រូនិក​ដល់​យប់​ជ្រៅ ប៉ុន្តែ​ខ្ញុំ​ខំ​ព្យាយាម​យក​ឈ្នះ​ទម្លាប់​នេះ។ ខ្ញុំ​ចង់​មាន​គំនិត​ចាស់​ទុំ​ជាង នេះ​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ជាង​ដែរ។ ខ្ញុំ​ត្រូវ​ចូល​គេង​លឿន​ជាង​ដើម្បី​ខ្ញុំ​អាច​ផ្ចង់​អារម្មណ៍​បាន​ល្អ​នៅ​ថ្ងៃ​បន្ទាប់​»។

 គោល​ការណ៍​គម្ពីរ​៖ ​«​[​ចូរ​]ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

 តើ​បណ្ដាញ​សង្គម​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ខ្ញុំ​យ៉ាង​ណា?

 តាម​ការ​សិក្សា​មួយ​បាន​រៀប​រាប់​ថា សិស្ស​វិទ្យាល័យ​ស្រី​ស្ទើរ​តែ​ពាក់​កណ្ដាល​បាន​ត្រូវ​ស្ទង់​មតិ​ឃើញ​ថា​ពួក​គេ​«​ច្រើន​តែ​ក្រៀម​ក្រំ​ចិត្ត និង​អស់​សង្ឃឹម​»។ មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ដូច្នេះ​គឺ​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ លោក​ឡេនណឺត ស្សាក​បាន​និយាយ​ថា​៖​«​បើ​ប្អូន​ចំណាយ​ពេល​កាន់​តែ​ច្រើន​លើ​បណ្ដាញ​សង្គម ហើយ​ប្រៀប​ធៀប​ខ្លួន​ប្អូន​ជា​មួយ​អ្នក​ឯ​ទៀត នោះ​ប្អូន​ទំនង​ជា​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​កាន់​តែ​ច្រើន​ដែរ​»។ b

 ប្អូន​ស្រី​ហ្វីប៊ី​បាន​រៀប​រាប់​ថា​៖​«​គឺ​ធម្មតា​ទេ​ដែល​យុវវ័យ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត ហើយ​បណ្ដាញ​សង្គម​កាន់​តែ​ស្រួល​ឲ្យ​ពួក​គេ​ធ្វើ​បែប​នេះ។ បើ​យើង​មើល​រូប​ថត​ដែល​អ្នក​ឯ​ទៀត​បង្ហោះ​អស់​រាប់​ម៉ោង ហើយ​ប្រៀប​ធៀប​ជីវិត​របស់​ខ្លួន​នឹង​អ្នក​ឯ​ទៀត នោះ​ធ្វើ​ឲ្យ​យើង​គិត​ថា​ជីវិត​របស់​យើង​មិន​សប្បាយ​ដូច​គេ​ដូច​ឯង​ទេ​»។

 តើ​ប្អូន​ដឹង​ទេ? ទោះ​ជា​បណ្ដាញ​សង្គម​អាច​ជួយ​យើង​ឲ្យ​ទាក់​ទង​ជា​មួយ​មិត្ត​ភក្ដិ​ក៏​ពិត​មែន តែ​វា​មិន​អាច​ជំនួស​មិត្តភាព​ដោយ​ផ្ទាល់​នោះ​ឡើយ។ លោក​នីកូឡាស ខាដឺរឺស​បាន​សរសេរ​ថា​៖​«​គ្រឿង​អេឡិចត្រូនិក​មិន​ធ្វើ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​ដែល​សប្បាយ​ជា​មួយ​អ្នក​ឯ​ទៀត​ទេ។ នេះ​មិន​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ទេ ដោយ​សារ​មនុស្ស​ត្រូវ​ការ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អ្នក​ឯ​ទៀត​»។ c

 សូម​សួរ​ខ្លួន​ថា​៖‹តើ​ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ក្រោយ​ឃើញ​អ្វី​ដែល​មិត្ត​របស់​ខ្ញុំ​ធ្វើ​ទេ?› ឬ‹ពេល​ឃើញ​ជីវិត​ដ៏​សប្បាយ​របស់​អ្នក​ឯ​ទៀត​នៅ​ក្នុង​បណ្ដាញ​សង្គម តើ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​ខ្ញុំ​គួរ​ឲ្យ​ធុញ​ទ្រាន់​ទេ?› ឬ​ក៏‹តើ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ទេ ពេល​ខ្ញុំ​បង្ហោះ​អ្វី​មួយ តែ​មិន​សូវ​មាន​គេ​ចុច​«​ចូល​ចិត្ត​»​?›។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ។ សូម​ព្យាយាម​ផ្ដាច់​ខ្លួន​ពី​បណ្ដាញ​សង្គម​យ៉ាង​ហោច​ណាស់​ពីរ​បី​ថ្ងៃ មួយ​សប្ដាហ៍ ឬ​រហូត​ដល់​មួយ​ខែ។ សូម​ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្ដិ​ដោយ​ផ្ទាល់​ឬ​តាម​ទូរស័ព្ទ​ឲ្យ​បាន​ច្រើន​ជាង នោះ​ប្អូន​នឹង​ឃើញ​ថា​ប្អូន​មិន​សូវ​តាន​តឹង​ចិត្ត ហើយ​សប្បាយ​ចិត្ត​ជាង​ពេល​ដែល​ប្អូន​ផ្ដាច់​ខ្លួន​ពី​បណ្ដាញ​សង្គម។

តើ​ប្អូន​អាច​ចំណាយ​ពេល​ច្រើន​ជាង​ជា​មួយ​មិត្ត​ភក្តិ​ដោយ​ផ្ទាល់​បាន​ទេ?

 ប្អូន​ស្រី​ព្រីអាណា​បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​ប្រើ​បណ្ដាញ​សង្គម ខ្ញុំ​ឃើញ​ថា​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ច្រើន​ពេក។ ប៉ុន្តែ​ក្រោយ​ពី​ខ្ញុំ​លុប​គណនី​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​ដក​អម្រែក​ចេញ​ពី​ស្មា ហើយ​ខ្ញុំ​មាន​ពេល​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង​»។

 គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ឲ្យ​ម្នាក់​ៗ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​ខ្លួន រួច​គ្រប់​គ្នា​នឹង​មាន​ហេតុ​ត្រេក​អរ​អំពី​ខ្លួន​ផ្ទាល់ ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​»។—កាឡាទី ៦:៤

a ពី​សៀវភៅ​iGen។

b ពី​សៀវភៅ​Why Gender Matters។

c ពី​សៀវភៅ​Glow Kids។