តើមហាទេវតាមីកែលជាអ្នកណា?
ចម្លើយពីគម្ពីរ
សាសនាខ្លះបង្រៀនថា មីកែលសំដៅទៅលើ«មីកែលបរិសុទ្ធ»។ តាមមើលទៅ មុននិងក្រោយលោកយេស៊ូរស់នៅផែនដីលោកបានត្រូវហៅថាមីកែល។ a មីកែលមានទំនាស់ជាមួយនឹងសាថានក្រោយពីម៉ូសេស្លាប់ ហើយមីកែលបានជួយទេវតាមួយរូបនាំដំណឹងទៅដានីយ៉ែលជាអ្នកប្រកាសទំនាយ។ (ដានីយ៉ែល ១០:១៣, ២១; យូដាស ៩) ឈ្មោះមីកែលមានន័យថា«តើមានអ្នកណាដូចព្រះ?»។ មីកែលពិតជាបានរស់នៅស្របតាមឈ្មោះនោះមែន ដោយការពារសិទ្ធិគ្រប់គ្រងរបស់ព្រះនិងបំផ្លាញសត្រូវរបស់ព្រះ។—ដានីយ៉ែល ១២:១; ការបើកបង្ហាញ ១២:៧
សូមពិចារណានូវមូលហេតុនៃការសន្និដ្ឋានថាលោកយេស៊ូជាមហាទេវតាមីកែលគឺសមហេតុសមផល។
មីកែលគឺជា«មហាទេវតា»។ (យូដាស ៩) ឋានៈជា«មហាទេវតា»មានន័យថា«មេលើទេវតា»។ ពាក្យនេះមាននៅក្នុងបទគម្ពីរតែពីរប៉ុណ្ណោះ។ ក្នុងខទាំងពីរនេះ រៀបរាប់ជាឯកវចនៈ ដែលបញ្ជាក់ថាមានតែទេវតាមួយរូបប៉ុណ្ណោះដែលមានឋានៈនេះ។ បទគម្ពីរមួយក្នុងបទគម្ពីរទាំងពីរនេះចែងថាលោកម្ចាស់យេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ«នឹងចុះពីស្ថានសួគ៌មក លោកនឹងស្រែកបញ្ជា ដោយមានសំឡេងរបស់មហាទេវតា»។ (ថែស្សាឡូនិចទី១ ៤:១៦) លោកយេស៊ូមាន«សំឡេងរបស់មហាទេវតា» ពីព្រោះលោកគឺជាមហាទេវតាមីកែល។
មីកែលបញ្ជាកងទ័ពទេវតា។ «មីកែលនិងបណ្ដាទេវតារបស់លោកបានច្បាំងនឹងនាគ»គឺសាថាន។ (ការបើកបង្ហាញ ១២:៧) មីកែលមានអំណាចខ្ពង់ខ្ពស់នៅស្ថានសួគ៌ ព្រោះលោកបានត្រូវហៅថា«មេដឹកនាំកំពូល»និង«មេដឹកនាំដ៏ឧត្ដម»។ (ដានីយ៉ែល ១០:១៣, ២១; ១២:១) ឋានៈទាំងនេះបញ្ជាក់ថាមីកែលជា«មេបញ្ជាការលើបណ្ដាកងទ័ពទេវតា»ដូចបានរៀបរាប់ក្នុងសញ្ញាថ្មីរបស់បណ្ឌិតដាវីឌ អូនី។
គម្ពីររៀបរាប់ឈ្មោះបុគ្គលតែម្នាក់ទៀតប៉ុណ្ណោះដែលមានអំណាចលើកងទ័ពទេវតា។ គម្ពីររៀបរាប់ថា៖«ពេលលោកម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយនឹងបណ្ដាទេវតាខ្លាំងក្លារបស់លោកក្នុងអណ្ដាតភ្លើង»«នៅគ្រានោះ លោកនឹងសងសឹក»។ (ថែស្សាឡូនិចទី២ ១:៧, ៨; ម៉ាថាយ ១៦:២៧) លោកយេស៊ូ«បានទៅស្ថានសួគ៌ . . . ក្រោយមក ទេវតា អំណាច និងអាជ្ញាធរនានាបានត្រូវដាក់ឲ្យនៅក្រោមអំណាចរបស់លោក»។ (ពេត្រុសទី១ ៣:២១, ២២) ដូច្នេះ គឺមិនសមហេតុផលទេ ដែលព្រះតែងតាំងលោកយេស៊ូផងនិងមីកែលផងជាមេបញ្ជាការលើបណ្ដាទេវតាបរិសុទ្ធ។ ផ្ទុយទៅវិញ គឺសមហេតុសមផលជាងឲ្យសន្និដ្ឋានថាឈ្មោះយេស៊ូនិងមីកែល គឺសំដៅទៅលើបុគ្គលតែមួយ។
មីកែល«នឹងក្រោកឡើង»ក្នុងអំឡុង«គ្រាវេទនា»ដែលមិនធ្លាប់មាន។ (ដានីយ៉ែល ១២:១) ក្នុងសៀវភៅដានីយ៉ែល ពាក្យ«ក្រោកឡើង»ច្រើនតែសំដៅទៅលើស្ដេចដែលក្រោកឡើងដើម្បីធ្វើសកម្មភាពពិសេស។ (ដានីយ៉ែល ១១:២-៤, ២១) លោកយេស៊ូគ្រិស្តដែលគេហៅថា«បណ្ដាំរបស់ព្រះ» នឹងចាត់វិធានការពិសេសក្នុងនាមជា«ស្ដេចលើអស់ទាំងស្ដេច»។ លោកនឹងប្រហារសត្រូវទាំងអស់របស់ព្រះ ហើយការពាររាស្ត្ររបស់ព្រះ។ (ការបើកបង្ហាញ ១៩:១១-១៦) លោកនឹងធ្វើដូច្នេះ ក្នុងអំឡុងគ្រា«ទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោក»។—ម៉ាថាយ ២៤:២១, ៤២
a នៅក្នុងគម្ពីររៀបរាប់អំពីបុគ្គលផ្សេងទៀតដែលមានឈ្មោះផ្សេងៗ ដូចជាយ៉ាកុប(ក៏បានត្រូវហៅថាអ៊ីស្រាអែល) ពេត្រុស(ក៏បានត្រូវហៅថាស៊ីម៉ូន) ថាដេ(ក៏បានត្រូវហៅថាយូដាស)។—ដើមកំណើត ៤៩:១, ២; ម៉ាថាយ ១០:២, ៣; ម៉ាកុស ៣:១៨; សកម្មភាព ១:១៣