តើព្រះយេហូវ៉ាជានរណា?
ចម្លើយពីគម្ពីរ
គម្ពីរបានចែងថាព្រះយេហូវ៉ាជាព្រះពិតតែមួយ ហើយជាអ្នកបង្កើតអ្វីៗទាំងអស់។ (ការបើកបង្ហាញ ៤:១១) អាប្រាហាំនិងម៉ូសេដែលជាអ្នកប្រកាសទំនាយ បានគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយលោកយេស៊ូក៏ធ្វើដូច្នេះដែរ។ (លោកុប្បត្តិ ២៤:២៧; និក្ខមនំ ១៥:១, ២; យ៉ូហាន ២០:១៧) ព្រះយេហូវ៉ាមិនមែនជាព្រះរបស់ជនជាតិណាមួយទេ តែជាព្រះរបស់មនុស្សទាំងអស់នៅ«ផែនដី»។—ទំនុកតម្កើង ៤៧:២
យេហូវ៉ាជានាមដ៏វិសេសបំផុតរបស់ព្រះដែលមាននៅក្នុងគម្ពីរ។ (និក្ខមនំ ៣:១៥; ទំនុកតម្កើង ៨៣:១៨) នាមយេហូវ៉ាមកពីកិរិយាសព្ទភាសាហេប្រឺ មានន័យថា«ក្លាយជា»ឬ«កើតមក» ហើយបណ្ឌិតមួយចំនួនបានរៀបរាប់ថានាមយេហូវ៉ាមានន័យថា«លោកធ្វើឲ្យក្លាយជា»ឬ«លោកធ្វើឲ្យកើតមក»។ និយមន័យនេះសមនឹងតួនាទីរបស់ព្រះយេហូវ៉ាជាអ្នកបង្កើត និងជាអ្នកដែលធ្វើឲ្យគោលបំណងរបស់លោកបានសម្រេច។ (អេសាយ ៥៥:១០, ១១) បន្ថែមទៅទៀត គម្ពីរក៏ជួយយើងឲ្យស្គាល់ព្រះយេហូវ៉ាច្បាស់ជាង ជាពិសេសគុណសម្បត្តិចម្បងរបស់លោកគឺសេចក្ដីស្រឡាញ់។—និក្ខមនំ ៣៤:៥-៧; លូកា ៦:៣៥; យ៉ូហានទី១ ៤:៨
ក្នុងបទគម្ពីរភាសាហេប្រឺ នាមរបស់ព្រះតំណាងដោយអក្សរបួនតួ הוהי ដែលច្រើនតែហៅថាតេត្រាក្រាម។ ជាភាសាខ្មែរគឺ (យហវហ)។ គ្មានអ្នកណាដឹងច្បាស់អំពីការបញ្ចេញសំឡេងនាមរបស់ព្រះជាភាសាហេប្រឺសម័យបុរាណទេ។ ប៉ុន្តែ ឈ្មោះ«យេហូវ៉ា»មានក្នុងប្រវត្តិសាស្ត្រយូរមកហើយក្នុងភាសាអង់គ្លេស ហើយមានដំបូងគេនៅក្នុងសេចក្ដីបកប្រែគម្ពីររបស់វីល្លាម ធីនដេល នៅឆ្នាំ១៥៣០។ a
ហេតុអ្វីគ្មានអ្នកណាដឹងរបៀបបញ្ចេញសំឡេងនាមរបស់ព្រះជាភាសាហេប្រឺសម័យបុរាណ?
ភាសាហេប្រឺសម័យបុរាណ គេសរសេរដោយមិនប្រើស្រៈទេ ប្រើតែព្យញ្ជនៈប៉ុណ្ណោះ។ សម្រាប់អ្នកដែលចេះនិយាយភាសាហេប្រឺ គេស្រួលដឹងថាពេលអានត្រូវប្រកបស្រៈណាសមត្រឹមត្រូវ។ ប៉ុន្តែ ក្រោយពីបទគម្ពីរភាសាហេប្រឺ(«គម្ពីរសញ្ញាចាស់»)បានត្រូវសរសេរចប់ ជនជាតិយូដាខ្លះចាប់ផ្ដើមមានជំនឿឆ្វេងថា គឺជាការខុសបើហៅនាមផ្ទាល់របស់ព្រះ។ ពេលពួកគេអានឮៗនូវបទគម្ពីរមួយដែលមាននាមព្រះ ពួកគេប្រើពាក្យ«ព្រះអម្ចាស់»ឬ«ព្រះ»ជំនួសវិញ។ អស់ជាច្រើនសតវត្សរ៍កន្លងទៅ ជំនឿឆ្វេងនេះបានរីករាលដាល ហើយការបញ្ចេញសំឡេងនាមរបស់ព្រះនៅសម័យបុរាណ ក៏បាត់បង់ទៅបន្តិចម្ដងៗ។ b
អ្នកខ្លះគិតថានាមព្រះគួរតែបញ្ចេញសំឡេងថា«យ៉ាវេ» តែអ្នកខ្លះទៀតគិតថាបញ្ចេញសំឡេងផ្សេងពីនោះ។ រមូរមួយដែលគេរកឃើញនៅសមុទ្រស្លាប់ មានផ្នែកមួយនៃសៀវភៅលេវីវិន័យក្នុងសេចក្ដីបកប្រែជាភាសាក្រិចដែលមានឈ្មោះអ៊ីយ៉ាអូ (Iao)។ អ្នកនិពន្ធជនជាតិក្រិចជំនាន់ដើម បានលើកឡើងថានាមរបស់ព្រះគួរបញ្ចេញសំឡេងថា អ៊ីយ៉ាអេ អ៊ីយ៉ាបេ (Iae I·a·be) និងអ៊ីយ៉ាអ៊ូអេ (I·a·ou·eʹ) តែគ្មានអ្វីបញ្ជាក់ថាការបញ្ចេញសំឡេងទាំងនេះធ្លាប់ប្រើក្នុងភាសាហេប្រឺសម័យបុរាណទេ។ c
ការភាន់ច្រឡំអំពីនាមរបស់ព្រះនៅក្នុងគម្ពីរ
ការភាន់ច្រឡំ: សេចក្ដីបកប្រែដែលប្រើនាម«យេហូវ៉ា»គឺបានដាក់បន្ថែមទេ។
ការពិត: នាមព្រះជាតេត្រាក្រាមក្នុងគម្ពីរជាភាសាហេប្រឺ មានប្រហែល៧.០០០ដង។ d ការបកប្រែជាច្រើនបានដកនាមរបស់ព្រះចេញ ហើយជំនួសវិញដោយពាក្យដូចជា«ព្រះអម្ចាស់»។
ការភាន់ច្រឡំ: ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាមិនត្រូវការមានឈ្មោះទេ។
ការពិត: ព្រះផ្ទាល់បានឲ្យអ្នកសរសេរគម្ពីរកត់ទុកនាមរបស់លោករាប់ពាន់ដងក្នុងគម្ពីរ ហើយលោកក៏បានបង្គាប់ឲ្យអស់អ្នកដែលគោរពប្រណិប័តន៍លោក ប្រើនាមរបស់លោកដែរ។ (អេសាយ ៤២:៨; យ៉ូអែល ២:៣២; ម៉ាឡាគី ៣:១៦; រ៉ូម ១០:១៣) តាមការពិត ព្រះបានផ្ដន្ទាទោសពួកអ្នកប្រកាសទំនាយក្លែងក្លាយដែលព្យាយាមធ្វើឲ្យមនុស្សភ្លេចនាមរបស់លោក។—យេរេមា ២៣:២៧
ការភាន់ច្រឡំ: យោងតាមទំនៀមទម្លាប់របស់ជនជាតិយូដា នាមរបស់ព្រះគួរតែត្រូវដកចេញពីគម្ពីរ។
ការពិត: នេះជាការពិតដែលអ្នកជំនាញខាងច្បាប់ជនជាតិយូដាខ្លះបានបដិសេធហៅនាមរបស់ព្រះ។ ទោះជាយ៉ាងនោះក្ដី ពួកគេមិនបានដកនាមរបស់ព្រះពីសេចក្ដីចម្លងនៃគម្ពីររបស់ពួកគេទេ។ ក្នុងករណីណាក៏ដោយ ព្រះមិនចង់ឲ្យយើងធ្វើតាមទំនៀមទម្លាប់របស់មនុស្ស ដែលមិនធ្វើតាមបញ្ញត្តិរបស់លោកទេ។—ម៉ាថាយ ១៥:១-៣
ការភាន់ច្រឡំ: ដោយសារយើងមិនដឹងច្បាស់អំពីរបៀបបញ្ចេញសំឡេងនាមរបស់ព្រះជាភាសាហេប្រឺ ដូច្នេះនាមរបស់លោកមិនគួរដាក់ក្នុងគម្ពីរទេ។
ការពិត: ការវែកញែកនេះនាំឲ្យយល់ថាព្រះតម្រូវឲ្យមនុស្សដែលនិយាយភាសាផ្សេងៗបញ្ចេញសំឡេងនាមរបស់លោកឲ្យបានត្រឹមត្រូវ។ ប៉ុន្តែ គម្ពីរបញ្ជាក់ថានៅអតីតកាល អ្នកគោរពប្រណិប័តន៍ព្រះដែលនិយាយភាសាផ្សេងៗ បានបញ្ចេញសំឡេងនាមរបស់ព្រះខុសៗគ្នា ទោះជាមិនត្រឹមត្រូវទាំងស្រុងក៏ដោយ។
ជាឧទាហរណ៍ សូមពិចារណាអំពីចៅក្រមជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះយ៉ូស្វេ។ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលនិយាយភាសាហេប្រឺបានបញ្ចេញសំឡេងឈ្មោះយ៉ូស្វេថា យេហូស្វេ (Yehoh·shuʹaʽ) តែពួកអ្នកនិយាយភាសាក្រិចបញ្ចេញសំឡេងអ៊ីអេស៊ូស (I·e·sousʹ)។ គម្ពីរបានប្រើឈ្មោះនេះតាមការបញ្ចេញសំឡេងជាភាសាក្រិច នេះបង្ហាញថាគ្រិស្តសាសនិកនៅសម័យនោះបានដាក់ឈ្មោះតាមការបញ្ចេញសំឡេងភាសារបស់ពួកគេ។—សកម្មភាព ៧:៤៥; ហេប្រឺ ៤:៨
គោលការណ៍នេះក៏បានត្រូវអនុវត្តក្នុងការបកប្រែនាមរបស់ព្រះដែរ។ អ្វីដែលសំខាន់ជាងការបញ្ចេញសំឡេងត្រឹមត្រូវ គឺការដាក់នាមរបស់ព្រះនៅកន្លែងត្រឹមត្រូវក្នុងគម្ពីរ។
a ធីនដេលប្រើឈ្មោះ«អ៊ីយេហោវ៉ា» (Iehouah) ក្នុងសេចក្ដីបកប្រែនៃសៀវភៅប្រាំក្បាលដំបូងក្នុងគម្ពីរ។ ក្រោយមកភាសាអង់គ្លេសបានផ្លាស់ប្ដូរ ហើយការប្រកបនាមរបស់ព្រះបានត្រូវកែប្រែស្របតាមសម័យ។ ជាឧទាហរណ៍ ក្នុងឆ្នាំ១៦១២ ហេនរី អេនស្វឺត បានប្រើឈ្មោះ«អ៊ីយេហោវ៉ា» ក្នុងសៀវភៅទំនុកតម្កើងដែលជាសេចក្ដីបកប្រែរបស់គាត់។ ពេលគាត់បានកែសម្រួលសេចក្ដីបកប្រែរបស់គាត់នៅឆ្នាំ១៦៣៩ គាត់បានប្រើឈ្មោះ«យេហូវ៉ា» (Jehovah) វិញ។ ស្រដៀងគ្នាដែរ អ្នកបកប្រែនៃសេចក្ដីបកប្រែគម្ពីរបមាណីយអាម៉េរិក ដែលចេញផ្សាយនៅឆ្នាំ១៩០១ បានប្រើឈ្មោះ«យេហូវ៉ា»នៅកន្លែងដែលនាមរបស់ព្រះធ្លាប់មានក្នុងបទគម្ពីរភាសាហេប្រឺ។
b សព្វវចនាធិប្បាយកាតូលិចថ្មី(New Catholic Encyclopedia) លេខ២ អាល់ប៊ុមទី១៤ ទំព័រ៨៨៣-៨៨៤ បានចែងថា៖«មួយរយៈពេល ក្រោយពីជនជាតិយូដាលែងជាប់ជាឈ្លើយនៅបាប៊ីឡូន បណ្ដាជនចាប់ផ្ដើមចាត់ទុកឈ្មោះយ៉ាវេ (Yahweh) ជាទីសក្ការៈ ហើយក៏មានទម្លាប់ប្រើឈ្មោះអាដូណាយ (ADONAI) ឬអែឡូហ៊ីម (ELOHIM) ជំនួសវិញ»។
c សម្រាប់ព័ត៌មានថែមទៀត សូមមើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៤ «នាមរបស់ព្រះក្នុងបទគម្ពីរភាសាហេប្រឺ» ក្នុងសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស។
d សូមមើលTheological Lexicon of the Old Testament អាល់ប៊ុមទី២ ទំព័រ៥២៣-៥២៤។