សំណួរពីយុវវ័យ
តើការរួមភេទតាមមាត់ជាការរួមភេទទេ?
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាម៉េរិកបានប្រាប់ថា យុវវ័យដែលមានអាយុចាប់ពី១៥ឆ្នាំដល់១៩ឆ្នាំដែលបានត្រូវសម្ភាស មានពាក់កណ្ដាលបានបង្ហាញថា ពួកគេធ្លាប់រួមភេទតាមមាត់។ អ្នកនិពន្ធសៀវភៅមួយបាននិយាយថា៖«បើអ្នកសួរពួកយុវវ័យ[អំពីការរួមភេទតាមមាត់] ពួកគេនឹងឆ្លើយថានេះជារឿងធម្មតា។ តាមពិត ពួកគេមិនទាំងចាត់ទុកថារឿងនោះជាការរួមភេទទេ» (Oral Sex Is the New Goodnight Kiss)។
តើប្អូនគិតយ៉ាងណាអំពីរឿងនេះ?
សូមឆ្លើយសំណួរដូចតទៅ៖
១. តើការរួមភេទតាមមាត់អាចធ្វើឲ្យនារីមានផ្ទៃពោះឬទេ?
ក. មែន
ខ. មិនមែន
២. តើការរួមភេទតាមមាត់បង្កឲ្យមានជំងឺឬទេ?
ក. មែន
ខ. មិនមែន
៣. តើការរួមភេទតាមមាត់ជាការរួមភេទឬទេ?
ក. មែន
ខ. មិនមែន
តើការពិតជាអ្វី?
សូមប្រៀបធៀបចម្លើយរបស់ប្អូនជាមួយនឹងព័ត៌មានដូចតទៅ៖
១. តើការរួមភេទតាមមាត់អាចធ្វើឲ្យនារីមានផ្ទៃពោះឬទេ?
ចម្លើយ: មិនមែន។ នេះជាមូលហេតុមួយដែលមនុស្សជាច្រើនសន្និដ្ឋានខុសថា ការរួមភេទតាមមាត់គឺគ្មានគ្រោះថ្នាក់ទេ។
២. តើការរួមភេទតាមមាត់បង្កឲ្យមានជំងឺឬទេ?
ចម្លើយ: មែន។ អ្នកដែលរួមភេទតាមមាត់អាចឆ្លងជំងឺរលាកថ្លើម(A ឬ B) ជំងឺសិរមាន់(ឬជំងឺឫសនៅលើប្រដាប់បន្តពូជ) រោគប្រមេះទឹកបាយ រោគពងបែក ជំងឺអេដស៍ និងជំងឺស្វាយ។
៣. តើការរួមភេទតាមមាត់ជាការរួមភេទឬទេ?
ចម្លើយ: មែន។ ការប្រព្រឹត្តណាក៏ដោយដែលទាក់ទងនឹងអវយវៈភេទរបស់អ្នកឯទៀតគឺជាការរួមភេទ នេះរួមបញ្ចូលការសេពសន្ថវៈ ការរួមភេទតាមមាត់ តាមផ្លូវបាត និងការស្ទាបអង្អែលអវយវៈភេទរបស់អ្នកឯទៀតដើម្បីបំពេញចំណង់ផ្លូវភេទ។
ហេតុអ្វីរឿងនេះសំខាន់?
សូមពិចារណាខគម្ពីរខ្លះដែលជួយពន្យល់អំពីរឿងនេះ។
គម្ពីរចែងថា៖«នេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នក . . . ជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។—ថែស្សាឡូនិចទី១ ៤:៣
ពាក្យភាសាដើមដែលបានត្រូវបកប្រែថា«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»សំដៅលើការរួមភេទគ្រប់បែបយ៉ាងជាមួយនឹងបុគ្គលដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួន រួមបញ្ចូលការសេពសន្ថវៈ ការរួមភេទតាមមាត់ តាមផ្លូវបាត និងការស្ទាបអង្អែលអវយវៈភេទរបស់អ្នកឯទៀតដើម្បីបំពេញចំណង់ផ្លូវភេទ។ បុគ្គលដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទអាចរងផលវិបាកយ៉ាងធ្ងន់ធ្ងរ។ លទ្ធផលអាក្រក់ជាងគេបំផុតនោះគឺ បង្ខូចចំណងមិត្តភាពរបស់បុគ្គលនោះជាមួយនឹងព្រះ។—ពេត្រុសទី១ ៣:១២
គម្ពីរចែងថា៖«អ្នកណាដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកនោះកំពុងធ្វើខុសចំពោះរូបកាយខ្លួន»។—កូរិនថូសទី១ ៦:១៨
ការរួមភេទតាមមាត់អាចបង្ខូចទាំងសុខភាពផ្លូវកាយ ទាំងសុខភាពផ្លូវចិត្ត ព្រមទាំងចំណងមិត្តភាពជាមួយនឹងព្រះ។ សៀវភៅមួយបានសរសេរថា៖«មិនមែនតែមនុស្សដែលរួមភេទតាមរបៀបធម្មតាដែលមានអារម្មណ៍ថាស្ដាយ និងថាមានគេទាញយកផលប្រយោជន៍ពីខ្លួននោះទេ ប៉ុន្តែមនុស្សដែលរួមភេទតាមរបៀបណាក៏ដោយ ក៏អាចមានអារម្មណ៍មិនល្អបែបនោះដែរ» (Talking Sex With Your Kids)។
គម្ពីរចែងថា៖«ខ្ញុំជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ខ្ញុំជាអ្នកបង្រៀនអ្នករាល់គ្នាឲ្យទទួលប្រយោជន៍»។—អេសាយ ៤៨:១៧
តើប្អូនគិតថាច្បាប់របស់ព្រះអំពីរឿងនេះផ្ដល់ប្រយោជន៍ដល់ប្អូនឬទេ? ឬប្អូនគិតថាច្បាប់ទាំងនេះជាការដាក់កំហិតលើប្អូន? ដើម្បីដឹងចម្លើយ សូមប្អូនគិតអំពីផ្លូវធំដែលមានអ្នកដំណើរខ្វាត់ខ្វែង។ នៅលើផ្លូវធំនោះមានស្លាកសញ្ញាផ្សេងៗដូចជា ស្លាកសញ្ញាកំណត់ល្បឿន ស្លាកសញ្ញាចរាចរ និងស្លាកសញ្ញាឈប់។ តើប្អូនគិតថាស្លាកសញ្ញាទាំងនេះជាការដាក់កំហិតឬជាការការពារអ្នកបើកបរ? តើនឹងមានអ្វីកើតឡើង បើប្អូនឬអ្នកបើកបរឯទៀតមិនអើពើនឹងស្លាកសញ្ញាទាំងនេះ?
នេះក៏ស្រដៀងគ្នានឹងច្បាប់របស់ព្រះដែរ។ ប្រសិនបើប្អូនមិនអើពើឬមិនយកចិត្តទុកដាក់នឹងច្បាប់របស់ព្រះទេ ប្អូនប្រាកដជានឹងរងផលវិបាកជាមិនខាន។ (កាឡាទី ៦:៧) សៀវភៅមួយបានសរសេរថា៖«បើអ្នកកាន់តែមិនអើពើនឹងជំនឿរបស់អ្នក ហើយបែរទៅធ្វើអ្វីដែលអ្នកដឹងថាខុស នោះអ្នកនឹងកាន់តែមិនគោរពខ្លួនឯង» (Sex Smart)។ ផ្ទុយទៅវិញ បើប្អូនរស់នៅស្របតាមច្បាប់ឬខ្នាតតម្រារបស់ព្រះ នោះបង្ហាញថាប្អូនជាមនុស្សដែលមានសីលធម៌ល្អ។ សំខាន់ជាងនោះទៀត ប្អូននឹងសប្បាយចិត្តព្រោះប្អូនមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។—ពេត្រុសទី១ ៣:១៦