លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

ចុះបើខ្ញុំមានបញ្ហាសុខភាព? (ភាគទី៣)

ចុះបើខ្ញុំមានបញ្ហាសុខភាព? (ភាគទី៣)

 នៅ​គ្រា​យុវវ័យ​ជា​គ្រា​ដែល​ច្រើន​តែ​មាន​កម្លាំង​មាំ​មួន ហើយ​ហាក់​ដូច​ជា​មិន​ចេះ​ហត់​ទេ។ ប៉ុន្តែ សម្រាប់​យុវវ័យ​ខ្លះ កម្លាំង​របស់​ពួក​គេ​មាន​កម្រិត​ដោយ​សារ​មាន​ជំងឺ​ធ្ងន់​ធ្ងរ។ តើ​ប្អូន​កំពុង​មាន​បញ្ហា​សុខភាព​ដូច​នេះ​ទេ? បើ​មាន​មែន ប្អូន​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បទ​ពិសោធន៍​របស់​ប្អូន​ស្រី​វីឡូរៀ ប្អូន​ប្រុស​ចាស្ទីន និង​ប្អូន​ស្រី​នីហ្សា ពួក​គាត់​ទាំង​បី​នាក់​ជា​សាក្សី​ព្រះ​យេហូវ៉ា។ សូម​កត់​សម្គាល់​របៀប​ដែល​ពួក​គាត់​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។

 វីឡូរៀ

 ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ខ្ញុំ​មាន​ជំងឺ​ឈឺ​សាច់​ដុំ​និង​សរសៃ​ពួរ (​fibromyalgia​) ហើយ​រហូត​ដល់​អាយុ​២០​ឆ្នាំ​ខ្ញុំ​មាន​ជំងឺ​បី​ទៀត គឺ​ជំងឺ​សន្លាក់​ឆ្អឹង (​arthritis​) ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ (​lupus​) និង​ជំងឺ​សើ​ស្បែក​ម្យ៉ាង (​Lyme disease​)។ ខ្ញុំ​ពិបាក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ចង់​ធ្វើ ពី​ព្រោះ​ខ្ញុំ​អស់​កម្លាំង​ជា​និច្ច។ ពេល​ខ្លះ ខ្ញុំ​ស្ពឹក​ចាប់​ពី​ចង្កេះ​ចុះ​ក្រោម​កម្រើក​មិន​រួច ហើយ​ត្រូវ​ការ​កៅអី​រុញ។

 អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ជាង​ជំងឺ​ខាង​រូប​កាយ គឺ​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​ចិត្ត ដោយ​សារ​ខ្ញុំ​មិន​អាច​ធ្វើ​កិច្ច​ការ​ធម្មតា​ៗ​បាន ដូច​ជា​សរសេរ​ឬ​បើក​គម្រប​ដប​ជា​ដើម។ ពេល​ខ្ញុំ​ឃើញ​កូន​ក្មេង​ដើរ ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ពិបាក​ដើរ​ម្ល៉េះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ​ទេ។

 ខ្ញុំ​ដឹង​គុណ​ណាស់ ដែល​ខ្ញុំ​មាន​ជំនួយ​ពី​ក្រុម​គ្រួសារ និង​ពី​បង​ប្អូន​ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា។ បង​ប្អូន​បាន​មក​លេង​ខ្ញុំ​ជា​ញឹក​ញាប់ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សូវ​មាន​អារម្មណ៍​ឯកោ​ទេ។ បង​ប្អូន​ខ្លះ​បាន​អញ្ជើញ​ខ្ញុំ​ទៅ​ជប់​លៀង ទោះ​ជា​ពិបាក​លើក​ខ្ញុំ​ចេញ​ពី​កៅអី​រុញ រួច​លើក​ខ្ញុំ​ចូល​ឬ​លើក​ចេញ​ពី​ក្នុង​ឡាន​ក៏​ដោយ។

 បង​ប្អូន​ដែល​មាន​វ័យ​ចាស់​នៅ​ក្នុង​ក្រុម​ជំនុំ​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់ ដោយ​សារ​ពួក​គាត់​ដឹង​ថា​ការ​មាន​បញ្ហា​សុខភាព​គឺ​ពិបាក​យ៉ាង​ណា។ ពួក​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​កម្រិត​របស់​ខ្លួន និង​ជួយ​ខ្ញុំ​មិន​ឲ្យ​មាន​អារម្មណ៍​បន្ទោស​ខ្លួន ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ច្រើន​ដូច​អ្នក​ឯ​ទៀត។ ពេល​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ និង​កិច្ច​បម្រើ​ផ្សាយ គឺ​ជា​ពេល​ដែល​ខ្ញុំ​សប្បាយ​បំផុត។ (​ហេប្រឺ ១០:២៥​) នៅ​ពេល​ខ្ញុំ​ចូល​រួម​សកម្មភាព​ទាំង​នោះ ខ្ញុំ​ឃើញ​ថា ទោះ​ជា​ខ្ញុំ​មាន​ជំងឺ​ក៏​ដោយ ក៏​ខ្ញុំ​អាច​ធ្វើ​សកម្មភាព​ដូច​បង​ប្អូន​ឯ​ទៀត​ដែរ។

 ខ្ញុំ​ចាំ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ស៊ូ​ទ្រាំ។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា ទោះ​ជា​រូប​កាយ​របស់​យើង​កំពុង​ខូច​ទៅ​ក៏​ដោយ តែ​ចិត្ត​របស់​យើង​«​ទទួល​កម្លាំង​ជា​ថ្មី​រាល់​ថ្ងៃ​ជា​និច្ច​»។ (​កូរិនថូស​ទី​២ ៤:១៦​) ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ដូច​នោះ​មែន!

 សូម​គិត​អំពី​នេះ: បើ​អ្នក​កំពុង​រង​ទុក្ខ​ដោយ​សារ​មាន​ជំងឺ​ធ្ងន់​ធ្ងរ ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​អ្នក​គិត​អំពី​អ្នក​ឯ​ទៀត? បើ​អ្នក​មាន​សុខភាព​ល្អ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​អ្នក​ដែល​ឈឺ?—សុភាសិត ១៧:១៧

 ចាស្ទីន

 ខ្ញុំ​បាន​ដួល​លើ​ឥដ្ឋ ហើយ​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទេ។ ខ្ញុំ​ចាប់​ផ្ដើម​ណែន​ទ្រូង ហើយ​កម្រើក​មិន​បាន។ គេ​ក៏​ប្រញាប់​បញ្ជូន​ខ្ញុំ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ ដំបូង គ្រូ​ពេទ្យ​រក​មិន​ឃើញ​ថា​ខ្ញុំ​ឈឺ​អ្វី​ទេ។ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​មាន​អាការ​បែប​នេះ​អស់​បី​បួន​ដង ទើប​គ្រូ​ពេទ្យ​រក​ឃើញ​ថា​ខ្ញុំ​មាន​ជំងឺ​សើ​ស្បែក​ម្យ៉ាង។

 ជំងឺ​សើ​ស្បែក​នេះ​បាន​បង្ខូច​ប្រព័ន្ធ​ប្រសាទ​របស់​ខ្ញុំ។ ខ្ញុំ​នៅ​តែ​ញ័រ​ខ្លួន ហើយ​ពេល​ខ្លះ​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ទេ ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​តាំង​ពី​ខ្ញុំ​មាន​ជំងឺ​នេះ។ មាន​ថ្ងៃ​ខ្លះ រូប​កាយ​ខ្ញុំ​ឈឺ ហើយ​ថ្ងៃ​ខ្លះ​ម្រាម​ដៃ​ខ្ញុំ​ចាប់​ពើត​ៗ​ខ្លាំង​ណាស់ រហូត​ដល់​កម្រើក​មិន​បាន គឺ​ប្រៀប​ដូច​ជា​សន្លាក់​ឆ្អឹង​ទាំង​អស់​របស់​ខ្ញុំ​មាន​ច្រែះ។

 ខ្ញុំ​ធ្លាប់​គិត​ថា‹ខ្ញុំ​នៅ​ក្មេង​ណាស់ មិន​គួរ​ឈឺ​ទេ› ហើយ​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ខ្លួន​ឯង។ រាល់​ថ្ងៃ ខ្ញុំ​ស្រែក​សួរ​ព្រះ​ថា​៖​«​ហេតុ​អ្វី​ខ្ញុំ​ជួប​រឿង​បែប​នេះ?​»​ រហូត​ដល់​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ។ ប៉ុន្តែ ខ្ញុំ​បាន​គិត​អំពី​គំរូ​យ៉ូប​ក្នុង​គម្ពីរ។ យ៉ូប​មិន​បាន​យល់​ច្បាស់​អំពី​មូលហេតុ​ដែល​គាត់​ត្រូវ​ជួប​ទុក្ខ​លំបាក​ច្រើន​បែប​នោះ​ទេ តែ​គាត់​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ បើ​យ៉ូប​អាច​បន្ត​ស្មោះ​ត្រង់ ទោះ​ជា​គាត់​ជួប​បញ្ហា​ធំ​ៗ​ក៏​ដោយ ខ្ញុំ​ក៏​អាច​ធ្វើ​ដូច​គាត់​ដែរ។

 ខ្ញុំ​បាន​ទទួល​ជំនួយ​យ៉ាង​ច្រើន​ពី​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ ពួក​គាត់​តែង​តែ​សួរ​សុខ​ទុក្ខ​ខ្ញុំ។ អ្នក​ចាស់​ទុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា ពេល​ណា​ដែល​ខ្ញុំ​ចង់​និយាយ សូម​ទូរស័ព្ទ​ទៅ​គាត់​នៅ​ម៉ោង​ណា​ក៏​បាន​ដែរ។ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ដែល​ឲ្យ​ខ្ញុំ​មាន​មិត្ត​ល្អ​បែប​នេះ!—អេសាយ ៣២:១, ២

 ជួន​កាល ពេល​យើង​មាន​ជំងឺ​ធ្ងន់​ធ្ងរ យើង​ភ្លេច​ថា​ព្រះ​យេហូវ៉ា​ជ្រាប​អំពី​អ្វី​ដែល​យើង​កំពុង​ឆ្លង​កាត់។ គម្ពីរ​ចែង​ថា​៖​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក​»។ (​ទំនុក​តម្កើង ៥៥:២២​) នេះ​ជា​អ្វី​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។

 សូម​គិត​អំពី​នេះ: តើ​តាម​របៀប​ណា​បង​ប្អូន​ដែល​ស្រឡាញ់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព?—សុភាសិត ២៤:១០; ថែស្សាឡូនិច​ទី​១ ៥:១១

 នីហ្សា

 ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា​ខ្ញុំ​មាន​ជំងឺ​សន្លាក់​ឆ្អឹង​ម្យ៉ាង (​Marfan syndrome​) ដែល​ធ្វើ​ឲ្យ​សន្លាក់​ឆ្អឹង​ខ្ញុំ​ទាំង​អស់​ខ្សោយ។ ជំងឺ​នេះ​ក៏​អាច​មាន​ឥទ្ធិពល​ទៅ​លើ​បេះ​ដូង ភ្នែក និង​គ្រឿង​ក្នុង​សំខាន់​ៗ​ឯ​ទៀត​ដែរ។ ខ្ញុំ​មិន​មែន​ឈឺ​ចាប់​រាល់​ថ្ងៃ​ទេ តែ​ពេល​ដែល​ឈឺ គឺ​ឈឺ​ខ្លាំង​ណាស់។

 ពេល​ដែល​ខ្ញុំ​ដឹង​ថា​មាន​ជំងឺ​នេះ ខ្ញុំ​យំ​យ៉ាង​ខ្លាំង។ ខ្ញុំ​បារម្ភ​ថា​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ផ្សេង​ៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ។ ជា​ឧទាហរណ៍ ខ្ញុំ​ចូល​ចិត្ត​រាំ តែ​ពេល​គិត​ថា​នៅ​ថ្ងៃ​ណា​មួយ​ដែល​ខ្ញុំ​ឈឺ​ខ្លាំង​ពេក​រហូត​ដល់​មិន​អាច​រាំ ឬ​ដើរ​បាន​ទៀត នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​អំពី​ថ្ងៃ​អនាគត។

 បង​ស្រី​ខ្ញុំ​ជួយ​ខ្ញុំ​ច្រើន​ណាស់។ គាត់​បាន​ជួយ​ខ្ញុំ​កុំ​ឲ្យ​អាណិត​ខ្លួន​ខ្លាំង​ពេក។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​គួរ​រស់​នៅ​ដោយ​ភ័យ​ខ្លាច​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​គ្មាន​ន័យ​ខ្លឹម​សារ​ឡើយ។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត ព្រោះ​មាន​បុគ្គល​ម្នាក់​ពិត​ជា​យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ជួប​ប្រទះ បុគ្គល​នោះ​គឺ​ព្រះ​យេហូវ៉ា។—ពេត្រុស​ទី​១ ៥:៧

 បទ​គម្ពីរ​មួយ​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ គឺ​ទំនុក​តម្កើង ១៨:៦ ដែល​ចែង​ថា​៖​«​ក្នុង​គ្រា​ដែល​ទូល​បង្គំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវនាវ​ដល់​ព្រះ​យេហូវ៉ា។ ទូល​បង្គំ​បាន​ស្រែក​ទូល​ដល់​ព្រះ​នៃ​ទូល​បង្គំ ទ្រង់​ក៏​ឮ​សំឡេង​ទូល​បង្គំ ពី​ក្នុង​ព្រះ​វិហារ​ទ្រង់ ហើយ​សំរែក​ដែល​ទូល​បង្គំ​ស្រែក នៅ​ចំពោះ​ទ្រង់ ក៏​ឮ​ដល់​ព្រះ​កាណ៌​ទ្រង់​»។ ខ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​សុំ​ជំនួយ​ពី​លោក​ដើម្បី​ខ្ញុំ​អាច​ស៊ូ​ទ្រាំ​បាន នោះ​លោក​នឹង​ស្ដាប់ ហើយ​ជួយ​ខ្ញុំ ព្រោះ​លោក​តែង​តែ​នៅ​ក្បែរ​ខ្ញុំ​ជា​និច្ច។

 ខ្ញុំ​បាន​រៀន​ថា​ពេល​ដែល​យើង​ជួប​រឿង​ខ្លោច​ផ្សា ការ​មាន​អារម្មណ៍​សោក​ស្ដាយ និង​ឈឺ​ចិត្ត នោះ​ជា​អារម្មណ៍​ធម្មតា។ ប៉ុន្តែ យើង​មិន​ចង់​ឲ្យ​អារម្មណ៍​នោះ​មាន​ឥទ្ធិពល​យូរ​មក​លើ​ជីវិត​យើង និង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​ឡើយ។ លោក​មិន​មែន​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ទេ ហើយ​លោក​នឹង​មិន​បោះ​បង់​ចោល​យើង​ឡើយ ដរាប​ណា​យើង​នៅ​តែ​ចាត់​ទុក​លោក​ថា​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត។—យ៉ាកុប ៤:៨

 សូម​គិត​អំពី​នេះ: តើ​យើង​គួរ​បន្ទោស​ព្រះ​ចំពោះ​ទុក្ខ​វេទនា​របស់​យើង​ឬ​ទេ?—យ៉ាកុប ១:១៣