សំណួរពីយុវវ័យ
ការស្វែងយល់ចិត្តគ្នា ភាគទី១៖ តើខ្ញុំត្រៀមខ្លួនហើយឬនៅក្នុងការស្វែងយល់ចិត្តគ្នា?
ក្នុងអត្ថបទនេះយើងនឹងពិចារណា
តើអ្វីទៅជាការស្វែងយល់ចិត្តគ្នា?
មនុស្សខ្លះចាត់ទុកការស្វែងយល់ចិត្តគ្នាជាអ្វីដែលធ្វើឲ្យពួកគេសប្បាយ។ ប៉ុន្តែ នៅក្នុងអត្ថបទនេះ «ការស្វែងយល់ចិត្តគ្នា»សំដៅទៅលើអំឡុងពេលដែលគូសង្សារចំណាយពេលជាមួយគ្នាដើម្បីដឹងថាពួកគេត្រូវគ្នានិងស៊ីចង្វាក់គ្នាឬយ៉ាងណា។ ដូច្នេះ ការស្វែងយល់ចិត្តគ្នាត្រូវមានគោលដៅច្បាស់លាស់ មិនមែនគ្រាន់តែចង់បានចំណាប់អារម្មណ៍ពីមនុស្សភេទផ្ទុយប៉ុណ្ណោះទេ។
ក្រោយពីស្វែងយល់ចិត្តគ្នាអស់មួយរយៈ ប្អូនអាចសម្រេចចិត្តថាគួររៀបការឬក៏បញ្ចប់ចំណងស្នេហ៍នេះ។ ពេលប្អូនចាប់ផ្ដើមស្វែងយល់ចិត្តគ្នា ប្អូនត្រូវត្រៀមចិត្តចំពោះរឿងទាំងនោះ។
សរុបសេចក្ដី៖ បើប្អូនគិតថាត្រៀមខ្លួនរួចហើយក្នុងការស្វែងយល់ចិត្តគ្នា នោះប្អូនក៏ត្រូវត្រៀមខ្លួនសម្រាប់ឈានទៅដល់ការរៀបការដែរ។
តើប្អូនត្រៀមខ្លួនហើយឬនៅក្នុងការស្វែងយល់ចិត្តគ្នា?
ដោយសារការស្វែងយល់ចិត្តគ្នាអាចឈានទៅដល់ការរៀបការ នោះប្អូនគួរគិតអំពីគុណសម្បត្តិមួយចំនួនដែលអាចជួយពង្រឹងចំណងស្នេហ៍នោះ។ ជាឧទាហរណ៍ សូមពិចារណាចំណុចតទៅ៖
ទំនាក់ទំនងក្នុងក្រុមគ្រួសារ។ របៀបដែលប្អូនប្រព្រឹត្តចំពោះបងប្អូននិងឪពុកម្ដាយ ពេលមានអារម្មណ៍តានតឹងចិត្ត នោះច្រើនតែសឲ្យឃើញនូវរបៀបដែលប្អូននឹងប្រព្រឹត្តចំពោះគូអនាគតរបស់ប្អូនដែរ។
គោលការណ៍គម្ពីរ៖ «ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយ រួមទាំងសេចក្ដីអាក្រក់គ្រប់យ៉ាង»។—អេភេសូរ ៤:៣១
សូមសួរខ្លួនថា៖ ‹តើឪពុកម្ដាយនិងបងប្អូនរបស់ខ្ញុំប្រាប់ថាខ្ញុំប្រព្រឹត្តចំពោះពួកគាត់ដោយគោរពឬទេ? ពេលខ្ញុំមិនយល់ស្របនឹងពួកគាត់ តើខ្ញុំអាចនិយាយជាមួយពួកគាត់តាមសម្រួលឬក៏ដោយប្រកែកតវ៉ានិងកំហឹង?›។
ការលះបង់ប្រយោជន៍ខ្លួន។ ពេលប្អូនរៀបការ ប្អូនត្រូវគិតអំពីអ្វីដែលគូចង់បាន ហើយសុខចិត្តលះបង់ប្រយោជន៍ខ្លួនដើម្បីគូ។
គោលការណ៍គម្ពីរ៖ «ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។—កូរិនថូសទី១ ១០:២៤
សូមសួរខ្លួនថា៖ ‹តើខ្ញុំតែងតែទាមទារឲ្យគេធ្វើតាមចិត្តខ្ញុំឬទេ? តើអ្នកឯទៀតចាត់ទុកខ្ញុំជាមនុស្សសមហេតុផលទេ? តើខ្ញុំបង្ហាញយ៉ាងណាថាខ្ញុំយកចិត្តទុកដាក់សេចក្ដីត្រូវការរបស់អ្នកឯទៀតជាងសេចក្ដីត្រូវការរបស់ខ្ញុំ?›។
ចិត្តរាបទាប។ គូអាពាហ៍ពិពាហ៍ល្អចេះទទួលស្គាល់កំហុសខ្លួន និងចេះសុំទោសដោយស្មោះ។
គោលការណ៍គម្ពីរ៖ «យើងទាំងអស់គ្នាធ្វើខុសជាញឹកញយ»។—យ៉ាកុប ៣:២, កំណត់សម្គាល់
សូមសួរខ្លួនថា៖ ‹តើខ្ញុំឆាប់ទទួលស្គាល់កំហុសឬតើខ្ញុំតែងតែដោះសា? តើខ្ញុំឆាប់អន់ចិត្តឬខឹងពេលនរណាម្នាក់ផ្ដល់យោបល់ដល់ខ្ញុំដើម្បីស្ថាបនាឬទេ?›។
លុយកាក់។ គូអាពាហ៍ពិពាហ៍ច្រើនតែឈ្លោះប្រកែកគ្នារឿងលុយកាក់។ ប៉ុន្តែ ប្អូនអាចជៀសវាងពីរឿងនេះបាន បើប្អូនចេះគ្រប់គ្រងលុយកាក់។
គោលការណ៍គម្ពីរ៖ «ក្នុងចំណោមអ្នករាល់គ្នា បើចង់សង់ប៉មមួយ តើមានអ្នកណាដែលមិនអង្គុយគិតគូរជាមុនសិនឲ្យដឹងថា ខ្លួនមានប្រាក់គ្រប់គ្រាន់ដើម្បីសង់ឲ្យបានរួចរាល់?»។—លូកា ១៤:២៨
សូមសួរខ្លួនថា៖ ‹តើខ្ញុំអាចគ្រប់គ្រងការចំណាយរបស់ខ្ញុំឬទេ? ឬក៏ខ្ញុំតែងតែជំពាក់លុយគេ? តើខ្ញុំអាចបង្ហាញយ៉ាងណាថាខ្ញុំចាយវាយដោយចេះគិត?›។
ទម្លាប់ជាគ្រិស្តសាសនិក។ បើប្អូនជាសាក្សីព្រះយេហូវ៉ា ប្អូនគួរមានទម្លាប់ល្អក្នុងការសិក្សាគម្ពីរនិងចូលរួមកិច្ចប្រជុំជាទៀងទាត់។
គោលការណ៍គម្ពីរ៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៣
សូមសួរខ្លួនថា៖ ‹តើខ្ញុំព្យាយាមពង្រឹងជំនឿរបស់ខ្ញុំទេ? តើខ្ញុំចាត់ទុកទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះជាអ្វីសំខាន់បំផុតឬទេ? ឬក៏ខ្ញុំឲ្យអ្វីផ្សេងមកបង្វែរអារម្មណ៍ខ្ញុំពីទម្លាប់ល្អនោះ?›។
សរុបសេចក្ដី៖ បុគ្គលដែលប្អូនរៀបការជាមួយគួរតែជាគូដ៏ល្អ។ បើប្អូនកំពុងព្យាយាមធ្វើជាមនុស្សបែបនោះ ប្អូនទំនងជាមានភាពទាក់ទាញចំពោះអ្នកដែលកំពុងខំធ្វើដូច្នោះដែរ។