តើគម្ពីរជាសៀវភៅបែបណា?
ចម្លើយពីគម្ពីរ
គម្ពីរជាកម្រងសៀវភៅដ៏ពិសិដ្ឋ៦៦ក្បាលបូកបញ្ចូលគ្នា។ គម្ពីរបានត្រូវសរសេរក្នុងរយៈពេលប្រហែល១.៦០០ឆ្នាំ។ គម្ពីរជា«បណ្ដាំរបស់ព្រះ»ព្រោះមានព័ត៌មានដែលមកពីលោក។—ថែស្សាឡូនិចទី១ ២:១៣
ក្នុងអត្ថបទនេះ យើងនឹងពិចារណា៖
ការពិតពីគម្ពីរ
តើអ្នកណាខ្លះសរសេរគម្ពីរ? ព្រះជាអ្នកនិពន្ធគម្ពីរ តែលោកបានប្រើបុរសប្រមាណ៤០នាក់ឲ្យសរសេរគម្ពីរ។ ក្នុងចំណោមពួកគេ មានម៉ូសេ ស្ដេចដាវីឌ ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ a ព្រះបានដាក់គំនិតរបស់លោកទៅក្នុងគំនិតរបស់អ្នកសរសេរ ដើម្បីឲ្យពួកគេកត់ទុកព័ត៌មានពីលោក។—ធីម៉ូថេទី២ ៣:១៦
ដើម្បីយល់អំពីរឿងនេះ សូមគិតឧទាហរណ៍មួយ។ ឧបមាថា អ្នកជំនួញម្នាក់បានឲ្យការណែនាំដល់លេខាធិការរបស់គាត់ដើម្បីសរសេរសំបុត្រមួយតាងនាមគាត់ ប្រហែលគាត់ថែមទាំងប្រាប់គំនិតខ្លះរបស់គាត់ក្នុងសំបុត្រនោះទៀតផង។ ទោះជាលេខាជាអ្នកសរសេរក៏ពិតមែន តែអ្នកជំនួញនៅតែជាម្ចាស់សំបុត្រនោះ ព្រោះជាគំនិតរបស់គាត់។ ស្រដៀងគ្នាដែរ ទោះជាព្រះបានប្រើបុរសមួយចំនួនឲ្យសរសេរគម្ពីរក៏ពិតមែន តែលោកទេដែលជាអ្នកនិពន្ធគម្ពីរ។
តើពាក្យ«គម្ពីរ»មានន័យដូចម្ដេច? «គម្ពីរ»មកពីពាក្យភាសាក្រិចប៊ីភ្លីអា ដែលមានន័យថា«សៀវភៅតូចៗ»។ ក្រោយមក ពាក្យប៊ីភ្លីអា មានន័យថាការចងក្រងសៀវភៅតូចៗបញ្ចូលគ្នាទៅជាគម្ពីរវិញ។
តើគម្ពីរបានត្រូវសរសេរនៅពេលណា? គម្ពីរបានត្រូវចាប់ផ្ដើមសរសេរនៅឆ្នាំ១៥១៣មុនគ.ស. ហើយសរសេរចប់ប្រហែលជាង១.៦០០ឆ្នាំក្រោយមក គឺប្រហែលនៅឆ្នាំ៩៨ គ.ស.។
តើគម្ពីរសំណេរដើមនៅឯណា? គ្មានគម្ពីរសំណេរដើមនៅគង់វង្សរហូតដល់សព្វថ្ងៃទេ។ នេះគឺដោយសារសំណេរទាំងនោះបានត្រូវសរសេរដោយវត្ថុធាតុដែលងាយខូចបង់នៅសម័យនោះ ដូចជាពីក្រដាសផែបផាយរ៉ុសនិងស្បែកសត្វជាដើម។ ប៉ុន្តែ ពួកអ្នកជំនាញបានចម្លងឯកសារគម្ពីរតៗគ្នាអស់រាប់សតវត្សរ៍ ដើម្បីឲ្យព័ត៌មានក្នុងគម្ពីរនៅគង់វង្សដើម្បីបន្សល់ទុកឲ្យអ្នកអានជំនាន់ក្រោយ។
តើ«សញ្ញាចាស់»និង«សញ្ញាថ្មី»សំដៅទៅលើអ្វី? ជាទូទៅ គេច្រើនតែហៅសញ្ញាចាស់ ដែលសំដៅទៅលើមួយផ្នែកធំបានត្រូវសរសេរជាភាសាហេប្រឺ b ឬគេស្គាល់ថាបទគម្ពីរភាសាហេប្រឺ។ រីឯសញ្ញាថ្មីវិញ សំដៅទៅលើផ្នែកពីគម្ពីរជាភាសាក្រិច ឬត្រូវគេហៅថាបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចដែរ។ ផ្នែកទាំងពីរនេះបូកបញ្ចូលគ្នាបានទៅជាសៀវភៅមួយទាំងមូល ដែលគេហៅបទគម្ពីរបរិសុទ្ធ។ c
តើមានព័ត៌មានអ្វីខ្លះក្នុងគម្ពីរ? ផ្នែកផ្សេងៗក្នុងគម្ពីររៀបរាប់អំពីប្រវត្តិសាស្ត្រ ច្បាប់ផ្សេងៗ ទំនាយ កំណាព្យ សុភាសិត ចម្រៀង និងសំបុត្រ(សូមមើល« បញ្ជីឈ្មោះសៀវភៅផ្សេងៗក្នុងគម្ពីរ»)។
តើគម្ពីររៀបរាប់អំពីអ្វី?
គម្ពីរចាប់ផ្ដើមដោយរៀបរាប់យ៉ាងសង្ខេបអំពីអ្វីដែលព្រះដ៏ខ្លាំងក្លាបំផុតបានបង្កើតនៅស្ថានសួគ៌និងផែនដី។ តាមរយៈគម្ពីរ លោកបានណែនាំខ្លួនលោកឲ្យយើងស្គាល់ថាលោកមាននាម គឺយេហូវ៉ា ហើយលោកបានអញ្ជើញមនុស្សយើងឲ្យស្គាល់លោក។—ចម្រៀងសរសើរព្រះ ៨៣:១៨
គម្ពីរបានរៀបរាប់ថាព្រះបានត្រូវគេបង្ខូចកេរ្តិ៍ឈ្មោះ ហើយក៏រៀបរាប់អំពីរបៀបដែលលោកនឹងស្ដារកេរ្តិ៍ឈ្មោះលោកឲ្យល្អឡើងវិញដែរ។
គម្ពីរបង្ហាញឲ្យឃើញគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិនិងផែនដី ហើយបង្ហាញអំពីរបៀបដែលលោកនឹងបំបាត់ចោលនូវដើមហេតុដែលនាំឲ្យមនុស្សរងទុក្ខវេទនា។
គម្ពីរមានយោបល់ល្អៗសម្រាប់ជីវិតប្រចាំថ្ងៃ។ ជាឧទាហរណ៍គម្ពីរមានយោបល់ដូចតទៅ៖
របៀបរក្សាទំនាក់ទំនងល្អ។ គម្ពីររៀបរាប់ថា៖«ម្ល៉ោះហើយ អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថាយ ៧:១២
អត្ថន័យ៖ យើងគួរប្រព្រឹត្តទៅលើអ្នកឯទៀតតាមរបៀបដែលយើងចង់ឲ្យពួកគេប្រព្រឹត្តមកលើយើង។
របៀបកាត់បន្ថយការតានតឹងចិត្ត។ គម្ពីររៀបរាប់ថា៖«កុំខ្វល់ខ្វាយអំពីថ្ងៃស្អែកឲ្យសោះ ពីព្រោះថ្ងៃស្អែកនឹងមានកង្វល់សម្រាប់ថ្ងៃស្អែក»។—ម៉ាថាយ ៦:៣៤
អត្ថន័យ៖ ជាជាងខ្វល់ខ្វាយហួសហេតុពេកអំពីអ្វីដែលប្រហែលកើតឡើងនៅថ្ងៃអនាគត ល្អជាងយើងផ្ដោតអារម្មណ៍ទៅលើបញ្ហាដែលយើងកំពុងមាននៅឥឡូវនេះ។
របៀបមានសុភមង្គលគ្រួសារ។ គម្ពីររៀបរាប់ថា៖«ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក រីឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។—អេភេសូរ ៥:៣៣
អត្ថន័យ៖ សេចក្ដីស្រឡាញ់និងការគោរពគឺជាកត្តាដ៏សំខាន់ដើម្បីក្រុមគ្រួសារមានសុភមង្គល។
តើព័ត៌មានក្នុងគម្ពីរបានផ្លាស់ប្ដូរទេ?
អត់ទេ។ បណ្ឌិតគម្ពីរបានប្រៀបធៀបឯកសារគម្ពីរដើមនិងគម្ពីរនៅសព្វថ្ងៃនេះ ហើយបានរកឃើញថាព័ត៌មានដើមក្នុងគម្ពីរមិនបានផ្លាស់ប្ដូរទេ។ នេះគឺពិតជាសមហេតុផលមែន ព្រោះបើព្រះចង់ឲ្យមនុស្សអាននិងយល់ព័ត៌មានរបស់លោក លោកច្បាស់ជាព្យាយាមធ្វើយ៉ាងណាកុំឲ្យព័ត៌មានទាំងនោះផ្លាស់ប្ដូរ មែនទេ? d—អេសាយ ៤០:៨
ហេតុអ្វីមានសេចក្ដីបកប្រែគម្ពីរច្រើនម្ល៉េះ?
អ្នកអានភាគច្រើននៅសម័យនេះ មិនអាចយល់គម្ពីរភាសាដើមទេ។ ប៉ុន្តែ គម្ពីរមាន«ដំណឹងល្អ»សម្រាប់«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា»។ (ការបើកបង្ហាញ ១៤:៦) ហេតុនេះហើយ មនុស្សត្រូវការសេចក្ដីបកប្រែគម្ពីរជាភាសាមួយដែលពួកគេអាចយល់បាន ដើម្បីពួកគេអាចអាននិងយល់ច្បាស់អំពីព័ត៌មានពីព្រះ។
សេចក្ដីបកប្រែគម្ពីរមានបីប្រភេទ៖
បកប្រែពាក្យនីមួយៗក្នុងន័យត្រង់បើអាចធ្វើទៅបាន។
បកប្រែគំនិត ប្រើពាក្យដែលឆ្លុះបញ្ចាំងអត្ថន័យដូចបទគម្ពីរភាសាដើម។
បកប្រែដោយសង្ខេបអត្ថន័យ នេះជាការរៀបពាក្យក្នុងខគម្ពីរដោយសេរី ក្នុងបំណងឲ្យស្រួលអាន។ ប៉ុន្តែ ការបកប្រែបែបនេះអាចប្ដូរអត្ថន័យពិតក្នុងបទគម្ពីរ។
សេចក្ដីបកប្រែគម្ពីរដែលល្អគឺមានទាំងន័យត្រង់ ហើយប្រើភាសាសម័យថ្មីដែលស្រួលយល់និងមានព័ត៌មានត្រឹមត្រូវពីព្រះទៅកាន់មនុស្ស។ e
តើអ្នកណាជាអ្នកសម្រេចថាគួរមានព័ត៌មានអ្វីខ្លះនៅក្នុងគម្ពីរ?
ក្នុងនាមជាអ្នកនិពន្ធគម្ពីរ ព្រះបានសម្រេចថាគួរមានព័ត៌មានអ្វីខ្លះក្នុងគម្ពីរ។ ដំបូង លោកជ្រើសរើសជនជាតិអ៊ីស្រាអែលសម័យបុរាណដើម្បី«ផ្ញើទុក»‹ប្រសាសន៍ដ៏ពិសិដ្ឋរបស់លោក›ដើម្បីពួកគេការពារបទគម្ពីរជាភាសាហេប្រឺ។—រ៉ូម ៣:២
តើមានសៀវភៅបន្ថែមទៀតដែលជាផ្នែកនៃគម្ពីរទេ?
អត់ទេ។ ព្រោះគម្ពីរគឺមានគ្រប់សព្វហើយ។ មិនមានសៀវភៅ«បន្ថែម»ទៀតទេ។ អ្នកខ្លះប្រហែលជាអះអាងថាសៀវភៅបុរាណខ្លះដែលមានអាយុកាលយូរអង្វែងអាចរួមបញ្ចូលទៅក្នុងគម្ពីរបាន។ f ប៉ុន្តែ គម្ពីរមានកម្រិតនៃភាពត្រឹមត្រូវរបស់វា។ (ធីម៉ូថេទី២ ១:១៣) ដោយប្រើគោលការណ៍នេះ សៀវភៅគម្ពីរដែលព្រះបានដឹកនាំឲ្យសរសេរបានបង្គ្រប់គ្នាទៅវិញទៅមករួចហើយ។ ដូច្នេះ យើងមិនអាចនិយាយថាឯកសារបុរាណទាំងអស់សុទ្ធតែជាផ្នែកក្នុងគម្ពីរដូចអ្នកខ្លះអះអាងនោះទេ។ g
របៀបស្វែងរកខគម្ពីរ
បញ្ជីឈ្មោះសៀវភៅគម្ពីរ
a លោកអ្នកអាចមើលបញ្ជីទាំងមូលនៃឈ្មោះសៀវភៅគម្ពីរ ដែលប្រាប់ថាអ្នកណាជាអ្នកសរសេរគម្ពីរ ហើយពួកគេសរសេរនៅពេលណា ក្នុង«តារាងនៃសៀវភៅផ្សេងៗក្នុងគម្ពីរ»។
b មួយផ្នែកតូចក្នុងគម្ពីរបានត្រូវសរសេរជាភាសាអេរ៉ាមដែលជាភាសាមួយស្រដៀងនឹងភាសាហេប្រឺ។
c អ្នកអានគម្ពីរជាច្រើនបានហៅ«បទគម្ពីរភាសាហេប្រឺ»និង«បទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច» ព្រោះបើប្រើពាក្យ«សញ្ញាចាស់»ធ្វើឲ្យយើងគិតថាហួសសម័យ ហើយត្រូវជំនួសដោយ«សញ្ញាថ្មី»វិញ។
d សូមមើលអត្ថបទដែលមានចំណងជើងថា«តើគម្ពីរបានត្រូវកែច្នៃឬ?»។
e មនុស្សជាច្រើនចូលចិត្តអានគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ព្រោះសេចក្ដីបកប្រែនេះមានភាពត្រឹមត្រូវនិងស្រួលអាន។ សូមមើលអត្ថបទដែលមានចំណងជើងថា«តើគម្ពីរសេចក្ដីបកប្រែពិភពលោកថ្មីមានភាពត្រឹមត្រូវឬទេ?»។
f សំណេរទាំងនេះបានត្រូវចងក្រងជាសៀវភៅបុរាណមួយ តែមិនរួមចំណែកក្នុងគម្ពីរបរិសុទ្ធទេ។ យោងទៅតាមសព្វវចនាធិប្បាយមួយរៀបរាប់ថា«ក្នុងសៀវភៅដែលទាក់ទងនឹងគម្ពីរ [ពាក្យនេះសំដៅទៅលើ]សំណេរផ្សេងៗដែលមិនរួមបញ្ចូលក្នុងគម្ពីរ» ពោលគឺបញ្ជីសៀវភៅផ្សេងៗដែលជាផ្នែកនៃគម្ពីរ។ (Encyclopædia Britannica)
g ដើម្បីស្វែងយល់ថែមទៀត សូមមើលអត្ថបទដែលមានចំណងជើងថា«តើសៀវភៅបុរាណទាំងអស់សុទ្ធតែមានសេចក្ដីពិតអំពីលោកយេស៊ូឬ?»។