តើតាមរបៀបណាអ្នកអាចរស់ជារៀងរហូត?
ចម្លើយពីគម្ពីរ
គម្ពីរសន្យាថា៖«អ្នកណាដែលធ្វើតាមអ្វីដែលព្រះចង់ឲ្យធ្វើ នោះនឹងរស់ជារៀងរហូត»។ (យ៉ូហានទី១ ២:១៧, Holy Bible—Easy-to-Read Version) តើព្រះចង់ឲ្យអ្នកធ្វើអ្វី?
រៀនអំពីព្រះ និងបុត្ររបស់លោក គឺលោកយេស៊ូ។ លោកយេស៊ូបានអធិដ្ឋានទៅព្រះថា៖«ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) តើ«ការស្គាល់»ព្រះ និងលោកយេស៊ូ រួមបញ្ចូលអ្វី? យើងអាចស្គាល់លោកទាំងពីរ ដោយសិក្សាគម្ពីរ និងធ្វើតាមការណែនាំនោះក្នុងជីវិតរបស់យើង។ a គម្ពីរប្រាប់យើងអំពីទស្សនៈរបស់អ្នកបង្កើតដ៏អស្ចារ្យ គឺព្រះយេហូវ៉ា ជាព្រះដែលផ្ដល់ជីវិត។ (សកម្មភាព ១៧:២៤, ២៥) គម្ពីរក៏ប្រាប់ផងដែរអំពីបុត្ររបស់ព្រះ គឺលោកយេស៊ូដែលជាអ្នកបង្រៀនអំពី«ប្រសាសន៍ដែលនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៦:៦៧-៦៩
បង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ លោកយេស៊ូបានមកផែនដី«ដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះ»។ (ម៉ាថាយ ២០:២៨) ថ្លៃលោះរបស់លោកយេស៊ូបានបើកឱកាសឲ្យមនុស្សរស់ជារៀងរហូតក្នុងសួនឧទ្យាននៅលើផែនដី។ b (ទំនុកតម្កើង ៣៧:២៩) លោកយេស៊ូបានមានប្រសាសន៍ថា៖«ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូហាន ៣:១៦) សូមកត់សម្គាល់ថា ការបង្ហាញជំនឿលើលោកយេស៊ូមិនមែនគ្រាន់តែជាការជឿធម្មតាប៉ុណ្ណោះទេ តែនេះតម្រូវឲ្យយើងធ្វើច្រើនថែមទៀត។ យើងត្រូវ‹បង្ហាញថាយើងជឿលើលោក›ដោយមានរបៀបរស់នៅដែលស្របតាមសេចក្ដីបង្រៀនរបស់លោក និងប្រព្រឹត្តតាមបំណងប្រាថ្នារបស់បិតាលោក។—ម៉ាថាយ ៧:២១; យ៉ាកុប ២:១៧
បណ្ដុះឲ្យមានចំណងមិត្តភាពរឹងមាំជាមួយព្រះ។ ព្រះចង់ឲ្យយើងចូលទៅជិតលោក ហើយធ្វើជាមិត្តរបស់លោក។ (យ៉ាកុប ២:២៣; ៤:៨) ព្រះគឺរស់ជារៀងរហូត ហើយលោកក៏ចង់ឲ្យមិត្តទាំងអស់របស់លោករស់ជារៀងរហូតដែរ។ លោកចង់ឲ្យអស់អ្នកដែលស្វែងរកលោក ដឹងអំពីអារម្មណ៍របស់លោកដោយមានប្រសាសន៍ថា៖«សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច»។—ទំនុកតម្កើង ២២:២៦
ការយល់ច្រឡំអំពីជីវិតរស់ជារៀងរហូត
ការយល់ច្រឡំ: ការខំប្រឹងរបស់មនុស្ស នឹងនាំឲ្យពួកគេរស់ជារៀងរហូតបាន។
ការពិត: ទោះជាមានថ្នាំពេទ្យជឿនលឿនខ្លះ អាចពន្យារអាយុជីវិតមនុស្សបានក៏ដោយ តែថ្នាំទាំងនោះមិនអាចធ្វើឲ្យមនុស្សរស់ជារៀងរហូតបានទេ។ មានតែព្រះប៉ុណ្ណោះដែលអាចឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់បាន ពីព្រោះលោកជា«ប្រភពនៃជីវិត»។ (ទំនុកតម្កើង ៣៦:១០, ខ.ស) លោកបានសន្យាថាលោកនឹង«បំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប»ហើយលោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់អស់អ្នកដែលបង្ហាញជំនឿលើលោក។—អេសាយ ២៥:៨; យ៉ូហានទី១ ២:២៥
ការយល់ច្រឡំ: មានតែជាតិសាសន៍មួយប៉ុណ្ណោះដែលនឹងរស់ជារៀងរហូត។
ការពិត: ព្រះមិនរើសមុខទេ។ ផ្ទុយទៅវិញ«នៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត»។ (សកម្មភាព ១០:៣៤, ៣៥) ទោះជាមនុស្សមកពីជាតិសាសន៍ ឬមានវប្បធម៌ណាក៏ដោយ បើពួកគេស្ដាប់បង្គាប់ព្រះ នោះពួកគេអាចរស់ជារៀងរហូតបាន។
ការយល់ច្រឡំ: ការរស់ជារៀងរហូតនឹងទៅជាអ្វីដែលគួរឲ្យធុញ។
ការពិត: ជីវិតរស់ជារៀងរហូត គឺជាអំណោយមកពីព្រះ ដែលស្រឡាញ់យើង និងចង់ឲ្យយើងមានជីវិតសប្បាយ។ (យ៉ាកុប ១:១៧; យ៉ូហានទី១ ៤:៨) លោកដឹងថា ដើម្បីឲ្យយើងរស់នៅដោយសប្បាយ យើងត្រូវមានគោលដៅ និងមានការងារដែលមានន័យខ្លឹមសារ។ (សាស្ដា ៣:១២) ព្រះបានសន្យាថា អស់អ្នកដែលរស់ជារៀងរហូតនៅផែនដី នឹងមានជីវិតដ៏គាប់ចិត មានការងារដ៏មានន័យដែលនាំឲ្យខ្លួនគេនិងមនុស្សដែលគេស្រឡាញ់ទទួលប្រយោជន៍។—អេសាយ ៦៥:២២, ២៣
លើសពីនេះទៅទៀត អស់អ្នកដែលរស់ជារៀងរហូតនឹងបន្តរៀនអ្វីដែលថ្មីៗអំពីអ្នកបង្កើតពួកគេ និងអ្វីៗជាច្រើនទៀតដែលលោកបានបង្កើត។ លោកបានបង្កើតមនុស្សឲ្យមានចិតចង់រស់ជារៀងរហូត ដូច្នេះ ទោះជាពួកគេរស់ជារៀងរហូតក៏ដោយ ក៏ពួកគេ«នឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ»។ (សាស្ដា ៣:១០, ១១) ដូច្នេះ អស់អ្នកដែលរស់ជារៀងរហូតនឹងតែងតែមានអ្វីៗដែលគួរឲ្យចាប់អារម្មណ៍ដើម្បីរៀន និងធ្វើមិនចេះចប់ឡើយ។
a សាក្សីព្រះយេហូវ៉ាតល់ជូននូវកម្មវិធីរៀនគម្ពីរដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាវីដេអូដែលមានចំណងជើងថាតើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា?
b សូមមើលក្នុងអត្ថបទនេះ«តើលោកយេស៊ូសង្គ្រោះយើងតាមរបៀបណា?»