លោតទៅអត្ថបទ

តើព្រះមានឈ្មោះប៉ុន្មាន?

តើព្រះមានឈ្មោះប៉ុន្មាន?

ចម្លើយ​ពី​គម្ពីរ

 ព្រះ​មាន​ឈ្មោះ​តែ​មួយ សរសេរ​ជា​អក្សរ​ហេប្រឺ הוהי ហើយ​ក្នុង​ភាសា​អង់គ្លេស​បាន​ត្រូវ​បក​ប្រែ​ថា​«​Jehovah​»។ a តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ លោក​មាន​ប្រសា​ស​ន៏​ថា​៖​«​អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ​»។ (​អេសាយ ៤២:៨​) ក្នុង​រមូរ​គម្ពីរ​សម័យ​បុរាណ មាន​ឈ្មោះ​នេះ​ប្រហែល​៧.០០០​ដង ដែល​ច្រើន​ជាង​ពាក្យ​ផ្សេង​ទៀត​ដែល​គេ​ប្រើ​សម្រាប់​ព្រះ តាម​ពិត​ច្រើន​ជាង​ឈ្មោះ​របស់​អ្នក​ណា​ទាំង​អស់​ក្នុង​គម្ពីរ។ b

តើ​ព្រះ​យេហូវ៉ា​មាន​ឈ្មោះ​ផ្សេង​ទៀត​ទេ?

 ទោះ​ជា​គម្ពីរ​ប្រាប់​ថា​ព្រះ​មាន​ឈ្មោះ​តែ​មួយ​ក៏​ដោយ តែ​លោក​មាន​ឋានន្តរ​ជា​ច្រើន។ ខាង​ក្រោម​នេះ​មាន​រៀប​រាប់​ឋានន្តរ​ខ្លះ​របស់​ព្រះ ដែល​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​ឬ​គុណ​សម្បត្តិ​នីមួយ​ៗ​របស់​លោក។

ឋានន្តរ

បទ​គម្ពីរ​យោង

អត្ថន័យ

អាឡា

(​គ្មាន​)

ពាក្យ​«​អាឡា​»​មិន​មែន​ជា​ឈ្មោះ​ទេ តែ​ជា​ឋានន្តរ​ដែល​មក​ពី​ភាសា​អារ៉ាប់ មាន​ន័យ​ថា​«​ព្រះ​»។ គម្ពីរ​ជា​ភាសា​អារ៉ាប់​និង​ភាសា​ផ្សេង​ទៀត​ប្រើ​ពាក្យ​«​អាឡា​»​ដែល​មាន​អត្ថន័យ​ថា​«​ព្រះ​»។

មានគ្រប់ព្រះចេស្ដា

លោកុប្បត្តិ ១៧:១

មាន​ឫទ្ធានុភាព​ដែល​គ្មាន​អ្នក​ណា​អាច​ទប់​ទល់​បាន។ ពាក្យ​ភាសា​ហេប្រឺ​អែលសាដាយ (​ʼEl Shad·dai​ʹ​) គឺ​«​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​»​ មាន​៧​ដង​ក្នុង​គម្ពីរ។

អាលផានិងអូមេហ្គា

ការ​បើក​បង្ហាញ ១:៨; ២១:៦; ២២:១៣

​«​ជា​អ្នក​ដំបូង​បង្អស់ និង​ជា​អ្នក​ក្រោយ​បង្អស់​»​ ឬ​«​ជា​ដើម​និង​ជា​ចុង​»​ មាន​ន័យ​ថា​ឥត​មាន​ព្រះ​ខ្លាំង​ក្លា​ណា​កើត​មក​មុន​ព្រះ​យេហូវ៉ា​ទេ ហើយ​ក្រោយ​លោក​ក៏​ឥត​មាន​ដែរ។ (​អេសាយ ៤៣:១០​) អាលផា​និង​អូមេហ្គា​ជា​តួ​អក្សរ​ទី​១​និង​តួ​អក្សរ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ភាសា​ក្រិច។

មានព្រះជន្មពីចាស់បុរាណ

ដានីយ៉ែល ៧:៩, ១៣, ២២

គ្មាន​ទី​ចាប់​ផ្ដើម ហើយ​មុន​មាន​អ្វី​ៗ​ទាំង​អស់ ឬ​មុន​មាន​មនុស្ស​ទាំង​អស់ គឺ​មាន​ព្រះ​ហើយ។—ទំនុក​តម្កើង ៩០:២

អ្នកបង្កើត

អេសាយ ៤០:២៨

ធ្វើ​ឲ្យ​មាន​អ្វី​ៗ​ទាំង​អស់។

បិតា

ម៉ាថាយ ៦:៩

អ្នក​ផ្ដល់​ជីវិត។

ព្រះ

លោកុប្បត្តិ ១:១

ជា​បុគ្គល​ដែល​គួរ​គោរព​ប្រណិប័តន៍ និង​ជា​បុគ្គល​ដែល​រឹង​មាំ​ខ្លាំង​ក្លា។ ពាក្យ​ភាសា​ហេប្រឺ​អេឡូហ៊ីម (​ʼElo·himʹ​) ជា​ពហុ​វចនៈ ដែល​បញ្ជាក់​អំពី​ភាព​រុង​រឿង ឧត្ដុង្គ​ឧត្ដម អស្ចារ្យ ឬ​កិត្តិយស​របស់​ព្រះ​យេហូវ៉ា។

ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់

ចោទិយកថា ១០:១៧

ជា​ព្រះ​ខ្ពស់​បំផុត ខុស​ពី​«​ព្រះ​ឥត​បាន​ការ​»​ដែល​អ្នក​ខ្លះ​គោរព​បូជា។—អេសាយ ២:៨; សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

ព្រះដែលជាអ្នកបង្រៀន

អេសាយ ៣០:២០, ២១; ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ជា​អ្នក​ផ្ដល់​សេចក្ដី​បង្រៀន​និង​ការ​ណែនាំ​ដ៏​មាន​ប្រយោជន៍។—អេសាយ ៤៨:១៧, ១៨

ព្រះដែលបង្កើត

ទំនុក​តម្កើង ១៤៩:២

ធ្វើ​ឲ្យ​មាន​អ្វី​ៗ​ទាំង​អស់។—ការ​បើក​បង្ហាញ ៤:១១

ព្រះដែលមានសេចក្ដីសប្បាយ

ធីម៉ូថេ​ទី​១ ១:១១

លោក​តែង​តែ​មាន​អំណរ​និង​មាន​សេចក្ដី​សុខ​ជា​និច្ច។—ទំនុក​តម្កើង ១០៤:៣១

ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន

ទំនុក​តម្កើង ៦៥:២

លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ដែល​មាន​ជំនឿ​លើ​លោក។

ខ្ញុំចង់ទៅជាអ្វីដែលខ្ញុំចង់ទៅជា

និក្ខមនំ ៣:១៤; សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

ក្លាយ​ទៅ​ជា​អ្វី​ដែល​ចាំ​បាច់​ដើម្បី​បំពេញ​គោល​បំណង​របស់​លោក។ ឃ្លា​នេះ​ក៏​បាន​ត្រូវ​បក​ប្រែ​ដែរ​ថា​៖​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​»​ ឬ​«​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ក្លាយ​ទៅ​ជា​»​ (​The Emphasised Bible, by J. B. Rotherham; New World Translation​) ការ​ពណ៌នា​នេះ​ជួយ​ពន្យល់​អត្ថន័យ​នៃ​នាម​យេហូវ៉ា​ក្នុង​ខ​បន្ទាប់។—និក្ខមនំ ៣:១៥

ប្រច័ណ្ឌ

និក្ខមនំ ៣៤:១៤

មិន​អនុញ្ញាត​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ទៀត​ទេ។ ពាក្យ​នេះ​ក៏​បាន​ត្រូវ​បក​ប្រែ​ថា​«​កុំ​មាន​ព្រះ​ឯ​ណា​ទៀត​ឲ្យ​សោះ​»​ និង​«​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​»។—គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ; សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

ស្ដេចដែលរស់ជារៀងរហូត

ការ​បើក​បង្ហាញ ១៥:៣

ការ​គ្រប់​គ្រង​របស់​លោក​គ្មាន​ទី​ចាប់​ផ្ដើម​និង​គ្មាន​ទី​បញ្ចប់។

ព្រះអម្ចាស់

ទំនុក​តម្កើង ១៣៥:៥

ជា​ម្ចាស់​ឬ​ជា​ចៅហ្វាយ។ ពាក្យ​ភាសា​ហេប្រឺ​អាដុន(​ʼA·dhohn​ʹ​) និង​អាដុននីម(​ʼAdho·nim​ʹ​)។

ព្រះអម្ចាស់នៃពួកពលបរិវារ

អេសាយ ១:៩; រ៉ូម ៩:២៩

ជា​មេ​បញ្ជាការ​កង​ទ័ព​ទេវតា។ ឋានន្តរ​«​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ​»​ក៏​អាច​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​»​ និង​«​ម្ចាស់​នៃ​កង​ទ័ព[​ស្ថាន​សួគ៌​]​»។—រ៉ូម ៩:២៩

ព្រះដ៏ខ្ពស់បំផុត

ទំនុក​តម្កើង ៤៧:២

ជា​ឋានៈ​កំពូល។

ព្រះដ៏បរិសុទ្ធបំផុត

សុភាសិត ៩:១០

បរិសុទ្ធ​ជាង(​ហ្មត់​ហ្មង​និង​ស្អាត​បរិសុទ្ធ​ខាង​សីលធម៌​)បុគ្គល​ទាំង​អស់។

ជាងស្មូន

អេសាយ ៦៤:៨

មាន​អំណាច​លើ​មនុស្ស​គ្រប់​រូប​និង​គ្រប់​ប្រជា​ជាតិ ដូច​ជាង​ស្មូន​ដែល​មាន​អំណាច​លើ​ដី​ឥដ្ឋ។—រ៉ូម ៩:២០, ២១

អ្នកប្រោសលោះ

អេសាយ ៤១:១៤

លោះ​ឬ​ទិញ​មនុស្សជាតិ​មក​វិញ​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​គ្រិស្ត។—យ៉ូហាន ៣:១៦

ថ្មដា

ទំនុក​តម្កើង ១៨:២, ៤៦

ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព​និង​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ។

អ្នកសង្គ្រោះ

អេសាយ ៤៥:២១

ជួយ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ឬ​ពី​សេចក្ដី​ហិន​វិនាស។

គង្វាល

ទំនុក​តម្កើង ២៣:១

មើល​ថែ​រក្សា​អ្នក​គោរព​ប្រណិប័តន៍​លោក។

ម្ចាស់ដ៏ឧត្តមបំផុត

លោកុប្បត្តិ ១៥:២; សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

មាន​អំណាច​ខ្ពស់​បំផុត។ ពាក្យ​ភាសា​ហេប្រឺ​អាដុនណៃ (​ʼAdho·naiʹ​)។

ព្រះដ៏ខ្ពស់បំផុត

ដានីយ៉ែល ៧:១៨, ២៧

ជា​អ្នក​គ្រប់​គ្រង​ដ៏​ខ្ពង់​ខ្ពស់​ក្រៃ​លែង។

ឈ្មោះ​ទី​កន្លែង​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ

 ឈ្មោះ​ទី​កន្លែង​ខ្លះ​ក្នុង​គម្ពីរ​បាន​ប្រើ​នាម​របស់​ព្រះ តែ​ឈ្មោះ​កន្លែង​នោះ​មិន​ចាត់​ទុក​ជា​ថា​នាម​របស់​ព្រះ​ទេ។

ឈ្មោះ​កន្លែង

បទ​គម្ពីរ​យោង

អត្ថន័យ

យេហូវ៉ា-យីរេ

លោកុប្បត្តិ ២២:១៣, ១៤

​«​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​ឲ្យ​»។

យេហូវ៉ា-នី​ស៊ី

និក្ខមនំ ១៧:១៥

​«​ព្រះ​យេហូវ៉ា​ជា​បង្គោល​សញ្ញា​របស់​ខ្ញុំ​»​ ឬ​«​ជា​បដា​របស់​ខ្ញុំ​»​ (​Today’s New International Version​) ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​រាស្ត្រ​របស់​លោក​អាច​ពឹង​ផ្អែក ដើម្បី​ទទួល​ការ​ការ​ពារ​និង​ជំនួយ​ពី​លោក។—និក្ខមនំ ១៧:១៣​-​១៦

យេហូវ៉ា-សាឡិម

ពួក​ចៅហ្វាយ ៦:២៣, ២៤

​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សុខ​សាន្ត​»។

មូលហេតុ​ដែល​គួរ​ស្គាល់ ហើយ​ប្រើ​នាម​របស់​ព្រះ

  •   ព្រះ​ច្បាស់​ជា​ចង់​ឲ្យ​មនុស្ស​ស្គាល់​នាម​របស់​លោក​គឺ​យេហូវ៉ា ព្រោះ​នេះ​សំខាន់​ណាស់។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ឲ្យ​មនុស្ស​កត់​ទុក​នាម​របស់​លោក​រាប់​ពាន់​ដង​ក្នុង​គម្ពីរ​បរិសុទ្ធ។—ម៉ាឡាគី ១:១១

  •   លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សារៈ​សំខាន់​នៃ​នាម​របស់​ព្រះ។ ជា​ឧទាហរណ៍ លោក​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។—ម៉ាថាយ ៦:៩; យ៉ូហាន ១៧:៦

  •   អស់​អ្នក​ដែល​ស្គាល់ ហើយ​ប្រើ​នាម​របស់​ព្រះ ពួក​គេ​កំពុង​ចាប់​ផ្ដើម​ជំហាន​ដំបូង​ក្នុង​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ៩:១០; ម៉ាឡាគី ៣:១៦​) ការ​មាន​ចំណង​មិត្តភាព​បែប​នេះ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សន្យា​របស់​ព្រះ ដែល​ថា​៖‹ដោយ​ព្រោះ​គាត់​បាន​យក​ខ្ញុំ​ជា​ទី​ស្រឡាញ់ នោះ​ខ្ញុំ​នឹង​ជួយ​ឲ្យ​រួច ខ្ញុំ​នឹង​តាំង​ឡើង​យ៉ាង​ខ្ពស់ ពី​ព្រោះ​គាត់​បាន​ស្គាល់​ឈ្មោះ​ខ្ញុំ›។ទំនុក​តម្កើង ៩១:១៤

  •   គម្ពីរ​ទទួល​ស្គាល់​ថា​៖​«​មាន​អ្នក​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ដែល​គេ​ហៅ​ថា‹ព្រះ› ដូច​ជា​មាន‹ព្រះ›ជា​ច្រើន​និង‹ម្ចាស់›ជា​ច្រើន​»។ (​កូរិនថូស​ទី​១ ៨:៥, ៦​) ទោះ​ជា​គម្ពីរ​ទទួល​ស្គាល់​យ៉ាង​នោះ​ក៏​ដោយ តែ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មាន​ព្រះ​ពិត​តែ​មួយ​ប៉ុណ្ណោះ មាន​នាម​ថា​យេហូវ៉ា។—ទំនុក​តម្កើង ៨៣:១៨

a បណ្ឌិត​ខ្លះ​ខាង​ភាសា​ហេប្រឺ​ចូល​ចិត្ត​ប្រើ​ឈ្មោះ​របស់​ព្រះ​ថា​«​យ៉ាវេ​»​ (​Yahweh​)។

b ឈ្មោះ​កាត់​របស់​ព្រះ​ថា​«​យ៉ា​»​ មាន​ប្រហែល​៥០​ដង​ក្នុង​គម្ពីរ រួម​បញ្ចូល​ទាំង​ឈ្មោះ​ថា​«​ហាឡេលូយ៉ា​»​ ឬ​«​អាឡេលូយ៉ា​»​ ដែល​មាន​ន័យ​ថា​«​ចូរ​សរសើរ​យ៉ា​»។—ការ​បើក​បង្ហាញ ១៩:១